តាក លឹម៖ ប្រធានភស្តុភាររោងចក្រ តំបន់២១ ភូមិភាគបូព៌ា

តាក លឹម[1] ភេទប្រុស កើតនៅឆ្នាំ១៩៥៥ មានស្រុកកំណើតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ លឹម មានឪពុកឈ្មោះ ឆ្មា ឡី និងម្តាយឈ្មោះ ម៉ុក សួង(ស្លាប់)។ លឹម ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន៦នាក់ ប្រុស៥នាក់។
លឹម រៀនបានត្រឹមថ្នាក់ទី៧ ក្នុងរបបសង្គមរាស្រ្តនិយមនៅសាលាជីកដី។ គាត់ចេះអាន និងសរសេរអក្សរខ្មែរបាន។ ក្រោយពីឈប់រៀន លឹម បានជួយធ្វើកិច្ចការផ្ទះ ជួយមើលថែទាំប្អូនៗ និងជួយធ្វើស្រែចម្ការឪពុកម្តាយ។ នៅឆ្នាំ១៩៧១ រហូតដល់ឆ្នាំ១៩៧៥ លឹម បានបួសជាព្រះសង្ឃ ដោយគង់នៅវត្តស៊ូអឹម។
នៅក្នុងខែមេសា ឆ្នាំ១៩៧៥ ពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច កងឈ្លបបានបង្ខំ លឹម និងព្រះសង្ឃដទៃទៀតនៅក្នុងវត្តស៊ូអឹមឲ្យសឹកលាចាកសិក្ខាបទ។ ក្រោយកងឈ្លបផ្សឹក លឹម ត្រូវបានបង្ខំឲ្យទៅធ្វើការក្នុងកងចល័ត នៅសហករណ៍ជីកដី រហូតដល់ពាក់កណ្តាលឆ្នាំ១៩៧៦ ទើបត្រូវបានអង្គការខ្មែរក្រហមជ្រើសរើសឲ្យទៅធ្វើការនៅរោងចក្រចម្ការអំពៅ និងកប្បាសនៅតំបន់២១ នៃភូមិភាគបូព៌ា ដែលស្ថិតនៅខេត្តកំពង់ចាម។ លឹម បានសួរអ្នកគ្រប់គ្រងសហករណ៍ពីការផ្លាស់ប្តូរនេះ។ ប្រធានសហករណ៍បានប្រាប់គាត់ថា អង្គការខ្វះកម្លាំងនៅតាមក្រសួង មន្ទីរ ភូមិភាគ តំបន់ និងនៅភ្នំពេញ ដូច្នេះអង្គការត្រូវការកម្លាំងពលកម្មដែលជាប្រជាជន និងកម្មាភិបាលថ្នាក់មូលដ្ឋានជាច្រើននាក់ដើម្បីទៅបំពេញកន្លែងដែលខ្វះខាតទាំងនោះ។ លឹម និងយុវជន យុវនារី ជាច្រើននៅស្រុករមាសហែក ត្រូវបានជ្រើសរើស និងបែងចែកឲ្យទៅធ្វើការនៅតាមកន្លែងផ្សេងៗដូចជានៅរោងចក្រតម្បាញ និងកាត់ដេរនៅភ្នំពេញ ព្រមទាំងការដ្ឋានស្រែអំបិលខេត្តកំពតជាដើម។ លឹម និងយុវជននៅកងចល័តជីកដីម្នាក់ត្រូវបានជ្រើសរើសឲ្យធ្វើជាកម្មករនៅរោងចក្រចម្ការអំពៅ និងកប្បាស នៅខេត្តកំពង់ចាម។
លឹម ឲ្យដឹងថានៅក្នុងរបបខ្មែរក្រហមស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានបែងចែកជាពីរ គឺខាងជើងទន្លេជាស្រុកក្រសាំង និងខាងត្បូងទន្លេជាស្រុករមាសហែក។ បច្ចុប្បន្នស្រុកទាំងពីរបានបញ្ជូលគ្នាជាស្រុកតែមួយគឺ ស្រុករមាសហែក។
រោងចក្រចម្ការកៅស៊ូ និងកប្បាស មានទីតាំងស្ថិតនៅភូមិប្រស្រែ ឃុំវិហារហ្លួង ស្រុកត្បូងឃុំ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ រោងចក្រនេះជាផ្នែកមួយរបស់តំបន់២១ នៃភូមិភាគបូព៌ាគ្រប់គ្រងដោយ សោ ភឹម ដែលជាលេខាភូមិភាគ[2]។
នៅរោងចក្រនេះ លឹម ធ្លាប់ឃើញ សោ ភឹម និងប្រពន្ធចុះមកត្រួតពិនិត្យការងារ និងបានដឹកនាំគណៈប្រតិភូចិនមកធ្វើទស្សនកិច្ចជាញឹកញាប់។ លឹម បានឮអ្នកធ្វើការជាមួយប្រាប់ថា សោ ភឹម មានឈ្មោះ “សោ យាន” ហៅ “ភឹម” ជា “សមាជិកសភាខាងបូព៌ា និងជាប្រធានភូមិភាគបូព៌ា”។ រោងចក្រចម្ការកៅស៊ូ និងកប្បាស នេះ សោ ភឹម បានយកកូនចិញ្ចឹមពីរគ្រួសារឲ្យមកស្នាក់នៅក្នុងរោងចក្រគឺឈ្មោះ ផាង និងឈ្មោះសារិត។ ពេលចុះត្រួតពិនិត្យការងារ និងធ្វើទស្សនកិច្ច សោ ភឹម និងប្រពន្ធតែងតែជិះឡានVolkswagen និងមានអង្គរក្សការពារជាច្រើននាក់។ លឹម បានឃើញ សោ ភឹម មានរាងធាត់ស្លៀកសារុងសូត្រ និងពាក់អាវយឺតកមូលពណ៌ស។
រោងចក្រនេះមានកម្មករធ្វើការច្រើនរយនាក់។ ពេលមកដល់រោងចក្រដំបូង លឹម ត្រូវបានប្រធានរបស់គាត់ឈ្មោះ លីម ប្រើឲ្យដាំដំណាំដូចជា កៅស៊ូ អំពៅ សណ្តែកដី និងកប្បាស។ នៅរោងចក្រ លឹម ឃើញមានម៉ាស៊ីនជាច្រើនដូចជា៖ ម៉ាស៊ីនកិនអំពៅ, ម៉ាស៊ីនវាយសណ្តែក, ក្រចៅ, និងកប្បាស។ នៅស្រុកត្បូងឃ្មុំ លឹម ដឹងថាមានមនុស្សពីរនាក់ជាអ្នកគ្រប់គ្រងគឺ ឈ្មោះ ចាន់ សេង និងសា ប៊ុន។
ក្រោយមក លឹម ត្រូវបានផ្លាស់ប្តូរកន្លែងធ្វើការ ពីកន្លែងដាំដំណាំមកជាប្រធានភស្តុភាររោងចក្រវិញ ដោយទទួលខុសត្រូវកាន់ឃ្លាំង អង្ករ, ប្រហុក, ប្រេង, អំបិល, និងសម្លៀកបំពាក់។ គាត់ជាអ្នកកត់ត្រាប្រចាំថ្ងៃនូវរាល់ស្បៀងអាហារទាំងអស់ដែលបានដឹកចេញ និងដឹកចូលក្នុងរោងចក្រ។ ស្បៀងទាំងនោះត្រូវបានយកមកពីស្រុកក្រូចឆ្មារដើម្បីផ្គត់ផ្គង់តាមផ្នែកផ្សេងៗក្នុងរោងចក្រ។ លឹម ធ្វើការងារនៅរោងចក្រនេះទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់ខុសស្រឡះកាលពីនៅសហករណ៍ជីកដី ក្នុងស្រុករមាសហែក។
នៅរោងចក្រពេលមានកម្មករប្រព្រឹត្តកំហុសស្រាលឬខ្ជិលធ្វើការត្រូវបានអ្នកគ្រប់គ្រង បញ្ជូនទៅអប់រំនៅមន្ទីរពាមជាំងដែលជាមន្ទីរអប់រំស្រាល និងកម្មករប្រពឹ្រត្តកំហុសធ្ងន់ធ្ងរដូចជាខុសសីលធម៌ ឬអ្នកគ្រប់គ្រងចោទថាជាខ្មាំងត្រូវបញ្ជូនទៅរៀនសូត្រឬសម្លាប់ចោលនៅមន្ទីរស្រែស្ពៃ មន្ទីរនេះដូចជាគុកទួលស្លែង កម្មករទៅហើយមិនអាចត្រលប់មកវិញនោះទេ។ នៅតំបន់ដែល លឹម ធ្វើការគាត់បានដឹងថាមានពេទ្យ២កន្លែង គឺពេទ្យព-១នៅរកាខ្នុរ និងពេទ្យព-២នៅស្រុកអូរំាងឪ។
នៅឆ្នាំ១៩៧៨ លឹម បានឃើញការបាត់ខ្លួនរបស់កម្មាភិបាលខ្មែរក្រហមនៅរោងចក្រនេះជាច្រើនបន្តបន្ទាប់គ្នា។ រហូតដល់ខែឧសភា ឆ្នាំ១៩៧៨ គាត់ទទួលដំណឹងថា សោ ភឹម បានធ្វើអត្តឃាតសម្លាប់ខ្លួន។ លឹម បានដឹងថាបន្ទាប់ពី សោ ភឹម បានសម្លាប់ខ្លួន សាកសពរបស់គាត់ត្រូវបានលើកឡើងឡានដាក់ទឹកកកដើម្បីដង្ហែបង្ហាញ ប្រាប់ប្រជាជនដែលរស់នៅតំបន់នោះថា សោ ភឹម ក្បត់ហើយអង្គការបានសម្លាប់។ ក្រោយៗមកទើបមានការបាត់ខ្លួនអ្នកគ្រប់គ្រងរោងចក្រ និងកម្មាភិបាលខ្មែរក្រហមនៅស្រុកត្បូងឃ្មុំយ៉ាងគំហុក។ លឹម បានឃើញយោធាភូមិភាគនិរតីបានមកគ្រប់គ្រងជំនួសកម្មាភិបាលភូមិភាគបូព៌ាតាំងពីថ្នាក់មូលដ្ឋាន, តំបន់, រហូតដល់ភូមិភាគ, នៃខេត្តព្រៃវែង, ខេត្តស្វាយរៀង, និងតំបន់មួយចំនួន, នៃខេត្តកំពង់ចាម។
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៧៨ លឹម និងកម្មករនៅរោងចក្រ បានសម្រេចចិត្តរត់ចេញ។ អំឡុងពេលរត់គេចកម្មកររោងចក្របានយកអាវុធដើម្បីការពារខ្លួន។ នៅតំបន់ជិតវត្តវិហារទទឹម ស្ថិតនៅក្បែរផ្សារសួង មានការប្រយុទ្ធគ្នារវាងកម្មកររោងចក្រ ជាមួយនឹងយោធារបស់មជ្ឈិមដែលបានបញ្ជូនមកដើម្បីបង្រា្កបការបះបោរដែលខ្មែរក្រហមគិតថាក្បត់ និងបានឃុបឃិតគ្នាជាមួយប្រទេសវៀតណាមចង់ផ្តួររលំរបបកម្ពុជាប្រជាធិបតេយ្យ។ ការប្រយុទ្ធគ្នាបានបណ្តាលឲ្យកម្មកររោងចក្រ២នាក់ និងយោធារបស់មជ្ឈិមមួយចំនួនបានស្លាប់។ លឹម និងកម្មករនៅរោងចក្រមួយចំនួនបានរត់គេច និងទៅពួនក្នុងព្រៃ នៅស្រុកក្រូចឆ្មារ។ មួយរយៈក្រោយមកកម្មករនៅរោងចក្រទាំងអស់បានត្រលប់ទៅស្រុកកំណើតរៀងៗខ្លួន។ លឹម បានធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់ជាច្រើនរយៈពេល៣យប់ ៤ថ្ងៃ ទើបមកដល់ស្រុកកំណើតឯស្រុករមាសហែកវិញ។ នៅសហករណ៍ជីកដី លឹម បានឃើញកម្មាភិបាលភូមិភាគនិរតីចូលមកគ្រប់គ្រង។ លឹម ឃើញកម្មាភិបាលយោធាភូមិភាគនិរតីបានសម្លាប់កម្មាភិបាលមូលដ្ឋានភូមិភាគបូព៌ាអស់ជាច្រើននាក់។ ចំណែក លឹម បានរស់នៅដោយលាក់ប្រវត្តិរូប និងបានខិតខំធ្វើការគ្មានពេលសម្រាកដើម្បីកុំឲ្យអង្គការសង្ស័យ។ កងឈ្លបធ្លាប់ហៅ លឹម ទៅសួរពីប្រវត្តិរូបមុនពេលមកដល់សហករណ៍នេះគាត់បានបញ្ជាក់ថា “អង្គភាពដើមរបស់គាត់បានរំសាយអ្នកធ្វើការទើបគាត់ត្រលប់មកស្រុកវិញ” ដោយជីវិតមិនទាន់អស់កងឈ្លបនោះក៏ជឿ។
ចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀស លឹម និងឪពុក ម្តាយ ឲ្យទៅរស់នៅ និងធ្វើការនៅឯខេត្តតាកែវ។ លឹម និងគ្រួសារបានធ្វើដំណើររែកសម្ភារប្រើប្រាស់ និងស្បៀងអាហារយ៉ាងលំបាកទើបទៅដល់តំបន់ទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។ នៅទីនោះបានរយៈពេលប្រមាណ២សប្តាហ៍ ប្រធានសហករណ៍ក៏បានរំសាយប្រជាជន និងបានប្រកាសថារបបខ្មែរក្រហមត្រូវបានដួលរលំហើយ។ ប្រជាជនរស់នៅសហករណ៍ទន្លេបាទីទាំងអស់ក៏បានត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។
នៅខែឧសភា ឆ្នាំ១៩៧៩ ទើប លឹម និងគ្រួសារបានធ្វើដំណើរដោយថ្មើរជើងដល់ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆ្នាំ១៩៨០ លឹម បានចូលបម្រើការងារកងទ័ព។ គាត់ទទួលបានការបណ្តុះបណ្តាលរយៈពេល១ខែ បន្ទាប់មកត្រូវបានបញ្ជូនទៅសមរភូមិ នៅភូមិភាគទី៧ ប្រចំាការក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ នៅឆ្នាំ១៩៨១ លឹម បានចូលរួមប្រយុទ្ធក្នុងនាមជាកងទ័ពរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាមួយនឹងយោធាខ្មែរក្រហមដែលនៅសេសសល់នៅជិតតំបន់ព្រំដែន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
នៅឆ្នាំ១៩៨២ លឹម ត្រូវបានបញ្ជូនមករៀនសូត្របន្ថែមពីជំនាញកងទ័ពនៅពោធិ៍ចិនតុង និងនៅសាលាដីឥដ្ឋខេត្តកណ្តាល។ បន្ទាប់ពីរៀនចប់ លឹម ត្រូវបានបញ្ជូនឲ្យមកធ្វើការនៅខេត្តស្វាយរៀង វិញដើម្បីបង្វឹកកងទ័ពផ្នែកសន្តិសុខ នៅវរសេនាលេខ៦។ នៅឆ្នាំ១៩៨៤ លឹម បានរៀបការជាមួយប្រពន្ធ ឈ្មោះ កែវ ចាន់ និងបានមករស់នៅភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។ បច្ចុប្បន្ន លឹម មានកូន ចំនួន៣នាក់ ស្រី២នាក់ និងប្រុស១នាក់។
លឹម មិនមែនជាជនបដិវត្តន៍ខ្មែរក្រហមទេ គាត់បានចូលបម្រើការងារជាប្រធានភស្តុភាររោងចក្រ តំបន់២១ ក្នុងនាមជាប្រជាជនធម្មតាប៉ុណ្ណោះ បន្ទាប់ពីកម្លាំងកម្មាភិបាលថ្នាក់មូលដ្ឋានមិនអាចអាចបំពេញបន្ថែមកម្លាំងកម្មករនៅរោងចក្រគ្រប់ចំនួនតាមការជ្រើសរើស។ គាត់ស្ទើរតែបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមដោយសារតែចលនាបោសសម្អាតកម្មាភិបាលក្បត់ភូមិភាគបូព៌ា។ លឹម យល់ថារបបខ្មែរក្រហមបានដួលរលំដោយសារតែថ្នាក់ដឹកនាំរបបនេះគ្មានភាពស្មោះត្រង់នឹងគ្នា និងមានភាពសង្ស័យច្រើនទើបនាំឲ្យមានការកាប់សម្លាប់គ្នាទៅវិញទៅមកក្នុងចំណោមកម្មាភិបាលខ្មែរក្រហមថ្នាក់មជ្ឈិម, ភូមិភាគ, មន្ទីរ, និងនៅសហករណ៍, ឥតឈប់ឈរដែលជាហេតុនាំឲ្យការដឹកនាំបរាជ័យទាំងស្រុងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
[1] ឯកសារលេខ SVI០០៨៣ (២០១៥). សម្ភាសន៍ជាមួយឈ្មោះ តាក លឹម ដោយ ឡុង ដានី (៣៣ទំព័រ), នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១៥. មជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] យោងតាមសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និពន្ធដោយ ផេង ពង្សរ៉ាស៊ី et al., មជ្ឈមណ្ឌលឯកសារកម្ពុជា, ឆ្នាំ២០២០, ភ្នំពេញ, បោះពុម្ភលើកទី២, ទំព័រទី៣៣ សរសេរថា “ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាតនៅខែឧសភា ឆ្នំា១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ដែលផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គទាំងអស់កាត់ចេញពីស្រុកមួយក្នុងខេត្តក្រចេះគឺស្រុកឆ្លូង និងកាត់យកស្រុកខ្លះពីខេត្តកណ្តាលដែលមានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់ដែលរួមមានតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤។”
អត្ថបទដោយ អេង សុខម៉េង
កំណែអក្ខរាវិរុទ្ធដោយ ភា រស្មី