អ្នកចេះដឹងគឺជាសត្រូវរបស់ខ្មែរក្រហម

ម៉ី ខុន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ស្វាយរៀង) ៖ ម៉ី ខុន អាយុ៦៩ឆ្នាំ មានស្រុកកំណើត និងរស់នៅ ភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយ​រៀង។

ខុន បានរៀបរាប់ថា នៅសម័យសង្គមរាស្រ្តនិយមប្រជាជនរស់នៅមានសេចក្តីសុខ និងសុភ​មង្គល។ ប្រទេស​ជាតិក៏មានការរីកចម្រើនខ្លាំងព្រោះមានរោងចក្រ សាលារៀន និងវត្តអារាម ជាដើម។ ឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ ប្រជាជនចាប់ផ្តើមជួបការលំបាកបន្តិចម្តងៗ ដោយសារតែសង្រ្គាម អំពើអសន្តិសុខ​កើតមានឡើង។

រហូតដល់ខែមេសា ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមទទួលបានជ័យ​ជំនះលើរបប លន់ នល់ ប្រជាជនបានអបអរសាទរដោយគិតថាប្រទេសជាតិនឹងសម្បូរសប្បាយដូចកាល​របប​សង្គម​រាស្រ្តនិយម។ ខុន បានប្រាប់ថា ក្តីសង្ឃឹមនេះមានតែមួយរយៈ​ខ្លីក៏ប្រែក្លាយ​ជាទុក្ខសោកវេទនា ដោយសារតែទាហានខ្មែរក្រហមចាប់ផ្តើមធ្វើការជម្លៀសប្រជាជនឲ្យចេញពីទៅក្រុង និងទីប្រជុំជនឲ្យទៅរស់នៅ និងធ្វើស្រែចម្ការ ជីកទំនប់ និងលើកប្រឡាយរួមគ្នានៅឆ្ងាយៗពីភូមិ។ អង្គការបានឲ្យប្រជាជនចុះចេញពីផ្ទះសម្បែងរបស់ខ្លួនទៅរស់​នៅជាក្រុម ជាកង នៅតាមសហករណ៍ ព្រមទាំងប្រមូលទ្រព្យសម្បតិ្ត យកមកទុកប្រើប្រាស់​ជាសមូហភាព។ ជាងនេះទៅទៀតអង្គ​ការបានសម្លាប់អ្នកចេះ​ដឹងស្ទើរតែអស់ទាំងប្រជាជនចាស់ និងប្រជាជនថ្មី។ ព្រះពុទ្ធសាសនាក៏ត្រូវបានខ្មែរក្រហមបំបាត់ ដោយខ្មែរក្រហម​បានវាយកម្ទេចព្រះវិហារ ចាប់ព្រះសង្ឃផ្សឹក និងបំផ្លាញព្រះពុទ្ធបដិមាករជាដើម។

ខុន ក្នុងរបបខ្មែរក្រហមត្រូវបានជម្លៀសទៅភូមិ​ត្រពាំងរាំង និងក្រោយមកទៅភូមិព្រៃទូក ស្ថិតក្នុងស្រុករមាសហែក។ គាត់ត្រូវបានអង្គការឲ្យទៅរស់នៅក្នុងកងចល័ត​ឆ្ងាយពីកូន និងប្រពន្ធដែលទើបសម្រាលកូន។ ប្រពន្ធ ខុន ត្រូវធ្វើ​ការនៅសហករណ៍រោងបាយទាំងទើបតែសម្រាលកូនរួច។

ខុន ត្រូវជីកប្រឡាយ លើកទំនប់ និងលើកភ្លឺស្រែ ទាំងថ្ងៃ ទាំង​យប់។ ចំណែករបបអាហារដូចទៅនឹង​យុវជននៅក្នុងកងចល័តជាមួយគ្នាដទៃទៀតគឺទទួលបានបាយ​ឬបបរមួយកូនចានកណ្តឹងសម្រាប់អាហារពីរពេល។ ខុន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា របបខ្មែរក្រហម នៅក្នុងតំបន់របស់គាត់រស់នៅពីមួយឆ្នាំទៅមួយឆ្នាំកាន់តែលំបាកទៅៗទាក់ទងនឹងរបបអាហារនិងលក្ខខណ្ឌការងារពិសេសេនៅចុងឆ្នាំ១៩៧៨ ។

រឿងរ៉ាវដែល ខុន នៅចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការមិនឲ្យប្រជាជនហូបឆ្អែត បំបិទសិទ្ធិសេរីភាពការនិយាយស្តី គ្មានសិទ្ធិធ្វើដំណើរ បង្ខំប្រជាជនឲ្យធ្វើការទាំងឈឺ និងមានកំហុសតិចតួចនាំ​យកទៅសម្លាប់ចោល ដោយចោទប្រកាន់ថាជាខ្មាំងប្រឆាំងនឹងបដិវត្តន៍ជាដើម។

រហូតដល់ឆ្នាំ១៩៧៩ មានកងកម្លាំងរណសិរ្សសង្គ្រោះជាតិកម្ពុជាបានផ្តួលរលំរបបខ្មែរក្រហម ទើប ខុន អាចត្រឡប់​មករស់នៅស្រុកកំណើតវិញបាន។ ពេលដល់ស្រុកកំណើត​ដំបូងគាត់បានឃើញថា អ្នកដែលជម្លៀសទៅ​ឆ្ងាយៗដូចជា ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ភាគច្រើនបានបាត់​បង់​សមាជិកគ្រួសារស្ទើរតែគ្រប់គ្រួសារ។ អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហមបានក្លាយជាក្មេងកំព្រា ស្រី្តមេម៉ាយ និងជនចាស់ជរាគ្មានទីពឹង។

សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin