ចាប ឈឿន៖ខ្ញុំចូលបម្រើក្នុងជួរកងទ័ពខ្មែរក្រហម

ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

ចាប ឈឿន[1] អាយុ​៦៩ឆ្នាំ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​ស្វាយ​ទៀប ឃុំតាប្រុក ស្រុក​ចំការ​លើ​ ខេត្ត​កំពង់​ចាម​។ ឈឿន​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​

ឈឿន​ បាន​និយាយថា៖​ «​ខ្ញុំ​​បាន​​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ ​នៅ​ក្នុង​ស្រុក​កំណើត​។​ គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​​។ ខ្ញុំ​មាន​បង​ប្អូនបង្កើត​​ចំនួន​១០​នាក់​។ ខ្ញុំមិន​បាន​រៀន​សូត្រ​ច្រើន​​ទេ​ ហើយ​​ក៏បាន​ឈប់​រៀន ​ដោយ​សារ​តែ​​ប្រទេស​មាន​​សង្គ្រាម​​។ នៅ​​ឆ្នាំ​១៩៧២ ខ្ញុំ​​បាន​សម្រេច​ចិត្ត​ចូល​ធ្វើ​ជា​កង​ទ័ព​រំដោះ​ ចាប់​តាំង​ពី​ពេល​នោះ​មក​។

បន្ទាប់​ពី​ខ្ញុំ​បាន​ចូលបម្រើ​ក្នុង​ជួរ​កង​ទ័ព​ខ្មែរក្រហម ឪពុក​របស់​ខ្ញុំ​​​បាន​ផ្ដាំ​ថា​ដាច់​ខាត់​មិន​ឲ្យ​​ប៉ះ​ពាល់​របស់​របរ​ប្រជាជន​នៅ​តាម​ភូមិស្ថាន​ផ្សេងៗ​ឡើយ​​ មិន​ឲ្យ​ប្រព្រឹត្តិ​អំពើ​​ខូច​ខិល​ និង​មិន​ត្រូវ​លួច​របស់ទ្រព្យ​​អ្នក​ដទៃជា​ដាច់​ខាត។ ខ្ញុំ​មិន​​ប្រព្រឹត្តិ​អំពើ​មិន​គប្បី​ទៅ​លើ​នរណា​ម្នាក់​ឡើយ​។​ ជំនាន់​នោះ​ កង​កម្លាំង​ខ្ញុំ​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​​ការ​ពារនៅ​​តាម​ទី​ជន​បទ​ នៅ​ម្ដុំ​ផ្លូវ​ជាតិ​លេខ​៦។ ក្នុង​អំឡុង​ឆ្នាំ​ដដែល​​ ​ការ​ទម្លាក់​គ្រាប់​បែក​យ៉ាង​ខ្លាំង​ក្លា​ណាស់​បាន​កើតឡើង ដែលនាំ​​ឲ្យ​បាត់​បង់​ជីវិត​ប្រជាជន​អស់​ជា​ច្រើន​នាក់​។ ប្រជាជនរស់​នៅ​​តាម​គ្រួសារ​នៅ​ក្នុង​ផ្ទះ​រៀងៗ​ខ្លួន​ជា​ធម្មតា​ ប៉ុន្តែ​ត្រូវ​​​ប្រុង​ប្រយ័ត្ន​ខ្ពស់​។​ នៅ​តាម​ភូមិ​នីមួយៗ​ ​ឃ្មួស​ដែល​ធ្វើ​ពី​ត្រឡោក​ដូង​ត្រូវ​បាន​ប្រើ​​ដើម្បី​​​គោះ​​​ផ្ដល់​​សញ្ញា​ដល់​ប្រជាជន​ក្នុង​ភូមិ​ឲ្យ​បាន​ដឹងអំពី​គ្រោះ​អាសន្ន​ផ្សេងៗ​។​

លុះ​ដល់​ឆ្នាំ​១៩៧៤ ខ្ញុំ​បាន​ចេញ​ទៅ​សមរភូមិ​​ខេត្ត​កំពង់​ចាម។​ កង​កម្លាំង​ខ្ញុំ​បាន​វាយ​ដណ្ដើម​ទី​រួម​ខេត្ត​​កំពង់​ចាម​ពី​កង​ទ័ព​ លន់​ នល់​ ​ដោយ​ជោគ​ជ័យ​។​ យុទ្ធ​សាស្រ្ត​ដើម្បី​វាយ​យក​ទី​តាំង​ ឬ​តំបន់​ណា​មួយ​ រួមមាន​ការ​ត្រៀមរៀប​ចំ​​កម្លាំង​ទ័ព និង​សហការ​​ជា​មួយ​អង្គ​ភាព​ផ្សេង​ៗ​ទៀត​។​ មុន​នឹងចាប់ផ្តើមវាយលុក​អ្នក​ស៊ើប​ការណ៍​ផ្ទៃ​ក្នុង​នៅ​ខាង​ លន់​ នល់​ ត្រូវ​រាយ​ការណ៍​ឲ្យ​ច្បាស់​លាស់​។​ កងទ័ព ​លន់​ នល់​ បាន​ស្លាប់​​ច្រើន​ណាស់​។ ខ្ញុំ​ឃើញ​ស្លាប់​ពាសពេញ​វាល​ស្រែ។​

ខ្ញុំ​មិន​​បាន​ទទួល​ការ​ហ្វឹក​ហាត់​បាញ់​កាំ​ភ្លើង​ពី​មុន​មក​ទេ។​ ខ្ញុំ​ត្រូវ​បាន​បញ្ជូន​​​ទៅ​​​សមរភូមិ​មុខ​​តែ​ម្ដង។​ កម្លាំង​សាមគ្គី​គ្នា​នៅគ្រា​​នោះ​ បាន​​​ផ្ដល់​នូវ​ភាព​ស្វាហាប់​ និង​អង់​អាចក្លាហាន​ នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​ត​​ទល់​ជា​មួយ​សត្រូវ។ យើង​មិន​​ខ្លាច​ស្លាប់ឡើយ​។​

ក្រោយ​ពី​ជោគជ័យ​នៅ​​ខេត្ត​កំពង់​ចាម​ កម្លាំងកង​ទ័ព​ខ្ញុំ​​​បាន​បន្ត​ឆ្ពោះទៅកាន់​ទី​ក្រុង​ភ្នំ​ពេញ។ ខ្ញុំ​​បានរង​របួស​។​ ភ្លាមៗ​នោះ​ ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ខេត្ត​កំពង់​ចាម​។​ ខ្ញុំ​រស់​នៅ​ព្យាបាល​របួស​បាន​មួយ​រយៈ​ពេល​​។​ បន្ទាប់​ពី​ជា​សះ​ស្បើយ​ ខ្ញុំ​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​។​ ​ការ​រស់​នៅ​របស់​ប្រជាជន​​​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។​ គ្រួសារ​ខ្ញុំ​រស់​នៅ​ធ្វើ​ការ​ក្នុង​សហករណ៍​គ្រប់ៗ​គ្នា​។​ របស់​របរ​ឯក​ជន​ប្រែ​ទៅ​ជា​របស់​រួម​ទាំង​អស់​។​ ខ្ញុំ​​បាន​រស់​នៅ​សហករណ៍​ដើម្បី​ជួប​ជុំ​គ្រួសារ​ ​មួយ​រយៈ​ពេល​​។

ខ្ញុំ​​បាន​​ត្រឡប់​ចូល​ទៅអង្គ​ភាព​កង​ទ័ព​វិញ​។​ កម្លាំងកង​ទ័ព​របស់​ខ្ញុំបាន​បែក​បាក់​គ្នា​អស់​ទៅ​ហើយ​។​ ពេល​នោះ​ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ចូល​ក្នុង​កង​ពល​​​៨០១​ ដែលឈ្មោះ​សារឿន ​គឺ​ជា​អ្នក​គ្រប់​គ្រង​។​ បន្ទាប់​​មក​ទៀត​ ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ទៅ​ខាង​មន្ទីរ​កសិកម្ម ដើម្បី​​ដាំ​ដុះ​ដំណាំ​ ចិញ្ចឹម​មាន់​ទា​ សម្រាប់​ផ្គត់​ផ្គង់​ទៅ​កងទ័ព​ជួរមុខ​។​ លុះ​ក្រោយៗ​មក​ទៀត​ មានជន​ពិការ​ភាព​​ពី​សង្គ្រាម​ ​ត្រូវ​បញ្ចូន​មក​រស់​នៅ​មន្ទីរ​កសិកម្ម​ខាង​ក្រោយ​ និង​ទទួល​ការ​បង្ហាត់​បង្រៀន​ឲ្យ​ចេះ​ខាង​ផ្នែក​សិល្បៈ​ដូច​ជា​ កូដទ្រ​,​ ផ្លុំ​ខ្លុយ​​ និង​លេង​ភ្លេង​ ជា​ដើម​។​

ខ្ញុំ​​បាន​ត្រឡប់​ចូល​ទៅ​កង​ពល​៨០១​វិញ នៅ​ឆ្នាំ​១៩៧៧​ ខណៈពេលដែល​កង​ទ័ព​វៀត​ណាម​បាន​វាយ​​ចូល​មកតាម​ព្រំ​ដែន​​។ កង​កម្លាំង​របស់​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្ពោះ​​ទៅព្រំ​ដែន​វៀត​ណាម។​​ ការ​វាយ​តទល់​ជា​មួយ​វៀត​ណាម​ធ្វើ​ឲ្យ​កម្លាំង​ទ័ព​​ខ្មែរ​ក្រហមស្លាប់​ និង​របួស​អស់​ជា​ច្រើន​។​ មិន​យូរ​ប៉ុន្មាន​ កងទ័ព​ខ្មែរ​ក្រហម​បាន​បាក់ទ័ព។​ ​កម្លាំង​​សេស​សល់ ​បាន​នាំ​គ្នា​រត់​ភៀស​ខ្លួន​ទៅ​​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​-​ថៃ​។​

នៅ​​ចន្លោះ​ឆ្នាំ​១៩៨២​ ដល់​១៩៨៣​ កង​ពល​៨០១​ បាន​ចាប់​ផ្ដើម​រៀប​ចំ​កម្លាំង​ឡើង​វិញ​ ដើម្បី​វិល​ត្រឡប់មកធ្វើ​ការ​នៅ​តាម​ភូមិ​។​ កម្លាំងរបស់យើងបាន​ផ្សព្វផ្សាយ​ និងអប់រំឲ្យ​​ប្រជាជនមូលដ្ឋាន​​​ជួយ​គាំ​ទ្រ​ខ្មែរ​ក្រហម​ និងមិន​ឲ្យ​ស្អប់​កង​ទ័ព​ខ្មែរ​ក្រហម​។​ ហេតុផលរបស់យើងគឺថាកង​ទ័ព​ទាំង​អស់​បាន​ខិត​ខំ​ប្រឹង​ប្រែង​ការ​ពារ​ជាតិ​មាតុ​ភូមិ​ ហើយ​មិន​បាន​ដឹង​អំពី​ការ​ស្លាប់​ និង​ការ​ធ្វើ​បាប​ប្រជាជន​នៅ​ខាង​ក្រោយ​នៅ​ក្នុង​របប​ខ្មែរក្រហម (១៩៧៥-១៩៧៩)​​។​ ប្រជាជន​មិនបាន​​ដឹង​ថា​ ខ្ញុំ​គឺជា​កង​ទ័ព​ខ្មែរ​ក្រហមនោះ​​ទេ។ ប៉ុន្តែគាត់​គិត​ថា​ខ្ញុំ​គឺជា​កង​ទ័ព​រដ្ឋា​ភិបាល​កម្ពុជា​ទៅវិញ។ អំឡុង​ពេល​នោះ​​ ខ្ញុំ​បាន​​​ស្គាល់​យុវជន​យុវនារី​និង​អ៊ំ​ចាស់ៗ​នៅតាម​បណ្តា​​​ភូមិ​ឃុំស្រុក​ជាច្រើន​។​ អ្នក​ទាំង​អស់​នោះ​តែង​តែ​ស្រឡាញ់​ចូល​ចិត្ត​ និង​ជួយ​ទំនុក​បម្រុង​ខ្ញុំ​ជា​និច្ច។​ នៅ​ពេល​មាន​កម្ម​វិធី​បុណ្យ​ទាន​ ឬ​ការ​សម្ដែង​សិល្បៈ​នៅ​ក្នុង​ភូមិ​ម្ដងៗ​ ខ្ញុំ​តែង​តែ​ផ្លាស់​ប្ដូរ​សម្លៀក​បំពាក់​ជា​ប្រជាជន​ ដើម្បី​ទស្សនា​​ការ​សម្ដែង​ជា​មួយ​ប្រជាជន​ធម្មតា​។​ នៅ​ពេល​នោះ​​ ខ្ញុំ​ក៏​បាន​ចូល​​​​ទៅ​ស៊ើប​ការណ៍​ពី​កង​ទ័ព​វៀត​ណាម​ ​អស់​រយៈ​ពេល​៣ថ្ងៃ​៣យប់​។​ ខណៈ​​ពេល​ដែល ​ ​មនុស្ស​កុះ​ករ​សប្បាយ​​​ជាមួយនឹង​ការ​សម្ដែង​សិល្បៈ​នៅពេល​​​យប់ ខ្ញុំ​​បាន​ចូល​ទៅ​គប់​គ្រាប់​បែកដាក់​​វៀត​ណាម ដែល​​កំពុង​​​ផឹក​ស៊ី​សប្បាយ​នៅ​ទី​តាំង​ស្នាក់​នៅ​។​ កង​ទ័ព​វៀត​ណាម​បាន​ស្លាប់​អស់​មួយ​ចំនួន​។​

លុះ​ដល់​ឆ្នាំ​១៩៩០​ ខ្ញុំ​​បានវិលត្រឡប់​​​មក​តំបន់​អន្លង់​វែង​ ដែល​​តាម៉ុកគឺ​​ជា​អ្នក​គ្រប់​គ្រង​។​ សង្គ្រាម​នៅ​អន្លង់វែង​​​មិន​ទាន់​ផុត​រលត់​នៅ​ឡើយ​ទេ។​ ប្រជា​ជន​រស់​នៅ​ដោយ​ភាព​ភ័យ​ខ្លាច​​រហូត​ដល់ថ្ងៃ​ទី​២៩​ ខែធ្នូ​ ​ឆ្នាំ​​១៩៩៨​ ដែលតំបន់តស៊ូចុងក្រោយ​​អន្លង់​វែង​បាន​ធ្វើសមាហរណកម្ម​ចូល​មក​ក្នុង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​វិញ​​»៕

អត្ថបទដោយ មេក វិន


[1] មេក វិន និង​ សួត វិចិត្រ សម្ភាសន៍​ជាមួយ​ ចាប ឈឿន នៅ​ក្នុង​ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងឆ្នាំ​២០២២។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin