សាច់រឿងអ្នករស់រានពីសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ អ៊ូ នល់ ភេទប្រុស អាយុ៥៨ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិចំការ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កាលពីសម័យ ពល ពត រឿងដែលធ្វើខ្ញុំឈឺចាប់ទី ១-គឺអង្គការបង្អត់បាយយើង ឲ្យធ្វើការហួសកម្លាំង មិនឲ្យនៅជួបជុំបងប្អូនសាច់ញាតិផ្ទះរបស់អង្គការបិទជិតអស់ទាល់តែល្ងាចបានជួបគ្នាបន្ដិច ហើយទៅធ្វើការទៀត។ ខ្ញុំងើបតាំងពីម៉ោងបីម៉ោងបួនយប់ ចំណែកម្ដាយខ្ញុំងើបតាំងពីម៉ោងមួយយប់ទៅដកស្ទូង។ មួយថ្ងៃអង្គការកំណត់ទំហំបណ្ដោយមួយរយម៉ែត្រឲ្យដកផង និងស្ទូងផង ពេលខ្លះឈានដល់ប្រាំម៉ែត្របណ្ដោយមួយរយម៉ែត្រក្នុងមួយថ្ងៃ។ បើធ្វើមិនហើយទាល់តែដល់ម៉ោង១២យប់ទើបឲ្យមកហូបបបរ ហើយអង្គការរៀបបបរដាក់ទាំងជួរ។ បបរមានអង្ករតែមួយគ្រាប់ៗទេលាយពោតក្រហម។ ខ្ញុំងើបពីម៉ោងបួនទៅរ៉ែកជី ព្រោះជំនាន់នឹងសម្បូរគោក្របីពេលបរគោក្របីទៅភ្ជួរ គោ ក្របី ជុះអាចម៍តាមផ្លូវខ្ញុំរើសប្រមូលដាក់បង្គីរ៉ែកទៅថ្លឹងគីឡូក្នុងម្នាក់ពីររយគីឡូ។ ជំនាន់នោះខ្ញុំនៅកុមារខ្ញុំមានប្រហែល១២ឆ្នាំ ពេលអត់បានអីហូប យកកន្ទក់ទៅអាំង ដល់ម៉ោង១២ទើបសម្រាកបាយថ្ងៃត្រង់។ ខ្ញុំរស់ដោយសារពោតដែលខ្ញុំលួចយកកប់ដុតក្នុងអង្កាមដោយសារខ្ញុំជាកុមារអង្គការមិនសូវរករឿងដូចមនុស្សចាស់ទេ។ ដំណាំដែលដាំបានបើលួចហូបអង្គការចាប់បាន គេនឹងថាក្បត់យកលេសទៅរៀនសូត្រគឺសម្លាប់ចោលហើយ។ បើនិយាយពីត្រីសាច់វិញសម្បូរណាស់ ពេលខែវស្សាស្ទើរតែស៊ីមនុស្ស ព្រោះគ្មានអ្នករកទេខ្ញុំមានតែបំពង់ឫស្សីមួយលួចលាក់រកត្រីដាក់ចូលក្នុងនឹងយកមកអាំងហូប។ បន្ទាប់មកទៀតខ្ញុំបានចូលកងចល័តកន្លែងសាលារៀននៅខេត្តកំពង់ធំជាប់ព្រំប្រទល់ខេត្តកំពង់ចាមដោយអង្គការរចាត់ឲ្យមានមួយក្រុម១២នាក់ឲ្យទៅវាយកណ្ដុរក្នុងដីមួយហិចតានៅតាមដំបូក។
ការវាយកណ្ដុរក្នុងម្នាក់ឲ្យបានម្ភ៉ៃកណ្ដុរហើយកាត់កន្ទុយឲ្យអង្គការឃើញដោយសារកណ្ដុរទាំងនេះកាត់បំផ្លាញស្រូវរបស់អង្គការ ហើយកណ្ដុរក្នុងមួយដំបូករាប់ពាន់។ នៅសម័យនោះបើហ៊ានតែខ្ជិល អង្គការយកទៅកសាងដោយបង្អត់បាយមួយលើកជាពីរលើក ហើយបើឈឺអង្គការថាគ្រុនញ៉ាក់គ្រុនញ័រគ្រុនស៊ីបាយបាន។ ម្តាយខ្ញុំទើបតែកូនខ្ចីបានទុកកូនឲ្យយាយមើលថែ។ យាយម្នាក់មើលថែកុមារតូចៗម្ភៃ-ទៅសាមសិបនាក់។ កុមារតូចៗយំពេញ ផ្ទះ ហើយម៉ែឪទៅធ្វើការអស់ហើយ។ ខ្ញុំអាណិតប្អូនៗខ្ញុំណាស់ទម្រាំម៉ែមកវិញម៉ោង១២យប់ទើបបានឲ្យកូនបៅ ការរស់នៅគឺវេទនាណាស់។ ពេលព្រលឹមឡើងម្តាយឪពុកទៅអស់គ្មានអ្នកនៅផ្ទះទេ ហើយដំណាំមាន៖ ពោត ននោង ត្រាវ អំពៅ ដាំពេញផ្ទះគ្មានអ្នកណាម្នាក់ហ៊ានហូបទេ។ ជំនាន់ខ្មែរក្រហមអង្គការប្រមូលយកអស់ទ្រព្យសម្បត្តិទុកតែ ផ្ទះទទេ។ ម៉ែខ្ញុំមិនបានយកមាសទៅកប់ទេ បានយកចានទៅកប់ចំនួនពីរពាង។ អង្គការដើរចាក់មើលតាមដីក្រែងមានអ្នកណាកប់របស់របរដើម្បីប្រមូលយកមកដាក់រួម។
ជំនាន់បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ យូរណាស់ខ្ញុំឆ្អែតឆ្អន់ហើយ។
អត្ថបទដោយ ធី ស្រីពេជ្រ