អាទិភាពនានាក្នុងការការពារ៖ ការវាយតម្លៃផលប៉ះពាល់របស់គោលនយោបាយអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិអន្តរជាតិ និងក្នុងស្រុកនៅកម្ពុជា

ជេភី លេសកូវីច

មជ្ឈមណ្ឌលឯកសារកម្ពុជា

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥

ប្រទេសកម្ពុជាគឺជាដែនដីសម្បូរបែបទៅដោយមរតកវប្បធម៌ រួមទាំងប្រាសាទស្កឹមស្កៃនានានៃបុរាណដ្ឋានអង្គរ រហូតដល់ការកើតមានសោកនាដកម្មរន្ធត់ប្រល័យពូជសាសន៍នៅពាក់កណ្តាលសតវត្សរ៍ទី២០។ ប្រទេសកម្ពុជានិងអន្តរជាតិបានខិតខំប្រឹងប្រែងសហការគ្នាយ៉ាងសកម្មនាទសវត្សរ៍ចុងក្រោយនេះ ដើម្បីលើកកម្ពស់ពង្រឹងកិច្ចគាំពារអភិរក្សបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាផ្នែកមួយនៃចលនាពិភពលោកក្នុងគោលបំណងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ហើយសកម្មភាពនេះត្រូវបានអនុវត្តឡើងក្រោមក្របខ័ណ្ឌច្បាប់ជាតិនិងអន្តរជាតិ។ ស្របពេលដែលថវិកា ពេលវេលា និងការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាកំពុងផ្តោតទៅលើកិច្ចការគាំពារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ សំណួរមួយចំនួនបានចោទឡើងថា៖ តើកិច្ចខិតខំប្រឹងប្រែងទាំងនេះពិតជាទទួលបានប្រសិទ្ធភាពដែរឬទេ? តើនរណាខ្លះដែលទទួលបានផលពិតប្រាកដពីការខិតខំប្រឹងប្រែងទាំងនេះ? របាយការណ៍នេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ផ្អែកលើការសិក្សាស្រាវជ្រាវផ្នែកច្បាប់ និងការចុះអង្កេតផ្ទាល់នៅតាមមូលដ្ឋានក្នុងប្រទេសកម្ពុជាដើម្បីឆ្លើយតបនឹងសំណួរទាំងនេះ។

ការសិក្សាស្រាវជ្រាវបានចាប់ផ្តើមដោយការពិភាក្សាអំពីក្របខ័ណ្ឌច្បាប់សម្រាប់កំណត់ការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ ហើយបន្ទាប់មកបន្តទៅវិភាគអំពីតំបន់វប្បធម៌ផ្សេងៗតាមរយៈករណីសិក្សាលម្អិតជាក់ស្តែងចំនួន១០ទីតាំង។ ទីតាំងនីមួយៗមានស្ថានភាពខុសៗគ្នា ប៉ុន្តែជាទូទៅយន្តការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌នៅកម្ពុជាបាននិងកំពុងខិតខំអភិរក្សទ្រង់ទ្រាយដើមនៃសំណង់ប្រាសាទនានានៅតាមរមណីយដ្ឋានសំខាន់ៗ។ កិច្ចខិតខំប្រឹងប្រែងទាំងនោះហាក់ដូចជាផ្តោតអាទិភាពខ្លាំងទៅលើការអភិរក្សជួសជុលសំណង់ប្រាសាទ និងសេដ្ឋកិច្ចទេសចរណ៍ ជាជាងការគិតគូរពីផលប្រយោជន៍ផ្នែកវប្បធម៌ដល់ប្រជាជនមូលដ្ឋាន។ ដើម្បីកែលម្អកិច្ចខិតខំប្រឹងប្រែងទាំងនេះ អ្នករៀបចំគោលនយោបាយដែលមានសិទ្ធិក្នុងការសម្រេចចិត្តគួរគប្បីប្រកាន់យកវិធានការតុល្យភាពដោយងាកមកយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា លើតម្រូវការចាំបាច់របស់ប្រជាជនមូលដ្ឋានជាចម្បង។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin