លាត ចន្ថា ឃើញកុមារជម្លៀសពេលនេះ ខ្ញុំនឹកចាំពីជីវិតរបស់ខ្ញុំកាលពីសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ លាត ចន្ថា[1] អាយុ ៥៣ ឆ្នាំ កើតនៅភូមិរកាគយ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំជា ក្រុមប្រឹក្សាឃុំគគរ។ ឪពុកខ្ញុំឈ្មោះ លាត គង់ ម្ដាយឈ្មោះ សៅ រុន ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន ៦ នាក់ខ្ញុំជាកូនទីពីរនៅក្នុងគ្រួសារ។
នៅក្រោយរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ចេញពីអំណាចនៅក្នុងខែមីនា ឆ្នាំ១៩៧០។ ខ្មែរក្រហមបានហៅខ្លួនឯងថាជារដ្ឋាភិបាលរួបរួមជាតិកម្ពុជាដែលបង្កើតរដ្ឋាភិបាលឡើងនៅទីក្រុងប៉េកាំង ហើយមានសម្តេចព្រះនរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ។ នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានបានត្រួតត្រា និងកាន់កាប់លើចលនាតស៊ូនេះស្ទើរតែទាំងស្រុង ហើយក៏មានការគាំទ្រពីសំណាក់ប្រជាជនច្រើនផងដែរ ដោយខ្មែរក្រហមបានយកព្រះនាមព្រះនរោត្តម សីហនុ មកប្រើប្រាស់ ទើបមានប្រជាជនជាច្រើនបានរត់ចូលព្រៃទៅចូលរួមបដិវត្តន៍ជាមួយខ្មែរក្រហម។[2]
នៅក្នុងឆ្នាំ១៩៧៥ ខ្ញុំបានទៅរស់នៅខេត្តកំពង់ចាម ក្រោយមកជម្លៀងទៅឃុំរកាគយ។ ម្ដាយខ្ញុំធ្វើការនៅផ្ទះ ឪពុកខ្ញុំធ្វើការខាងជួសជុលផ្លូវ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំស្ថិតនៅក្នុងកងកុមារ ការងាររបស់ខ្ញុំគឺដេញចាប, បើកអាចម៍ចាក់ក្នុងរណ្ដៅដើម្បីធ្វើជី។ ក្នុងរបបខ្មែរក្រហមគឺហូបបបរមួយថ្ងៃពីរពេល ហើយកងកុមាររបស់ខ្ញុំមានគ្នាប្រហែលចំនួន២០ទៅ ៣0 នាក់ ភាគច្រើនជាកូនអ្នកភូមិ។ ខ្ញុំទទួលបានរបបបបរមួយវែកដែលចែកឲ្យពីសំណាក់ប្រធានកង ដែលមកពីភូមិផ្សេង។ នៅក្នុងរបបខ្មែរក្រហមខ្ញុំបានរស់នៅបែកពីឪពុកម្ដាយ ហើយខ្ញុំចងចាំមិនអាចបំភ្លេចបានគឺការហូបបបរ និងកើបអាចម៍គោទៅយកទៅធ្វើជី។ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម។[3]
ខ្ញុំចូលរៀននៅឆ្នាំ ១៩៨០ អាយុប្រហែលជា ១២ឆ្នាំ នៅសាលាបឋមសិក្សារកាគយ និងបន្តរៀននៅអនុវិទ្យាល័យពាមជីកង។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៧ ហើយខ្ញុំក៏ឈប់រៀនដោយសារជីវភាពគ្រួសារខ្វះខាត និងបានប្រកបរបរ ជាកសិករជាមួយម្តាយ។
សម្រាប់បញ្ហាជម្លោះនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ខ្ញុំពិតជាសោកស្តាយនូវទង្វើដែលថៃបានធ្វើមកលើកម្ពុជាទាំងការបិទព្រំដែន, ការប្រើប្រាស់កម្លាំងប្រដាប់អាវុធជាពិសេសប្រភេទអាវុធធំៗ មកលើទឹកដីកម្ពុជា ជាពិសេសតំបន់ប្រាសាទបុរាណខ្មែរ។ ក្នុងនាមខ្ញុំជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងដែលបានឆ្លងកាត់សម័យសង្គ្រាមទៀតនោះ ខ្ញុំពិតជាមិនចង់ឱ្យប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាមម្ដងហើយ ម្ដងទៀតនោះទេ និងអ្វីដែលខ្ញុំកាត់ពិបាកទទួលយកទៀតនោះ គឺបានឃើញកុមារកម្ពុជា ជាច្រើនរូបមិនអាចទៅសាលា និងត្រូវធ្វើការជម្លៀសខ្លួនពីទីលំនៅ ដែលធ្វើឱ្យខ្ញុំនឹកចាំដូចគ្នា អ្វីដែលខ្ញុំបានឆ្លងកាត់កាលពីសម័យខ្មែរក្រហម។
អត្ថបទដោយ លី ដេវីត
[1] បទសម្ភាសន៍ជាមួយ លាត ចន្ថា ខែសីហា ឆ្នាំ២០២៥
[2] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០)
[3] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១