ម៉ាត់ ឡេះ ៖ ក្រុមគ្រួសារ ត្រូវស្លាប់ដោយសារការអត់អាហារក្នុងសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ ម៉ាត់ ឡេះ[1] ភេទប្រុស អាយុ៧០ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិខ្មែរអ៊ិស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីក្មេង ខ្ញុំពុំបានចូលសិក្សារៀនសូត្រអក្សរខ្មែរទេ។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ស្រី២នាក់ ក្នុងនោះស្លាប់អស់ចំនួន៣នាក់ក្នុងសម័យខ្មែរក្រហម ដោយសារតែការអត់អាហារ។
អំឡុងពេលដែលខ្មែរក្រហមចូលគ្រប់គ្រងប្រទេសដំបូង នាឡិកាដៃ និង ខោអាវល្អៗ ឬរបស់របរប្រើប្រាស់ សល់ពីសង្គមចាស់របស់ខ្ញុំ ត្រូវអង្គការដើរប្រមូលយកអស់ គ្មានសល់។ ក្រៅពីនេះ ខ្មែរក្រហម បានលុបបំបាត់សាសនា, មិនឲ្យជនជាតិចាមនិយាយភាសាចាម, បង្ខំជនជាតិចាមឲ្យហូបសម្លរដែលមានខ្លាញ់ជ្រូក រហូតហូបទាល់តែក្អួតចេញមកខាងក្រៅវិញអស់ ទើបលែងបង្ខំឲ្យហូបសម្លរសាច់ជ្រូកទៀត ហើយ ឈ្មោះជនជាតិចាមត្រូវប្រែ មកជាឈ្មោះខ្មែរទាំងអស់។
នៅក្នុងសម័យខ្មែរក្រហមនេះដែរ ខ្ញុំមានអាយុប្រហែល៤០ឆ្នាំជាង ជាវ័យដែលកំពុងពេញធ្វើការងារខ្លាំង។ អង្គការបានចាត់តាំងឲ្យខ្ញុំទៅចល័តធ្វើការងារគ្រប់ទីកន្លែងដូចជា លើកទំនប់, ជីកប្រឡាយ, លើកប្រព័ន្ធភ្លឺស្រែ, សាងសង់ផ្លូវ, សាងសង់ស្ពាន និង ប្រើខ្ញុំឲ្យទៅវាយថ្មនៅភ្នំឈើកាច់ ដើម្បីយកថ្ម និង ក្រួស មកសាងសង់ផ្លូវ និង ស្ពាន ដោយខ្ញុំមិនអាចប្រកែកបាន។ ចាប់ពីម៉ោង៦ព្រឹក អង្គការឲ្យកងចល័តមកឈរតម្រង់ជួរ ហៅឈ្មោះ មុននឹងឲ្យកងចល័តទាំងអស់ កាន់កាំបិត, ចប និង បង្គី ចេញទៅធ្វើការងាររៀងខ្លួន។ លុះដល់ពេលម៉ោងហូបបាយ ទើបយើងមកសម្រាកហូបបាយនៅសហករណ៍រួមគ្នា។ ខ្ញុំធ្វើការហួសកម្លាំង ប៉ុន្តែទទួលបានបបរចំនួន៣វែក ដែលជាហេតុធ្វើឲ្យខ្ញុំហូបមិនបានគ្រប់គ្រាន់។ ជួនកាលខ្ញុំបានទៅលួចកាប់គល់ល្ហុង យកមកឈូស រួចខ្ចប់លាក់ក្នុងហោប៉ៅ។ លុះដល់ម៉ោង ហូបបាយ ខ្ញុំក៏លួចដាក់គល់ល្ហុងនោះចូលទៅក្នុងបបរ ដើម្បីបំពេញក្រពេះ។ យូរៗទើបយើងបានហូបបាយម្តង ព្រោះអង្គការមិននិយាយរឿងហូបចុកទេ ទោះបីជាប្រជាជនហូបមិនបានគ្រប់គ្រាន់ក៏ដោយ។ អង្គការនិយាយតែពីរឿងការងារស្រែចម្ការ ដើម្បីអភិវឌ្ឍបក្សឲ្យរីកចម្រើនទៅមុខ។ ដំណាំដែលយើងដាំ សត្វដែលយើងចិញ្ចឹម យើងគួរតែហូបបានតាមចិត្ត ប៉ុន្តែអង្គការបែរជាមិនឲ្យហូប ហើយ បើសិនជាចង់ហូប គឺដាច់ខាតត្រូវតែស្នើសុំ ឬប្រាប់អង្គការ។
នៅឆ្នាំ១៩៧៨ ទាំងប្រជាជនខ្មែរ និង ប្រជាជនខ្មែរអ៊ីស្លាមមួយចំនួន ត្រូវអង្គការជម្លៀសទៅកាន់ ខេត្តបាត់ដំបង។ អំឡុងពេលដែលខ្ញុំជម្លៀសទៅ ខ្ញុំមានប្រពន្ធ និង កូនទាំងអស់ចំនួន៦នាក់ ត្រូវអង្គការបំបែកឲ្យរស់នៅដាច់ឆ្ងាយពីគ្នា។ ខ្ញុំ ត្រូវអង្គការបញ្ជូនទៅភ្នំត្រជាក់ចិត្ត។ បន្ទាប់ពីចុះពីលើរថភ្លើង ខ្ញុំត្រូវដើររយៈពេលមួយព្រឹកទៀត ទើបទៅដល់ភ្នំនោះ។ ការងារដែល ខ្ញុំ បានធ្វើជាដំបូងគេនៅទីនោះ គឺធ្វើស្រែស្ទូងដក ទាំងយប់ទាំងថ្ងៃ តាមតែចិត្តអង្គការប្រើ។ អង្គការបានឲ្យប្រជាជនសម្រុកធ្វើការ និងធ្វើស្រែឲ្យបាន ៣តោន ទៅ៦តោន ក្នុង១ហិកតា នៅក្នុងមនុស្សចំនួន១០នាក់ទៅ២០នាក់។ មិនខុសពីសកម្មភាពនៅស្រុកកំណើតខ្ញុំ អង្គការឲ្យប្រជាជនឈរតម្រង់ជួរហៅឈ្មោះ មុននឹងចេញទៅធ្វើការ និង ក្រោយពីធ្វើការរួច ត្រូវមកតម្រង់ជួរម្តងទៀត ដើម្បី ប្រមូលយករបស់របរដូចជា កាំបិត, ពូថៅ, ចប, នង្គ័ល ឬរនាស់ ជាដើម យកមកដាក់នៅក្នុងឃ្លាំងវិញ ។ លុះព្រឹកឡើង ពេលយើងចេញទៅធ្វើការ ទើបអង្គការបើកសម្ភារ ឧបករណ៍នេះឲ្យប្រជាជនវិញ ព្រោះអង្គការខ្លាចប្រជាជនយកឧបករណ៍ ទៅធ្វើបាតុកម្មប្រឆាំងបដិវត្តន៍ផ្សេងៗ។
ក្រោយមក អង្គការបានឲ្យខ្ញុំទៅកាប់ព្រៃ។ អំឡុងពេលទៅកាប់ព្រៃ ខ្ញុំបានឃើញសាកសពជាច្រើនត្រូវឆ្កែចចកអូសយកទៅស៊ី។ ជួនកាលមានសាកសពខ្លះ ទើបតែស្លាប់ហើយថ្មីៗ ត្រូវបានគ្របដោយស្លឹកឈើ។ ខ្ញុំបានយកឈើទៅឆ្កឹះមើល ឃើញមានសត្វរុយនៅចោមរោមឡើងពេញសាកសព។ ពេលខ្ញុំទៅឃើញសាកសពស្លាប់ដូច្នេះ ខ្ញុំភ័យណាស់ គឺភ័យនឹងខ្លួនឯងខ្លាចធ្វើអ្វីខុសនឹងសកម្មភាពប្រចាំថ្ងៃ។ ខ្ញុំបានប្រើកម្លាំងដែលមានទាំងប៉ុន្មាន បញ្ចេញឲ្យអង្គការមើលឃើញទាំងអស់ ទោះបីជាខ្ញុំហត់ និងអស់កម្លាំងយ៉ាងណាក៏ដោយ ក៏ខ្ញុំទ្រាំ ហើយធ្វើការឲ្យបានល្អ រហូតទាល់តែគ្រប់ម៉ោង ទើបខ្ញុំហ៊ានមកសម្រាក។ ពេលដល់ម៉ោង វាយជួង មកសម្រាកហូបបាយ ខ្ញុំទទួលបានបបរចំនួន៣វែកទៀត។ អង្គការសួរខ្ញុំថា ខ្ញុំហូបឆ្អែតឬទេ? ខ្ញុំមិនហ៊ាននិយាយថាហូបមិនឆ្អែតទេ។ ទោះហូបមិនឆ្អែត ក៏ខ្ញុំនិយាយថាហូបឆ្អែតដែរ ព្រោះខ្លាចអង្គការទិតៀន និងយកទៅរៀនសូត្រ។
នៅដើមឆ្នាំ ឆ្នាំ១៩៧៩ អង្គការបានឲ្យខ្ញុំ និង មនុស្សមួយចំនួន លីស្រូវយកទៅដាក់ជង្រុកក្នុងព្រៃ នៅខាងកើត ខេត្តពោធិ៍សាត់។ មនុស្សដែលបានទៅលីស្រូវ មួយចំនួនត្រូវខ្មែរក្រហមសម្លាប់ បន្ទាប់ពីអ្នកទាំងនោះ បានយកស្រូវទៅដាក់ជង្រុកក្នុងព្រៃរួច ដោយមូលហេតុខ្មែរក្រហមខ្លាចអ្នកទាំងនោះដឹងកន្លែងទុកដាក់ស្រូវ ហើយយកទៅផ្សព្វផ្សាយឲ្យអ្នកផ្សេងបានដឹង។ ជាសំណាង ដែល ពេលនោះ កងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្ត វៀតណាម បានចូលមករំទាន់ទាន់ កុំអីខ្ញុំ ត្រូវយកទៅសម្លាប់ដែរហើយ។
មុនពេលកងទ័ពរណសិរ្យ និង កងទ័ពវៀតណាមចូលមករំដោះ នៅភ្នំត្រជាក់ចិត្ត ខ្ញុំបានឃើញយន្តហោះ ទម្លាក់សំបុត្រចុះមកក្រោម ជាសារមួយប្រាប់ថា ភ្នំពេញត្រូវបានរំដោះហើយ។ ពេលនោះ ខ្មែរក្រហមមិនឲ្យប្រជាជនរើសសំបុត្រយកមកមើលទេ។ ខ្មែរក្រហមបានប្រាប់ឲ្យប្រជាជននៅធ្វើការធម្មតា ប៉ុន្តែនៅពេលវៀតណាមចូលមកដល់ ខ្មែរក្រហមក៏ភ័យរត់ទៅអស់។ ចំណែកខ្ញុំ បានជួបជាមួយកងទ័ពវៀតណាម នៅភ្នំត្រជាក់ចិត្ត។ វៀតណាម បានឲ្យខ្ញុំនិងប្រជាជនទាំងអស់ឡើងមកតាមថ្នល់ជាតិឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ។ រីឯ ប្រពន្ធ និង កូនៗរបស់ខ្ញុំវិញ ពេលមានសភាពការណ៍ដូច្នេះ ក៏រត់មករកខ្ញុំ។ ចំណែកឯប្រជាជនខ្លះក៏ត្រូវបានខ្មែរក្រហម ប្រមូលយកទៅជាមួយ។ ពេលនោះ មានមនុស្សធ្វើដំណើរច្រើនណាស់។ នៅតាមផ្លូវ ជួនកាលខ្ញុំឃើញទាហានស្លាប់នៅវាលស្រែ មិនដឹងទាហានខាងណា។ ជួនកាលខ្ញុំឃើញមនុស្សស្លាប់នៅសាលាឆទាន ដូចជាមនុស្សចាស់ដើរមិនរួច ឬអ្នកជំងឺគ្មានសង្កូវព្យាបាល។ តាំងពីខ្ញុំដើរចេញពីខេត្តបាត់ដំបងមក ខ្ញុំបានយក ត្រឹមតែឆ្នាំងបាយ១, ឆ្នាំងសម្ល១ និង ចានបាយ២, ៣ ប៉ុណ្ណោះ។ ខ្ញុំ និង គ្រួសារបានដើរមករហូត រយៈពេលរាប់ខែ ទើបបានមកដល់ផ្ទះ។
ជាទូទៅនៅក្នុងរបបខ្មែរក្រហម ប្រជាជនភាគច្រើន បានស្លាប់ដោយសារជំងឺ ដែលបណ្តាលមកពីការខ្វះខាតថ្នាំសង្កូវ និង សេវាសុខាភិបាល ការអត់អាហារ ឬការធ្វើពលកម្មហួសកម្លាំង។[2] ក្រៅពីបងប្អូនខ្ញុំចំនួន៣នាក់ បានស្លាប់ដោយការអត់អាហារ គឺកូនរបស់ខ្ញុំ ឈ្មោះ អាស៊ូ ទេឃ្លី បានស្លាប់ដោយសារការស្រេកឃ្លាន។ មុននឹងកូនខ្ញុំស្លាប់ ពេលចេញពីធ្វើការជាមួយប្រពន្ធខ្ញុំ អាស៊ូ ទេឃ្លី បានប្រាប់ប្រពន្ធខ្ញុំថា គាត់ឃ្លានបាយណាស់ ហើយគាត់ក៏បានស្លាប់នៅតាមផ្លូវ ទាំងដែលអ្នកទាំង២ ដើរពុំទាន់ដល់ផ្ទះនៅឡើយ។ ចំណែកប្រពន្ធខ្ញុំវិញ បានស្លាប់បន្តមកទៀត បន្ទាប់ពីរបបខ្មែរក្រហមដួលរលំហើយភ្លាម ដោយសារតែគាត់មានជំងឺ ហើយជំងឺនោះ រួមផ្សំនឹងគាត់ ធ្វើការងារហួសកម្លាំងផង និងការមិនទទួលបានអាហារហូបចុកគ្រប់គ្រាន់ផង នៅក្នុងសម័យខ្មែរក្រហម។
អត្ថបទដោយ ថុន ស្រីពេជ្រ
[1] ឯកសារ D៤១៤៩៧ តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«ម៉ាត់ ឡេះ ភេទប្រុស អាយុ៧០ឆ្នាំ ក្នុងឆ្នាំ២០០៦ រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៦»។ សម្ភាសដោយ សា ហ្វាទីលី ។ ប្រតិចារឹក ម៉ាត់ ឡេះ មានចំនួន៣៣ ទំព័រ។
[2] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖២០២០),ជំពូកទី១, ទំព័រទី៣។