ខ្មែរក្រហមឲ្យរៀនមួយថ្ងៃមួយម៉ោង

ហេង នីម អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ហេង នីម មានអាយុ ៦០ ឆ្នាំ ជាកសិករ រស់នៅភូមិបរិបូណ៌ ឃុំភ្នំត្បែងពី ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់​ជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ នៅសម័យនោះ គាត់ត្រូវ​បាន​ដាក់​ឲ្យរស់នៅតាមសហករណ៍។ ដោយសារតែគាត់​ស្ថិត​នៅក្នុង​វ័យកុមារ ខ្មែរក្រហមឲ្យគាត់រៀន១ម៉ោង នៅពេលថ្ងៃត្រង់ បន្ទាប់​ពីធ្វើការពេញមួយព្រឹកគ្មានពេលសម្រាក។ នៅអាយុ១៥ឆ្នាំ គាត់ធ្វើការទាំងហូបមិនបានគ្រប់គ្រាន់ ពេលខ្លះត្រូវទៅ​បិទទំនប់ ឬលើកទំនប់ ដែលតម្រូវឲ្យឃ្លាតចេញឆ្ងាយពីឪពុកម្តាយ ដែល​ម្តងៗ មានរយៈពេលពី២ទៅ៣ខែជាដើម។ គាត់​បានបន្ថែមទៀតថា ធ្វើអ្វីក៏ដោយ ក៏ខ្មែរក្រហមចោទថាមិនទាន់ពេល ក្រៅពីនោះអ្វីៗត្រូវដាក់ជាសមូហភាពទាំងអស់។

បន្ទាប់ពីលើកទំនប់ចប់ គាត់ត្រូវធ្វើការច្រូតកាត់ស្រូវតាមអង្គភាពភូមិ ដោយធ្វើការជុំគ្នាជាក្រុមៗ។ គាត់​បាន​លើកឡើងថា ជំនាន់នោះមនុស្សចាស់មានការលំបាកជាងក្មេងៗ។ ​អ្វីដែលលំបាកសម្រាប់គាត់នោះ គឺមិនបានហូបគ្រប់គ្រាន់ ធ្វើការពីម៉ោង ៧ ដល់ម៉ោង ១១ ទើបបានហូប។ គាត់បានបញ្ជាក់ថា ធ្វើស្រែបានទិន្នផលច្រើន ប៉ុន្តែមិនដែលបានបាយហូបនោះទេ។ គាត់បានធ្លាប់ឃើញគេចាប់ចងមនុស្សដើរកាត់ ជាសំណាងល្អក្រុមគ្រួសាររបស់គាត់​ពុំមាននរណាម្នាក់បានបាត់បង់ជីវិតនៅក្នុង​សម័យនោះទេ។ ​ហេង នីម មិនបានដឹងពីការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ។ គាត់ជឿជាក់ថា ការអប់រំអាចឲ្យក្មេងជំនាន់ក្រោយ​បានដឹង នឹងរៀនសូត្រពីរបបនោះ។

សព្វថ្ងៃនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមភាគច្រើនកំពុងមានជំងឺប្រចាំកាយ និង​កង្វះខាតផ្នែកសេដ្ឋកិច្ចគ្រួសារ ដែលជាកត្តាមួយអាចប៉ះពាល់ដល់​សុខភាពរបស់គាត់ ជាពិសេសការប៉ះពាល់ដោយប្រយោលពីមេរោគកូវីដ១៩។ ហេង នីម មានការចងចាំមិនភ្លេចពីរបបនោះ ការជួបសួរសុខទុក្ខពីអ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើឲ្យគាត់​ធូរស្បើយចិត្តបានខ្លះ នៅពេលមាននរណាម្នាក់សួរទាក់​ទង​ទៅនឹងទុក្ខលំបាកនៅសម័យខ្មែរក្រហម និងស្ថានភាពបច្ចុប្បន្នរបស់គាត់។ ក្នុងនាមជាមេគ្រួសារម្នាក់ គាត់​ត្រូវខិតខំរកចំណូល ដែលបានតែពីធ្វើការស្រែចម្ការប៉ុណ្ណោះ គ្មានប្រាក់ឧបត្ថម្ភនោះទេ ដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់៕

សម្ភាសន៍ដោយ ភេទ សុភីម ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin