សៅ សុខ៖ ទាហានរបប លន់ នល់

K07932/TSL1224 ឯកសារប្រវត្តិរូបសង្ខេបរបស់ឈ្មោះ សៅ សុក (ក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥-១៩៧៩) ភេទប្រុស មានអាយុ៣៨ឆ្នាំ។

សៅ សុខ ហៅ ម៉ម សុខ មានអាយុ ៦១ឆ្នាំ រស់នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។[1] ក្នុងបទសម្ភាសន៍ជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សុខ ដែលធ្លាប់ជាទាហានរបប លន់ នល់ បានរៀបរាប់ពីខ្សែជីវិតក្នុងរបបខ្មែរក្រហមដូចខាងក្រោម[2]

«ខ្ញុំឈ្មោះ សៅ សុខ ឈ្មោះបដិវត្តន៍ ម៉ម សុខ កើតនៅឆ្នាំ១៩៤១ នៅក្នុងភូមិតាស្រី ឃុំបឹងខ្យាង ស្រុកកណ្តាល​ស្ទឹង (តំបន់២៥) ខេត្តកណ្តាល។ ខ្ញុំមានប្រពន្ធឈ្មោះ គាន់ នៅ មានអាយុ៥៥ ឆ្នាំ (ក្នុងឆ្នាំ២០០២) និងមានកូនចំនួន៦ នាក់។ ខ្ញុំមានឪពុកឈ្មោះ ម៉ម សៅ និងម្តាយឈ្មោះ អ៊ឹម វ៉ាយ អ្នកទាំងពីរបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម ដោយសារខ្វះអាហារហូបចុក និងគ្មានថ្នាំព្យា​បាល ជំងឺត្រឹមត្រូវ​។

ក្នុងអំឡុងរបបសង្គមរាស្រ្តនិយមខ្ញុំបម្រើការងារជាទាហាននៅទីក្រុងភ្នំពេញ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីព្រះតំណែង។ខ្ញុំបន្តធ្វើជាទាហានរបប លន់ នល់ និងរស់នៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧០ ខ្ញុំបានរៀបការប្រពន្ធឈ្មោះ គាន់ នៅ និងក្រោយមកមានកូនចំនួនពីរនាក់។ ការរស់នៅទីក្រុងភ្នំពេញរបស់ខ្ញុំ នៅពេលនោះមិនសូវបានជាប់លាប់ទេ ព្រោះត្រូវមានបេសកកម្មចេញទៅប្រយុទ្ធជាមួយនឹងយោធាខ្មែរក្រហមនៅតាមផ្លូវជាតិលេខ៤ និងនៅតំបន់ភ្នំប្រុស-ភ្នំស្រី ស្ថិតក្នុងខេត្តកំពង់ចាម។ ពេលប្រយុទ្ធ​មានពេលខ្លះ ជោគជ័យ និងពេលខ្លះក៏បរាជ័យ និងបណ្តាលឲ្យទាហានរួមអាវុធបានស្លាប់អស់យ៉ាងច្រើន ហើយជីវិតខ្ញុំថ្លៃបានគេចផុតគ្រប់សមរភូមិ។

នៅពេលរបប លន់ នល់ ចាញ់សង្រ្គាមជាមួយយោធាខ្មែរក្រហមទាំងស្រុង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំ និងគ្រួសារកំពុងរស់នៅ និងបម្រើការងារនៅបន្ទាយស្លឹក ដែលជាបន្ទាយរបស់របប លន់ នល់ ស្ថិតនៅក្បែរពេទ្យរុស្ស៊ី (បច្ចុប្បន្នមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)​​។ នៅថ្ងៃនោះខ្ញុំឃើញសកម្មភាពមិនល្អ​ព្រោះទាហាន លន់ នល់ យ៉ាងច្រើនបានទម្លាក់អាវុធចុះ និងចុះចូល​ជាមួយយោធាខ្មែរក្រហម។ ខ្ញុំបានសម្រេចចិត្តបន្លំខ្លួនជាប្រជាជន។ យោធាខ្មែរក្រហម​បានចូលមកក្រុងភ្នំពេញពីគ្រប់ទិសទី ហើយយោធាបានស្រែកតាម​ឧឃោសនសព្ទ​ឲ្យប្រជាជននៅទីក្រុងភ្នំពេញចាកចេញពីផ្ទះសម្បែង។ យោធាខ្មែរក្រហមបានប្រកាសថា ការចាកចេញពីទីក្រុង​ភ្នំពេញគឺត្រឹមតែរយៈពេល ៣ ថ្ងៃ ព្រោះខ្លាចសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក ដូច្នេះមិនចាំបាច់យកសម្ភារតាមខ្លួនទៅច្រើននោះទេ។ ខ្ញុំបានសម្រេចចិត្តចាកចេញពីទីក្រុងភ្នំពេញតាមការបង្ខំនោះ ដោយធ្វើដំណើរឆ្ពោះទៅកាន់ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ដែលជាស្រុកកំណើត។ គ្រួសារខ្ញុំមានសមាជិកចំនួនប្រាំនាក់ រួមមាន៖ ខ្ញុំ, ម្តាយក្មេក, ប្រពន្ធ, និងកូនពីរនាក់ ក្នុងនោះម្នាក់មានអាយុទើបតែ៤ខែ ហើយការធ្វើដំណើរចេញពីទីក្រុងភ្នំពេញគឺ​តាមផ្លូវចំការដូង ឆ្ពោះទៅកាន់ផ្លូវជាតិលេខ២។

កាលនោះខ្ញុំឃើញទីក្រុងភ្នំពេញមានសភាពវឹកវរច្របូកច្របល់ខ្លាំង​អង្គការបង្ខំឲ្យចាកចេញពីទីក្រុងភ្នំពេញក្នុងរយៈពេលខ្លី។ គ្រប់ៗផ្លូវតូចធំពោរពេញទៅដោយមនុស្សណែនណាន់តាប់តាន់។ នៅតាមផ្លូវខ្ញុំឃើញសាកសពទាហាន របប លន់ នល់ ជាច្រើនព្រោះសាក​សពទាំងនោះមានឯកសណ្ឋានកងទ័ព​។ ខ្ញុំមិនសូវឃើញសាកសពប្រជាជនទេ។ នៅពេលនោះយោធាខ្មែរក្រហមស្លៀកសម្លៀកបំពាក់ខោអាវ​ពណ៍ខ្មៅ​ មានបង់កក្រមា និងដៃកាន់កាំភ្លើងគ្រប់ដៃឈរយាមតាមផ្លូវដែលមានមនុស្សធ្វើដំណើរឥត​ដាច់។ យោធាខ្មែរក្រហមទាំងនោះមិនស្គាល់ខ្ញុំទេ ព្រោះខ្ញុំបានបន្លំខ្លួនស្លៀកពាក់ជាប្រជាជន និងបានប្រាប់យោធាទាំងនោះថាគ្រួសារខ្ញុំជាអ្នកដឹកបន្លែបន្តិចបន្តួចយកទៅលក់នៅទីផ្សារ។ ខ្ញុំបានអូស​រម៉កដឹករបស់ប្រើប្រាស់បន្តិចបន្តួច, កូនតូច និងម្តាយក្មេកចាស់ ហើយខ្ញុំត្រូវធ្វើដំណើររយៈពេល បី​ថ្ងៃ បីយប់ ទើបទៅដល់ស្រុកកំណើត។

ពេលមកដល់ស្រុក ផ្ទះរបស់ឪពុកម្តាយខ្ញុំត្រូវភ្លើងឆេះអស់ ចំណែកបងប្អូន និងម្តាយឪពុក បានបែកគ្នាទៅរស់នៅតាមសហករណ៍អស់។ ខ្មែរក្រហមឲ្យគ្រួសារខ្ញុំរស់នៅដាច់ពីអ្នកមូលដ្ឋាន និងចាត់ទុកគ្រួសារខ្ញុំជាប្រជាជនជម្លៀស១៧ មេសា។ អង្គការតម្រូវឲ្យខ្ញុំធើ្វការងារនៅក្នុងកងចល័តបុរស។ ការងាររបស់ខ្ញុំគឺភ្ជួររាស់, ជីកប្រឡាយ និងលើកទំនប់ធំៗ ធ្វើការចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៥ល្ងាច សម្រាកបានតែពេលហូបអាហារប៉ុណ្ណោះ។ ខ្ញុំខិតខំធ្វើការគ្រប់បែបយ៉ាងទាំងអស់ឲ្យតែអង្គការប្រើ ព្រោះខ្ញុំខ្លាចអង្គការ​ចោទប្រកាន់ថាជាគេញឬខ្មាំង ដោយសារគ្រួសារខ្ញុំជាប្រជាជនថ្មី​ និងដោយសារខ្ញុំខំលាក់ប្រវត្តិរូបធ្លាប់ជាទាហានរបប លន់ នល់។

ចំណែកប្រពន្ធខ្ញុំត្រូវធ្វើការងារក្នុងអង្គភាពស្រ្តី។ ការងាររបស់ប្រពន្ធខ្ញុំគឺស្ទូង និងបុកស្រូវ។ កូនៗនៅកងកុមារ ត្រូវចិញ្ច្រាំដើមឈើ ដើមទន្ទ្រានខេត្ត ឬបេះផ្លែស្វាយ។ ម្តាយក្មេកខ្ញុំស្ថិតនៅកងចាស់ជរាធ្វើការងារផ្ទះបាយ។ គ្រួសារខ្ញុំប្រឈមនឹងទុក្ខលំបាកទាំងផ្លូវកាយ ផ្លូវចិត្ត ការរស់នៅគ្មានសិទ្ធិសេរីភាពគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ។ រីឯរបបអាហារគឺហូបមិនគ្រប់គ្រាន់ដើម្បីរស់ខ្ញុំបានលួចដងសន្ទូចត្រីរបស់អង្គការដើម្បីទុករកត្រីហូបបន្ថែមនៅពេលយប់ ប្រសិនបើអង្គការដឹងនឹងនាំគ្រួសារខ្ញុំទៅសម្លាប់ចោលមិនខាន។

នៅក្នុងកងភ្ជួរ មេកងឈ្មោះថន មានចិត្តល្អមិនសូវបង្ខំខ្ញុំ និងអ្នកដទៃក្នុងកងភ្ជួរធ្វើការហួសម៉ោងទេ ប៉ុន្តែត្រូវបំពេញការងារតាមផែនការកំណត់។ ចាប់តាំងពីគ្រួសារខ្ញុំទៅដល់ស្រុកកណ្តាលស្ទឹង រហូតដល់ឆ្នាំ១៩៧៦ ខ្ញុំបានដឹងថាមានកម្មាភិបាលខ្មែរក្រហមដែលគ្រប់គ្រងនៅទីនោះរួមមាន៖ ឈ្មោះ ខុំ ជាប្រធានសហករណ៍, ឈ្មោះ ហី ជាគណៈឃុំ, ឈ្មោះ នួន និងឈ្មោះ ត្រឹង ជាគណៈស្រុកកណ្តាល​ស្ទឹង​​។ ចាប់តាំងពីឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមទាំងនេះត្រូវបានផ្លាស់ប្តូរដោយជំនួសមកវិញនូវ ឈ្មោះតាចំ ជាគណៈតំបន់មកពីភូមិភាគនិរតី។ ការដឹកនាំរបស់តាចំ សាហាវណាស់សម្លាប់មនុស្សមិនសូវរើសមុខឡើយ ហើយកម្មាភិបាលថ្នាក់មូលដ្ឋានបានបាត់ខ្លួន។

អង្គការបានសាកសួរប្រវត្តិរូបខ្ញុំជារឿយៗ។ អង្គការបានសួរខ្ញុំថា «តើខ្ញុំធ្លាប់ធ្វើជាទាហានឬទេ? ខ្ញុំតែងឆ្លើយថាមិនធ្លាប់ទេ»។ «ខ្ញុំជាអ្នកអូសរម៉កដឹកបន្លែលក់បន្តិចបន្តួចតាមផ្សារ»។ ទាហានរបប លន់ នល់ ពីរនាក់ឈ្មោះ កិល និង ជឿង ត្រូវបានកងឈ្លបខ្មែរក្រហមនាំទៅសម្លាប់​ដោយសារអ្នកទាំងពីរហ៊ានតវ៉ា និងទាមទារសិទ្ធិសេរីភាពក្នុងការរស់នៅ។ បុរសដែលហ៊ានតវ៉ារឿងផ្សេងៗត្រូវបានខ្មែរក្រហមចោទប្រកាន់ថាជាប់ពាក់ព័ន្ធជាមួយក្រុមចោរព្រៃ ចង់នាំប្រជាជនប៉ះបោរ។ ខ្លួនខ្ញុំផ្ទាល់ក៏ត្រូវកងឈ្លបខ្មែរក្រហមចោទប្រកាន់ថាបានចូលដៃជាមួយក្រុមចោរព្រៃផងដែរ ប៉ុន្តែដោយសារខ្ញុំមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទើបកងឈ្លបខ្មែរក្រហមបានដោះលែងខ្ញុំឲ្យមានសេរីភាពវិញ។

នៅក្នុងរបបខ្មែរក្រហមខ្ញុំស្គាល់ទីតាំងសម្លាប់មនុស្សមួយកន្លែងស្ថិតនៅជិតតំបន់ទន្លេបាទី ដែលកងឈ្លបប្រើប្រាស់ដើម្បីឃុំខ្លួន និងសម្លាប់អ្នកដែលអង្គការចោទថាជាចោរព្រៃ។

ក្រោយរបបខ្មែរក្រហមដួលរលំខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងព្រោះមានសេរីភាព និងអាចត្រលប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្នខ្ញុំតែងនិយាយរឿងរ៉ាវកាលពីអតីតកាលប្រាប់ដល់ក្មេង​ៗ​ជំនាន់ក្រោយ ដឹងរាល់ទុក្ខលំបាកដែលអ្នកជំនាន់មុនបានឆ្លងកាត់ ហើយរឿងរ៉ាវទាំងនោះគួរត្រូវបានអ្នកជំនាន់ក្រោយចងចាំ និងចងក្រងទុក​»៕

[1] K07932/TSL1224 ឯកសារប្រវត្តិរូបសង្ខេបរបស់ឈ្មោះ សៅ សុក (ក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥-១៩៧៩) ភេទប្រុស មានអាយុ៣៨ឆ្នាំ។ បុគ្គលិកលក្ខណ៖ មានកម្ពស់១,៦០ ម៉ែត្រ សម្បុរខ្មៅ, មុខស្រួច, សក់ស្លូត, ភ្នែកតូច, សំឡេងធំ, ដំណើរអោនៗ។ សុក មានឪពុកឈ្មោះសៅ, ម្តាយឈ្មោះ រ៉ាយ និងប្រពន្ធឈ្មោះនៅ។ សុក មានស្រុកកំណើតនៅភូមិតាស្រី ឃុំបឹងខ្យា ស្រុកកណ្តាលស្ទឹង (តំបន់២៥) ខេត្តកណ្តាល។ ក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥ -១៩៧៨ សុក ធ្លាប់ត្រូវបានឈ្មោះ ជិន ផល ប្រធាន, ឈ្មោះ សុត សុវណ្ណ និងឈ្មោះ ឌុច ស្វាត ជាចោរព្រៃ ដើម្បីកសាងកម្លាំងចូលព្រៃធ្វើចោរព្រៃ និងបំផុសប្រជាជនឲ្យបះបោរនៅក្នុងភូមិ។

[2] ឯកសារ/បទសម្ភាសន៍ KDI0014 នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០២។ បទសម្ភាសន៍ធ្វើឡើងដោយ ផាន់ សុជា ជាមួយ សៅ សុខ ជាម្ចាស់ប្រវត្តិរូបផ្ទាល់ រស់នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។


អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin