ហ្សិន រ៉គី៖ ជីវិតពិតជាប្រថុយ ព្រោះ១ម៉ោង អាចរស់ និង១ម៉ោងអាចស្លាប់

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ ហ្សិន រ៉គី[1] ភេទស្រី ជាជនជាតិចាម អាយុ៤៧ឆ្នាំ (ឆ្នាំ២០០៥)។ ខ្ញុំមានឪពុកឈ្មោះ សេន ម៉ាត់ហ្សិន និង ម្តាយឈ្មោះ ម៉ាត់ ម៉ៃសាម៉ាស់។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ហើយខ្ញុំ ជាកូនទី២។ ខ្ញុំមានស្រុកកំណើតនៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ គ្រួសារខ្ញុំ បានចាកចេញពីផ្ទះ តាមការប្រកាសរបស់ ខ្មែរក្រហម ដោយសង្ឃឹមថា នឹងបានវិលត្រឡប់មកទីក្រុងភ្នំពេញវិញក្នុងរយៈពេល៣ថ្ងៃ ដូចសេចក្តីប្រកាសរបស់ខ្មែរក្រហម ថានឹងឱ្យប្រជាជនវិលត្រឡប់មកផ្ទះ(ភ្នំពេញ) រៀងខ្លួនវិញ ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីខ្មែរក្រហម រៀបចំទីក្រុងឡើងវិញរួច ប៉ុន្តែរយៈពេល៣ថ្ងៃនោះ បានប្រែក្លាយជា ៣ឆ្នាំ៨ខែ ២០ថ្ងៃ ដែលប្រជាជនត្រូវបានជម្លៀសទៅកាន់ទីជនបទ។ នៅអំឡុងពេលជម្លៀស គ្រួសារខ្ញុំពុំបានយកអ្វីក្រៅពីទូក និងប្រាក់បន្តិចបន្តួចតាមខ្លួនទេ សូម្បីតែគម្ពីរគួរអានក៏មិនបានយកមកជាមួយដែរ។

មកដល់ភូមិព្រែកចំប៉ា ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ប្រធានភូមិបានមកដល់កន្លែងខ្ញុំ និង បានស្នើសុំ ម្តាយខ្ញុំ ឱ្យខ្ញុំចូលធ្វើការងារនៅក្នុងកងចល័ត ធ្វើស្រែ កាប់ដី និង ជីកប្រឡាយ។ អ៊ុំប្រុសបង្កើតរបស់ខ្ញុំ ឈ្មោះ ម៉ាត់ ត្រូវអង្គការចោទប្រកាន់ថា ខ្ជិលធ្វើការងារឱ្យអង្គការ។ ដោយនឹកគាត់ពេក ខ្ញុំបានសុំម្តាយខ្ញុំទៅលេងគាត់ នៅខេត្តបាត់ដំបង។ ខ្ញុំបានរកឃើញកន្លែងស្នាក់នៅរបស់គាត់ ហើយពេលនោះ ខ្ញុំក៏បានសួររក អារី ដែលជាជីដូនមួយខ្ញុំដែរ។ អ្នកភូមិបានប្រាប់ថា អារី អង្គការប្រើឱ្យទៅបេះផ្លែដូង ហើយអ៊ុំរបស់ខ្ញុំក៏ទៅបេះដែរ។ ពេលខ្ញុំទៅដល់ ឃើញ អារី ដេក(ស្លាប់)ឱបផ្លែដូងចំនួន៣ជាប់នឹងដៃនិង ចុងក្រោយ ស្រាប់តែឃើញកម្មាភិបាលបាញ់កាំភ្លើងរះទៅកាន់អ៊ុំប្រុសរបស់ខ្ញុំ ដែលកំពុងតែនៅលើដើមដូងខ្ទេចសាច់ទាំងអស់។ ខ្ញុំស្លុតចិត្តមិនដឹងនិយាយថាយ៉ាងម៉េច។  ចាប់តាំងពីពេលនោះមក ខ្ញុំរស់នៅ ដូចព្រលឹងមិននៅក្នុងខ្លួន និងចាប់ផ្តើមឈឺជាប់មករហូតដល់ឆ្នាំ១៩៧៩។ បន្ទាប់មក ខ្ញុំ និង គ្រួសាររបស់ អារី ចាប់ផ្តើមរៀបចំចាត់ចែង សព ដោយលើកអ៊ុំរបស់ខ្ញុំ និង អារី ដាក់នៅលើធាងដូង រួចអូសយកទៅកប់នៅក្នុងព្រៃ។ បន្ទាប់ពីអ៊ុំខ្ញុំបានស្លាប់ទៅ ខ្ញុំបានទៅរក អ៊ុំស្រីរបស់ខ្ញុំ ដែលត្រូវជាភរិយា របស់អ៊ុំប្រុស នៅមន្ទីរពេទ្យ មោង ព្រោះខ្ញុំបានឮមកថា អ៊ុំស្រីរបស់ខ្ញុំឈឺច្រើន ហើយអង្គការបានបញ្ជូនគាត់ទៅសម្រាកព្យាបាលនៅទីនោះ។ ខ្ញុំបានប្រាប់ អ៊ុំស្រីពីដំណើររឿងដែលអ៊ុំប្រុសបានស្លាប់។ គាត់បានឱ្យខ្ញុំត្រឡប់មករកឪពុកម្តាយខ្ញុំវិញ ព្រោះគាត់ខ្លាចខ្ញុំបែកពីម្តាយយូរ។ ខ្ញុំក៏សម្រេចចិត្តត្រឡប់មកវិញ យករឿងរ៉ាវទាំងអស់ ប្រាប់ដល់ម្តាយខ្ញុំ។ ម្តាយខ្ញុំបានត្រឹមតែយំ។

ពេលខ្ញុំមកដល់ភូមិ ខ្ញុំមានអារម្មណ៍ភ័យជាខ្លាំង ព្រោះខ្ញុំបានរត់ចោលជួរ ពីការងារកងចល័ត។ ម្តាយខ្ញុំ បានប្តូរឈ្មោះខ្ញុំ មកជាឈ្មោះខ្មែរ។ បើកាលណា អង្គការសួរ ត្រូវប្រាប់អង្គការថា ខ្ញុំឈ្មោះ នី។ ដំបូងឡើយ នៅក្នុងភូមិក៏មិនសូវជាតឹងប៉ុន្មានដែរ ព្រោះយើងនៅហូបបាយតាមផ្ទះជាលក្ខណៈឯកជននៅឡើយ។ ទោះជាយ៉ាងនេះក្តី ខ្មែរក្រហម មិនអនុញ្ញាតឱ្យយើងគោរពសាសនាទេ។ សូម្បីតែការសំពះយាំងក៏មិនឱ្យសំពះដែរ។ ប៉ុន្តែដល់ខែបួស ប្រជាជន ជនជាតិចាម នៅតែលួចសំពះ។ ចាងហ្វាង ឈ្មោះ ហាជ្ជី សំអ៊ុន នៅភូមិក្រហម-ក​ បានប្រមូលប្រជាជន ជនជាតិចាម មកថ្វាយបង្គុំដោយលួចលាក់។ ឈ្មោះ ម៉ាន ជាជនជាតិចាម ដោយហេតុថា ចង់បានមុខមាត់ ក៏ទៅរាយការណ៍ឱ្យអង្គការ។ កម្មាភិបាលជិះសេះមកដល់ ធាក់ទ្វារចូលផ្ទះ រួចយកច្រវ៉ាក់ ទៅទាក់-ក ចាងហ្វាង អោងជ្ជី សំអ៊ុន ទាញចុះមកក្រោមតាមជណ្តើរ និង និយាយខ្លាំងៗថា គាត់រឹងណាស់ អង្គការហាមហើយ នៅតែធ្វើទៀត។ ចាងហ្វាងនោះ ត្រូវកម្មាភិបាលជិះសេះ អូសយកទៅប្រឡាយឫស្សី។ ចំណែកខ្ញុំ និង អ្នកផ្សេងទៀត ពេលដែលកម្មាភិបាល បានធាក់ទ្វារចូលមកភ្លាម យើងខ្ញុំបានលោតតាមបង្អួចគេចចូលព្រៃទាំងអស់គ្នា។

ក្រោយមក ដល់ខែបួសម្តងទៀត អង្គការកាន់តែតឹងតែងមែនទែនហើយ ពុំមាននរណាហ៊ានលួចបួសបានទៀតទេ។  ចំណែកឯការហូបចុក ក៏មិនងាយស្រួលដែរ ព្រោះត្រូវហូបរួម។ ជួនកាលអង្ករ១កំប៉ុង ហូបគ្នាចំនួន៦០នាក់ មិនមែនធម្មតាទេ នៅភូមិព្រែកចំប៉ា នេះ។ ពេលណា ខ្មែរក្រហម ស្លសម្លរដាក់ខ្លាញ់ជ្រូកម្តងៗ យើងមិនហូបទេ។ យើងកាន់អំបិលគ្រប់ដៃ។ ពេលណាដែលចុងភៅមើលមិនឃើញ យើងលួចហូបអំបិលជាមួយបបរបន្តិចទៅ។

ក្រោមមកទៀត ខ្មែរក្រហម បានមកហៅខ្ញុំ ដោយប្រាប់ថា អង្គការស្នើឱ្យទៅកាប់ដី នៅស្រុកកំពង់ត្របែក ក្បែរមន្ទីរសន្តិសុខទួលម្រិញ។ ពេលខ្ញុំទៅដល់ ខ្មែរក្រហម បានចាប់ខ្លួនខ្ញុំ យកទៅមន្ទីរសន្តិសុខទួលម្រិញដើម្បីសួរចម្លើយព្រោះបានឮមកថា ខ្ញុំជាកូនអ្នកសក្តិ៣។ កម្មាភិបាល វាយខ្ញុំផង និងសួរចម្លើយខ្ញុំផង។ គាត់បានសួរខ្ញុំថា «កាលជំនាន់ សម្តេចព្រះនរោត្តម សីហនុ តើឪពុ​កម្តាយធ្វើការងារអ្វីខ្លះ»? ខ្ញុំបានឆ្លើយដោយត្រង់ថា «ពូ អើយ ឪពុកម្តាយ ខ្ញុំជាជនជាតិចាម ពុំមានធ្វើការងារអ្វីក្រៅពីនេសាទត្រីទេ» កម្មាភិបាលបន្តថា «មិនជឿទេ មានគេនិយាយថា យាយម៉ាស់(ម្តាយខ្ញុំ) មានប្តីសក្តិ៣» ខ្ញុំក៏ឆ្លើយតបទៅវិញថា «ពូ អើយ អ្នកនិយាយ គេចេះតែនិយាយហើយ ប៉ុន្តែបើពូចង់ដឹងច្បាស់ សូមពូមកសួរខ្ញុំវិញ ព្រោះតាំងពីខ្ញុំកើតមក ខ្ញុំឃើញឪពុកម្តាយខ្ញុំរកស៊ីនេសាទត្រីតែម្តង»។ កម្មាភិបាល ផ្សេងទៀត សួរបញ្ជាក់ទៀតថា «តាហ្សិន (ឪពុកខ្ញុំ) នេះ សក្តិ៤ សក្តិ៥ មែនទេ»? ខ្ញុំនិយាយថាមិនមែនទេ។ ឪពុកម្តាយខ្ញុំជាអ្នកនេសាទតាំងពីដើមមក។ បន្តិចមក កម្មាភិបាល ម្នាក់ទៀត និយាយថា «បើនារីនេះឆ្លើយបានតែប៉ុណ្ណឹង ក៏ដោះលែងឱ្យគាត់ទៅផ្ទះវិញទៅ» ។ ខ្ញុំក៏ត្រឡប់មកកងចល័តវិញ។ ខ្ញុំបានដឹងថា នៅមន្ទីរសន្តិសុខទួលម្រិញ គឺបានយកមនុស្សទៅសម្លាប់ច្រើនណាស់ ប៉ុន្តែខ្ញុំមិននិយាយអ្វីទេ។ ជួនកាល ពេលខ្ញុំកំពុងកាប់ដី កម្មាភិបាល មកខ្ចីចបខ្ញុំយកទៅ ហើយពេលមកវិញ ដងចបប្រឡាក់សុទ្ធតែឈាម។ ពេលដែលយើងទៅមើល យើងឃើញសាកសពមនុស្ស នៅមិនទាន់កប់អស់ ដោយខ្លះចេញដៃ និងខ្លះចេញជើងមកខាងក្រៅ កប់តែខ្លួនទេ។ ឃើញដូច្នេះ ខ្ញុំចេះតែគិតរាល់ថ្ងៃ មិនដឹងថ្ងៃណា ដល់វេនយើងទៀត។ ម្នាក់ៗមានទឹកមុខមិនសប្បាយរីករាយទេ ព្រោះជីវិតពិតជាប្រថុយ ព្រោះ១ម៉ោង អាចរស់ និង១ម៉ោងអាចស្លាប់។

រយៈពេលមួយឆ្នាំ នៃខែបុណ្យចូលឆ្នាំ អង្គការបានអនុញ្ញាតឱ្យកងចល័តឈប់សម្រាកមកលេងឪពុកម្តាយចំនួន៣ថ្ងៃ។ នៅពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំបានឮថា គ្រួសារខ្ញុំ នឹងត្រូវអង្គការយកទៅសម្លាប់ទាំងពូជ នៅវេលាម៉ោង១២យប់។ ប៉ុន្តែជាសំណាង បានអ្នកភូមិ ៣ ៤​ នាក់ អាណិត និង ជួយលាក់បាំងគ្រួសារខ្ញុំ ព្រោះពីមុនមកឪពុកម្តាយខ្ញុំរកស៊ីទៀងត្រង់ មិនដែលគេងប្រវ័ញ្ចនរណាទេ។ អ្នកភូមិនិយាយថា «រ៉គី ឯងកុំភ័យអី រឿងអ៊ុំប្រុស(ឪពុកខ្ញុំ) និងអ៊ុំស្រី(ម្តាយខ្ញុំ) ខ្ញុំនឹងយកគាត់ទៅលាក់នៅក្នុងចំបើង ហើយគាត់នឹងមិនស្លាប់ទេ។ នៅពេលនោះ អង្គការបានជីករណ្តៅរួចរាល់ជាស្រេចហើយ ប៉ុន្តែអ្នកភូមិ បានកាយដីទៅកប់វិញ ហើយបានយកឈាមរបស់ឆ្កែ ទៅស្រោចពីលើផ្នូរ ដើម្បីឱ្យខាងនិរតី(ខ្មែរក្រហម) មកមើល និងឃើញផ្ទាល់ភ្នែកថា គ្រួសារខ្ញុំត្រូវបានសម្លាប់ទាំងពូជហើយ។

នៅចុងឆ្នាំ១៩៧៨ ខ្ញុំ និងកងចល័តប្រុសស្រី ចំនួនជាង១ពាន់នាក់ ត្រូវអង្គការស្នើឱ្យទៅច្រូតស្រូវនៅភ្នំតំរិល ជាប់ព្រំដែនវៀតណាម។ កងចល័តទាំងនេះ ស្ថិតនៅក្រោមការដឹកនាំប្រធានកង ឈ្មោះ ឈឿន និង ធឿន។

នៅដើមខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និង សង្គ្រោះប្រជាជនបានជាបន្តបន្ទាប់[2]។ ពេលនោះ ខ្ញុំនៅភ្នំតំរិលនៅឡើយ។ ខ្ញុំឮស្នូរកាំភ្លើងរាល់យប់។ គ្នីគ្នាខ្ញុំបាននិយាយគ្នា និងចងរំសាយការងារត្រឡប់មកផ្ទះវិញ។ ប៉ុន្តែត្រូវក្រហមកៀរយើងទាំងអស់គ្នាឡើងទៅលើភ្នំ។ ខ្មែរក្រហម បានបាញ់រះ ឱ្យប្រជាជនឡើងទៅលើភ្នំឱ្យបានលឿន។ បើនរណាអាយុវែង នឹងបានរស់មកជួបឪពុកម្តាយ ហើយបើនរណាអាយុខ្លីក៏ត្រូវស្លាប់នៅត្រង់នោះតែម្តង។ ចំណែកខ្ញុំ និងអ្នកផ្សេងទៀតបានរត់វៀងចុះពីលើភ្នំវិញ និង ប្តេជ្ញាថា បើស្លាប់ក៏ស្លាប់នៅតាមផ្លូវនេះទៅចុះ។ ដាច់ខាត មិនរត់ទៅតាមខ្មែរក្រហមទេ។ ចំណែកឯនៅភូមិឪពុកម្តាយខ្ញុំវិញ ដោយសារតែមានការប្រកាសពេញភូមិថា វៀតណាមចូលមកអា-ក នឹងធាងត្នោត ប្រជាជនបាននាំគ្នារត់ចេញពីភូមិ។ ឪពុក ម្តាយខ្ញុំ បានរត់ទៅដល់ ភូមិព្រៃក្រឡាញ់ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ហើយក៏បានជួបខ្ញុំនៅទីនោះ ស្របពេលដែលខ្ញុំកំពុងរត់ចេញពីខ្មែរក្រហមដែរ។

ចុងក្រោយ កម្មាភិបាល និង អ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋមួយចំនួន ត្រូវកងទ័ពរណសិរ្យ និង កងទ័ពស្ម័គ្រចិត្តវៀតណាម ចាប់ខ្លួនបាន។ ឈ្មោះ ម៉ាន ដែលជាអ្នក ធ្លាប់រាយការណ៍ឱ្យខ្មែរក្រហម ត្រូវ ប្រជាជនជនជាតិចាម នាំគ្នាវាយ និង ចាក់ រហូតដល់ស្លាប់។ ទោះបីជាវៀតណាម ចង់ឃាត ក៏ឃាត់មិនឈ្នះដែរ ព្រោះប្រជាជនមានកំហឹងខ្លាំងណាស់ ចំពោះ ម៉ាន។

រយៈពេល៣ខែកន្លងផុតទៅ ក្រោយរបបខ្មែរក្រហមដួលរលំ ម្តាយខ្ញុំនៅតែមានអារម្មណ៍ភ័យរន្ធត់ព្រោះគាត់បានឃើញខ្មែរក្រហមសម្លាប់មនុស្សដោយផ្ទាល់ភ្នែកច្រើនពេក។ មួយវិញទៀត ម្តាយខ្ញុំចេះតែនឹកឃើញអំពីឈ្មោះរបស់គាត់ ដែលធ្លាប់មាននៅបញ្ជីសម្លាប់របស់ខ្មែរក្រហម ទើបធ្វើឱ្យគាត់ចេះតែលោះព្រលឹង និង ឈឺរហូតដល់ស្លាប់៕

អត្ថបទដោយ ថុន ស្រីពេជ្រ


[1] ឯកសារ D៤១៣៧៣ តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ហិ្សន រ៉គី ភេទស្រី អាយុ ៤៧ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ២០០៥»,៤៣ទំព័រ។ សម្ភាសដោយ សូ ហ្វារីណា ជាបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin