បូ អេង៖ ខ្មែរក្រហមចាប់ទាហាន លន់ នល់ ប្រមាណ៣៥០ ទៅសម្លាប់

បូ អេង មានអាយុ ៧៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យបានរៀបរាប់ពីខ្សែជីវិត និងបទពិសោធន៍កាលពីក្នុងរបបខ្មែរក្រហមដូចទៅ៖
«ខ្ញុំឈ្មោះ បូ អេង កើតនៅឆ្នាំ១៩៤៥ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ បូ ហើយខ្ញុំមានបងប្អូនបង្កើតចំនួន ៥នាក់ និងប្រពន្ធរបស់ខ្ញុំមានឈ្មោះ ជុំ អេន ។
កាលពីកុមារភាពខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៩ ខ្ញុំឈប់រៀននៅពេលមានរដ្ឋប្រហារទម្លាក់ សម្តេច ព្រះនរោត្តម សីហនុ ពីតំណែងនៅក្នុងឆ្នាំ១៩៧០។ បន្ទាប់ពីឈប់រៀនខ្ញុំបានជួយធ្វើការងារស្រែចម្ការឪពុកម្តាយនៅស្រុកស្វាយអន្ទរ។ នៅក្នុងចន្លោះឆ្នាំ១៩៧០ រហូតដល់ ឆ្នាំ១៩៧៥ ស្ថានភាពគ្រួសារខ្ញុំជួបប្រទះទុក្ខលំបាកខ្លាំងដោយសារតែសង្គ្រាមផ្ទៃក្នុងប្រទេស និងការទម្លាក់គ្រាប់បែក។ ជាងនេះទៅទៀតការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងទាហានរបប លន់ នល់ ជាមួយនឹងយោធាបដិវត្តន៍ខ្មែរក្រហម ហើយខ្ញុំបានឃើញការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងគ្រាប់ពីសំណាក់ទាហានរបប លន់ នល់ ទៅលើយោធាខ្មែរក្រហមដែលសំងំលាក់ខ្លួនតាមព្រៃនានាក្នុងខេត្តព្រៃវែង។ នៅតំបន់ត្រពាំងក្រទុំ ខ្ញុំបានឃើញការទម្លាក់គ្រាប់បែកដែលបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន។
នៅថ្ងៃទី១៧ មេសា ១៩៧៥ របបខ្មែរក្រហមបានចូលគ្រប់គ្រងក្នុងភូមិស្រុក និងនៅទូទាំងប្រទេសកម្ពុជា ហើយកាលនោះខ្ញុំមានអាយុប្រហែលជា ២០ឆ្នាំ។ អង្គការខ្មែរក្រហមបានចាត់ទុកខ្ញុំជា “ប្រជាជនចាស់” ដែលបានរស់នៅភូមិឆ្អឹងពស់ មុនរបបខ្មែរក្រហមឡើងកាន់អំណាច។ ការងាររបស់ខ្ញុំ គឺស្ថិតនៅក្នុងកងចល័តយុវជនរបស់ឃុំពានរោង អង្គការបានចាត់តាំងខ្ញុំឲ្យទៅភ្ជួររាស់ដីសម្រាប់ឲ្យកងចល័តនារីស្ទូង ហើយក្រោយមកអង្គការបានផ្លាស់ប្តូរខ្ញុំឲ្យទៅយាមអ្នកទោសនៅមន្ទីរសន្តិសុខពានរោង។ ក្រៅពីការងារនេះ អង្គការក៏បានបញ្ជូនខ្ញុំឲ្យទៅធ្វើការនៅក្នុងកងចល័តស្រែប្រាំង ប្រចាំការនៅឃុំដំរីពួន ខាងលិចខេត្តព្រៃវែង (បច្ចុប្បន្នក្រុងព្រៃវែង)។ ការងាររបស់ខ្ញុំនៅទីនោះត្រូវលើកភ្លឺស្រែ និងជីកប្រឡាយទឹក។ ការងារលើកភ្លឺស្រែ និងជីកប្រឡាយទឹក មានភាពលំបាកខ្លាំងណាស់ ដោយសារប្រឡាយទឹកមានជម្រៅជ្រៅពី៧ ទៅ ៨ម៉ែត្រ ហើយការងារត្រូវធ្វើការទាំងថ្ងៃទាំងយប់ ស្ទើរគ្មានពេលសម្រាក។ ស្ថានភាពសុខភាពរបស់ខ្ញុំ បានធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែការហូបចុកខ្វះខាតខ្លាំង ដោយរបបអាហារមានតែបបរកន្លះវែកក្នុងម្នាក់សម្រាប់មួយពេលប៉ុណ្ណោះ។ កាលនោះខ្ញុំបានធ្លាក់ខ្លួនឈឺធ្ងន់អង្គការបានអនុញ្ញាតឲ្យខ្ញុំឈប់សម្រាក ប៉ុន្តែមិនផ្តល់របបអាហារព្រោះអង្គការបានចោទថាខ្ញុំ «ឈឺពុត, ឈឺខ្ចិលធ្វើការ ឬឈឺសតិអារម្មណ៍» ហេតុដូច្នោះខ្ញុំត្រូវបង្ខំចិត្តទៅធ្វើការទំាងមានជំងឺ។ មេកងជីកប្រឡាយរបស់ខ្ញុំគឺឈ្មោះតាហេង ដែលមានស្រុកកំណើតនៅភូមិព្រៃនគរក្នុង។
នៅឆ្នាំ១៩៧៧ អង្គការបានបង្ខំខ្ញុំឲ្យយកប្រពន្ធ។ ខ្ញុំមិនបានស្គាល់ប្រពន្ធខ្ញុំពីមុនមកនោះទេ ប៉ុន្តែខ្ញុំសម្រេចចិត្តរៀបការព្រោះខ្លាចអង្គការសម្លាប់។ ពិធីរៀបការធ្វើឡើងដោយអង្គការឲ្យអង្គុយជាជួរៗ (ប្រុសមួយជួរ ស្រីមួយជួរ) និងហៅឈ្មោះចូលតាមតុម្នាក់មួយគូៗ ដោយមានកម្មាភិបាលខ្មែរក្រហមនៅអង្គុយជិតចាំអប់រំថាត្រូវចេះស្រឡាញ់គ្នា។ នេះជាការរៀបការដោយបង្ខំ មិនមែនកើតចេញពីចិត្តស្រឡាញ់ ឬការស្នើរទៅអង្គការឡើយ ហើយគូស្រករខ្លះមិនដែលទាំងស្គាល់គ្នាពីមុនមកផង។ ខ្ញុំរៀបការនៅពេលនោះមានចំនួនប្រមាណជា៤០គូ។ ក្រោយរៀបការរួចអង្គការអនុញ្ញាតឲ្យខ្ញុំសម្រាកនៅផ្ទះជាមួយប្រពន្ធតែ៣ថ្ងៃ ៣យប់ ប៉ុណ្ណោះ រួចខ្ញុំត្រូវត្រលប់ទៅការដ្ឋានការងារនៅឃុំដំរីពួនដើម្បីជីកប្រឡាយទឹកវិញ។ ក្នុងរបបខ្មែរក្រហមខ្ញុំបានបាត់បង់សមាជិកគ្រួសាររួមមាន ម្តាយក្មេក និងបងប្អូនថ្លៃ ដែលអង្គការជម្លៀសទៅស្រុកបាកាន ខេត្តពោធិ៍សាត់។ ខ្ញុំបានឃើញផ្ទាល់ភ្នែកនូវការធ្វើទារុណកម្ម និងសម្លាប់ប្រជាជននៅតំបន់ទួលគ។ នៅតំបន់ទួលគ ខ្ញុំឃើញទាហានខ្មែរក្រហមចាប់មនុស្សយកទៅសម្លាប់ដោយប្រាប់ថាយកទៅរៀនសូត្រ ប៉ុន្តែនៅពេលប្រជាជនដើរដល់តំបន់ទួលគ ឈ្លបខ្មែរក្រហម បានប្រើឧបករណ៍ដូចជាគល់ឫស្សី ឬត្បូងចប វាយសម្លាប់ពីក្រោយ។ ឈ្លបដែលសម្លាប់មនុស្ស និងអ្នកដែលត្រូវគេសម្លាប់ ជួនកាលគឺជាមនុស្សដែលធ្លាប់ស្គាល់គ្នាពីមុន។ ខ្ញុំក៏បានឃើញខ្មែរក្រហមចាប់ទាហានរបប លន់ នល់ ប្រមាណជា ៣៥០នាក់ ដោយសារទាហានទាំងនោះមិនព្រមចុះចាញ់ ហើយទាហានទាំងនោះត្រូវបានស្លាប់។ ខ្ញុំក៏ជាសាក្សីដែលបានឃើញខ្មែរក្រហមបញ្ជាប្រជាជនឲ្យវាយកម្ទេចវត្តអារាម និងសាលារៀនចោល។ ប្រជាជនត្រូវបង្ខំចិត្តធ្វើតាមបញ្ជាខ្មែរក្រហមព្រោះខ្លាចស្លាប់។
រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺទុក្ខវេទនា, ការបង្ខំឲ្យធ្វើការងារគ្មានពេលសម្រាកទាំងនៅពេលឈឺ, គ្មានសម្លៀកបំពាក់ និងគ្មានអាហារហូបគ្រប់គ្រាន់។ បច្ចុប្បន្នខ្ញុំមានជំងឺប្រចាំកាយគឺជំងឺទឹកនោមផ្អែម និងជំងឺក្រពះ៕
សម្ភាសដោយ តឿ ទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

