សុន វ៉ាន់នី៖ យោធាកងពល៣១០

I00466 ឯកសារប្រវត្តិរូបសង្ខេបបេក្ខជនមានគ្រួសារ (ក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥-១៩៧៩) ឈ្មោះ សុន វ៉ាន់នី ភេទប្រុស មានអាយុ២៤ឆ្នាំ។

សុន វ៉ាន់នី ឈ្មោះបដិវត្តន៍សមមិត្តនី គឺជាយោធាក្នុងកងអនុសេនាធំទី២, វរសេនាតូច១១៣, វរសេនាធំ១១ នៃកងពល៣១០ តំបន់ក្រចេះ កាលពីអំឡុងឆ្នាំ (១៩៧៥-១៩៧៩)​។ បុគ្គលិកមជ្ឈ​មណ្ឌលឯកសារកម្ពុជាបានជួបសម្ភាសន៍ជាមួយ ឈ្មោះ សឹម សុន អាយុ៦៩ឆ្នាំ ត្រូវជាឪពុកទាក់ទងនឹង​ប្រវត្តិរឿងរ៉ាវនៃការចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម និងជីវិតជាយោធារបស់វ៉ាន់នី។ ខាងក្រោមនេះគឺជាការផ្តល់ព័ត៌មានពីឪពុករបស់វ៉ាន់នី៖[1]

វ៉ាន់នី មានស្រុកកំណើតនៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។ វ៉ាន់នី មានម្ដាយឈ្មោះ អ៊ុច មី និងមានប្អូនចំនួន៥នាក់ (ក្នុងនោះប្រុស៣នាក់ និងស្រី២), វ៉ាន់នី ជាកូនច្បងក្នុងគ្រួសារ, ប្អូនៗរបស់វ៉ាន់នី មានឈ្មោះ សុន ណេន, សុន ឡេន, សុន ម៉េន, សុន ម៉ុន និងប្អូនពៅឈ្មោះ សុន អុន​។

វ៉ាន់នី ធ្លាប់ រៀនសូត្របានត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅសាលាបឋមសិក្សាព្រែកជីក។ វ៉ាន់នី បានឈប់រៀននៅពេលមានរដ្ឋប្រហារទម្លាក់សមេ្ដចព្រះនរោត្តម សីហនុ ពីតំណែង ហើយនៅពេលនោះប្រទេសជាតិកើតមានសង្គ្រាម និងការធ្វើបាតុកម្ម នាំឲ្យសាលារៀនត្រូវបានបិទទ្វារ, លោកគ្រូ-អ្នកគ្រូ មិនហ៊ានមកបង្រៀន។

នៅឆ្នាំ១៩៧១ វ៉ាន់នី និងយុវជនចំនួនបួននាក់រួមមានឈ្មោះ៖ ក្នូយ, ហេង, អេត និងអន បានទៅ ចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហមតាមរយៈការឃោសនាអប់រំពីសំណាក់ឈ្មោះ សេន ដែលជាប្រធានភូមិ​។ ឪពុកនិយាយថា កាលនោះគ្រួសារគាត់រស់នៅក្នុងតំបន់រំដោះ ដូចច្នេះគ្រួសារណាដែលមានសមាជិកធំពេញវ័យត្រូវតែមានកាតព្វកិច្ចសេ្នហាជាតិបញ្ជូនសមាជិកគ្រួសារនោះឲ្យទៅចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម ប៉ុន្តែតាមពិតវ៉ាន់នី គ្មានបំណងទៅបម្រើបដិវត្តន៍នោះទេ។ កាលនោះបដិវត្តន៍ខ្មែរក្រហម បោះទីតាំងនៅក្នុងព្រៃ និងតំបន់ដាច់ស្រយាលពីផ្ទះអ្នកស្រុក ហើយវ៉ាន់នី និងយុវជនបានចូលទៅក្នុងព្រៃ ហើយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៧៣ មេភូមិសេនបានអប់រំ វ៉ាន់នី ពីមាគ៌ាបក្ស និងការធ្វើបដិវត្តន៍ក្នុងបំណងរំដោះប្រទេសជាតិពីរបប លន់ នល់ ។

បន្ទាប់ពីចូលរួមជាមួយបដិវត្តន៍ វ៉ាន់នី ត្រូវបានអង្គការចាត់តាំងឲ្យទៅហ្វឹកហាត់យោធានៅក្នុងកងអនុសេនាធំទី២, វរសេនាតូច១១៣, វរសេនាធំ១១ នៃកងពល ៣១០ ក្រោយអង្គការបានបញ្ជូនវ៉ាន់នី ទៅសមរភូមិមុខវាយប្រយុទ្ធជាមួយនឹងទាហាន លន់ នល់ នៅតំបន់ក្រចេះ, តំបន់កំពង់ចាម និងនៅទីក្រុងភ្នំពេញរហូតដល់របបខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងលើរបប លន់ នល់ នៅឆ្នាំ១៩៧៥។ ក្នុងនាមជាយោធានៅពេលនោះកន្លែងរស់នៅរបស់វ៉ាន់នី មិនមានភាពទៀងទាត់នោះទេដោយត្រូវផ្លាស់ប្តូរពីកន្លែងមួយទៅមួយកន្លែងទៀតតាមតែថ្នាក់លើកំណត់ ហើយកាលប្រយុទ្ធនៅសមរភូមិវ៉ាន់នី ធ្លាប់ទទួលរងរបួសជាញឹកញាប់។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៧៥ នៅឯភូមិភោគទ្រា សង្កាត់ភោគទ្រា ស្រុកព្រៃឈរ ខេត្តកំពង់ចាម វ៉ាន់នី បានចូលជាសមាជិកយុវកក នៃនយោបាយកងធំ តាមរយៈអ្នកឧទ្ទេសនាមឈ្មោះហាន និងនី ដែលមាននាទីជាគណៈនយោបាយកងធំ ព្រមទាំងមានការទទួលស្គាល់ពីសំណាក់ឈ្មោះ អុល។[2]

នៅអំឡុងឆ្នាំ១៩៧៥ ឪពុកបានទទួលសំបុត្រមួយច្បាប់ពីវ៉ាន់នី ដែលបានផ្ញើមកសួរសុខទុក្ខគ្រួសារ និងប្រាប់ពីដំណឹងថាខ្លួនកំពុងធ្វើការងារជាយោធា ព្រមទាំងប្រាប់ថាគាត់មិនអាចមកលេងស្រុកកំណើតបានទេព្រោះជាប់រវល់ការងារយោធានៅទីក្រុងភ្នំពេញ។ នេះជាសំបុត្រតែមួយគត់ដែលឪពុក ទទួលបានពីកូននៅក្នុងមួយរបបខ្មែរក្រហម​។ រហូតដល់ចុងឆ្នាំ១៩៧៨ នៅពេលដែលរណសិរ្ស​សង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម វាយចូលប្រយុទ្ធជាមួយនឹងរបបខ្មែរក្រហម ហើយពេលនោះឪពុក បានទទួលដំណឹងពីវ៉ាន់នី តាមរយៈអ្នកស្គាល់គ្នាដោយប្រាប់ថា វ៉ាន់នី ត្រូវអង្គការបញ្ជូនទៅសមរភូមិនៅតំបន់ស្នួល ខេត្តក្រចេះ និងតំបន់នៅតាមព្រំដែនប្រទេសវៀតណាម ព្រមទាំងប្រយុទ្ធជាមួយនឹងរណសិរ្ស​សង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម ហើយ វ៉ាន់នី មានភារកិច្ចខាងកាន់វិទ្យុទាក់ទងនៅក្នុង​សម​រ​ភូមិ​។

នៅឆ្នាំ១៩៨០ ពោលគឺមួយឆ្នាំបន្ទាប់ពីរបបខែ្មរក្រហមដួលរលំស្រាប់តែ វ៉ាន់នី បានត្រលប់មកស្រុកកំណើតវិញ។ នៅពេលនោះ វ៉ាន់នី បានប្រាប់ឪពុកថានៅឆ្នាំ១៩៧៩ ពេលដែលរបបខ្មែរក្រហមដួលរលំគាត់ និងប្រពន្ធបានរត់ភៀសខ្លួនទៅរស់នៅខេត្តសៀមរាប ដែលជាស្រុកកំណើតប្រពន្ធ។ វ៉ាន់នី  និយាយបន្តថា នៅខេត្តសៀមរាប អាជ្ញាធរចេះតែមករករឿងដោយចោទប្រកាន់ការងារកាលពីអតីតកាលរបស់ខ្លួនដែលធ្លាប់ធ្វើជាយោធាខែ្មរក្រហម ហេតុនេះទើបគាត់ត្រលប់មករស់នៅឯខេត្តក្រចេះ​វិញ​។ វ៉ាន់នី បន្តរស់នៅខេត្តក្រចេះ រហូតដល់ឆ្នាំ១៩៩៣ ក៏ជួបប្រទះហេតុការណ៍អកុសលមួយបានកើត​ឡើង គឺព្រឹត្តិការណ៍ចោរប្លន់ម៉ូតូដែលបានបណ្តាលឲ្យ វ៉ាន់នី បានបាត់បង់ជីវិតនៅពេលនោះ​៕

[1] KRI0047 បទសំភាសន៍របស់ឆាយ ណារឿន ជាមួយ សឹម សុន អាយុ៦៩ឆ្នាំ ត្រូវជាឪពុក រស់នៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០០៦។

[2] I00466 ឯកសារប្រវត្តិរូបសង្ខេបបេក្ខជនមានគ្រួសារ (ក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥-១៩៧៩) ឈ្មោះ សុន វ៉ាន់នី ភេទប្រុស មានអាយុ២៤ឆ្នាំ។ វ៉ាន់នី មានឪពុកឈ្មោះសុន និងម្តាយឈ្មោះមី និងមានវណ្ណភាពជាកសិករកណ្តាល (ស្អាតស្អំគ្មានអ្វីជំពាក់ជំពិនជាមួយនឹងខ្មាំង)។ វ៉ាន់នី ជាសមាជិកក្រុមយោធានៃកងអនុសេនាធំទី២, វរសេតូចលេខ១១៣, វរសេនាធំលេខ១១ នៃកងពលលេខ៣១០ ហើយធ្លាប់ចូលរួម និងបានធ្វើសច្ចាប្រណិធានគោរពទង់បក្ស។ វ៉ាន់នី មានគុណសម្បត្តិ ខិតខំគោរពវិន័យបក្ស, បំពេញភារកិច្ចជូនបក្សបានល្អ និងដោយឥតលក្ខខណ្ឌ។ ចំណែកគុណវិបត្តិនៅមានការខ្វះខាតដូចជាបំពេញភារកិច្ចមិនទាន់ក្តៅ នៅលើផ្នែកដឹកនាំនយោបាយក៏មិនទាន់ធន់ជាប់ឲ្យបានសកម្មនៅឡើយ, លេងល្បែងស៊ីសង, ខិលខូចលេងសើចច្រើននិយាយស្តីមិនទាន់ចេះទទួលខុសត្រូវខ្ពស់ និងមានចរិតលក្ខណឯកជនច្រើន។


អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin