តើ “ធ្វើតាមបញ្ជា”៖ ចម្លើយដែលអាចទទួលយកបានទេ?

បន្ទាប់ពីការអានអំពីប្រវត្តិនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម អ្នកអានតែងតែបញ្ចប់ដោយសំណួរអំពីហេតុផលនៅពីក្រោយការសម្លាប់មនុស្ស។ តាមដំណើររឿងរបស់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមម្នាក់ ឈ្មោះ សុខ អៀត មានអាយុ ៨៥ឆ្នាំ អតីតកងឈ្លបនៅខេត្តព្រះវិហារ ក្នុងរបបខ្មែរក្រហម បាននិយាយថា លោកបានអនុវត្ត[ការសម្លាប់] ពីព្រោះតែបញ្ជាពីថ្នាក់លើប៉ុណ្ណោះ។ គាត់បានពន្យល់ថាគាត់មិនមានជម្រើសនោះទេ។ សម្រាប់គាត់ ការសម្លាប់គឺបណ្ដាលមកពីស្ថានភាពសង្គមជាក់ស្តែងនៅសម័យនោះ។
អ្នកយាមគុកមកពីអតីតមន្ទីរសន្តិសុខ ស-២១ ឬស្គាល់ថាជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងក្នុងរាជធានីភ្នំពេញ ដែលគេប៉ាន់ស្មានថាមានអ្នកទោសចំនួនជាង ១២,០០០ នាក់ជាប់ឃុំឃាំងត្រូវបានសម្លាប់ ហើយមានអ្នកទោសតិចតួចប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត។ ឆ្មាំគុកក៏បានផ្តល់ហេតុផលដូចគ្នានេះក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីជាភាសាខ្មែរកាលពីឆ្នាំ២០១៥។ គាត់បានទទួលស្គាល់ថា យ៉ាងហោចណាស់មនុស្ស ៥នាក់ដែលគាត់បានសម្លាប់។
ហ៊ឹម ហ៊ុយ ត្រូវបានសមមិត្ត ឌុច ដែលជាប្រធានស-២១ សួរថាតើគាត់ «ដាច់ខាត» ឬ «មិនដាច់ខាត» មានន័យថាសម្លាប់ ឬមិនសម្លាប់។ ដូចចម្លើយរបស់កងឈ្លបខាងលើ ហ៊ុយ និយាយថា គាត់គ្មានជម្រើសទេ។ បុរសទាំងពីរដឹងថាការធ្វើតាមបញ្ជាគឺជាវិធីតែមួយគត់ដើម្បីរស់ ប៉ុន្តែតើនេះគ្រប់គ្រាន់ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពរបស់អ្នកទាំងពីរដែរឬទេ?
និយាយអំពីអារម្មណ៍ផ្ទាល់ខ្លួន ហ៊ុយ បានរៀបរាប់ថា គាត់ក៏បានស្នើសុំធ្វើជាទាហានជំនួសអ្នកយាមគុកដែរ ប៉ុន្តែត្រូវបានបដិសេធដោយ សុន សេន ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សាស្ត្រាចារ្យ Alexander Laban Hinton បានសរសេរសៀវភៅមួយដែលមានចំណងជើងថា “ហេតុអ្វីបានជាគេសម្លាប់? ប្រទេសកម្ពុជានៅក្រោមស្រមោលនៃអំពើប្រល័យពូជសាសន៍” បានគូសបញ្ជាក់ថា អតីតកម្មាភិបាលខ្មែរក្រហមបានអះអាងថា “អ្នកទាំងនោះធ្វើតាមបញ្ជា” ឬការគោរពប្រតិបត្តិចំពោះថ្នាក់លើប៉ុណ្ណោះ។
ក្រៅពីហេតុផល ‘ធ្វើតាមបញ្ជា’ សាស្រ្ដាចារ្យ Hinton បានលើកឡើងពីការជំរុញផ្សេងទៀតគួរតែត្រូវបានពិចារណាថាតើកម្មាភិបាលខ្មែរក្រហមជឿជាក់លើ “ការលោតផ្លោះដ៏អស្ចារ្យ” គោលនយោបាយវិស្វកម្មសង្គមនៅពេលនោះ ឬសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីរស់ស្របតាមអ្វីដែលចង់បាន។ តើកម្មាភិបាលខ្មែរក្រហមគិតយ៉ាងណាចំពោះជម្រើសរវាង ‘សម្លាប់’ ឬ ‘ត្រូវបានសម្លាប់’?
ពាក្យ ‘ស្ថានភាព’ កំណត់ថាជា “សំណុំនៃរឿងដែលកំពុងកើតឡើង និងលក្ខខណ្ឌដែលមាននៅពេលវេលា និងទីកន្លែងជាក់លាក់មួយ” ចំណែកឯពាក្យ “នយោបាយ” កំណត់ថា “ទាក់ទងនឹងនយោបាយ”។ ជាមួយនឹងនិយមន័យនោះ អៀត និងហ៊ុយ មានន័យថា ខ្លួនបានសម្លាប់អ្នកទោសដោយសារតែស្ថានការណ៍នយោបាយនៅសម័យនោះ ដែលរបបប្រល័យពូជសាសន៍ខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ បានធ្វើការសម្លាប់យ៉ាងរង្គាល ដែលមានអ្នកស្លាប់ជាង ២ លាននាក់ ដែលជាស្ថានភាពដែលពពេញដោយឧបសគ្គសម្រាប់អ្នកទាំងពីរក្នុងការធ្វើឬមិនធ្វើតាមបញ្ជា។
តើអ្វីជានិយមន័យនៃស្ថានការណ៍ដែលពពេញដោយឧបសគ្គ? ” គឺស្ថានភាពដែលមានការដាក់កម្រិតលើវិសាលភាពដែលអាកប្បកិរិយា លក្ខណៈផ្ទាល់ខ្លួន និងការជំរុញឲ្យទៅជាអាកប្បកិរិយា និងការអនុវត្ត។” ដោយមានការដាក់កំហិតលើអាកប្បកិរិយារបស់អ្នកទាំងពីរ សុខ អៀត និង ហ៊ឹម ហ៊ុយ មិនបានបដិសេធបញ្ជាទេ គឺធ្វើតាម។ បន្ទាប់ពីការសម្លាប់របស់ណាស៊ីអាឡឺម៉ង់លើជនជាតិជ្វីហ្វប្រហែល ៦ លាននាក់ក្នុងអំឡុងពេលកាត់ក្តីក្នុងឆ្នាំ ១៩៦១ លោក Adolf Eichmann ដែលជាស្ថាបត្យករកំពូលនៃ Holocaust ក៏បានផ្តល់ការសារភាពស្រដៀងគ្នាថាគាត់គ្រាន់តែធ្វើតាមបញ្ជាពីកំពូលឬគាត់ត្រូវបានបង្ខំឱ្យធ្វើជាអ្នកអនុវត្តអំពើប្រល័យពូជសាសន៍។
នៅក្នុងការពិសោធន៍ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវ Stanley Milgram ការសិក្សាអំពីការគោរពប្រតិបត្តិបានផ្តល់នូវចំណុចមួយនៃហេតុផលដែលមនុស្សគោរពតាមបញ្ជា។ អ្នកចូលរួមក្នុងការពិសោធន៍នេះបន្តអនុវត្តការបញ្ជា ហើយបានពន្យល់ថា គេគ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះ ទាំងដឹងថាបង្កគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង។
ប្រសិនបើបុគ្គលនោះឆ្លើយសំណួរមិនត្រឹមត្រូវ អ្នកចូលរួមនឹងទទួលបានបញ្ជាឱ្យចុចប៊ូតុងនៃការឆក់អគ្គិសនីចរន្តខ្លាំងដល់អ្នកដែលឆ្លើយសំណួរ។ ទោះជាយ៉ាងណា អ្នកចូលរួមមិនបានដឹងថាមិនមានការឆ្លងចរន្តអគ្គិសនីពិតប្រាកដនោះទេ ខណៈជននោះគ្រាន់តែធ្វើពុតជារងគ្រោះ។ សូម្បីតែប្រឆាំងនឹងក្រមសីលធម៌របស់អ្នកចូលរួមក៏ដោយ ក៏អ្នកចូលរួមនៅតែអនុវត្តការបញ្ជា ហើយបានកំណត់ខ្លួនឯងថាមិនទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនទៀតទេ ប៉ុន្តែជាអ្នកអនុវត្តការបញ្ជា។
យោងតាមអ្នកស្រាវជ្រាវ Milgram ការសិក្សាអាចពន្យល់ថា ដោយសារតែអ្នកចូលរួមជឿថា ការចូលរួមក្នុងគម្រោងវិទ្យាសាស្ត្រនេះ បានធ្វើរឿងត្រឹមត្រូវ ជាជាងសុខុមាលភាពរបស់អ្នកដែលទទួលការឆក់ចរន្តអគ្គីសនី។ តើឆ្មាំគុក ឬកងឈ្លបជឿថាការសម្លាប់មនុស្សនឹងរួមចំណែកដល់ “ការលោតផ្លោះដ៏អស្ចារ្យ” ឬធ្វើតាមស្ថានការណ៍នយោបាយ ដូចដែលអ្នកទាំងពីរបានគិតថា គឺជារឿងត្រឹមត្រូវ?
ជាមួយនឹងភាពស្មុគស្មាញនៃអាកប្បកិរិយារបស់មនុស្ស តើយើងជឿថាការសម្លាប់មនុស្សគឺគ្រាន់តែធ្វើតាមបញ្ជាឬយ៉ាងណា? ឬថាតើដោយសារតែអ្នកទាំងនោះធ្លាប់ទទួលរងផលប៉ះពាល់ទៅនឹងការជំរុញនៃអំពើហឹង្សាក្នុងអំឡុងពេលអស្ថេរភាពផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្រ្គាមនៅមុនពេលអំពើប្រល័យពូជសាសន៍បានកើតឡើងដែលនាំឱ្យគាត់ធ្វើតាមការទទួលបញ្ជាបែបនេះ។ សាស្ត្រាចារ្យ Hinton បានពន្យល់នៅក្នុងសៀវភៅរបស់គាត់អំពីឥទ្ធិពលបឋមនេះ ឥទ្ធិពលដែលអាចនាំទៅឈានដល់ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍បន្តិចម្តងៗ។
យោងតាមកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ប្រការ ១៖ គោលបំណងបានចែងថា មានតែការកាត់ទោស “មេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម និងការរំលោភធ្ងន់ធ្ងរនៃច្បាប់ព្រហ្មទណ្ឌកម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និង អនុសញ្ញាទំនៀមទម្លាប់ និងអន្តរជាតិដែលកម្ពុជាទទួលស្គាល់ដែលបានប្រព្រឹត្តក្នុងអំឡុងពេលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៧៩។ បុរសទាំងពីរដែលនិយាយថាធ្វើតាមបទបញ្ជានោះមិនត្រូវបានកាត់ទោសនោះទេ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចាប់ផ្តើមពីឆ្នាំ ២០០៦ និងបញ្ចប់នៅឆ្នាំ ២០២២។ តុលាការបានចំណាយពេល ១៦ ឆ្នាំ និងជាង ៣៣៧ លានដុល្លារអាមេរិក។ តុលាការនេះបានកាត់ទោសបុគ្គលបីនាក់ដែលទទួលខុសត្រូវបំផុតចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តក្នុងរបបខ្មែរក្រហម។ នួន ជា និង ខៀវ សំផន គឺជាអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿង ០០២ ដែលត្រូវបានកាត់ទោសក្នុងសំណុំរឿង ០០២/០១ និងសំណុំរឿង ០០២/០២ និង កាំង ហ្កេកអ៊ាវ អតីតប្រធានមន្ទីរសន្តិសុខស-២១ ដែលត្រូវបានផ្តន្ទាទោសក្នុងសំណុំរឿង ០០១។
សម្រាប់អ្នកជំនាញសិទ្ធិមនុស្ស តុលាការអាចបម្រើជាការអប់រំផ្នែកនយោបាយ និងចងក្រងឯកសារប្រវត្តិសាស្ត្រ ទោះបីជាវាមិនអាចជៀសវាងការរឹតបន្តឹងផ្នែកនយោបាយដែលជាប់ពាក់ព័ន្ធផលប្រយោជន៍ជាជាងយុត្តិធម៌ក៏ដោយ។
តាមទស្សនៈផ្សេងៗរបស់ជនរងគ្រោះ មួយចំនួនមិនបានដឹងអំពីដំណើរការរបស់តុលាការទេ នៅពេលអ្នកសម្ភាសន៍សួរគាត់ថាតើតុលាការផ្តល់យុត្តិធម៌ដល់អ្នករងគ្រោះឬអត់។ យ៉ាងណាក៏ដោយ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសង្ឃឹមថា មនុស្សជំនាន់ក្រោយនឹងបានសិក្សាយល់ដឹងអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ តាមរយៈឯកសារដែលបានចងក្រង។
ដើម្បីរកយុត្តិធម៌ យោងតាម ប៊ូ ម៉េង អ្នកដែលរួចជីវិតពីមន្ទីរស-២១ និយាយថា “កាត់ទោសទាំងអស់” [ចំពោះអ្នកដែលទទួលខុសត្រូវលើការសម្លាប់រង្គាលនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យត្រូវតែនាំខ្លួនទៅកាត់ទោស]។ ក្នុងចំណោមអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម អាចមានទស្សនៈខុសគ្នាលើអត្ថន័យនៃយុត្តិធម៌ និងតុលាការ អ្នកខ្លះមិនទទួលយក និងអ្នកខ្លះមានក្តីសង្ឃឹមផ្សេងទៀតសម្រាប់អនាគតជាវិជ្ជមានរបស់ប្រទេសបន្ទាប់ពីការបញ្ចប់របស់តុលាការ។ សម្រាប់មនុស្សជំនាន់ក្រោយនិងអ្នកប្រវត្តិសាស្ត្រយុត្តិធម៌នៅតែជាប្រធានបទដែលអាចបន្ដជជែកដេញដោលនាពេលអនាគត៕
អត្ថបទដោយ៖ ស្រ៊ាង លីហ៊ួរ
កំណែអក្ខរាវិរុទ្ធដោយ គឹម សុវណ្ណដានី