កែប តូច ៖ កុមារលះបង់នៅក្នុងសម័យខ្មែរក្រហម

ខ្ញុំ​ឈ្មោះ កែប តូច[1]  បច្ចុប្បន្ន​អាយុ ៦៣ ឆ្នាំ ជា​ស្ត្រី​ម្នាក់​ដែល​បាន​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន​ក្នុង​ជីវិត។ ខ្ញុំ​ជា​កូន​ពៅ​ក្នុង​ចំណោម​បងប្អូន៧ នាក់ (ស្រី ៥ ប្រុស ២) ដែលមាន​ស្រុកកំណើត​នៅ​ខេត្ត​តាកែវ។ ឪពុក​ខ្ញុំ​ឈ្មោះ កែប ឆន និង​ម្ដាយ​ខ្ញុំ​ឈ្មោះ ភី (គាត់​បាន​ចែកឋាន​ទៅ​ហើយ)។ ខ្ញុំ​មាន​ស្វាមី​ឈ្មោះ ដាំ វ៉ាន់ឃុត (គាត់​ក៏​ស្លាប់​ដែរ) ហើយ​យើង​មាន​កូន ៥ នាក់ (ស្រី ២ ប្រុស ៣)។ មូលហេតុ​ដែល​គ្រួសារ​ខ្ញុំ​បាន​ផ្លាស់​ពី​តាកែវ​មក​រស់នៅ​ភូមិ​អូររុន ឃុំ​អូរស្វាយ ស្រុក​បុរី​អូរស្វាយ​សែនជ័យ ខេត្ត​ស្ទឹងត្រែង​​ដោយសារ​សម្ដេចព្រះ នរោត្តម សីហនុ បាន​ប្រកាស​ផ្ដល់​ការ​ឧបត្ថម្ភ​ដល់​ប្រជារាស្ត្រ​ណា​ដែល​មាន​បំណង​ចង់​មក​រស់នៅ​ទីនេះ។ ព្រះអង្គ​បាន​ផ្ដល់​ទាំង​ផ្ទះ ដី​ភូមិ ដី​ស្រែ​ចម្ការ សត្វ​ចិញ្ចឹម ដំណាំ​ដាំដុះ និង​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ។ ដូច្នេះ​ហើយ ឪពុក​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដឹកនាំ​គ្រួសារ​ទាំងមូល​មក​ចាប់​ផ្ដើម​ជីវិត​ថ្មី​នៅ​ទីនេះ រហូត​ខ្ញុំ​បាន​ធំ​ដឹងក្ដី​នៅទីនេះ។ ខ្ញុំ​នៅ​ចាំបាន​យ៉ាង​ច្បាស់​នូវ​ទិដ្ឋភាព​ដ៏​អ៊ូអរ​មួយ គឺ​នៅ​ពេល​ដែល​សម្ដេចព្រះ​នរោត្តម សីហនុ យាងមក​សម្ពោធ​ បុរី​អូរស្វាយ។ ពេល​នោះ មនុស្សម្នា​ចាស់​ក្មេង​យ៉ាង​ច្រើន​កុះករ​បាន​មក​ចាំ​ទទួល​ព្រះអង្គ ហើយ​សម្ដេច​ក៏​បាន​យាង​តាម​រថយន្ត​ទ័ព និង​បោះក្រណាត់ និងថវិកាចែក​ជូន​ប្រជាជន​តាម​ភូមិ។

ជីវិត​ដ៏​សុខសាន្ត​នេះ​បាន​ប្ដូរ​ទៅជា​ភាព​លំបាក​វេទនា​បំផុត​នៅ​ពេល​ដែល​ប្រទេស​ធ្លាក់​ចូល​ក្នុង​របបខ្មែរ​ក្រហម។ អង្គការ​បាន​ជម្លៀស​គ្រួសារ​ខ្ញុំ​ពី​ភូមិ​អូររុន ទៅភូមិ​អូរននោង បន្ទាប់​មក​ទៅ​ស្រុក​សៀមប៉ាង។ ក្នុង​សម័យ​នោះ ការ​ហូបចុក​គឺ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ។ អាហារ​របស់​​អង្គការ​មិន​អាច​ឲ្យ​ឆ្អែត​បាន​ឡើយ ហើយ​បើ​ចង់​បាន បាយ​ក្ដាំងបរិភោគខ្ញុំ​ត្រូវ​តែ​រែក​ទឹក​ដាក់​ពាង​ឲ្យ​ពេញ​ជា​មុន​សិន។ ឪពុក​ខ្ញុំ​ត្រូវ​តែ​ទៅលួច​ដំឡូង, ផ្លែ​ល្វា និង​គល់​ចេក​ខ្លះ​មក​លាយ​បន្ថែម​ដើម្បី​បាន​រស់​ត​ទៅ​មុខ​ទៀត។ ខ្ញុំ​នៅ​ចាំ​ថា បង​ខ្ញុំ​ពេល​ឃ្លាន​ខ្លាំង​ពេក គាត់​បាន​យកកន្ទក់មក​ស្ងោរ​ជាមួយ​ត្រកួន​។ មួយ​ឆ្នាំៗ គ្រួសារ​ខ្ញុំ​ខំ​ធ្វើ​ស្រែ​ចម្ការ​ណាស់ ប៉ុន្តែ​ស្រូវ​អង្ករ​ទាំងនោះ​ត្រូវ​បាន​អង្គការ​យក​ទៅ​ទុក​ទាំង​អស់ មិន​អាច​បរិភោគ​បាន​ឡើយ។

ក្រៅពី​ការ​អត់ឃ្លាន ខ្ញុំ​មិន​បាន​រស់នៅ​ជុំ​គ្រួសារ​នោះ​ទេ គឺ​ត្រូវ​បាន​អង្គការ​បញ្ជូន​ទៅ​ ក្រុម​កុមារ​លះបង់។ នៅ​ទីនោះសមាជិកគ្រួសារ​ត្រូវ​ទៅ​ជីក ឫស​ពោន, ឬឫស​សំរោង មក​ដុត​ចែក​គ្នា​បរិភោគ​ដើម្បី​ទប់ទល់​នឹង​ភាព​ស្រេកឃ្លាន។ អង្គការ​ក៏​បាន​បង្រៀន​អក្សរ​ខ្ញុំ​តែ​ពេល​យប់ៗ ប្រហែល​មួយ​ម៉ោង​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ខ្ញុំ​មិន​ចេះ​អក្សររហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ចំណែក​ឯ​ការ​ស្លៀកពាក់​វិញ ខោអាវ​ពណ៌​ស​ក៏​ត្រូវ​តែ​យក​ទៅ​ត្រាំ​រុក្ខជាតិ​ម្យ៉ាង​ឲ្យ​ចេញ​ជាពណ៌​ខ្មៅ ទើប​អាច​ស្លៀក​ពាក់បាន។

អ្វី​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន គឺ​ទង្វើ​ដ៏​ឃោរឃៅ​របស់​អង្គការ។ ខ្ញុំ​ធ្លាប់​ឃើញ​អង្គការយក​មនុស្ស​ទៅ​សម្លាប់។ ខ្ញុំ​នៅ​ចាំ​រឿង​លោក​ ពូ​រី ដែល​អង្គការ​បាន​កុហក​គាត់​ថា ទៅ​យក​សម្ភារ ហើយ​ថ្ងៃ​បន្ទាប់ ឪពុក​ខ្ញុំ​បាន​ប្រទះ​ឃើញ​គាត់​ត្រូវ​បាន​គេ ចង​ក នឹង​មែកឈើ ហើយ​ត្រូវវះ​យក​ថ្លើមទៀត​ផង។ ឪពុក​ខ្ញុំ​ភ័យ​តក់ស្លុត​រហូត​ដល់​ឈឺ​ជ្រុះ​សក់ ហើយ​បាន​ហាម​ខ្ញុំ និងម្ដាយ​ដាច់​ខាត​មិន​ឲ្យ​និយាយ​រឿង​នេះ​ប្រាប់​អ្នកដទៃ។ ខ្ញុំ​ក៏​បាន​ឃើញ​បងស្រី កែប ស្រ៊ុន និង​បងប្រុស កែប រឿន ត្រូវ​បាន​ខ្មែរ​ក្រហម​បង្ខំ​ឲ្យ​រៀបការ​ក្នុង​ពិធី​ដែល​តម្រូវ​ឲ្យ​ប្ដេជ្ញា​ថា «យក​គ្នា​មិន​លែង» ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ខ្មៅ។ បន្ទាប់​ពី​ខ្ញុំ​ចេញ​ពី​ក្រុម​កុមារ​ឈាន​មុខ​មក ខ្ញុំ​បាន​ចូលក្រុម​កង​ចល័ត ប្រហែល ២ខែ ​កងទ័ពវៀតណាម​បាន​ចូល​មក ហើយ​គ្រួសារ​ខ្ញុំ​ក៏​នាំ​គ្នា​រត់​ភៀសខ្លួន។ យើង​ត្រូវ​បាន​ខ្មែរ​ក្រហម​ជម្លៀស​ចេញ​ពី​អូរននោង ឆ្លង​កាត់​សៀមប៉ាង ឆ្លង​ទន្លេ​មេគង្គ ​ទៅ​កាន់​ភូមិ​ព្រះរំកិល រហូត​ដល់​កំពង់ស្រឡៅ និង​អូរដូង។ ការធ្វើដំណើរនោះ យប់នៅទីណាគឺដេកនៅទីនោះ។ មាន​ពេល​មួយ​នៅ​អូរតាឡាស់ ពេល​ឮ​ដំណឹង​ថា​វៀតណាម​មក​ជិត​ដល់ ខ្ញុំ​ភ័យ​រត់​ពួន ហើយ​ក្មួយ​ខ្ញុំ​ឈ្មោះ ណាង ស្រែកយំ​មិន​ឈប់​សោះ ខ្ញុំ​ត្រូវ​តែ​យកក្រមា​ញាត់​មាត់ នាង​ដើម្បី​កុំ​ឲ្យ​ឮ​សំឡេង។ ក្រោយ​មក ពេល​គ្រាប់​កាំភ្លើង​ផ្ទុះ​នៅ​ពីក្រោយ ខ្ញុំ​រត់​ចុះ​ទន្លេ ទាំង​ភ័យខ្លាច​វៀតណាម​ចាប់​បាន។ ប៉ុន្តែ​បងស្រី​ខ្ញុំ​បាន​បញ្ជាក់​ថា វៀតណាម​មក​រំដោះ​យើង​ទេ មិនមែន​មក​សម្លាប់​ទេ។

ទីបំផុត នៅថ្ងៃទី៧ ខែ​មករា ឆ្នាំ​១៩៧៩ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​សហការ​ជាមួយ​កងទ័ព​វៀតណាម​បាន​វាយ​រំដោះ​ប្រទេស។[2]  ពេល​នោះវៀតណាម​បាន​ហៅ​យើង​មក​ជួបជុំ​គ្នា ហើយ​ប្រកាស​ឲ្យ​បងប្អូន​វិល​ត្រឡប់​ទៅ​ស្រុក​ភូមិ​របស់​ខ្លួន​វិញ។ ខ្ញុំ ​និង​គ្រួសារ​ក៏​បាន​វិល​ត្រឡប់​មក​រស់នៅ​ភូមិ​អូររុន​វិញ រហូត​មក​ដល់​សព្វថ្ងៃ។

ក្នុង​នាម​ជា​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​ភ្លើងសង្គ្រាម​ដ៏​ជូរចត់ ខ្ញុំ​ពិត​ជា​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ជម្លោះ​ដែល​ធ្លាប់​កើត​មាន​រវាង​កម្ពុជា​ និង​ថៃ។ ខ្ញុំ​មិន​ចង់​ឃើញ​ប្រទេស​ទាំង​ពីរ​ឈ្លោះ​ប្រកែក​គ្នា​នោះ​ទេ ហើយ​គ្រាន់តែ​ឮ​ថា​មាន​សង្គ្រាម​បែប​នេះ ខ្ញុំ​កើតទុក្ខ​ដេក​ពុំ​ដែល​លក់​ឡើយ។ ខ្ញុំ​ពិតជា​ដឹងគុណ​ដល់​ប្រធានាធិបតី ដូណាល់ ត្រាំ និង​បណ្ដា​ប្រទេស​នានា​ដែល​បាន​ជួយ​ឲ្យ​មាន​បទ​ឈប់​បាញ់​នេះ​កើត​ឡើង។ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ កងទ័ព​កម្ពុជា ទាំង​ជួរ​មុខ ​និង​ជួរ​ក្រោយ ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ការពារ​ទឹកដី។ កូន​ប្រសារ​ខ្ញុំ​ឈ្មោះ ឡម វាសនា ក៏​ជា​ទាហាន​ម្នាក់​ដែរ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​អំឡុង​ពេល​ផ្ទុះ​សង្គ្រាម ៥ ថ្ងៃ​នោះ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា យើង​ត្រូវ​តែ​លះបង់​ការពារ​ជាតិ។ ជា​ចុង​ក្រោយ ខ្ញុំ​សូម​សំណូមពរ​ដល់​ពិភពលោក សូម​ធ្វើយ៉ាងណា​កុំ​ឲ្យ​សង្គ្រាម​នេះ​ងើប​មក​ម្ដង​ទៀត​ឲ្យ​សោះ។ ប្រទេស​ខ្ញុំ​ត្រូវ​ការ​សន្តិភាព ប្រទេស​ខ្ញុំ​មិន​ត្រូវ​ការ​សង្គ្រាម​ទេ។

បច្ចុប្បន្ន​នេះ ខ្ញុំ​មាន​បញ្ហា​សុខភាព​ដោយសារ​វ័យ​ចាស់ទៅហើយគឺ​មាន​ជំងឺ ឈឺ​សន្លាក់ ចុក​រោយ​ដៃ​ជើង និង​ភ្នែក​មើល​ពុំ​សូវ​ច្បាស់៕

[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ កែប តូច អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ឆ្នាំ២០២៥, សម្ភាសដោយ ស្រេង លីដា បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។


អត្ថបទដោយ ស្រេង លីដា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin