សកម្មភាពបំផុសឲ្យយុវជនបំផ្លាញកម្លាំងបដិវត្តន៍ និងបំផ្លាញអាវុធគ្រប់ប្រភេទរបស់អង្គការ

នៅក្នុងឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន ១៩ទំព័រ បានសរសេរថា​ មុនអង្គការចាប់ខ្លួន ញ៉េ មានតួនាទី សមាជិករវតូចលេខ៧០១ រវសេនាធំ លេខ៦០១ កងពលលេខ១៧៤ ភូមិភាគកណ្ដាល។ ​នៅឆ្នាំ១៩៧២ ​ជូត ញ៉េ ចូល​ធ្វើគិញ​ឲ្យ ឈ្មោះ ស៊ីការនី មានតួនាទីសក្តិ៥។ ញ៉េ និងបក្ខពួកចំនួន៣៣នាក់ទៀត ​បានរៀបរាប់ពី​ការចូលបម្រើបដិវត្តន៍ ហើយចូលរួមធ្វើសកម្មភាពក្បត់បក្ស​ជាមួយខ្លួន។​ ញ៉េ និយាយបំផុសដល់យុវជនឲ្យរត់ទៅផ្ទះ បំផ្លាញកម្លាំងបដិវត្តន៍នៅពេលមានសមរភូមិ​ ថែមទាំងបំផ្លាញអាវុធគ្រប់ប្រភេទ​របស់អង្គការ។ ញ៉េ ត្រូវអង្គការចាប់ខ្លួននៅខែកញ្ញា ឆ្នាំ១៩៧៧  និងបញ្ជូនមកសួរចម្លើយនៅ​ថ្ងៃ១៩ ខែតុលា ឆ្នាំ១៩៧៧។ ការសួរចម្លើយទៅលើឈ្មោះ ​ញ៉េ បានបញ្ចប់ ដោយមានចុះហត្ថលេខា និងឈ្មោះអ្នកសួរចម្លើយចំនួន២នាក់ ផងដែរ។ ខាងក្រោមនេះ គឺជាការដកស្រង់ចម្លើយសារភាពរបស់ ជូត ញ៉េ ៖

ជូត ញ៉េ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើត នៅភូមិជ្រលង ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ចាម។ ​នៅឆ្នាំ១៩៦៣ ញ៉េ រៀន​ថ្នាក់ទី១១ នៅសាលាបឋមសិក្សាវត្តជ្រលង​។ បន្ទាប់ពី រៀនបានរយៈពេល២ឆ្នាំ ញ៉េ ក៏ប្ដូរមករៀននៅសាលាបឋមសិក្សាវត្តថ្លា នៅឃុំតាងៀង ស្រុកតាំងគោក រហូតដល់ថ្នាក់ទី៨ ​​ក៏ឈប់រៀន ហើយ​មកបួសនៅវត្ត ជ្រលង បានរយៈពេល៧ខែ ក៏សឹកត្រឡប់មកជួយធ្វើស្រែ​ឪពុកម្ដាយនៅស្រុកកំណើតវិញ។

នៅឆ្នាំ១៩៧២ ញ៉េ ប្រកបមុខរបរ​ជាអ្នកទិញមាន់ ពីទំបន់រំដោះ បញ្ជូនទៅលក់ឲ្យអ្នករស់នៅតំបន់ខ្មាំងនៅបន្ទាយតាំងគោក។  ​ខណៈពេលនោះ ញ៉េ ចូល​ធ្វើជាគិញ​ឲ្យ ឈ្មោះ ស៊ីការនី ធ្វើជាទាហានមានសក្តិ៥  តាំងពីពេលនោះមក។   បន្ទាប់មក ​ ឈ្មោះ ស៊ីការនី ​  ក៏ផ្លោងដាក់មកលើកងទ័ព និងមកលើប្រជាជននៅភូមិត្រពាំងឈូកអស់ជាច្រើនគ្រាប់ ​ ធ្វើឲ្យប្រជាជន​ក្នុងភូមិនោះស្លាប់អស់មួយចំនួន ថែមទាំងធ្វើឲ្យឆេះផ្ទះប្រជាជនអស់មួយចំនួនតូចទៀត។ ស្របពេលជាមួយគ្នា ​មានមនុស្ស៤នាក់ ដែលជាបក្ខពួក របស់ ស៊ីការនី នាំយកទាហានចំនួន១២នាក់ មកពីវត្តតាំងគោកមកត្រៀមចាំបាញ់កងទ័ពបដិវត្តន៍ ដែលធ្វើការនៅតាមភូមិជ្រលង។  ទាហាន​ទាំង​នោះ ​បានបាញ់សម្លាប់​ទ័ព​​​អស់ចំនួនពីរនាក់ និងប្រមូលយកអាវុធពីអ្នកស្លាប់បានចំនួន២ដើម​​។ នៅចុងឆ្នាំ ១៩៧២ អង្គការបានចាត់វិធានការ ជម្លៀសប្រជាជនដែលរស់នៅឃុំជ្រលង ឲ្យមករស់នៅក្នុងឃុំស្រឡៅវិញ ដោយសារតែឃុំជ្រលងនេះជាទីតាំងនៃតំបន់ខ្មាំង កំពុងតែមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំង។  ពេលនោះ ឈ្មោះ ហ៊ុយ ​ធ្វើជាគណៈឃុំ​ ​និងឈ្មោះ អោក ​ធ្វើប្រធានឈ្លប ឃុំជ្រលង​ បានចូលបង្កប់ខ្លួន នៅតំបន់៤២ ​និងស្គាល់ខ្សែ សេ- អ៊ី- អា ឈ្មោះ សុង ជាគណៈបច្ចេកទេសយោធាតំបន់៤២។ ​ បន្ទាប់មក បានស្គាល់ជាមួយខ្សែ សេ- អ៊ី- អា ៥នាក់ទៀត និង​​បំផុសឲ្យប្រជាជនរត់ទៅនៅផ្ទះអស់ចំនួន១៥នាក់។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៣ ញ៉េ និងបក្ខពួក ៣នាក់ បានទទួល ផែនការពីឈ្មោះ សុង ​និយាយបំផុសដល់យុវជនឲ្យរត់ទៅផ្ទះ និងបំផ្លាញកម្លាំងបដិវត្តន៍ក្នុងពេលចូលសមរភូមិ ថែមទាំងបំផ្លាញអាវុធគ្រប់ប្រភេទទាំងអស់របស់អង្គការ។  ​នៅខែ កុម្ភៈ ឆ្នាំ១៩៧៤ ញ៉េ និងបក្ខពួក ៦នាក់​ ​ទទួលស្គាល់ពីឈ្មោះ វ៉េង ​ឲ្យធ្វើសកម្មភាព បំផុសយុវជនឲ្យរត់ចោលខ្សែត្រៀម លុះពេលឃើញដូច្នេះ អង្គការ​ចោទ​​ថាជា​ខ្មាំង​ ក៏បាញ់សម្លាប់យុវជនទាំងអស់ចំនួន៩នាក់ នៅសមរភូមិ លអាន ខាងជើងនៃខេត្តកំពង់ចាម។ ខ្មែរក្រហមតែងតែស្រាវជ្រាវរកចាប់ខ្មាំង ហើយជឿជាក់ថាខ្មាំងមានគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស ។[1]

នៅខែមិថុនា និងខែកក្កដា  ឆ្នាំ១៩៧៤ ញ៉េ និងបក្សពួក២នាក់ ​ទទួលផែនការពីឈ្មោះ វ៉េង ឲ្យទៅរស់នៅឃុំកានជ្រៃ ​ធ្វើសកម្មភាពបំផ្លាញកម្លាំងបដិវត្តន៍ ​ ដោយនាំកងទ័ព​ដើរជាន់មីន ធ្វើឲ្យផ្ទុះ​ស្លាប់​ចំនួន៥នាក់។​ ​ ក្រោយមក នៅខែធ្នូ ឆ្នាំ១៩៧៤ ញ៉េ ត្រូវរបួស ​ហើយទៅ​ព្យាបាលជំងឺ នៅក្នុងតំបន់៤២។ មួយ​រយៈពេលនោះ ញ៉េ និងបក្ខពួកមិនបានធ្វើសកម្មភាពអ្វី​ឡើយ។ រហូតមកដល់ ខែមករា ឆ្នាំ១៩៧៥ ញ៉េ និងបក្ខពួកខ្លួនចាប់ផ្ដើម បន្តសកម្មភាពឡើងវិញ គឺបំផុសឲ្យយុវជនខ្លាចសរមភូមិ ​បង្ហាញពីការមិនអើពើ​ ចំពោះអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ​ឃើញតែ​មនុស្សស្លាប់មិនមានថ្ងៃលុះឡើយ។ ​ពេលនោះ អ្នកទាំង៥បាន ធ្វើសកម្មភាព លួចដុតឃ្លាំងគ្រាប់ ក្នុងក្រុងកំពង់ចាមអស់ចំនួន២ឃ្លាំងផងដែរ ។

ក្រោយថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ អង្គការបានចាត់តាំង ញ៉េ ជាមួយមនុស្ស៤នាក់ ​ធ្វើផែនការជាមួយឈ្មោះ សែ នៅស្រុកកំពង់សៀម ​ដើម្បី​បំផ្លាញស្រូវ​  រួមគ្នាកសាងកម្លាំងប្រឆាំងជាមួយអង្គការបដិវត្តន៍ និងបំផុសឲ្យយុវជនរត់ទៅនៅផ្ទះ។​ អ្នកទាំង៥ បានធ្វើសកម្មភាពបង្ហូរទឹកឲ្យលិចសំណាប​ ធ្វើឲ្យរលួយអស់ចំនួន១០ហិចតា។ [2] ក្រោយមក ​នៅខែមីនា ឆ្នាំ១៩៧៦ ​អង្គភាពវរតូចលេខ៧០១ ​ចាត់តាំងឲ្យ ញ៉េ ​ជាមួយ​មនុស្ស៣នាក់​ឲ្យ ​ដឹកនាំយុវជនចំនួន១០នាក់ ​​ក្នុងការស្វែងរកចោរព្រៃនៅស្រុកព្រៃឈរ នៅតាមបណ្ដោយផ្លូវជាតិលេខ២៤។ យុវជនទាំងនោះ ធ្វើដំណើររហូតទៅដល់ព្រៃរលួស​ជាកន្លែងដែលចោរព្រៃរស់នៅ ក្នុងស្រុកកំពង់សៀម។ ​ បន្ទាប់មក ពួកគេធ្វើសកម្មភាពប្រមូលយកអង្ករ​ប្រជាជននៅភូមិត្រពាំងលាក់បានចំនួន២បាវ ​  និងបាញ់សម្លាប់ប្រជាជនអស់ចំនួនម្នាក់។ នៅខែឧសភា ឆ្នាំ១៩៧៦ ​ ញ៉េ ​​​រួមទាំងមនុស្ស៣នាក់ ត្រូវអង្គការបញ្ជូនមកធ្វើស្រែនៅជំរំភ្នំ ក្នុងស្រុកកំពង់សៀមវិញ។ ​ ​ពេលនោះពួកគេ​ ធ្វើសកម្មភាព បង្ហូរទឹកបន្លិចសន្ទូងឲ្យរលួយអស់ចំនួន៣ហិចតា។ ​ ​ក្រោយមក អង្គការបានចាត់តាំង ញ៉េ ឲ្យមកនៅជំរំ ត្រើង នៅស្រុកកំពង់សៀមវិញ ​ទទួលភារកិច្ច យាមការពារនៅផ្លូវជាតិលេខ២៤ ​និងទំនាក់ទំនងជាមួយចោរព្រៃចំនួន២នាក់ ដែលបង្កប់ខ្លួននៅព្រៃបឹងធំ។ ពួកគេ ធ្វើសកម្មភាពចេញលួចអង្ករនៅក្នុងមន្ទីរពេទ្យត្រើងចំនួន១បាវកន្លះ នាំយកទៅទុកនៅព្រៃបឹងធំ។ នៅខែ មករា ឆ្នាំ១៩៧៧ ញ៉េ ​​បានទំនាក់ទំនងខ្សែចាស់ចំនួន៤នាក់ នៅអង្គភាពវរតូចលេខ៧០១។ អ្នកទាំង៥ បានធ្វើសកម្មភាព ​ ​ ​​និយាយបំផុស​ដល់យុវជននៅក្នុងអង្គភាព រវៈតូច លេខ៧០២ ឲ្យលួចរត់ទៅនៅផ្ទះអស់ចំនួន៥នាក់ ។ បន្ទាប់មក ឈ្មោះ រៀប បានចាត់តាំងកម្លាំងឲ្យ ចូលបង្កប់នៅអង្គភាពវរតូចលេខ៧០១ ​ធ្វើកម្មភាពតាមដាន​ចោរព្រៃនៅស្រុកព្រៃឈរ នឹងស្រុកចំការលើ។ ស្របពេលជាមួយគ្នា ញ៉េ បាននាំយុវជនចំនួន៤០នាក់ ទៅតាមដានចោរព្រៃនៅក្នុងស្រុកព្រៃឈរដែរ  ក្នុងចំណោមអ្នកទាំងនោះក៏មានកងទ័ពចំនួន២០នាក់ផងដែរ។ ក្នុងការតាមដានចោរព្រៃអស់រយៈពេល ៤ខែកន្លងមកនេះ ញ៉េ និងបក្ខពួកធ្វើសកម្មភាព បង្វៀងដានមិនឲ្យចោរព្រៃដឹង​ខ្លួនឡើយ។  នៅខែសីហា ឆ្នាំ១៩៧៧ អង្គការបានបញ្ជូន ញ៉េ ​ឲ្យត្រឡប់មកធ្វើស្រែនៅអង្គភាពក្នុងរវៈតូចលេខ៧០១ ​​វិញ។ ​ រហូតមកដល់ខែកញ្ញា ឆ្នាំ១៩៧៧ ញ៉េ ត្រូវបានអង្គការចាប់ខ្លួន និងសួរចម្លើយ នៅថ្ងៃ១៩ ខែតុលា ឆ្នាំ១៩៧៧៕

សរសេរដោយ ជឹម សុគា


ឯកសារយោង

[1]  ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២០។

[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, សេចក្តីកត់ហេតុសួរចម្លើយ  ជូត ញ៉េ ឯកសារ J00083។  ក្រោយថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ​ ញ៉េ ជាមួយមនុស្ស៤នាក់ ធ្វើផែនការជាមួយឈ្មោះ សែ នៅស្រុកកំពង់សៀម ​ដើម្បី​បំផ្លាញស្រូវ​  កសាងកម្លាំងប្រឆាំងជាមួយអង្គការបដិវត្តន៍ និងបំផុសឲ្យយុវជនរត់ទៅនៅផ្ទះ ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin