ប្អូនស្រីម្នាក់បាត់ខ្លួនក្នុងរបបខ្មែរក្រហម

(កំពង់ចាម)៖ យូ ប៊ុនគី អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ប៊ុនគី មានបងប្អូនសរុបចំនួន៩នាក់ (ស្រីចំនួន៧នាក់)។ បច្ចុប្បន្នគាត់ប្រកបរបរធ្វើស្រែចម្ការ។ ប៊ុនគី មានបញ្ហាចង្កេះដែលបន្សល់តាំងពីរបបខ្មែរក្រហម។
នៅពេលមានការទម្លាក់គ្រាប់បែក ស្ថានភាពនៅក្នុងភូមិគឺមានភាពចលាចល ព្រោះប្រជាជនភ័យខ្លាចសំឡេងយន្តហោះ និងខ្លាចយន្តហោះមកទម្លាក់គ្រាប់បែកនៅក្នុងភូមិ ប៉ុន្តែនៅអំឡុងពេលនោះយន្តហោះទម្លាក់គ្រាប់នៅតាមព្រៃ និងជួរមាត់ទន្លេ មិនប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាជនឡើយ។ ថ្វីត្បិតតែមិនមានគ្រាប់បែកទម្លាក់នៅក្នុងភូមិយ៉ាងណាក្ដី នៅតាមផ្ទះរបស់ប្រជាជនគឺមានលេណដ្ឋានមួយ សម្រាប់ចូលលាក់ខ្លួន។
នៅក្នុងរបបខ្មែរក្រហម ប៊ុនគី មានអាយុប្រហែលជាង២០ឆ្នាំ។ ខ្មែរក្រហមបានចាត់តាំងឱ្យគាត់ធ្វើការងារនៅក្នុងកងចល័ត។ នៅពេលនោះ ប៊ុនគី មានតួនាទីធ្វើការងារទាំងយប់ទាំងថ្ងៃ។ នៅពេលថ្ងៃគាត់ត្រូវធ្វើការងារដូចជាដកស្ទូង, គាស់គល់ឈើ និងធាក់រហាត់ទឹក ចំណែកពេលយប់ត្រូវរែកដី, លើកទំនប់។ ចំណែកប្ដីរបស់គាត់ ខ្មែរក្រហមចាត់តាំងឱ្យធ្វើការនៅក្នុងកងភ្ជួរស្រែ។ ប៊ុនគី និងប្ដីរបស់គាត់បានរៀបការតាំងពីចុងរបប លន់ នល់។
នៅក្នុងរបបខ្មែរក្រហម ប៊ុនគី ទទួលបានរបបអាហារចំនួន២ពេលក្នុងមួយថ្ងៃ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ អាហារដែលគាត់ទទួលបាននៅពេលនោះគឺជាបបររាវលាយជាមួយទឹកត្រី, អំបិល ឬសម្ល។ របបអាហាររបស់ប្រជាជននៅក្នុងរបបនោះគឺមិនខុសគ្នានោះទេ មិនថាអ្នកធ្វើការ អ្នកជំងឺ ចាស់ជរា ឬកុមារឡើយ។
នៅឆ្នាំ១៩៧៧ ប៊ុនគី មានផ្ទៃពោះ និងបានសម្រាលកូនរបស់គាត់។ អង្គការបានឱ្យគាត់សម្រាកក្នុងពេលសម្រាលបានរយៈពេលមួយខែកន្លះ ក្រោយពីនោះបានចាត់តាំងឱ្យទៅធ្វើការងារនៅក្នុងកងមើលថែទាំកុមារតូចៗដែលមិនទាន់អាចធ្វើការបាន។ ប៊ុនគី បាននិយាយថានៅពេលដែលគាត់ធ្វើការងារនៅក្នុងកងមើលកុមារ គាត់បានជួបផលលំបាកមួយចំនួនដូចជានៅពេលដែលកុមាររពឹសចុះលេងទឹក គឺគាត់ត្រូវតាមមើល និងនាំកុមារទាំងអស់នោះទៅកន្លែងស្នាក់នៅវិញ។ គាត់ធ្វើការងារនៅក្នុងកងមើលកុមារបានរយៈពេល៣ខែ ខ្មែរក្រហមបានចាត់តាំងឱ្យគាត់ទៅធ្វើការងារនៅក្នុងកងលើកទំនប់វិញ។
នៅពេល ប៊ុនគី ធ្វើការងារនៅក្នុងកងចល័តវិញ កូនរបស់គាត់មានអាយុប្រមាណ៥ខែ។ គាត់ត្រូវយកកូនរបស់គាត់ទៅផ្ញើនៅក្នុងកងមើលថែកុមារឱ្យស្រ្តីវ័យចំណាស់ជួយមើលថែ រហូតដល់ល្ងាចទើបគាត់ទៅយកកូនមកមើលដោយខ្លួនឯងវិញ។ គាត់អនុវត្តន៍សកម្មភាពបែបនោះជារៀងរាល់ថ្ងៃ ព្រឹកឡើងយកកូនទៅផ្ញើនៅកងថែទាំកុមារ ហើយល្ងាចទៅយកមកវិញ។
ប្អូនស្រីរបស់ ប៊ុនគី ចំនួនម្នាក់ឈ្មោះ ចាន់កន បានបាត់ខ្លួននៅក្នុងរបបខ្មែរក្រហម មិនដែលទទួលបានដំណឹងតាំងពីខ្មែរក្រហមបំបែកគាត់ឱ្យទៅធ្វើការងារ រហូតមកដល់ពេលបច្ចុប្បន្ននេះនៅតែមិនទទួលបានដំណឹង។ ប៊ុនគី បានលើកឡើងថា បច្ចុប្បន្នមិនដឹងថាប្អូនរបស់គាត់ស្លាប់ ឬរស់នោះទេ ព្រោះមិនឃើញត្រឡប់ទៅផ្ទះ និងមិនដែលឃើញប្រកាសរកសាច់ញាតិ។
របបខ្មែរក្រហមបានបញ្ចប់ ប៊ុនគី និងគ្រួសារវិលត្រឡប់ទៅផ្ទះ ហើយប្រកបរបរកសិកម្មតាមធម្មតាដូចជាប្រជាជនដទៃ ដើម្បីផ្គត់ផ្គង់ជីវភាព៕
សម្ភាសន៍ដោយ៖ តែ ដាលិស ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

