មន ប៊ុនធឿន៖ អតីតអ្នករស់នៅជំរំ

មន ប៊ុនធឿន ភេទស្រី មានអាយុ៦៣ឆ្នាំ និងមានស្រុកកំណើតនៅភូមិព្រះពន្លា ឃុំពន្លាះ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃនេះរស់នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប្ដីរបស់ខ្ញុំឈ្មោះ ហន សុខុម អាយុ៦៦ឆ្នាំ។ ខ្ញុំមានកូនចំនួន៦នាក់ (ស្រី៣នាក់ និងប្រុស៣នាក់)។ ឪពុករបស់ខ្ញុំឈ្មោះ មន ស្លាប់ក្នុងរបបខ្មែរក្រហមដោយសារជំងឺ និងម្ដាយឈ្មោះ ទុំ ស្លាប់កាលពីឆ្នាំ១៩៩៦។ ខ្ញុំមានបងប្អូនចំនួន៤នាក់ (ស្រី២នាក់ និងប្រុស២នាក់) ខ្ញុំគឺជាកូនទី៣។ សព្វថ្ងៃនេះខ្ញុំមានមុខរបរជាអ្នកលក់កាហ្វេ។
កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ ព្រោះប្រទេសជាតិមានសង្គ្រាមរវាងរបប លន់ នល់ និងរបបខ្មែរក្រហម។ ក្នុងរបប លន់ នល់ ខ្ញុំរស់នៅស្ថានីយរថភ្លើង ខ្ញុំត្រូវបានបង្ខំជម្លៀសទៅតំបន់ថ្នូរ។ បន្ទាប់មកដល់របបខ្មែរក្រហមខ្ញុំត្រូវជម្លៀសឲ្យទៅរស់នៅភូមិបត់ត្រង់ ដែលស្ថិតនៅក្នុងស្រុកមង្គលបូរី។ នៅជំនាន់នោះខ្ញុំនៅក្មេងនៅឡើយ ដូច្នេះហើយខ្មែរក្រហមបានចាត់ឲ្យខ្ញុំធ្វើការងារនៅក្នុងកងកុមារ។ អង្គការចាត់តាំងឲ្យធ្វើការងារបោចស្មៅ, រៀនស្ទូងច្រូត, ដកស្មៅក្នុងស្រែ និងស្រោចដំណាំ គឺធ្វើការងារគ្មានពេលទំនេរនោះទេ។ កាលនោះខ្មែរក្រហមបានឲ្យក្មេងៗដូចជារូបខ្ញុំបានរៀនសូត្រខ្លះដែរនៅក្នុងវត្តបឹងត្រាវ ប៉ុន្តែការរៀនសូត្រមិនសូវបានជាប់លាបទេ រៀន២ថ្ងៃ ខាន១០ថ្ងៃឯណោះ។ នៅពេលខ្ញុំពេញវ័យបន្តិចខ្មែរក្រហមបានចាត់តាំងឲ្យទៅធ្វើការនៅក្នុងកងស្រួច។ អំឡុងពេលធ្វើការខ្ញុំមិនសូវស្រួលខ្លួនខ្ញុំបានសុំច្បាប់សម្រាកមួយថ្ងៃខ្មែរក្រហម បានអនុញ្ញាតឲ្យខ្ញុំដេកសម្រាកមួយថ្ងៃ ប៉ុន្តែស្អែកឡើងខ្ញុំនៅតែមិនស្រួលខ្លួនខ្ញុំបានសុំច្បាប់សម្រាកម្ដងទៀត ស្រាប់តែខ្មែរក្រហមបានចាប់ខ្ញុំចងផ្អោបនឹងដើមឈើ បង្អត់បាយ ហើយបានប្រាប់ថាខ្ញុំឈឺសតិអារម្មណ៍។ កាលនោះខ្ញុំត្រូវរស់នៅបែកពីគ្រួសារ នៅពេលដែលខ្ញុំនឹកម្ដាយ ខ្ញុំបានលួចហែរទឹកឆ្លងស្ទឹងបត់ត្រង់ទៅជួបម្ដាយ។ សម្រាប់ការហូបចុកនៅក្នុងរបបខ្មែរក្រហមនៅតំបន់បត់ត្រង់ ពិតជាពិបាកខ្លាំងណាស់។ ក្រោយមកក៏មានកម្មាភិបាលខាងភូមិភាគនិរតីចូលមកគ្រប់គ្រងក្នុងភូមិ និងបានសម្លាប់ប្រជាជនអត់យ៉ាងច្រើន។ ខ្ញុំឃើញមានសាកសពជាច្រើនបានអណ្ដែតទឹកស្ទឹងបត់ត្រង់។
នៅឆ្នាំ១៩៧៩ គ្រួសាររបស់ខ្ញុំត្រូវចោទប្រកាន់ថាជាគ្រួសារនាយទុន ខ្មែរក្រហមបានចាប់គ្រួសារខ្ញុំ និងបានជីកស្រះ ជីកអណ្ដូងទុកសម្លាប់សមាជិកគ្រួសារខ្ញុំ។ នៅសល់តែរយៈពេល១០ទៀតប៉ុណ្ណោះ ដែលខ្ញុំ និងគ្រួសារត្រូវខ្មែរក្រហមយកទៅសម្លាប់ ប៉ុន្តែទេវតាជួយខណៈពេលនោះរបបខ្មែរក្រហមក៏បានដួលរលំទៅវិញ ខ្ញុំ និងគ្រួសារក៏បានរួចផុតពីសេចក្ដីស្លាប់។ បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ទៅ ខ្ញុំ និងគ្រួសារបានដើរដោយថ្មើរជើងត្រលប់មកផ្ទះរស់នៅស្ថានីយរថភ្លើងស្វាយស៊ីផុសុន។ ខ្ញុំត្រូវដើរកាត់អាងកន្សែង, ប៉ារ៉ូរកងវ៉ា និងត្រូវកាត់តាមវត្តបឹងស្នោរ អស់រយៈពេលមួយសប្ដាហ៍ ទើបបានមកដល់ផ្ទះវិញ។ ក្រោយមកដល់ផ្ទះវិញ ម្ដាយរបស់ខ្ញុំបានប្រកបមុខរបរលក់បាយម្ហូបបានមួយរយៈ ហើយម្ដាយរបស់ខ្ញុំបានចាញ់បោកគេអស់ប្រាក់ពីខ្លួនមិនដឹងថារកមុខរបរអ្វីទៀតម្ដាយរបស់ខ្ញុំបានសម្រេចចិត្តនាំខ្ញុំមករស់នៅក្នុងជំរំចាស់។
នៅដើមឆ្នាំ១៩៨០ ខ្ញុំ និងម្ដាយបានមករស់នៅជំរំចាស់ដំបូងឃើញមានប្រជាជនច្រើនខ្មែរណាស់ដែលកំពុងរស់នៅក្នុងជំរំចាស់។ នៅជំរំចាស់ខ្ញុំ និងម្ដាយបានធ្វើតង់កៅស៊ូជាកន្លែងសម្រាប់ស្នាក់នៅ។ កាលនោះម្ដាយរបស់ខ្ញុំបានធ្វើនំបញ្ចុកលក់។ នំបញ្ចុកម្ដាយខ្ញុំឆ្ងាញ់ខ្លាំងណាស់ ដូចនេះម្ដាយខ្ញុំលក់នំបញ្ចុកដាច់ខ្លាំងណាស់។ អំឡុងពេលរស់នៅជំរំចាស់ខ្ញុំតែងតែចូលទៅភូមិគោកស៊ូង ដែលជាភូមិថៃ ដើម្បីទៅទិញរបស់របរ ប៉ុន្តែកាលនោះនៅពេលកងទ័ពថៃបានឃើញប្រជាជនខ្មែរចូលទៅក្នុងដីរបស់ថៃ កងទ័ពថៃនឹងដេញបាញ់ ទោះប្រជាជនខ្មែរទៅទិញទំនិញរបស់ថៃក៏ដោយ។ ជំនាន់នោះមានក្មេងស្រីៗ ដែលត្រូវឆ្លងកាត់ភូមិថៃដូចជាភូមិណងមេក ណងម៉ាំ ត្រូវកងទ័ពថៃចាប់រំលោភធ្វើបាប ប៉ុន្តែគ្មានអ្នកណាហ៊ាននិយាយនោះទេ។ ថៃមានធ្វើទំនប់ធំមួយដែលខណ្ឌចែកព្រំប្រទល់រវាងកម្ពុជា និងថៃ ដោយបានកំណត់ថាទិសខាងកើតជាទឹកដីរបស់ខ្មែរ និងខាងលិចជាទឹកដីរបស់ថៃ។
ក្រោយខ្ញុំរស់នៅជំរំចាស់បានមួយរយៈ ជំរំចាស់បែក ខ្ញុំបានប្ដូទៅរស់នៅជំរំថ្មីដែលមានចម្ងាយប្រហែល៥ ទៅ៦គីឡូម៉ែត្រពីគ្នា។ រស់នៅជំរំថ្មីមានការបែងជាសង្កាត់ ខ្ញុំរស់នៅសង្កាត់លេខ៩។ នៅពេលរស់នៅជំរំចាស់ម្ដាយរបស់ខ្ញុំឈប់ធ្វើនំបញ្ចុកលក់បន្តទៀតហើយ ព្រោះតែហត់នឿយខ្លាំងពេក ទើបម្ដាយខ្ញុំប្ដូមកលក់អីវ៉ាន់ចាប់ហួយបន្តិចបន្តួចវិញ។ នៅជំរំថ្មីមានប្រាសាទមួយដែលមានឈ្មោះថា ប្រាសាទសេរី ដែលជាប្រាសាទរបស់ខ្មែរ នៅក្នុងប្រាសាទមានថ្មបុរាណ ថ្មភក់ និងនៅលើថ្មមានស្នាមជើងធំៗត្រួតលើគ្នា ដែលចាស់ៗនិយាយប្រាប់ថាជាស្នាមជើងបុព្វបុរសខ្មែរយើងដែលជាអ្នកសាងសងប្រាសាទមួយនេះ។ មួយវិញទៀតនៅក្នុងប្រាសាទមានព្រះពុទ្ធរូបមួយអង្គ និងមានដើមឈើធំៗ ប្រកបដោយភាពត្រជាក់ត្រជុំ និងពិតជាស្រស់ស្អាតខ្លាំងណាស់។ នៅទល់មុខប្រាសាទសេរីមានងអណ្ដូងមួយ ខ្ញុំបានដងទឹកនៅក្នុងអណ្ដូងនោះយកមកលក់ ហើយក៏បានមកអង្គុយលេងនៅប្រាសាទសេរីសឹងតែរាល់ថ្ងៃ។ នៅពេលមានកម្មវិធីបុណ្យអ្វីមួយ ខ្ញុំ និងម្ដាយខ្ញុំបាននាំគ្នាទៅវត្តនៅប្រាសាទសេរីនោះ។ ជំរំថ្មីមានមន្ទីរពេទ្យ និងសាលារៀន និងបង្រៀនជាភាសាអង់គ្លេសទៀតផង។
នៅជំរំថ្មីដែលនៅក្នុងដីខ្មែរយើង តែងតែមានថៃបានចូលមកដើម្បីទិញអង្ករ, សណ្ដែក និងមកដោះដូររបស់របរជាមួយខ្មែរ។ កាលដែលប្រជាជនរស់នៅនិងប្រកបរបររកស៊ីខ្លួនឯង ព្រោះនៅពេលនោះមិនទាន់បានទទួលជំនួយពីអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌នោះទេ។ រហូតក្រោយមកនៅពេលទទួលបានជំនួយ មានឡានដឹកអង្ករ និងរបស់របរផ្សេងទៀតជាច្រើនមកជួយប្រជាជនដោយម្នាក់ៗបានទៅទទួលអង្ករ និងមានអ្នកខ្លះស្លាប់ ព្រោះលោភលន់ចង់បានអង្ករច្រើនលីបាវអង្ករដែលមានទម្ងន់ធ្ងន់ហួសកំណត់រហូតដល់នឿយហត់ពេករហូតដល់ស្លាប់ក៏មានដែរ។ កាលដែលខ្ញុំរស់នៅជំរំថ្មីមានមនុស្សរស់នៅច្រើនព្រោះពេលនោះប្រជាជនខ្លះចង់ទៅរស់នៅប្រទេសទី៣ជាមួយថៃ, ថៃបានប្រកាសហៅប្រជាជនខ្មែរទៅប្រទេសទី៣ ខ្ញុំពេលនោះក៏បានឡើងឡានដែរ ប៉ុន្តែត្រូវម្ដាយខ្ញុំទាញចុះពីឡានមកវិញ ព្រោះម្ដាយខ្ញុំមិនឲ្យខ្ញុំទៅនោះទេ។ អ៊ី យាត គាត់បានធ្វើដំណើរទៅប្រទេសទី៣ ជាមួយថៃ ប៉ុន្តែក្រោយមកគាត់បានប្រាប់ខ្ញុំថា ពេលដែលអ៊ី យាត ទៅប្រទេសទី៣ ការពិតថៃមិនបាននាំប្រជាជនខ្មែរទៅប្រទេសទី៣ បែរជានាំប្រជាជនខ្មែរទៅចាក់ចោលនៅលើភ្នំដងរែក នេះជាលើក១។ លើកទី២ ថៃនៅតែកុហកថានាំប្រជាជនទៅប្រទេសទី៣ ប៉ុន្តែបែរនាំប្រជាជនទៅចាក់ចោលលើភ្នំខ្នោចម្ដងទៀត។ និងលើកទី៣ ប្រជាជនទាំងអស់បានដឹង ទើបនាំគ្នាទៅប្ដឹងទៅអង្គការអន្តរជាតិ។ ខ្ញុំពិតជាសំណាង ដែលមិនបានទៅជាមួយថៃ ទើបខ្ញុំមានជីវិតមកដល់សព្វថ្ងៃនេះ ព្រោះ អ៊ី យាត គាត់ប្រាប់ថាអ្នកដែលទៅប្រទេសទី៣ ជាមួយថៃស្លាប់អស់ច្រើនណាស់ ព្រោះតែការដាច់បាយ ដាច់ទឹក។
បន្ទាប់មកឆ្នាំ១៩៨៣ ខ្ញុំបានរៀបការនៅជំរំថ្មី។ ក្រោយរៀបការរួចខ្ញុំបានទៅរស់នៅផ្សេងពីម្ដាយខ្ញុំដោយទៅរស់នៅពីរនាក់ប្ដីប្រពន្ធ។ មួយឆ្នាំក្រោយមកខ្ញុំបង្កើតបានកូន១ក៏មានកងទ័ពវៀតណាមចូលមកវាយ ខ្ញុំបាននាំកូនរត់ទៅនៅជំរំសាយធូ។ ខ្ញុំរស់នៅជំរំសាយធូ រហូតបង្កើតបានកូនទី២។ ឆ្នាំ១៩៩០ ម្ដាយខ្ញុំបានស្លាប់ ដោយពេលនោះម្ដាយខ្ញុំបានទៅលេងប្អូនពៅនៅព្រះពន្លា ម្ដាយខ្ញុំបានគេងស្លាប់ ដោយមិនដឹងមូលហេតុ។ ខ្ញុំនៅជំរំសាយធូ រហូតដល់ធ្វើមាតុភូមិនិវត្តន៍។ មកដល់ឆ្នាំ១៩៩២ ខ្ញុំ និងប្ដី បាននាំគ្នាទៅធ្វើខ្ទមតូចមួយនៅមាត់ស្ទឹងរហូតមកដល់សព្វថ្ងៃនេះ។
ខ្ញុំពិតជាប្រាកដថាណងចាន់, អាងសិលា, អូរបីជាន់ ភូមិជោគជ័យ គឺជាដីរបស់ខ្មែរពិតមែន ព្រោះពេលខ្ញុំរស់នៅក្នុងជំរំខ្ញុំដឹងច្បាស់ថា ទីតាំងនោះពិតជាទឹកដីរបស់ខ្មែរ ដោយពេលនោះថៃបានធ្វើទំនប់ធំមួយខណ្ឌចែកព្រំប្រទល់កម្ពុជា និងថៃ ទិសខាងកើតជាដីខ្មែរយើង នៅខាងទិសខាងលិចជាដីរបស់ថៃ៕[1]

1 ឡុង ដានី សម្ភាសន៍ជាមួយ មន ប៊ុនធឿន ដែលរស់នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥
អត្ថបទដោយ គាត ស្រីឡែន

