សា អៃស៊ះ ៖ បើមានសំឡេងក្មេងយំ នឹងត្រូវដាក់គ្រាប់បែកកម្ទេចទាំងទូក

ឆ្នាំ១៩៧៣ ជនជាតិចាមចាប់ផ្ដើមឡើងតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់កងទ័ពខ្មែររំដោះ (ខ្មែរក្រហម) ដែលបានធ្វើការគាបសង្កត់លើជំនឿសាសនា និងការអនុវត្តប្រពៃណី វប្បធម៌តាមសហគមន៍ ដូចជាការថ្វាយបង្ខំក្នុងមួយថ្ងៃប្រាំដង និងការសូត្រគម្ពីរកូអានជាដើម។ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ១៩៧៣ មកដល់ពាក់កណ្ដាលឆ្នាំ១៩៧៤ ជនជាតិចាមយ៉ាងហោចណាស់ ៣០០ នាក់ ក្នុងស្រុកក្រូចឆ្មារ ត្រូវកងទ័ពរំដោះចាប់ខ្លួន។ អ្នកដែលត្រូវចាប់ គឺសុទ្ធតែជនជាតិចាមដែលមានចំណេះដឹងជ្រៅជ្រះ ជាមេដឹកនាំសាសនា ជាពិសេសគឺជាតួន(គ្រូ) បង្រៀនផ្នែកគម្ពីរកូអាន និងអ្នកដែលមានធនធាន អ្នកជំនួញ ក្នុងសហគមន៍1។ ឆ្នាំ១៩៧៥ ការកំណត់មុខសញ្ញាបំផ្លាញជីវិតជនជាតិចាមចាប់ផ្ដើមមានជាប្រព័ន្ធយ៉ាងពិតប្រាកដ។ ហេតុការណ៍ទាំងនេះធ្វើឱ្យប្រជាជនចាម ក្នុងភូមិស្វាយឃ្លាំង មានការភ័យខ្លាច និង សម្រេចចិត្តងើបបះបោរ ទាំងដឹងហើយថាគ្មានអាវុធទំនើបអ្វីតទល់ជាមួយកងទ័ពខ្មែរក្រហម មានតែកាំបិត និង ពូថៅ។ ក្រោយការបះបោររបស់ជនជាតិចាម ក៏មានការបង្រ្កាបភ្លាមៗពីកងទ័ពខ្មែរក្រហម។ ភូមិស្វាយឃ្លាំងទាំងមូលត្រូវលិចលង់ទៅដោយថ្លុកឈាម។ បន្ទាប់ពីនេះយន្តការរបស់ខ្មែរក្រហមគឺមិនបានបញ្ឈប់ការកម្ទេច លើជនជាតិចាមនោះឡើយ2។ ការចាប់ជនជាតិចាមយកទៅសម្លាប់កាន់តែមានភាពព្រៃផ្សៃឡើង និងឈានទៅដល់ការចាប់បំបែកប្រជាជនចេញពីសហគមន៍របស់ខ្លួន កុមារត្រូវបានបំបែកចេញទៅរស់នៅតាមកងផ្សេងៗ ហាមមិនឱ្យប្រើប្រាស់ភាសាចាម បំបាត់ទំនៀមទម្លាប់ និងសាសនាអ៊ិស្លាម។ ស្ថិតក្នុងការកំណត់និយមន័យ អំពើប្រល័យពូជសាសន៍ ក្នុងមាត្រាទី២ ដែលបានអនុម័ត នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៤៨ នៃអនុសញ្ញាអន្តរជាតិស្តីពីការបង្ការ និងផ្តន្ទាទោសបទឧក្រិដ្ឋប្រល័យពូជសាសន៍។ អត្ថន័យថាពាក្យការប្រល័យពូជសាសន៍ ជាអំពើទាំងឡាយណា ដែលមានចេតនាបំផ្លាញទាំងស្រុង ឬមួយផ្នែកនៃក្រុមជាតិមួយ ជនជាតិមួយ ពូជសាសន៍ណាមួយ ឬក្រុមសាសនាណាមួយ ដូចជា៖ ការសម្លាប់សមាជិកក្នុងក្រុមណាមួយ, បង្កការខូចខាតផ្នែកសរីរាង្គកាយ ឬ ផ្នែកសតិបញ្ញាដល់សមាជិកក្នុងក្រុមណាមួយ, ដាក់បង្ខំនូវវិធានការនានា ដូចជាឃាត់មិនឱ្យមានការបង្កកំណើតទារកក្នុងក្រុងណាមួយ, ការចាប់ជម្លៀសកុមារដោយបង្ខំ ឱ្យទៅនៅក្រុមមួយទៅក្រុមមួយទៀត និង ចេតនាក្នុងការបំផ្លិចបំផ្លាញរូបរាងកាយក្រុមទាំងមូល ឬក៏មួយផ្នែកណាមួយ។
ជនរងគ្រោះនៃការជម្លៀសដោយបង្ខំ ក្រោយពីព្រឹត្តិការណ៍បង្រ្កាបការបះបោរជនជាតិចាម ក្នុងឃុំស្វាយឃ្លាំង ឈ្មោះ សា អៃស៊ះ3 ភេទស្រី អាយុ៥៤ឆ្នាំ (២០២១) កើតនៅភូមិស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
- ឯកសារបកប្រែពីគេហទំព័រ អ.វ.ត.ក លេខ E367/4.1.6 ,ចុះក្នុងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ម៉ោង ៤, (ទំព័រទី ២៣-២៤)
- ដូចខាងលើ (ទំព័រទី២៥-២៦)
- អ្នកស្រី សា អៃស៊ះ រស់នៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆា្មរ ខេត្តត្បូងឃ្មុំ, មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងលើកកម្ពស់សិទ្ធិ និង ការធ្វើឱ្យប្រសើរឡើងនូវសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, សា អៃស៊ះ ផ្ដល់បទសម្ភាសន៍ជាភាសាចាម ជាមួយ អ្នកស្ម័គ្រចិត្តកម្ពុជា ឡី សាប់ព្រី ក្នុងឆ្នាំ២០២១
អៃស៊ះ សព្វថ្ងៃរស់នៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ អៃស៊ះ បានរៀបរាប់ពីបទពិសោធន៍ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ក្នុងនាមជាក្មេងស្រីជនជាតិចាម ដែលកាលណោះ គាត់ទើបមានអាយុ៨ឆ្នាំ បានរៀបរាប់ថា៖
ខ្ញុំចាំមិនភ្លេច រឿងរ៉ាវក្នុងភូមិមានអ្នកស្លាប់ច្រើន និង សម្បូរដោយឈាម វានៅជាប់ក្នុងអារម្មណ៍ខ្ញុំ។ នៅល្ងាចម៉ោងប្រហែលជា៥ មេឃចាប់ដើមចុះងងឹត តែយើងអាចនៅមើលមុខគ្នាស្គាល់បាន ទោះជាសាកសពដែលបានស្លាប់ និងអ្នករបួសដែលខ្លួនពោរពេញទៅដោយឈាម។ ក្រុមទាហានទាំងនោះ បានស្រែកឱ្យគ្រួសារខ្ញុំ ត្រូវដើរជាជួរតម្រង់ទៅផ្លូវខាងមុខ (ផ្លូវតាមដងទន្លេ)។ ប្រជាជនទូទាំងភូមិត្រូវនៅលើផ្លូវតែមួយ និងឈរជាជួរ តែមួយជួរប៉ុណ្ណោះ ថែមមានទាំងអ្នករបួសដែលត្រូវគ្រាប់កាំភ្លើង ឈាមនៅហូរចេញពីខ្លួនមកមិនចេះអស់ ត្រូវបានសាច់ញាតិសែងយកទៅតាម។ ខ្ញុំមើលទៅឃើញមនុស្សឈរតម្រង់ជួរឡើងវែង ដើម្បីត្រៀមខ្លួនស្ដាប់បញ្ជាទាហានដែលមានកាំភ្លើងក្នុងដៃ និង គិតតែពីស្រែកស្តីឱ្យយើង។ គ្រួសារខ្ញុំមានគ្នា៦នាក់ រួមទាំងឪពុកម្តាយខ្ញុំ ដែលត្រូវទាហានទាំងអស់នោះយកមកដាក់ឃុំឃាំងនៅទីរួមស្រុកក្រូចឆ្មារ និង បំបែក ដោយយកឪពុកខ្ញុំទៅឃុំក្នុងវត្តកញ្ចាក់ ម្តាយខ្ញុំ និងបងប្អូនខ្ញុំទាំងបួន ត្រូវដាក់ចូលឃុំឃាំងក្នុងឡចំហ៊ុយថ្នាំកាតាប។ ខ្ញុំនៅក្នុងឡថ្នាំរយៈពេលមួយខែ រាល់ពេលថ្ងៃត្រង់ ទើបមានកងសន្តិសុខយកទឹកបបរដែលមានរស់ជាតិសាបមកឱ្យហូប។ ខ្ញុំ និងប្អូនប្រុសបន្ទាប់មានការស្រេកឃ្លានយ៉ាងខ្លាំង។ ដោយឃ្លានខ្លាំងពេកបងស្រីខ្ញុំតែងតែលួចបេះចេកខ្ចីដែលធ្លាក់ទងចូលមកក្បែរប្រឡោះជញ្ជាំងឡ។ ពេលអស់ផ្លែចេក គឺយើងនាំគ្នាហូបស្លឹកចេក និង ស្លឹកខ្នុរ ឡើងអស់ពីដើមនៅសល់តែធាង។ បន្ទាប់មកមានកងសន្តិសុខមកសួរនាំពីប្រវត្តិរូប ខ្ញុំចាំសំណួរបានថា តើក្រុមគ្រួសារនេះមានគ្នាប៉ុន្មាននាក់?អ្នកឈ្មោះអ្វី? មានឪពុកឈ្មោះអ្វី? ម្តាយឈ្មោះអ្វី? ក្រុមគ្រួសារធ្វើការអ្វី? រួចអង្គការក៏យកចម្លើយទាំងនោះទៅ។
កន្លងទៅមួយខែ នៅវេលាម៉ោង៨យប់ មេឃធ្លាក់ភ្លៀង កងសន្តិសុខបានស្រែកហៅក្រុមគ្រួសារខ្ញុំឱ្យរៀបចំខ្លួន ផ្លាស់ទៅរស់នៅភូមិថ្មី ព្រោះមានទូកនៅរង់ចាំនៅកំពង់ទឹកជាស្រេច។ ចំណែកបងស្រីខ្ញុំឈ្មោះ សា ហាប់សះ ដែលមានវ័យ១២ឆ្នាំ តែគាត់មានរាងខ្ពស់ គឺកងសន្តិសុខមិនអនុញ្ញាតឱ្យទៅជាមួយឪពុកម្តាយទេ ដោយនិយាយថាត្រូវទៅធ្វើការក្នុងកងចល័តស្រួច ហេតុនេះត្រូវជិះទូកផ្សេងពីគ្នា។ ម្តាយខ្ញុំនៅសរសៃខ្ជី ព្រោះទើបសម្រាលកូនបាន៧ខែ ច្រាំងទន្លេក៏ចោត ភ្លៀងរងា និង រអិល កងសន្តិសុខស្រុក បានស្រែកខ្លាំងៗថា ឡើងទូកឱ្យលឿន ឡើងឱ្យលឿនៗ។ ខ្ញុំភ័យខ្លាចខ្លាំងណាស់ ជើងរបស់ខ្ញុំលែងទប់លំនឹងបាន និងបានរអិលពីច្រាំងមកដល់មាត់ទឹកទន្លេ។ ខ្ញុំឮសំឡេងឪពុករបស់ខ្ញុំហៅខ្ញុំ ស៊ះៗៗ ព្រោះគាត់ចាំសំឡេងខ្ញុំស្រែកពេលរអិល។ ខ្ញុំឈឺខ្លួនពេលរអិល តែសប្បាយចិត្តឡើងវិញពេលឮសំឡេងពុក ព្រោះមិនបានជួបគាត់រយៈពេលមួយខែ។ ប្អូនប្រុសខ្ញុំដែលមានអាយុទើបតែ៧ខែ បានស្រែកយំ ប្រហែលជាត្រូវអាកាសធាតុត្រជាក់ កងសន្តិសុខទាំងនោះក៏ស្រែកមកថែមថា « សូមឱ្យស្ងាត់ ប្រុសៗឡើងចែវទូកមុខក្រោយ ហើយប្រសិនជាទូកណាមានឮសំឡេងក្មេងយំសូម្បីតែម្នាក់ នឹងត្រូវដាក់គ្រាប់បែកកម្ទេចទាំងទូក»។ ឮដូច្នេះ ម្តាយខ្ញុំបានចាប់ប្អូនខ្ញុំផ្ទប់នឹងទ្រូងរបស់គាត់ដើម្បីឱ្យកូនបៅរហូត កុំឱ្យមានសំឡេង និងនិយាយតិចៗមកកាន់ខ្ញុំថាឱ្យជួយមើលប្អូនបន្ទាប់ដែលកំពុងរងា ព្រោះពុកគាត់ត្រូវចែវទូកបញ្ច្រាសខ្សែទឹកហូរខ្លាំងនារដូវទឹកឡើង។ ផែនការរបស់ខ្មែរក្រហម គឺធ្វើយ៉ាងម៉េចឱ្យមេឃភ្លឺ គឺទូកត្រូវចូលទៅដល់ផ្នែកខាងក្រោយព្រែករកាខ្នុរ ហៅចាស់ៗហៅថា ជន្ទាំង។ ចុះពីទូករួច អង្គការបញ្ជាឱ្យជម្លៀសបន្តដោយថ្មើរជើងទៅមុខទៀត ដោយប្រុសៗត្រូវដើរខាងមុខ បន្ទាប់មកស្រ្តីៗ និងកូនក្មេងត្រូវនៅក្រោយគេបង្អស់។ ខ្ញុំដើរទាំងគ្មានស្បែកជើង និងត្រូវពរប្អូនម្នាក់ទៀតនៅលើចង្កេះ សត្វសង្អាខាំ ឈឺចុកក៏មិនហាមស្រែកយំ មានតែបន្លំជាលោតចុះលោតឡើង ដើម្បីឱ្យទាន់អ្នកខាងមុខ។ តាមផ្លូវធ្វើដំណើរគ្រួសារណា ដែលមានជីដូនជីតា ឬឪពុកម្តាយចាស់ៗដើរមិនរួច ឬ សែងមិនរួច អង្គការសុំឱ្យទុកតាមផ្លូវសិន ចាំអង្គការយកទៅជូន តែអង្គការនិយាយមិនពិត គ្មានគ្រួសារណាបានជួបឪពុកម្តាយរហូត។ ខ្ញុំត្រូវធ្វើដំណើរបែកពីឪពុកម្តាយរហូតដល់គោលដៅដែលអង្គការកំណត់ដើររហូតដល់ត្រពាំងព្រីង ស្រុកតំបែរ។
តំបន់ត្រពាំងព្រីង អង្គការចាត់តាំងចំនួនបួនគ្រួសារ ឱ្យរស់នៅក្នុងជង្រុកស្រូវតូចមួយ និងគ្មានសម្ភារប្រើប្រាស់ទាំងអស់។ ក្រោយមកប្រធានភូមិមកចុះឈ្មោះ និងចែកអង្ករឱ្យតាមចំនួនសមាជិកនៃគ្រួសារនីមួយៗ។ ខ្ញុំបានហូបបាយជាមួយអំពិល ពិតជាមានរស់ជាតិឆ្ងាញ់ជាប់មាត់ខ្លាំងណាស់ ព្រោះដោយសារគ្មានបាយហូបរយៈពេលមួយខែកន្លងមកហើយ។ គ្រួសារនីមួយៗ នាំគ្នាដាំបាយហូបឡើងច្រើនកំប៉ុង។ រំលងបានមួយខែ ម្តាយរបស់ខ្ញុំបានស្លាប់ដោយសារជំងឺគ្រុនចាញ់ប្រហែលជាម៉ោង២យប់។ មុនពេលគាត់ស្លាប់ គាត់បានហៅខ្ញុំ «ស៊ះៗ ម៉ែប្រហែលជាត្រូវស្លាប់បន្តិចទៀតនេះហើយ ព្រោះម៉ែស្រេកទឹកខ្លាំងណាស់ យកទឹកឱ្យម៉ែមួយដំណក់មក ម៉ែស្រេកទឹកណាស់។» ខ្ញុំក៏ងើបទៅដាស់ឪពុករបស់ខ្ញុំដែលសម្រាកនៅខាងក្រៅឱ្យមកជួយមើលម្តាយខ្ញុំ និងប្រាប់គាត់ថាប្រហែលជាម៉ែត្រូវស្លាប់ហើយ។ មិនបានប៉ុន្មាននាទីផង ម្តាយរបស់ខ្ញុំបានផុតដង្ហើម។ ប្អូនប្រុសខ្ញុំដែលទើបចេះវារ មិនដឹងថាម្តាយស្លាប់ ក៏វារទៅលើម្តាយហើយខំប្រឹងបៅដោះទាំងយំ។ ចាប់តាំងពីពេលនោះមក ខ្ញុំត្រូវមានតួនាទីមើលថែប្អូនប្រុសទាំងពីរ។ អង្គការមិនបានឱ្យខ្ញុំធ្វើការអ្វីឡើយ ប៉ុន្ដែតួនាទីមើលថែប្អូនតូចៗ ទាំងគ្មានរបបអាហារអ្វីសោះសម្រាប់ខ្ញុំ គឺលើសពីលំបាក ក្នុងការទៅជីកប្រឡាយ លើកទំនប់។ ខ្ញុំត្រូវដាំទឹកបបរ គ្មានសូម្បីអំបិល ដាក់ឱ្យប្អូនខ្ញុំបៅបានរស់រានមានជីវិតដល់សព្វថ្ងៃ ប៉ុន្ដែប្អូនខ្ញុំនៅតែមានរូបរាងស្គមស្បែកដណ្ដប់ឆ្អឹង។
ប្រហែលជាខែសីហា ក្នុងឆ្នាំ១៩៧៨ ឪពុកខ្ញុំគាត់ចេញទៅធ្វើការបាត់ ទាហានវៀតណាមក៏វាយចូលមកដល់ភូមិត្រពាំងព្រីង និងមានការបាញ់បោះគ្នាទៅវិញទៅមក។ អ្នកភូមិត្រពាំងព្រីងនាំគ្នារត់ចូលព្រៃអស់រលីង នៅសល់តែបងប្អូនខ្ញុំបីនាក់ សំងំពួនក្នុងជង្រុកស្រូវ ព្រោះខ្ញុំមិនដឹងយកប្អូនទាំងពីររត់ដោយរបៀបណា។ ដល់ពេលឪពុកខ្ញុំមកវិញ គាត់ក៏នាំបងប្អូនខ្ញុំត្រឡប់មករកយាយតា ដែលត្រូវអង្គការជម្លៀសចេញពីភូមិស្វាយឃ្លាំង ឱ្យទៅរស់នៅឃុំប៉ើស ស្រុកក្រូចឆា្មរ។ នៅឃុំប៉ើស កាន់តែអត់ឃ្លាន ក្នុងមួយថ្ងៃអង្គការផ្ដល់ឱ្យគ្រាប់ពោតចំនួនមួយផ្ដិល សម្រាប់សមាជិកគ្រួសារខ្ញុំដែលរស់នៅជុំគ្នាជិត៣០នាក់។ ប្រហែលជាខែកញ្ញា ឬខែតុលា ឆ្នាំ១៩៧៨ អង្គការមកហៅឪពុកខ្ញុំឱ្យទៅជួយសាងសង់ផ្ទះប៉ែកលើភ្នំ។ ឪពុករបស់ខ្ញុំ គាត់ដូចដឹងស្ថានភាពមិនស្រួល ក៏សម្រេចចិត្តទុកបីនាក់បងប្អូនខ្ញុំនិងយាយតា។ ចំណែកគាត់ក៏ធ្វើដំណើរតាមអង្គការ ឡើងជិះសាឡាងដែលរង់ចាំដឹកអ្នកភូមិជាច្រើនទៀត ដែលភាគច្រើនជាជនជាតិចាម។ តាំងពីពេលនោះ ខ្ញុំក៏លែងបានឃើញឪពុកខ្ញុំរហូតមកដល់បច្ចុប្បន្ន។
អត្ថបទដោយ៖ មីន សាណាស់
កំណែអក្ខរាវិរុទ្ធដោយ៖ ភា រស្មី