សុន វ៉ាន់នី៖ យោធាកងពល៣១០

សុន វ៉ាន់នី ឈ្មោះបដិវត្តន៍សមមិត្តនី គឺជាយោធាក្នុងកងអនុសេនាធំទី២, វរសេនាតូច១១៣, វរសេនាធំ១១ នៃកងពល៣១០ តំបន់ក្រចេះ កាលពីអំឡុងឆ្នាំ (១៩៧៥-១៩៧៩)។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានជួបសម្ភាសន៍ជាមួយ ឈ្មោះ សឹម សុន អាយុ៦៩ឆ្នាំ ត្រូវជាឪពុកទាក់ទងនឹងប្រវត្តិរឿងរ៉ាវនៃការចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម និងជីវិតជាយោធារបស់វ៉ាន់នី។ ខាងក្រោមនេះគឺជាការផ្តល់ព័ត៌មានពីឪពុករបស់វ៉ាន់នី៖[1]
វ៉ាន់នី មានស្រុកកំណើតនៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។ វ៉ាន់នី មានម្ដាយឈ្មោះ អ៊ុច មី និងមានប្អូនចំនួន៥នាក់ (ក្នុងនោះប្រុស៣នាក់ និងស្រី២), វ៉ាន់នី ជាកូនច្បងក្នុងគ្រួសារ, ប្អូនៗរបស់វ៉ាន់នី មានឈ្មោះ សុន ណេន, សុន ឡេន, សុន ម៉េន, សុន ម៉ុន និងប្អូនពៅឈ្មោះ សុន អុន។
វ៉ាន់នី ធ្លាប់ រៀនសូត្របានត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅសាលាបឋមសិក្សាព្រែកជីក។ វ៉ាន់នី បានឈប់រៀននៅពេលមានរដ្ឋប្រហារទម្លាក់សមេ្ដចព្រះនរោត្តម សីហនុ ពីតំណែង ហើយនៅពេលនោះប្រទេសជាតិកើតមានសង្គ្រាម និងការធ្វើបាតុកម្ម នាំឲ្យសាលារៀនត្រូវបានបិទទ្វារ, លោកគ្រូ-អ្នកគ្រូ មិនហ៊ានមកបង្រៀន។
នៅឆ្នាំ១៩៧១ វ៉ាន់នី និងយុវជនចំនួនបួននាក់រួមមានឈ្មោះ៖ ក្នូយ, ហេង, អេត និងអន បានទៅ ចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហមតាមរយៈការឃោសនាអប់រំពីសំណាក់ឈ្មោះ សេន ដែលជាប្រធានភូមិ។ ឪពុកនិយាយថា កាលនោះគ្រួសារគាត់រស់នៅក្នុងតំបន់រំដោះ ដូចច្នេះគ្រួសារណាដែលមានសមាជិកធំពេញវ័យត្រូវតែមានកាតព្វកិច្ចសេ្នហាជាតិបញ្ជូនសមាជិកគ្រួសារនោះឲ្យទៅចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម ប៉ុន្តែតាមពិតវ៉ាន់នី គ្មានបំណងទៅបម្រើបដិវត្តន៍នោះទេ។ កាលនោះបដិវត្តន៍ខ្មែរក្រហម បោះទីតាំងនៅក្នុងព្រៃ និងតំបន់ដាច់ស្រយាលពីផ្ទះអ្នកស្រុក ហើយវ៉ាន់នី និងយុវជនបានចូលទៅក្នុងព្រៃ ហើយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៧៣ មេភូមិសេនបានអប់រំ វ៉ាន់នី ពីមាគ៌ាបក្ស និងការធ្វើបដិវត្តន៍ក្នុងបំណងរំដោះប្រទេសជាតិពីរបប លន់ នល់ ។
បន្ទាប់ពីចូលរួមជាមួយបដិវត្តន៍ វ៉ាន់នី ត្រូវបានអង្គការចាត់តាំងឲ្យទៅហ្វឹកហាត់យោធានៅក្នុងកងអនុសេនាធំទី២, វរសេនាតូច១១៣, វរសេនាធំ១១ នៃកងពល ៣១០ ក្រោយអង្គការបានបញ្ជូនវ៉ាន់នី ទៅសមរភូមិមុខវាយប្រយុទ្ធជាមួយនឹងទាហាន លន់ នល់ នៅតំបន់ក្រចេះ, តំបន់កំពង់ចាម និងនៅទីក្រុងភ្នំពេញរហូតដល់របបខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងលើរបប លន់ នល់ នៅឆ្នាំ១៩៧៥។ ក្នុងនាមជាយោធានៅពេលនោះកន្លែងរស់នៅរបស់វ៉ាន់នី មិនមានភាពទៀងទាត់នោះទេដោយត្រូវផ្លាស់ប្តូរពីកន្លែងមួយទៅមួយកន្លែងទៀតតាមតែថ្នាក់លើកំណត់ ហើយកាលប្រយុទ្ធនៅសមរភូមិវ៉ាន់នី ធ្លាប់ទទួលរងរបួសជាញឹកញាប់។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៧៥ នៅឯភូមិភោគទ្រា សង្កាត់ភោគទ្រា ស្រុកព្រៃឈរ ខេត្តកំពង់ចាម វ៉ាន់នី បានចូលជាសមាជិកយុវកក នៃនយោបាយកងធំ តាមរយៈអ្នកឧទ្ទេសនាមឈ្មោះហាន និងនី ដែលមាននាទីជាគណៈនយោបាយកងធំ ព្រមទាំងមានការទទួលស្គាល់ពីសំណាក់ឈ្មោះ អុល។[2]
នៅអំឡុងឆ្នាំ១៩៧៥ ឪពុកបានទទួលសំបុត្រមួយច្បាប់ពីវ៉ាន់នី ដែលបានផ្ញើមកសួរសុខទុក្ខគ្រួសារ និងប្រាប់ពីដំណឹងថាខ្លួនកំពុងធ្វើការងារជាយោធា ព្រមទាំងប្រាប់ថាគាត់មិនអាចមកលេងស្រុកកំណើតបានទេព្រោះជាប់រវល់ការងារយោធានៅទីក្រុងភ្នំពេញ។ នេះជាសំបុត្រតែមួយគត់ដែលឪពុក ទទួលបានពីកូននៅក្នុងមួយរបបខ្មែរក្រហម។ រហូតដល់ចុងឆ្នាំ១៩៧៨ នៅពេលដែលរណសិរ្សសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម វាយចូលប្រយុទ្ធជាមួយនឹងរបបខ្មែរក្រហម ហើយពេលនោះឪពុក បានទទួលដំណឹងពីវ៉ាន់នី តាមរយៈអ្នកស្គាល់គ្នាដោយប្រាប់ថា វ៉ាន់នី ត្រូវអង្គការបញ្ជូនទៅសមរភូមិនៅតំបន់ស្នួល ខេត្តក្រចេះ និងតំបន់នៅតាមព្រំដែនប្រទេសវៀតណាម ព្រមទាំងប្រយុទ្ធជាមួយនឹងរណសិរ្សសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម ហើយ វ៉ាន់នី មានភារកិច្ចខាងកាន់វិទ្យុទាក់ទងនៅក្នុងសមរភូមិ។
នៅឆ្នាំ១៩៨០ ពោលគឺមួយឆ្នាំបន្ទាប់ពីរបបខែ្មរក្រហមដួលរលំស្រាប់តែ វ៉ាន់នី បានត្រលប់មកស្រុកកំណើតវិញ។ នៅពេលនោះ វ៉ាន់នី បានប្រាប់ឪពុកថានៅឆ្នាំ១៩៧៩ ពេលដែលរបបខ្មែរក្រហមដួលរលំគាត់ និងប្រពន្ធបានរត់ភៀសខ្លួនទៅរស់នៅខេត្តសៀមរាប ដែលជាស្រុកកំណើតប្រពន្ធ។ វ៉ាន់នី និយាយបន្តថា នៅខេត្តសៀមរាប អាជ្ញាធរចេះតែមករករឿងដោយចោទប្រកាន់ការងារកាលពីអតីតកាលរបស់ខ្លួនដែលធ្លាប់ធ្វើជាយោធាខែ្មរក្រហម ហេតុនេះទើបគាត់ត្រលប់មករស់នៅឯខេត្តក្រចេះវិញ។ វ៉ាន់នី បន្តរស់នៅខេត្តក្រចេះ រហូតដល់ឆ្នាំ១៩៩៣ ក៏ជួបប្រទះហេតុការណ៍អកុសលមួយបានកើតឡើង គឺព្រឹត្តិការណ៍ចោរប្លន់ម៉ូតូដែលបានបណ្តាលឲ្យ វ៉ាន់នី បានបាត់បង់ជីវិតនៅពេលនោះ៕
[1] KRI0047 បទសំភាសន៍របស់ឆាយ ណារឿន ជាមួយ សឹម សុន អាយុ៦៩ឆ្នាំ ត្រូវជាឪពុក រស់នៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០០៦។
[2] I00466 ឯកសារប្រវត្តិរូបសង្ខេបបេក្ខជនមានគ្រួសារ (ក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥-១៩៧៩) ឈ្មោះ សុន វ៉ាន់នី ភេទប្រុស មានអាយុ២៤ឆ្នាំ។ វ៉ាន់នី មានឪពុកឈ្មោះសុន និងម្តាយឈ្មោះមី និងមានវណ្ណភាពជាកសិករកណ្តាល (ស្អាតស្អំគ្មានអ្វីជំពាក់ជំពិនជាមួយនឹងខ្មាំង)។ វ៉ាន់នី ជាសមាជិកក្រុមយោធានៃកងអនុសេនាធំទី២, វរសេតូចលេខ១១៣, វរសេនាធំលេខ១១ នៃកងពលលេខ៣១០ ហើយធ្លាប់ចូលរួម និងបានធ្វើសច្ចាប្រណិធានគោរពទង់បក្ស។ វ៉ាន់នី មានគុណសម្បត្តិ ខិតខំគោរពវិន័យបក្ស, បំពេញភារកិច្ចជូនបក្សបានល្អ និងដោយឥតលក្ខខណ្ឌ។ ចំណែកគុណវិបត្តិនៅមានការខ្វះខាតដូចជាបំពេញភារកិច្ចមិនទាន់ក្តៅ នៅលើផ្នែកដឹកនាំនយោបាយក៏មិនទាន់ធន់ជាប់ឲ្យបានសកម្មនៅឡើយ, លេងល្បែងស៊ីសង, ខិលខូចលេងសើចច្រើននិយាយស្តីមិនទាន់ចេះទទួលខុសត្រូវខ្ពស់ និងមានចរិតលក្ខណឯកជនច្រើន។

អត្ថបទដោយ អេង សុខម៉េង

