សំណាងដែលមិនស្លាប់

(កំពត)៖ រឿងដែល គុន គិតថាជាសំណាងសម្រាប់គាត់ នោះគឺ គាត់អាចគេចចេញពីសេចក្ដីស្លាប់ចំនួនពីរដង ដោយលើកទីមួយ គឺនៅពេលដែលគាត់ទៅធ្វើការងារនៅកន្លែងវាយថ្ម និងលើកទីពីរ គឺនៅពេលដែលគាត់ភ្ជួរស្រែនៅសហករណ៍។ គង់ គុន អាយុ៨៦ឆ្នាំ មានទីកន្លែងកំណើតនៅឃុំបានៀវ ស្រុកឈូក និងបច្ចុប្បន្នរស់នៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ គាត់មានប្រពន្ធឈ្មោះ ម៉ី យ៉ន និងមានកូនចំនួនប្រាំបីនាក់។
គុន មិននឹកស្មានថាគាត់អាចមានជីវិតរស់មកដល់សព្វថ្ងៃនេះទេ ព្រោះជីវិតរស់នៅរបស់គាត់ក្នុងរបបខ្មែរក្រហមបានជួបនូវទុក្ខលំបាកជាច្រើន។ អង្គការ បានដាក់បន្ទុកការងារឲ្យគាត់ធ្វើធ្ងន់ៗ ហើយគាត់ប្រឈមនឹងកង្វះអាហារហូបចុក។ ចំពោះចំនួនអង្ករ ប្រសិនជាគិតតាមថ្នាក់លើចែកឲ្យ គឺក្នុងម្នាក់អាចទទួលបានអង្ករមួយកំប៉ុង ប៉ុន្តែជាក់ស្ដែងគឺមិនទទួលបានបែបនោះទេ ព្រោះដោយសារតែមេភូមិបានកេងចំណេញលើចំនួនកំណត់នោះ។ ដូច្នេះអង្ករដែល គុន ទទួលបាន គឺមានត្រឹមតែអង្ករកន្លះកំប៉ុងប៉ុណ្ណោះ ហើយត្រូវបែងចែកជាមួយគ្នាចំនួនបីនាក់។ គុន បាននិយាយថា ចំពោះមេដឹកនាំធំបង្អស់នៅក្នុងរបបខ្មែរក្រហម គាត់ធ្លាប់ឮត្រឹមតែឈ្មោះប៉ុណ្ណោះ ប៉ុន្តែមិនដែលបានឃើញមុខឡើយ។ គាត់បានបញ្ជាក់បន្ថែមថា ប៉ុល ពត មិនដែលធ្វើបាបប្រជាជនឡើយ មានតែប្រជាជនពេញសិទ្ធិនៅក្នុងតំបន់របស់គាត់ទេ ដែលជាអ្នកធ្វើបាបគាត់ និងប្រជាជនដទៃទៀត។
នៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវបានបែងចែកជាបីវណ្ណៈរួមមាន ប្រជាជនវណ្ណៈលើ, ប្រជាជនវណ្ណៈកណ្ដាល និងប្រជាជនវណ្ណៈក្រោម ឬហៅជាប្រជាជនឈ្លើយសឹក (ប្រជាជន១៧មេសា)។ ប្រជាជនដែលចាត់ទុកថាជាឈ្លើយសង្រ្គាម តែងត្រូវបានប្រជាជនវណ្ណៈកណ្ដាលធ្វើទុក្ខបុកម្នេញស្ទើរតែរាល់ថ្ងៃ។ ប្រជាជនវណ្ណៈក្រោម ត្រូវទទួលបន្ទុកធ្វើការងារធ្ងន់ៗ និងមិនទទួលបានអាហារហូបគ្រប់គ្រាន់ឡើយ។ នៅក្នុងរបបនោះគឺ អង្គការបានយកអ្នកដែលមិនមានចំណេះដឹងធ្វើជាអ្នកដឹកនាំ ចំណែកអ្នកចេះដឹង ត្រូវសម្លាប់ និងត្រូវធ្វើការងារធ្ងន់ៗ។ គុន បានបញ្ជាក់ថាអ្នកចេះដឹងដែលអាចនៅមានជីវិត ទាល់តែរស់នៅដោយលាក់អំពីប្រវត្តិរបស់ខ្លួន និងម្យ៉ាងទៀតត្រូវរត់ភៀសខ្លួនទៅប្រទេសទីពីរ ឬប្រទេសទីបី។
រឿងរ៉ាវដែលធ្លាប់កើតមាននៅក្នុងរបបខ្មែរក្រហមដែល គុន ចងចាំមិនអាចភ្លេចបាននោះគឺ ពេលមួយដែលអង្គការបានចាត់តាំងឲ្យគាត់ និងប្រជាជនមួយក្រុមទៀតទៅវាយបំបែកថ្ម។ ប្រជាជនដែលទៅជាមួយ គុន ទាំងប៉ុន្មាន ត្រូវថ្មធ្លាក់សង្កត់លើស្លាប់ទាំងអស់ លើកលែងតែគាត់ម្នាក់ដែលរួចជីវិត ព្រោះពេលនោះសមាជិកក្រុមរបស់គាត់ឲ្យគាត់ទៅរៀបចំបាយម្ហូបសម្រាប់ហូបពេលថ្ងៃត្រង់។ លើសពីនេះទៅទៀត ក្រៅពីការងារវាយថ្ម អង្គការបានចាត់តាំងឲ្យគាត់ ភ្ជួរស្រែ។ គុន ខិតខំធ្វើការងារឲ្យបានគ្រប់តាមផែនការកំណត់របស់អង្គការ រហូតដល់គាត់អស់កម្លាំងពីខ្លួន និងដួលសន្លប់នៅកណ្ដាលវាលស្រែ។ គាត់គិតថា អង្គការច្បាស់ជាសម្លាប់រូបគាត់ហើយ ព្រោះគាត់ធ្វើការងារមិនគ្រប់តាមចំនួនដែលអង្គការកំណត់ឲ្យ ប៉ុន្តែផ្ទុយទៅវិញគាត់បែរជាទទួលបានការសង្រ្គោះជីវិត។
នៅចុងឆ្នាំ១៩៧៨ គុន បានរត់គេចចេញពីខេត្តបាត់ដំបង ព្រោះតែនៅទីនោះគាត់ទទួលរងការលំបាកខ្លាំង។ គាត់បានរត់ចេញពីខេត្តបាត់ដំបងទាំងកណ្ដាលអធ្រាត្រ និងធ្វើដំណើរជាបន្តបន្ទាប់រហូតទៅដល់ខេត្តកោះកុង ហើយបានជួបជាមួយនឹងកងទ័ពស្ម័គ្រចិត្តវៀតណាមនៅទីនោះ។
បច្ចុប្បន្ន គុន មានបញ្ហាធ្ងន់ត្រចៀក, ងងឹតភ្នែក, ឧស្សាហ៍ហើមដៃជើង, អស់កម្លាំងជាប្រចាំ និងមានជំងឺសួត៕
សម្ភាសន៍ដោយ៖ ជឹម ជូរី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ