៣៨ ថ្ងៃនៃការរង់ចាំ តើទាហានខ្មែរទាំង ១៨ នាក់របស់យើង នឹងវិលត្រឡប់មកកម្ពុជាវិញនៅពេលណា?

ខ្ញុំឈ្មោះ ឡុង តុង[1] ហៅ តាង អាយុ៤៧ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើតនៅភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប៉ុន្តែខ្ញុំបានផ្លាស់ទីលំនៅមករស់នៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ចាន់ ឃាន់ ហើយមានកូនសរុបចំនួន៣នាក់ (ប្រុស២/ស្រី១)។ ខ្ញុំមានឪពុកឈ្មោះ ឡុង សាន និងម្ដាយឈ្មោះ ផ្លោក ឡៅ។ នៅវ័យកុមារ ខ្ញុំទៅរៀននៅសាលាបឋមសិក្សាក្រូច រហូតដល់មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ នៅខែមីនា ឆ្នាំ១៩៧០។
បន្ទាប់ពីឈប់រៀន ខ្ញុំជួយការងារស្រែចម្ការឪពុកម្ដាយ។ មិនយូរប៉ុន្មានក្រោយពីរដ្ឋប្រហារលន់ នល់ មានអ្នកភូមិជាច្រើនចូលរួមដង្ហែបាតុកម្មប្រឆាំងរបប លន់ នល់។ បន្ទាប់មកទៀត កងទ័ពខ្មែរក្រហមចាប់ផ្ដើមចូលមកដល់ក្នុងភូមិ និងសុំផ្ទះប្រជាជនស្នាក់នៅ។ ទាហាន លន់ នល់ បានបើកការវាយប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហម។ ទាហាន លន់ នល់ បានទម្លាក់គ្រាប់បែក ដែលបណ្ដាលឲ្យឆេះខ្ទេចខ្ទីផ្ទះអ្នកភូមិ, រងរបួស និងស្លាប់ប្រជាជន។ ឪពុករបស់ខ្ញុំបានរងរបួសជើងដោយសារតែអំបែងគ្រាប់បែកទម្លាក់ដោយទាហាន លន់ នល់។
នៅឆ្នាំ១៩៧២ ខ្ញុំស្ម័គ្រចិត្តចូលរួមបដិវត្តន៍ដោយធ្វើជាកងទ័ពខ្មែរក្រហម ផ្នែកកាំភ្លើងធំលេខ៥០២ ដឹកនាំដោយប្រធានឈ្មោះ ពៅ។ កងកាំភ្លើងធំលេខ៥០២ មានទីតាំងឈរជើងនៅស្រុកចំការលើ។ ៣ខែបន្ទាប់មកទៀត កងកាំភ្លើងធំលេខ៥០២ បើកការវាយប្រហារទៅលើទាហាន លន់ នល់ នៅទីរួមខេត្តកំពង់ធំ។ នៅពេលនោះ ខ្ញុំទើបតែមានអាយុ១៦ឆ្នាំ ហើយមិនបានចូលប្រយុទ្ធផ្ទាល់នោះទេ ដោយគ្រាន់តែទៅអមកងកាំភ្លើងធំ។ កងកាំភ្លើងធំលេខ៥០២ ត្រូវបានចល័តវាយតាមសមរភូមិនៅភូមិភាគ៣០៤ ដែលមានខេត្តកំពង់ចាម, ខេត្តកំពង់ធំ និងខេត្តសៀមរាប។ នៅខែមករា ឆ្នាំ១៩៧៣ ខ្ញុំ ត្រូវបានប្រធានកងកាំភ្លើងធំបញ្ចូនឲ្យទៅរៀនវិជ្ជាពេទ្យ នៅអង្គភាពពេទ្យសេនាធិការ ប្រចាំភូមិភាគ៣០៤ នៅខេត្តសៀមរាប។
បន្ទាប់ពីរៀនវគ្គវិជ្ជាពេទ្យអស់រយៈពេល១ឆ្នាំ ខ្ញុំត្រូវបានបញ្ជូនមកកងកាំភ្លើងធំលេខ៥០២ វិញ នៅឆ្នាំ១៩៧៤។ ខ្ញុំបន្តធ្វើជាពេទ្យនៅកងកាំភ្លើងធំលេខ៥០២ និងចូលទៅសមរភូមិប្រយុទ្ធ រហូតដល់វាយកាន់កាប់ទីក្រុងភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់មក ខ្ញុំត្រូវបានតម្លើងតួនាទីជាប្រធានអនុសេនាតូចដែលមានកងទ័ពចំនួន៣០នាក់ ប៉ុន្តែការងារវិញ គឺគ្មានអ្វីក្រៅតែពីបោសសម្អាតទីក្រុង។ កង អនុសេនាតូចរបស់ខ្ញុំ ត្រូវឈរជើងនៅម្ដុំផ្សារថ្មី ដើម្បីនៅយាមល្បាត ពីព្រោះនៅពេលនោះ នៅមានទាហានបង្កប់ លន់ នល់ នៅតាមផ្ទះធ្វើការបោះគ្រាប់បែក។ កងទ័ពខ្មែរក្រហមធ្លាប់ចាប់បានទាហាន លន់ នល់ បង្កប់ជាលក្ខណៈជនស៊ីវិល នៅតាមផ្ទះប្រជាជន និងឆែកឆេរខ្លួន ដោយបានរកឃើញកាំភ្លើងខ្លី។ ខ្ញុំធ្លាប់ចូលរួមសន្និបាតនៅស្ដាតអូរឡាំពិចដែលប្រព្រឹត្តឡើងនៅប៉ុន្មានខែបន្ទាប់ពីវាយគ្រប់គ្រងទីក្រុងភ្នំពេញ។ សន្តិសុខនៅពេលនោះ គឺតឹងតែងខ្លាំងណាស់។
ក្រោយមកទៀត កងអនុសេតូចរបស់ខ្ញុំ ត្រូវបានប្រើឲ្យធ្វើការលើកដី និងស្ទូងស្រូវ ទាំងថ្ងៃទាំងយប់គ្មានពេលសម្រាក។ កងអនុសេនាតូចរបស់ខ្ញុំត្រូវបានចោទប្រកាន់ ហើយរូបខ្ញុំផ្ទាល់ត្រូវបានអង្គការស្រាវជ្រាវធ្វើប្រវត្តិរូប។ កងទ័ពដែលមានប្រវត្តិរូបស្អាតស្អំ នឹងត្រូវបានបញ្ជូនទៅព្រំដែនវៀតណាម ចំណែកឯកងទ័ពដែលមានប្រវត្តិរូបមិនល្អ ត្រូវបានបញ្ជូនទៅលត់ដំនៅព្រលានយន្តហោះខេត្តកំពង់ឆ្នាំង។ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការងារជាទម្ងន់នៅព្រលានយន្តហោះខេត្តកំពង់ឆ្នាំង រហូតដល់កងទ័ពរណសិរ្សវាយចូលមកដល់។ នៅព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ខ្ញុំត្រូវធ្វើការងារ រួមមាន បើកបរត្រាក់ទ័រ, ព្យាបាលអ្នកជំងឺ និងដំាដំឡូង។ ខ្ញុំបន្តធ្វើការគ្មានពេលសម្រាកនៅព្រលានយន្តហោះ រហូតដល់កងទ័ពរណសិរ្សសង្រ្គោះជាតិកម្ពុជា ចូលមកវាយរំដោះប្រជាជន។
នៅពេលនោះ កងទ័ពខ្មែរក្រហម ជម្លៀសខ្ញុំ និងអ្នកផ្សេងទៀត ទៅតំបន់អមលាំង និងបន្តដំណើររហូតដល់ព្រំដែនខ្មែរ និងថៃ។ កងទ័ពសេសសល់ខ្មែរក្រហមប្រមែប្រមូលកងទ័ពឡើងវិញ ហើយបន្តចលនាតស៊ូ។ ខ្ញុំធ្វើជាកងទ័ពខ្មែរក្រហម រហូតដល់ឆ្នាំ១៩៨៥ ទើបខ្ញុំសម្រេចចិត្តរត់ភៀសខ្លួនទៅជំរំ។ ខ្ញុំរៀបការប្រពន្ធនៅជំរំ និងធ្វើមាតុភូមិនិវត្តន៍មកកាន់ស្រុកកំណើតវិញនៅឆ្នាំ១៩៩២៕
អត្ថបទដោយ ស្រេង លីដា
[1] ឯកសារលេខ KCI0429; បទសម្ភាសន៍ជាមួយ ឡុង តុង ហៅ តាង នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅឆ្នាំ២០០៣; បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា