អ៊ី សំប៊ុន៖ ខ្ញុំបានទៅដល់អន្លង់វែង តាំងពីទស្សវត៍ឆ្នាំ១៩៦០
អ៊ី សំប៊ុន[1] ភេទប្រុស អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតរស់នៅភូមិគោកកណ្ដាល ស្រុកវ៉ារិន ខេត្តសៀមរាប។ សព្វថ្ងៃ សំប៊ុន គឺជាប្រធានភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សំប៊ុន បាននិយាយរៀបរាបអំពីប្រវត្តិរបស់ខ្លួន ដែលបានចូលមករស់នៅក្នុងភូមិស្រឡៅស្រោងថា៖ «នៅចន្លោះឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៦៦ ខ្ញុំ និងឪពុក បានធ្វើដំណើរដោយរទេះគោ ដែលបានដឹកសត្វមាន់ ទា ជ្រូក និងគោ ដើម្បីប្រកបរបរជួញដូរនៅតំបន់អន្លង់វែង។ នៅជំនាន់នោះ ការធ្វើដំណើរពីស្រុកវ៉ារិន មកកាន់តំបន់អន្លង់វែង ត្រូវចំណាយពេលវេលាបួនទៅប្រាំយប់។
នាពេលរាត្រីម្តងៗ អ្នករួមដំណើរទាំងអស់ត្រូវឈប់សម្រាកនៅតាមដងផ្លូវ ឬចំណុចណា ដែលខ្លួនគិតថាមានសុវត្ថិភាព។ នៅត្រង់ម្តុំបរិវេណកន្លែងសម្រាក យើងត្រូវតែបង្កាត់ភ្នក់ភ្លើងជាចាំបាច់ ដើម្បីបំភ្លឺផង និងការពារសត្វសាហាវនៅក្នុងព្រៃមិនឲ្យចូលមកបៀតបៀនផង។ កាលពីគ្រាមុន តំបន់អន្លង់វែង មានភាពសម្បូរបែបទៅដោយសត្វកម្រ ដូចជា ដំរី, ខ្លា, ទន្សោង, គោព្រៃ, ឈ្លូស និងប្រើស ជាដើម។
កាលជំនាន់នោះ តំបន់អន្លង់វែងមានសភាពស្ងប់ស្ងាត់ខ្លាំងណាស់។ ប្រជាជនមិនមានសភាពអ៊ូអរដូចបច្ចុប្បន្ននេះទេ។ តំបន់នេះសម្បូរទៅដោយព្រៃក្រាស់, គ្មានទីផ្សារ និងគ្មានសាលារៀនទេ។ ប៉ុន្តែតំបន់នេះមានត្រឹមវត្តអារាមមួយតែប៉ុណ្ណោះ។ ផ្លូវ និងស្ពាន មិនទាន់មានគ្រប់គ្រាន់ សម្រាប់ការធ្វើដំណើរទេ។
ខ្ញុំ និងឪពុកខ្ញុំ ព្រមទាំងអ្នកដំណើររួមគ្នា បានបររទេះគោតាមផ្លូវតូច ដែលមានព្រៃស្តុកដុះអមសងខាងផ្លូវ។ ការប្រាស្រ័យទាក់ទងគ្នាពីកន្លែងមួយទៅកន្លែងមានការលំបាកខ្លាំង ដោយសារតែភាពដាច់ស្រយាលពីគ្នាយ៉ាងខ្លាំង។ ការធ្វើដំណើរឆ្លងកាត់តំបន់នេះមិនសូវមមាញឹកទេ។ ប៉ុន្តែបើទោះបីជាយើងស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយ ក៏ប្រជាជនមានការអធ្យាស្រ័យគ្នា ចែករំលែកគ្នា និងស្រឡាញ់រាប់អានគ្នាណាស់។ ជានិច្ចជាកាល យើងតែងតែជួយយកអាសារគ្នាទៅវិញទៅមក។
សម្រាប់បទពិសោធន៍នៃការធ្វើដំណើរចេញចូលតំបន់អន្លង់វែងនាពេលនោះ ខ្ញុំមិនដែលបានជួបប្រទះក្រុមចោរព្រៃ ឬឧបសគ្គអ្វីធំដុំឡើយ។ យើងទទួលបានភាពសុខសប្បាយ ជាដរាប។
នៅពេលដែលយើងមកដល់តំបន់អន្លង់វែង ខ្ញុំ រួមទាំងអ្នកធ្វើដំណើរមកជាមួយគ្នា ចាប់ផ្ដើមស្វែងរកកន្លែងសម្រាក ដើម្បីត្រៀមកម្លាំងជួញដូរនៅថ្ងៃបន្ទាប់។ ខ្ញុំនៅចងចាំបានថា យើងទាំងអស់គ្នាបានឈប់សំចត និងសម្រាក នៅត្រង់ម្ដុំសាលាស្រុកអន្លង់វែង បច្ចុប្បន្ននេះ។
លុះព្រឹកឡើង យើងបាននាំគ្នាក្រោកពីព្រឹកព្រលឹម ដើម្បីកាប់គោ និងកាប់ជ្រូក ដើម្បីត្រៀមរៀបចំដាក់លក់ឲ្យទាហាន ដែលបាននិងកំពុងឈរជើងការពារនៅតំបន់អន្លង់វែង។ កងទ័ពគឺជាអតិថិជនសំខាន់បំផុតសម្រាប់របររកស៊ីរបស់ខ្ញុំ និងក្រុមយើងទាំងមូល។ តំបន់នេះមិនសូវមានប្រជាជនរស់នៅទេ។ ដូច្នេះ យើងពុំសូវឃើញមានប្រជាជនមករកទិញទំនិញអ្វីៗផ្សេងឡើយ។
នៅក្នុងថ្ងៃខ្លះ យើងបានលក់អស់សាច់គោចំនួនមួយក្បាល នៅត្រឹមតែរយៈពេលកន្លះម៉ោង ទៅមួយម៉ោងប៉ុណ្ណោះ។ កម្លាំងទាហានជាច្រើនបានបោះទីតាំង នៅក្នុងតំបន់អន្លង់វែង។ ខ្ញុំ និងឪពុក រួមទាំងអ្នករួមដំណើរផ្សេងទៀត តែងតែវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានចំណាយពេលចន្លោះពីកន្លះខែ ទៅមួយខែ។
នៅក្នុងកាលៈទេសៈនោះ បើទោះជាអ្នកខ្លះបានលក់ដូរអស់មុនក៏ដោយ ក៏យើងត្រូវរង់ចាំអ្នកដែលមិនទាន់លក់អស់ដែរ។ យើងមិនអាចធ្វើដំណើរតែឯងបាននោះទេ ដោយសារតែផ្លូវឆ្ងាយ, ស្ងាត់ និងព្រៃឈើដ៏ក្រាស់ឃ្មឹក ដែលទាមទាឲ្យយើងធ្វើដំណើរត្រលប់ទៅផ្ទះវិញជាមួយគ្នាវិញ។ ជាទូទៅ យើងរៀបចំក្រុមអ្នកធ្វើដំណើររួមគ្នា ដែលមានចំនួន៥ទៅ៦គ្រួសារ។ ការធ្វើបែបនេះគឺដើម្បីការពារខ្លួនពីសត្វសាហាវក្នុងព្រៃ។ បើយើងមានគ្នាច្រើន យើងអាចជួយរក្សាគ្នាទៅវិញទៅមក។
រហូតដល់ឆ្នាំ១៩៩៩ ខ្ញុំបានធ្វើដំណើរមកកាន់ស្រុកអន្លង់វែងម្ដងទៀតជាមួយកងទ័ពចំនួន៣០នាក់ ដែលខ្ញុំបានគ្រប់គ្រង។ កាលណោះ ខ្ញុំមានតួនាទីជាប្រធានកង«គ»។ ខ្ញុំធ្វើដំណើរចេញពីស្រុកវ៉ារិន មកស្រុកអន្លង់វែង។ នៅពេលនោះ ស្ថានភាពសង្គ្រាមមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។ ផ្លូវមកតំបន់អន្លង់វែងសម្បូរទៅដោយគ្រាប់មីនខ្មែរក្រហម ដើម្បីទប់ទល់ការវាយប្រហារពីកងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលកម្ពុជា។ ខ្ញុំចាំបានថា កងទ័ពដែលធ្វើដំណើរមកជាមួយខ្ញុំ ត្រូវបានកងទ័ពខ្មែរក្រហមបាញ់ស្លាប់អស់ចំនួន៣នាក់ ចំណែកឯខ្ញុំត្រូវរបួសជើង ដែលបានបន្សល់ទុក មកដល់បច្ចុប្បន្ននេះ។
នៅក្នុងឆ្នាំ២០០០ ខ្ញុំបានចាប់ផ្ដើមដើររកដីធ្លីសម្រាប់បង្កបង្កើនផល និងតាំងទីលំនៅ។ អំឡុងពេលនោះ ខ្ញុំបានឃើញដីនៅម្ដុំកុងប៊ីង ព្រោះគិតថានៅជិតទីប្រជុំជនស្រុកអន្លង់វែង ហើយងាយស្រួលរស់នៅ។ ប៉ុន្តែ ដីនៅទីនោះមិនមានអំណោយផល ដែលមិនអាចបង្កបង្កើនផលដំណាំ។ ខ្ញុំចូលទៅមើលនៅឃុំលំទង ហើយឃើញថាដីនៅទូលាយច្រើន។ ខ្ញុំចាប់ផ្ដើមកាប់ឆ្ការយកដីមួយចំនួនសម្រាប់ធ្វើលំនៅឋាន និងសម្រាប់ធ្វើស្រែចម្ការ។ ភូមិសាស្ត្រនេះសម្បូរទៅដោយដើមយាងធំៗច្រើនណាស់ ជាពិសេសដើមស្រឡៅធំៗខ្ពស់ៗឡើងស្រោងៗ។ បច្ចុប្បន្ននេះ ប្រជាជនបានហៅភូមិនេះថាជា ភូមិស្រឡៅស្រោង»៕
អត្ថបទដោយ លី សុខឃាង
[1] មេក វិន សម្ភាសន៍ជាមួយ អ៊ី សំប៊ុន នៅក្នុងភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅឆ្នាំ២០២៥។