មាស ផ្កា ៖ ជនពិការត្រូវស្រវាចាប់ឈើច្រត់សិន មុននឹងបោះជំហានទៅមុខ

មាស​ ផ្កា[1] ភេទប្រុស អាយុ​៦៤ឆ្នាំ​ មានទីកន្លែង​កំណើតនៅក្នុង​ភូមិគោកដឺ​  ឃុំសង្វើយ​ ស្រុក​ជី​ក្រែង ខេត្ដ​​សៀមរាប។ បច្ចុប្បន្ន​ មាស ផ្កា រស់នៅក្នុង​​ស្រុក​អន្លង់វែង ខេត្ដឧត្ដរមានជ័យ។

ផ្កាបាននិយាយថា ៖ «ខ្ញុំគឺជាកូនច្បង​ក្នុងចំណោម​បងប្អូន​បង្កើត​ចំនួន​២នាក់​។ កាលពី​កុមារភាព ខ្ញុំមិនបាន​រៀនសូត្រ​នោះទេ ដោយសារ​សង្គ្រាម​ ចាប់តាំងពី​សម័យ​ លន់ នល់ មក។​ ក្រុម​គ្រួសារ​របស់​ខ្ញុំ​មានជីវភាពមធ្យម​។ នៅឆ្នាំ​១៩៧០ ខ្ញុំ​បាន​​ស្ម័គ្រចិត្ដ​ចូល​ប​ម្រើ​កងឈ្លប​របស់​​ខ្មែរក្រហម​ ដោយសារ​នៅ​ពេល​នោះ កងទ័ពវៀតណាម​បានចូលដល់ភូមិ​របស់យើង។​ ខ្មែរក្រហម​មិនបាន​ឲ្យយើង​ចូល​ហ្វឹក​ហាត់ទេ ប៉ុន្តែ​​បញ្ជូន​ឲ្យ​ចូលប្រយុទ្ធ​ជាក់​ស្ដែង​តែម្ដង​។ អ្វីដែល​យើង​អាច​ធ្វើបាន​គឺរៀន​គេចគ្រាប់កាំភ្លើង​ និង​គ្រាប់ផ្លោង​ដោយខ្លួន​ឯង​។​ ក្រៅពីនេះ យើងរៀនមើលផ្លូវ និងភូមិសាស្រ្ដ​ដោយខ្លួនឯង​។​ នៅក្នុង​​ឆ្នាំ​១៩៧៣​ ខ្មែរក្រហម​ចាប់ផ្ដើម​បង្កើត​ក្រុម​ប្រវាស់ដៃ​ដើម្បីលើកស្ទួយ​វិស័យ​កសិកម្ម​។

នៅក្នុង​ឆ្នាំ១៩៧៣ដដែល ខ្ញុំបានចូល​កងទ័ព​ខ្មែរក្រហម​ពេញ​សិទ្ធិ ហើយបន្ដរហូត​ដល់​យើ​ង​រត់​ចូល​ព្រៃ​នៅពេល​ប៉ះ​ទង្គិ​ចគ្នា​ជាមួយកងទ័ព​វៀតណាម​។ នៅពេលនោះ តួនាទី​របស់​ខ្ញុំ​ គឺ​ដឹក​ជញ្ជូន​បាយ​ទៅ​កាន់​សមរភូមិ​មុខ​​។ ការងារ​ជាអ្នក​ដឹកជញ្ជូនបាយ​មិនងាយ​ស្រួល​នោះទេ​ គឺដូចទៅនឹង​កងទ័ព​ប្រយុទ្ធ​ក្នុង​សមរភូមិ​ដែរ។ យើងបាន​លូនកាត់​គ្រាប់​ ដើម្បី​យកបាយទៅក្នុង​ទីស្នាក់ការ។​ បន្ទាប់មក អង្គភាព​ខ្មែរ​ក្រហម​​បានចាត់​កម្លាំង​បញ្ជូនបាយ​នោះទៅបន្ដឲ្យ​កងទ័ព​។

រហូត​ដល់ឆ្នាំ​១៩៧៥ យើង​ចាប់ផ្ដើម​រស់នៅ​រួម​ក្នុងសហករណ៍​​។ នៅពេលចូល​ដល់​សម័យ​ខ្មែរ​ក្រហម​ ខ្ញុំបាន​រស់នៅក្នុង​សហករណ៍​។ ជីវិតរបស់យើង​នៅពេលនោះបាន​ជួបប្រ​ទះ​នឹងការ​ហូបចុកមិន​គ្រប់​គ្រាន់​។ ​ជាក់ស្ដែង​ ​អង្ករមួយកំប៉ុ​ង​ហូប​គ្នា​ចំនួន​៥០នាក់​។​ សហករណ៍​ខ្មែរក្រហម​បាន​បង្ខិត​​បង្ខំ​ឲ្យ យើង​ធ្វើការងារ​រួម​ និងរស់នៅរួម​។ ​​ប្រជាជន​ត្រូវបាន​តម្រូវ​ឲ្យយ​ក​ទ្រព្យ​ និងសម្ភារ​ផ្ទះ​បាយ​របស់ខ្លួនមក​​ដាក់រួម​។ នៅពេលខ្ញុំ​ខ្មែរក្រហម​បាន​ចាត់ខ្ញុំ​ចូលធ្វើ​ជាកងចល័ត​តំបន់។ ខ្ញុំឃើញថា សហករណ៍​​​នីមួយ​ៗ​មាន​​អាហារ​ហូប​គ្រប់គ្រាន់ ឬមិនគ្រប់គ្រាន់​ អាស្រ័យ​លើ​ប្រធាន​សហករណ៍​។ ជាទូទៅ សហករណ៍​​របស់ខ្ញុំ​នៅក្នុង​ស្រុកជីក្រែង​ហូបបបររាវៗ​ ហើយរយៈពេល​កន្លះ​ខែម្ដង យើងទទួលបាន​បាយ។​ ការ​ហូប​បាយ​ម្ដង​ម្កាលនោះ បាន​ឆ្អែត​គ្រប់គ្រាន់ និងមានម្ហូប​ឆ្ងាញ់ ដូចជា​សាច់គោ និង​សាច់ជ្រូកជាដើម​។

នៅក្នុងឆ្នាំ​១៩៧៩ នៅពេលដែលរបបខ្មែរក្រហមត្រូវបាន​ផ្តួលរំលំ យើងក៏បាន​ធ្វើដំណើរទៅភ្នំ​ឱរ៉ាល់​ ខេត្ដកំពង់​ស្ពឺ​។ ខ្ញុំមិនចង់​វិល​ត្រឡប់​ទៅស្រុក​វិញទេ ដោយសារ​ខ្ញុំមិន​ចង់ធ្វើទាហាន​រដ្ឋា​ភិបាល​។ ម្យ៉ាង​ទៀត ខ្ញុំឮពាក្យ​ចចាមអារ៉ាមថា កងទ័ពវៀតណាម​នឹងចាប់អារក និងញាត់​ស្មៅ។ ដូចនេះ ខ្ញុំ​បានរត់​ចូល​​ព្រៃ និងសុខចិត្ដ​ស្លាប់នឹង​ការ​ធ្វើសង្គ្រាម​ប្រសើរ​ជាង​។​ មនុស្សភាគច្រើនបាន​ចូលរួមតស៊ូ​ជាមួយ​ខ្មែរ​ក្រហម​ក៏ជួបប្រទះ​ដូចខ្ញុំ​ដែរ​។​ មូលដ្ឋាន​ដែលខ្ញុំ​ឈរជើង ស្ថិតនៅក្នុង​ខេត្ដសៀមរាប។

នៅថ្ងៃទី​៤ ខែ​តុលា ឆ្នាំ១៩៨៤ ខ្ញុំ​បាន​ពិការ​ជើង​ម្ខាង ដោយសារ​ជាន់​មីន​នៅតំបន់​១០០៣។​​ ​ ​នៅ​ពេល​នោះ ខ្ញុំ​ស្ថិត​​​ក្នុងចំណុចនៃ​ការ​​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ពវៀតណាម​ ហើយខ្ញុំក៏បាន​រត់​ចូលជ្រក​តាមព្រៃ ប៉ុន្តែ​​ជាន់​មីន​ផ្ទុះ​ ដែល​បណ្តាល​ឲ្យ​ដាច់ជើង​ម្ខាង។​​ កម្លាំង​របស់​ខ្មែរក្រហម​​បាន​ស្លាប់ និងពិការ​ជា​ច្រើន​នាក់​​ ដោយ​សារ​​ផ្ទុះមីនកំឡុងពេល​វាយ​ប្រយុទ្ធ​​គ្នា​នៅតំបន់​នេះ។  កងកម្លាំ​ងរបស់ខ្មែរក្រហម​បាន​ទទួលរងនូវ​បរាជ័យ​ក្នុង​ប្រយុទ្ធ​ជាមួយកងទ័ព​វៀតណាម​ ដោយ​​​​សារមានកម្លាំង​តិចជាង និងមិនសូវមានអាវុធ​ទំនើបផង​។ ភាគ​​ច្រើន​កងទ័ពវៀតណាម​ប្រើ​ប្រាស់​កាំ​ភ្លើង​ធំ និងរថ​ក្រោះ​។  នៅពេលកម្លាំង​របស់ខ្មែរក្រហម​ស្លាប់​ច្រើន​​ពេក យើងមិនដឹង​ថាអ្នកណាកប់​អ្នកណា​នោះទេ។​ សាកសព​យុទ្ធមិត្ដ​មួយ​ចំនួន​ត្រូវបាន​ចងអង្រឹង​ទុក​ចោល​នៅក្នុងព្រៃ​។​ ខ្ញុំបាន​សន្លប់​បាត់ស្មារតីម្ដងម្កាល ​​ដោយ​សារ​ហូរ​ឈាម​ច្រើនពេក​។ ​

បន្ទាប់ពី​ជាសះស្បើយពីរបួស និង​ពិការជើងម្ខាង ខ្ញុំ​បាន​រៀប​ការនៅក្នុង​ឆ្នាំ​ដដែល​ ​​​​ក្រោម​ការ​រៀប​ចំ​​ដោ​យ​​អង្គភាព​ខ្មែរ​ក្រហមក្នុងភូមិ​៤០ នៃជំរំ​អូរត្រាវ។ នៅទីនោះ យើងទទួល​បានស្បៀ​ងអាហារ​ហូបចុក​គ្រប់​គ្រាន់​ ក្រោមការ​ជួយ​ទំនុកបម្រុង​ពី​តាម៉ុក​ ដូចជា អង្ករ ត្រី​ខ មី ប្រហុក​ និងទឹក​ដោះគោជាដើម​។ តាម៉ុក​គឺជាមនុស្ស​សម្ដីអាក្រក់ប៉ុន្ដែ​ទឹកចិត្ដល្អ។ គាត់ជេរស្ដីយើង ប៉ុន្ដែគាត់​​ឲ្យស្បៀងអាហារ​​។ លើសពីនេះ គាត់​ប្រមូលទិញស្រូវពីប្រជាជនគ្រប់ៗគ្នា​ ហើយ​យកឲ្យយើងហូបវិញ។ ខ្ញុំធ្លាប់សុំ​ស្បៀងអាហារ​ហូបចុក និង​លុយ (លុយបាត) ពីគាត់។​ ជួនកាល​ខ្ញុំសុំលុយពីគាត់ម្ដង​បាន​ចំនួន​៥០០បាត។

​​ខ្ញុំមាន​ការ​សោក​ស្ដាយ​​ចំពោះការ​តស៊ូ​មួយ​ដែលខ្ញុំ​បា​នលះ​បង់​គ្រប់បែប​យ៉ាង ហើយ​​​ខ្ញុំមិនអាច​ទាមទារ​​អ្វី​បានទាល់តែ​សោះពី​របបខ្មែរក្រហម​។ អ្វី​ដែលខ្ញុំទទួលបាន​គឺប្រាក់​បៀរ​វត្សរ៍​ពីរា​ជរដ្ឋាភិបាល​កម្ពុជា នាពេល​បច្ចុប្បន្ន​នេះ​ទៅវិញ​ ​នៅពេលដែល​ខ្ញុំ​បាន​ធ្លាក់ខ្លួន​ពិការ។ ខ្ញុំធ្លាប់ទទួលរងនូវការ​​រើសអើង​ពី​ហាង​លក់​បាយ ដោយគិត​ថា​យើងគ្មាន​លទ្ធភាព​ឲ្យថ្លៃបាយ​មួ​យពេលនោះ។

ថ្វីត្បិតតែស្រុកអន្លង់វែង​សម្បូរទៅដោយ​ជនពិការ​ក៏ដោយ ក៏យើង​មិនសម្រេចចិត្ដ​ដើរ​សុំទាន​តាម​ផ្លូវ​ដែរ។ យើង​សុខចិត្ដ​ស៊ូ​លំបាកជាមួយនឹងការ​ងារ​ស្រែចម្ការ​តាមលទ្ធ​ភាព​រៀង​ៗខ្លួន​។ សូម្បីតែ​ថ្នាក់ដឹកនាំ​នៅ​អន្លង់វែង​ក៏ស្ងើច​សរសើរដែរ។​ ខ្ញុំ​បានជួប​ការលំបាក​ក្នុងការរស់នៅ​ប្រចាំថ្ងៃ ដូចជា​ការធ្វើដំណើរ និង​ប្រកប​​របរ​រកស៊ី​ ពីព្រោះយើង​មិនអា​ចធ្វើដំណើរ​បានលឿន​ដូច​មនុស្សធម្មតា​។​ មនុស្សមាន​កាយសម្បទារ​គ្រប់​​គ្រាន់​ និងជនពិការ គឺខុសគ្នា​ខ្លាំងណាស់ ព្រោះ​ជនពិការត្រូវ​ស្រវាចាប់ឈើច្រត់សិន មុននឹង​អាច​បោះ​ជំហាន​​ឈាន​ជើងធ្វើដំណើរ​ទៅមុខ​។​

ខ្ញុំ​រស់នៅ​ក្នុង​ភូមិ​ជើង​ភ្នំ​តាំង​ពី​ឆ្នាំ​១៩៩៣​ ដោយខ្ញុំ​បាន​ដោះមីននិង​កាប់ឆ្ការ​ព្រៃ​ដោយខ្លួនឯង​។ បច្ចុប្បន្ន​​នេះ ខ្ញុំសប្បាយ​ចិត្ដ ​នៅពេល​សង្គ្រាម​បាន​បញ្ចប់ទៅ និង​បន្សល់​ទុកឱកា​សឲ្យ​ក្មេង​ៗជំនាន់​ក្រោយ​បាន​រៀន​សូត្រ​ចេះ​ដឹង​។​ ម្យ៉ាង​ទៀត យើងអាច​ប្រកប​មុខ​របរ​អ្វី​ក៏បាន។ កូន​ចៅរបស់យើង​​មិន​ជួប​ប្រទះ​សង្គ្រាម​​តទៅ​​ទៀត​ទេ។​ យើងមិន​សប្បាយ​ចិត្ដនោះ​ទេ​ ប្រសិន​បើ​យើងឃើញ​ទិដ្ឋភាព​លំបាក​វេទនា​របស់​ប្រ​ជាជន ដែល​​ត្រូវ​រែក​កូន​ចៅ​គេច​ពីសង្គ្រាម។ ក្នុងសម័យ​នេះ​ យើងមាន​ឱកាស​បានជួប​ប្រពន្ធ​កូន ជួប​ក្រុម​​គ្រួសារ​ ហើយ​កូន​ចៅរបស់យើង​អាចប្រកបរបបរចិញ្ចឹមជីវិតដោយ​ខ្លួន​ឯង​​»៕

សរសេរដោយ លី សុខឃាង


ឯកសារយោង

[1] ភួន សុករីន សម្ភាសន៍ជាមួយ មាស ផ្កា នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នៅក្នុង​ឆ្នាំ​២០២៣។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin