កង សុំ ប្រចាំការនៅកោះក្រចកសេះ

នៅឆ្នាំ១៩៧៥ កង សុំ បានទៅប្រចាំការនៅកោះក្រចកសេះ។ ខាងក្រោមនេះជាសាច់រឿងរបស់ កង សុំ៖

ខ្ញុំឈ្មោះ កង សុំ[1] ភេទប្រុស អាយុ៦៥ឆ្នាំ (ឆ្នាំរោង) មានទីកន្លែងកំណើតនៅក្នុងភូមិស្ដុក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃរស់នៅក្នុងភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ខ្ញុំមានប្រពន្ធឈ្មោះ ឈើន រឿង អាយុ៥៧ឆ្នាំ មានទីកន្លែងកំណើត នៅក្នុងភូមិជីតាពក ឃុំជីតាពក ស្រុកព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំមានកូន៥នាក់ ក្នុងនោះមានស្រី៤នាក់។ ឪពុកខ្ញុំឈ្មោះ កង ង៉ែត ស្លាប់នៅឆ្នាំ១៩៨៧ និង ខាត់ យ៉ែម ស្លាប់។ ខ្ញុំមានបងប្អូនចំនួន១២នាក់ ក្នុងនោះមានស្រី៦នាក់។ ខ្ញុំជាកូនទី៥ នៅក្នុងគ្រួសារ។

កាលពីកុមារភាពម្ដាយបានយកខ្ញុំឲ្យទៅនៅវត្តដើម្បីឲ្យបានរៀនពីច្បាប់ក្រមង៉ុយ។ ខ្ញុំបានបួសរៀននៅក្នុងវត្ត។ នៅសម័យមុនប្រជាជនចូលចិត្តឲ្យកូនៗបួសរៀន។ ខ្ញុំបួសជានេន បាន២វស្សា បំពេញ ជាភឹក បាន៣វស្សា។

នៅឆ្នាំ១៩៧១ អង្គការបានយកនារីទៅធ្វើបុណ្យមីទ្ទិញថ្កោលទោសព្រះសង្ឃ ពេលនោះខ្ញុំមានអារម្មណ៍ថាខ្មាស់អៀនក៏សម្រេចចិត្តសឹក។ ខ្ញុំចូលធ្វើទ័ពដំបូងនៅកងពលទី៩  ប្រចាំកងទ័ពវៀតណាខាងជើង។ ខ្ញុំ​នៅជាមួយវៀតណាមនៅម្ដុំវត្តផុង។

នៅឆ្នាំ១៩៧២ តាម៉ុក ហៅតា១៥ បានទាមទារកងទ័ពពីវៀតណាមខាងជើងមកវិញ ហើយខ្ញុំបានចេញមកនៅជាមួយទ័ពខ្មែរក្រហម។ ខ្ញុំបានមកនៅកងពល១៦៤ ខាងសមុទ្រ និងនៅស្រុកស្អាង ខេត្តកណ្ដាល។ ខ្ញុំមាន​តួនាទីជាអនុសេនាតូច។ នៅស្រុកស្អាង ទ័ពមានការសាមគ្គីគ្នាបានល្អណាស់។

នៅឆ្នាំ១៩៧៥ នៅកងពល១៦៤ មានមេបញ្ជាការវរសេនាធំ ឈ្មោះ ស៊ង បានដឹកនាំទ័ព ដើម្បីទៅការពារកោះខ្មែរ ហៅថាកោះក្រចកសេះ ចំណែកវៀតណាម ហៅថាកោះពូលូប៉ងសង់។ ខ្ញុំត្រូវបានជ្រើសរើសឲ្យទៅប្រចាំការនៅកោះថ្មី(កោះក្រចកសេះ)។ ដំបូងខ្ញុំចូលទៅកោះក្រចកសេះ ឬកោះពូលូប៉ងសង់ មានកងទ័ព១៥០នាក់ ស្ថិតក្នុងកងពល១៦៤ ដែលមានប្រធានកងពលឈ្មោះ មុត និងមានបង ស៊ង ជាអ្នកដឹកនាំទៅឈរជើងនៅកោះក្រចកសេះ។ កោះក្រចកសេះ គឺជាកោះរបស់ខ្មែរ ប៉ុន្តែមានតែប្រជាជនវៀតណាមរស់នៅ។ នៅពេលខ្មែរក្រហមចូលទៅនៅលើកោះក្រចកសេះ ខ្មែរក្រហមបានជម្លៀសប្រជាជនវៀតណាមចេញពីលើកោះដោយទុកតាចាសម្នាក់ឈ្មោះង៉ុក ដើម្បីប្រាប់អំពីទីតាំងភូមិសាស្រ្ត។ ខ្មែរក្រហម បានដឹកប្រជាជនវៀតណាមត្រឡប់ទៅរស់នៅស្រុកកំណើតវិញតាមរយៈកាណូតចំនួន៤  (ប្រភេទកាណូត៣៧) ដែលមានចំនួនប្រមាណជា ១០០០នាក់។ ខ្មែរក្រហមបានដឹកប្រជាជនវៀតណាមទៅដាក់នៅកោះត្រល់។ ខ្ញុំនៅក្នុងហេតុការណ៍នោះផ្ទាល់។ ក្រោយពេលខ្មែរក្រហមបានស្គាល់ទីតាំងភូមិសាស្រ្តលើកោះរួច ខ្មែរក្រហមបានបញ្ជូនឈ្មោះតាង៉ុក ទៅកោះត្រល់។ ខ្ញុំបានឈរជើងនៅកោះក្រចកសេះ បានរយៈពេល៣ខែ។ ធីវគីចាស់ (វៀតណាមខាងត្បូង) វាយបុកខ្លាំងនិងបានផ្ចង់ចាប់កម្លាំងទ័ពទាំងយប់ ដើម្បីដឹកទៅដាក់នៅកោះត្រល់។

ក្នុងចំណោម១៥០នាក់ នោះស្លាប់អស់៨នាក់។ ខ្ញុំបើកភ្នែកនៅបន្ទាយធីវគីចាស់ (វៀតណាមខាងត្បូង) មានរបងលិចក្បាល សុទ្ធតែរបងលួស។ ខ្ញុំនៅកោះត្រល់ រយៈពេល៣ខែធ្វើស្មៅទុរេន, សាវម៉ាវ ឲ្យបោចនឹងដៃ។ ប្រជាជននៅកោះត្រល់ពីដើមជាខ្មែរសុទ្ធ។ អំឡុងពេលជាប់នៅកោះត្រល់ ខ្ញុំមានគម្រោងរត់ ដោយ​សារ​តែកោះនេះមានចម្ងាយ៧គីឡូមែត្រ ពីកោះក្រចកសេះ ប៉ុន្តែក្រោយឮសេចក្ដីប្រកាសឲ្យដោះលែងដើម្បីមិត្តភាពពិសេសសាមគ្គី វៀតណាម-ខ្មែរ ខ្ញុំបានផ្លាស់ប្ដូរគំនិតជាថ្មី។ ធីវគី បានកាត់ស្បែកជើងខោអាវ (ពណ៌ខៀវ) ក្រណាត់អង្រឹង និងមួកចែកឲ្យម្នាក់មួយឈុត។ ក្រោយមកវៀតណាម បានដោះលែងតាមច្រកកំពង់សោម។ ខ្មែរ​ក្រហមបានប្រជុំ ដោយលែងទុកចិត្តគ្នាត្រូវផ្លាស់ប្ដូរមេបញ្ជាការ។  ខ្ញុំមកនៅទ័ពធ្វើស្រែនៅកងពល១៦៤ ចាប់ពីចំការដូង ចេងហេងមកត្បូងទល់គល់ស្ពានទឹកសាប។ ខ្ញុំមកធ្វើស្រែបានរយៈពេល៤ខែ។

នៅឆ្នាំ១៩៧៦ អង្គការបានជ្រើសរើសចូលអង្គភាពកងពល៧០៣ ដែលមានបងសារឿន និងបងញ៉ាន់ជាអ្នកដឹកនាំទ័ពមកចំនួនជាង១០០០នាក់ ទៅវាយនៅតំបន់ចន្រ្ទា ស្រុករមាសហែក ខេត្តស្វាយរៀង។  ខ្ញុំនៅកងពិសេស កងស៊ើបការណ៍ពិសេសមានជាង ១៥០នាក់។ ខ្ញុំធ្លាប់ចូលទៅស៊ើបការណ៍ ដល់រោងចក្រស្ករស ខេត្តតៃនិញ ដើម្បីគូសប្លង់ឲ្យកងថ្មើរជើងទៅវាយ។

កាលវាយគ្នានៅតៃនិញមានកងទ័ពស្លាប់ច្រើន។ សពកងទ័ពដែលស្លាប់នៅព្រំដែន ត្រូវបានយកមកកប់នៅតំបន់កំពង់សឹង្ហ ស្រុកព្រៃឈរ។ ខ្ញុំត្រូវគ្រាប់ចំភ្លៅបានមកសម្រាកព្យាបាលនៅពេទ្យពេទ្យ៦មករា។ ខ្ញុំសម្រាកព្យាបាលបានមួយសប្តាហ៍។ ខ្ញុំរត់មកជិះរទេះភ្លើងឡើងទៅធ្វើជាទាហាននៅថ្មគោល ខេត្តបាត់ដំបង នៅកងពល៣២០។ ខ្ញុំរស់នៅបានរយៈពេល២ខែ។

នៅឆ្នាំ១៩៧៩ ខ្ញុំបានរៀបការមានគ្រួសារ។ ខ្ញុំត្រូវបានបញ្ជូនទៅជំរំស្រះកែវ បានរយៈពេល៦ខែ។ នៅក្នុងជំរំខ្ញុំមានលេងល្ខោន យីកេ ដើម្បីរកចំណូលសម្រាប់ចិញ្ចឹមគ្រួសារ៕

[1] តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ,បទម្ភាសន៍ កង សុំ(ឈរជើងនៅកោះក្រចកសេះ), ដោយឡុង ដានី, ខែមីនា ឆ្នាំ២០១៥ ។


អត្ថបទដោយ វី ស៊ីថា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin