យូសុះ ៖ ឈ្លបបានសម្លាប់គ្រូបង្រៀនភាសាអ៊ិស្លាមដែលមិនព្រមកាត់សក់ខ្លី

នៅពេលខ្មែរក្រហមឡើងកាន់អំណាចបានតម្រូវឱ្យស្រីៗទាំងអស់ត្រូវតែកាត់សក់ខ្លី ប៉ុន្តែមានអ្នកគ្រូបង្រៀនភាសាអ៊ិស្លាមម្នាក់បានតវ៉ា។ នៅវេលាយប់ឈ្លបពីរនាក់បាននាំអ្នកគ្រូនោះទៅបាញ់សម្លាប់នៅក្នុងព្រៃឫស្សីដោយចោទប្រកាន់ថាប្រឆាំងអង្គការ។

ទ្រេះ យូសុះ មានអាយុ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិទី៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។[1] នៅរបប លន់ នល់ យូសុះ បានចងចាំថាក្នុងគ្រួសារមានសមាជិកចំនួន៦នាក់ រួមមាន៖ ម្តាយ ឪពុក និងកូនៗ ៤នាក់ ត្រូវរស់នៅដោយភាពភ័យខ្លាចយ៉ាងខ្លាំង។ អំឡុងឆ្នាំ១៩៧១-១៩៧៣ សមាជិកគ្រួសារតែងតែរត់គេចចូល​រណ្តៅត្រង់សេ ដែលមានរាងកាច់ជ្រុង នៅពេលឮសំឡេង​យន្តហោះ​ម្តងៗ ហើយរណ្តៅត្រង់សេរាងកាច់ជ្រុងនោះមានដាក់ក្តារ និងពូនដីពីលើ​។ យូសុះ នៅចាំថាបងប្អូនរបស់ឪពុកឈ្មោះ រ៉ូន ជាប្រពន្ធ និងឈ្មោះម៉ាស់ ជាប្តី មានអាយុប្រមាណ៤០ឆ្នាំ រស់នៅភូមិទី៧ ដែលជាអ្នកនេសាទត្រី បានស្លាប់ដោយសារតែកាំភ្លើងបាញ់ចេញពីយន្តហោះ។ ការបាញ់ដំបូងកើតឡើងលើប្រពន្ធ ហើយក្រោយត្រូវរបួសបានស្រែកឱ្យប្តីជួយ​។ ពេលប្តីមកជួយក៏ត្រូវគ្រាប់កាំភ្លើងទាំងពីរនាក់ ទើបយន្តហោះបានហោះចេញទៅ។ ពេលស្ងប់ស្ងាត់សំឡេងយន្តហោះប្រជាជនក្នុងភូមិបានចេញមកជួយសង្គ្រោះ ប៉ុន្តែមិនអាចជួយបានដោយសារតែរបួសអ្នកទាំងពីរធ្ងន់ធ្ងរពេកបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ យូសុះ បានដឹងថានៅភូមិកោះផល ក៏មានការទម្លាក់គ្រាប់បែកពីយន្តហោះនេះដែរ។ អ្នកភូមិកោះផលបានប្រាប់ថាយន្តហោះបានទម្លាក់គ្រាប់សម្លាប់ប្រជាជន សូម្បី ​តែបាវសណ្តែក ល្ង ដែលអ្នកភូមិធ្វើចម្ការបានទិន្នផលក៏ត្រូវគ្រាប់បែកទម្លាក់លើដែរដោយសារតែសង្ស័យថាជាមនុស្ស។ ការទម្លាក់គ្រាប់បែកនេះ យូសុះ បានឮឪពុកម្តាយប្រាប់ថាទាហានរបប លន់ នល់ មានបំណងចង់សម្លាប់យោធាខ្មែរក្រហម ដែលពួនលាក់ខ្លួនតាមព្រៃនៅក្នុងភូមិ ប៉ុន្តែគ្រាប់បែកភាគច្រើនត្រូវប្រជាជនស្លូតត្រង់ ព្រោះយោធាខ្មែរក្រហមបានដឹងពីរបៀបធ្វើសង្គ្រាម​។ គ្រានោះផ្ទះរបស់បងប្អូនយូសុះនៅស្រុកឆ្លូង ខេត្តក្រចះ ត្រូវបានឆេះអស់ដោយសារគ្រាប់បែក ហើយបងប្អូនបានមករស់នៅជាមួយគ្រួសារគាត់នៅភូមិទី៦។ នៅក្នុងភូមិមានឮសំឡេងបាញ់កាំភ្លើង ទម្លាក់គ្រាប់បែកធ្វើឱ្យរង្គើផ្ទះស្ទើរតែរាល់ថៃ្ង ហើយគ្រាប់បែកក៏បានកាត់ផ្តាច់​​ស្ពានមិនឱ្យទាហានខ្មែរក្រហមដឹកស្បៀងអាហារឆ្លងកាត់បាន។

នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានទទួលជ័យជម្នះលើរបប លន់ នល់។ យូសុះ បានរៀបរាប់រឿងរ៉ាវពីរបបខ្មែរក្រហមតាមរយៈការចងចាំ និងឮពីឪពុកម្តាយតំណាលប្រាប់ទៀតថា៖ សម័យនោះប្រធានភូមិ បានហៅឪពុកម្តាយ និងមេគ្រួសារក្នុងភូមិទៅប្រជុំជាញឹកញាប់ ហើយបង្កើតបានជាក្រុមប្រវាស់ដៃជួយគ្នាធ្វើស្រែចម្ការ និងដាំបន្លែ។ កន្លែងប្រជុំធ្វើឡើងក្រោមដើមឈើ ហើយខ្លឹមសារប្រជុំប្រធានភូមិបានណែនាំថា «របបថ្មីតម្រូវឱ្យប្រជាជនធ្វើការងារជាក្រុមប្រវាស់ដៃជួយគ្នាស្ទូងស្រូវ ដកសំណាបឬធ្វើចម្ការ និងដំាបន្លែ ហើយក្រុមប្រវាស់ដៃមានសមាជិក១០ ទៅ២០គ្រួសារ»។ ប្រធានភូមិ បានហៅក្រុមប្រវាស់ដៃប្រជុំនៅពេលយប់ជារឿយៗ ដើម្បីធ្វើស្វ័យទិតៀន ហើយអ្នកប្រព្រឹត្តកំហុសមានគេទិតៀនច្រើនគឺភ័យខ្លួន ព្រោះអ្នកទាំងនោះប្រឈមមុខត្រូវឈ្លបនាំទៅឃុំខ្លួន​។ យូសុះ មានអាយុប្រមាណ ៦ឆ្នាំ ប្រធានភូមិឱ្យរស់នៅក្នុងកងកុមារ។ យូសុះ បានឃើញប្រធានភូមិតម្រូវឱ្យស្រីៗទាំងខ្មែរ និងអ៊ិស្លាមត្រូវកាត់សក់ខ្លីត្រឹមក។ ស្រីៗដែលមិនព្រមធ្វើតាមគឺប្រឆាំង។ នៅថ្ងៃមួយ យូសុះ បានឃើញអ្នកគ្រូបង្រៀនភាសាអ៊ិស្លាមម្នាក់ឈ្មោះ ទួន ទន បានតវ៉ាចំពោះការកំណត់នេះ ដោយនិយាយប្រឆាំងថាស្រីៗអ៊ិស្លាមមិនកាត់សក់ខ្លីទេ។ លុះយប់ឡើងវេលាម៉ោងប្រហែល ៧ ឈ្លបពីរនាក់ ឈ្មោះសាង និងឈ្មោះប៉ូស (ស្លាប់) បានហៅមេភូមិឈ្មោះតាសុះ (ស្លាប់ដោយសារជំងឺក្រោយរបបខ្មែរក្រហម) ឱ្យជូនពួកគេទៅផ្ទះអ្នកគ្រូទន។ ពេលទៅដល់ឈ្លបបានចងអ្នកគ្រូទន បណ្តើរយកទៅដោយមិនបានសួរនាំឡើយ។ ឈ្លបពីរនាក់ដែលអ្នកភូមិ និងយូសុះ ស្គាល់ថាជាមនុស្សកោងកាច និងសោ្មះត្រង់នឹងអង្គការបានបណ្តើរអ្នកគ្រូទន ទៅដល់ព្រៃឫស្សីក្បែរកំពង់ដរ មាត់ទន្លេក៏ឮស្នូរផ្ទុះកាំភ្លើងហើយយូសុះ និងអ្នកភូមិសន្និដ្ឋានថាឈ្លបបានខឹងសម្បាអ្នកគ្រូទន មិនព្រម​កាត់សក់ខ្លីកាលពីពេលថ្ងៃទើបឈ្លបបាញ់សម្លាប់។

នៅចុងឆ្នាំ១៩៧៥ តាមរយៈប្រធានភូមិ ខ្មែរក្រហមបានដាក់ផែនការជម្លៀសប្រជាជនចេញពីភូមិទី៦ ។ កាលនោះដោយសារយូសុះ នៅក្មេងមិនសូវមានការបារម្ភច្រើនទេ ប៉ុន្តែកត់សម្គាល់ឪពុកម្តាយរបស់គាត់មានក្តីបារម្ភខ្លាំងខ្លាចអង្គការនាំទៅសម្លាប់។ ប្រធានភូមិបានប្រកាសថាការជម្លៀសប្រជាជនចេញពីភូមិទៅធ្វើការងាររោងចក្រ ហើយការងាររោងចក្រមិនហត់ដូចធ្វើការងារស្រែចម្ការទេ ប្រធានភូមិបានលើកទឹកចិត្តប្រជាជនត្រូវតែចុះឈ្មោះ។ ប្រធានភូមិប្រាប់ថាការចុះឈ្មោះជាការស្ម័គ្រចិត្ត ប៉ុន្តែឈ្លបបានបង្ខំប្រជាជនត្រូវតែជម្លៀសចេញ។ ប្រធានភូមិប្រាប់ថាការជម្លៀសតម្រូវឱ្យទៅធ្វើការងាររោងចក្រនៅខេត្តបាត់ដំបង ហើយការរស់នៅទីនោះមានអាហារហូបចុកគ្រប់គ្រាន់។ គ្រាមួយគ្រួសាររបស់យូសុះ និងប្រជាជនប្រមាណ១០០គ្រួសារបានចុះឈ្មោះដើម្បីជម្លៀសទៅតំបន់ថ្មី។ ឪពុកបានប្រាប់យូសុះថា មិនអាចប្រឆាំងឬបន្តរស់នៅភូមិទី៦ បានទៀតទេ។ អង្គការបានប្រាប់គ្រួសារយូសុះ និងប្រជាជនឱ្យរៀបចំសម្ភារ ខោអាវ បន្តិចបន្តួចបានហើយ ព្រោះអង្គការបានរៀបចំស្បៀងអាហារនៅទីនោះមិនខ្វះទេ។ ទោះបីជាយ៉ាងណាគ្រួសាររបស់យូសុះ បានយកអង្ករ និងអាហារបំរុងមួយចំនួនដើម្បីហូបចុក។ ការធ្វើដំណើរតាមមធ្យោបាយកាណូតធំៗ ជាច្រើនគ្រឿង ហើយកាណូតរបស់គ្រួសារគាត់ធ្វើដំណើរចេញពីកំពង់ដរចុងកោះ ទៅឈប់នៅស្រុកស្ទឹងត្រង់។ នៅស្ទឹងត្រង់សម្រាកបីថ្ងៃ បីយប់ ទើបមានរថយន្តដឹកគ្រួសារគាត់ ទៅតំបន់ដីក្រហមស្ថិតក្នុងព្រៃចម្ការកៅស៊ូ ហើយបន្ត​ស្នាក់​នៅបីយប់ទៀត ទើបមានរទេះគោជាច្រើនមកទទួលបន្តគ្រួសារទាំងអស់ទៅតាមភូមិផ្សេងៗ​ នៃឃុំ​សូភាស។ ចំណែកគ្រួសារយូសុះ ត្រូវទៅរស់នៅភូមិស្រប ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមួយគ្រួសារអ្នកមូលដ្ឋានមួយឈ្មោះយាយតប់ និងតាជីន។ យាយតប់ និងតាជីន បានចែកគ្រែមួយ ពាងទឹកមួយ ចំណែកចានឆ្នាំងឪពុកម្តាយបានយកមកពីស្រុក។ ឪពុកយូសុះ បានកាប់ធាងដូងមកធ្វើជាជញ្ជាំងបិទបាំងកន្លែង​ស្នាក់នៅ។ ពេលទៅដល់ដំបូងឈ្លបមិនទាន់បែងចែកការងារឱ្យគ្រួសារគាត់ធ្វើនៅឡើយទេ ហើយអង្ករនិងអាហារដែលគ្រួសារគាត់យកទៅពីស្រុកក៏អស់ទើបឪពុកម្តាយយូសុះ បានយកថ្នាំជក់ដែលសេសសល់ដើម្បីដោះដូរអង្ករ និងបន្លែជាមួយប្រជាជនមូលដ្ឋាន។ ក្រោយមកឈ្លបបានបែងចែកការងារឱ្យឪពុកធ្វើជាជាងធ្វើត្បាល់កិនពោតដើម្បីយកទៅលាយអង្ករ ម្តាយ និងបងៗទៅការដ្ឋានភ្ជួរស្រែស្ទូងស្រូវ។ យូសុះ និងប្អូនអាយុប្រមាណ ៤ឆ្នាំ ត្រូវរស់នៅកងកុមារ។ ប្អូនរបស់យូសុះ ត្រូវចាស់ៗមើលថែ។ ចំណែកយូសុះ និងកុមារ បីនាក់ទៀតអង្គការប្រើឱ្យទៅឃ្វាលគោក្របី ប្រមាណ៥០ក្បាល នៅវាលស្រែឆ្ងាយពីភូមិ។ នៅពេលព្រឹកគាត់ ត្រូវខ្ចប់បាយចំនួនពីរវែក លាយពោត ផ្លែចេក ឬផ្លែក្តួច ហូបជាមួយទំពាំងត្រំាឬគល់ល្ហុងត្រាំ។ អ្នកធ្វើការនៅរោងបាយមានចិត្តល្អ យូសុះ អាចស្នើសុំបាយក្តាំងបានម្តងម្កាល ហើយអ្នកនៅរោងបាយក៏មិនដែលបង្ខំឱ្យយូសុះ និងប្រជាជន​អ៊ិស្លាមហូបសម្លដែលមានសាច់ជ្រូកដែរ។

នៅតំបន់ផ្សេងទៀតជនជាតិ​អ៊ិស្លាមមួយចំនួនត្រូវបានរបបខ្មែរក្រហមសម្លាប់ និងចាត់ទុកជាសត្រូវលេខមួយរបស់ខ្លួន។ «ហ៊ឹម ម៉ាន៖ ដើមបណ្តឹងរដ្ឋប្បវេណី៖ (ធ្វើសក្ខីកម្មនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥) ប្រធានភូមិឈ្មោះ ថាំ បានប្រកាសថា ជនជាតិចាមត្រូវបានចាត់ទុកជាសត្រូវលេខមួយរបស់ខ្មែរក្រហម។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាប្រជាជនចាមត្រូវបានចាត់ទុកថាជាសត្រូវលេខមួយ ។ ខ្ញុំមិនដឹងថា ហេតុអ្វីបានជាខ្មែរក្រហមចាត់ទុកជនជាតិចាមថាជាសត្រូវលេខមួយទេ។ ក្រោយមកខ្ញុំសម្គាល់ឃើញថា ប្រជាជនចាមត្រូវបាននាំទៅសម្លាប់ចោល។ នៅក្នុងអំឡុងជំនាន់ខ្មែរក្រហម ប្រជាជនចាមត្រូវបាន បង្ខំឱ្យបរិភោគសាច់ជ្រូក ដែលចាត់ទុកថាជាសាច់មិនស្អាតនៅក្នុងសាសនាអ៊ិស្លាម។ សាសនាត្រូវបានបំផ្លាញ ហើយយើងត្រូវបានហាមឃាត់ មិនឱ្យបន់ស្រន់ឬគោរពប្រណិប័តន៍សាសនាទេ។ ប្រជាជនចាមមិនហ៊ានទទូលកន្សែងរុំក្បាលឬបន់ស្រន់ទេ ថ្វីបើអ្នកខ្លះបានលួចបន់ស្រន់ នៅពេលយប់ក៏ដោយ។ អ្នកទាំងនោះត្រូវតែប្រយ័ត្ន និងមិនត្រូវឱ្យខ្មែរក្រហមដឹងទេ។ យើងទទួលបានសាច់ជ្រូកហូប។ យើងត្រូវបានបញ្ជា ឱ្យកាត់សក់ខ្លី និងក្លាយខ្លួនជាផ្នែកនៃ “ប្រជាជាតិតែមួយ គឺប្រជាជាតិខ្មែរ”។ ក្រោយមក ស្ថានភាពកាន់តែអាក្រក់ទៅ។ ពុំចាំបាច់មានអ្នក នៅចាំទទួលបន្ទុកផ្នែកផ្ទះបាយទៀតទេ។ ប្រជាជនត្រូវធ្វើការធ្ងន់ធ្ងរដើម្បីទទួលបានការអាណិតអាសូរពីខ្មែរក្រហម។ ហេតុដូច្នេះហើយ គឺពុំចាំបាច់មានអ្នកនៅយាមផ្ទះបាយទៀតទេ។ ប្រជាជនទាំងអស់ សូម្បីតែប្រជាជនចាម បានរាយការណ៍អំពីជនជាតិចាមដទៃទៀត។ ពីមួយពេលទៅមួយពេល គ្រួសារចាមត្រូវបាននាំយកទៅជាបន្តបន្ទាប់​។ ខ្ញុំមិនបានដឹងអំពីមូលហេតុនៃការបាត់ខ្លួនរបស់អ្នកទាំងនោះទេ»។[2]

ការរស់នៅរបស់គ្រួសារយូសុះ ក្នុងនាមជាប្រជាជនអ៊ិស្លាមមិនជួបប្រទះទុក្ខលំបាកខ្លាំងទេនៅគ្រានោះដោយសារតែ បានរស់នៅជាមួយម្ចាស់ផ្ទះដែលមានចិត្តសប្បុរស ឈ្មោះយាយតប់ និងតាជីន ហើយអ្នកគ្រប់គ្រងនៅរោង​បាយបានលួចផ្តល់របបអាហារបន្ថែមមួយចំនួនដល់យូសុះ។ ទោះបីជាយ៉ាងណាប្អូនយូសុះ ដែលមានអាយុ៤ឆ្នាំ បានស្លាប់ដោយសារតែជំងឺរាករូសធ្ងន់ធ្ងរគ្មានការថែទាំ និងព្យាបាលដិតដល់។ ជំងឺរាកប្អូនរបស់យូសុះឈឺតែបីថ្ងៃក៏បានស្លាប់។ រឿងរ៉ាវដែលយូសុះ ចងចំាមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺជាទឹកចិត្តសប្បុរសរបស់គ្រួសារយាយតប់ និងតាជីន ដែលបានធ្វើចំពោះគ្រួសារគាត់ប្រសិនបើគ្មានយាយតប់ និងតាជីនទេ គ្រួសារគាត់ប្រហែលស្លាប់ក្នុងរបបខ្មែរក្រហមអស់បាត់ទៅហើយ ព្រោះគាត់ដឹងថាអង្គការបានលុបបំបាត់រាល់ការគោរពប្រណិប័តន៍សាសនាទាំងអស់ ហើយតម្រូវឱ្យគោរពតែអង្គការមួយគត់។ យូសុះ បានរំឭកថា «នៅថ្ងៃមួយម្តាយខ្ញុំកំពុងតែបន់ស្រន់ ហើយខ្ញុំ និងបងស្រីកំពុងតែនិយាយគ្នាលេងអំពីជីវិតកាលពីរបបមុន មានអាហារហូបគ្រប់គ្រាន់ និងមិនត្រូវធ្វើការងារច្រើនគ្មានពេលវេលាសម្រាកដូចរាល់ថ្ងៃនេះទេ [របបខ្មែរក្រហម] ជាភាសាអ៊ិស្លាម​ ស្រាប់តែនៅពេលនោះមានឈ្លបពីរនាក់បានលបស្តាប់ និងបានចូលមកចាប់ម្តាយខ្ញុំ បងស្រី និងខ្ញុំ ប៉ុន្តែដោយសារមានតាជីន និងយាយតប់ បានប្រាប់ឈ្លបថាពួកខ្ញុំជាសមាជិកគ្រួសារនៅជាមួយគាត់ ទើបឈ្លបបានដោះលែងពួកយើងវិញ»។ យូសុះ និយាយថាយាយតប់ និងតាជីន ជាគ្រួសារមូលដ្ឋានដែលគេស្រឡាញ់និងគោរព។ យូសុះ និងគ្រួសារបន្តរស់នៅភូមិស្រប ឃុំសូភាស រហូតដល់របបខ្មែរក្រហមបានដួលរលំ ទើបធ្វើដំណើរដោយថ្មើរជើងត្រឡប់មករស់នៅស្រុកកំណើតវិញ។

ក្រោយរបបខ្មែរក្រហមឪពុករបស់យូសុះ និងអ្នកភូមិទី៦ បានត្រឡប់ទៅភូមិស្រប ចំនួនពីរដងដើម្បីទៅយកពូជស្រូវ ពោត ដែលធ្លាប់បង្កបង្កើនផលបានកាលពីរបបខ្មែរក្រហម ហើយត្រូវយោធាខ្មែរក្រហមដែលនៅសេសសល់បានបាញ់សម្លាប់។ ចំណែកឪពុករបស់យូសុះ មានសំណាងអាចត្រឡប់មកភូមិវិញយកពូជ​ស្រូវ​ ពោត ដើម្បីធ្វើស្រែចម្ការ ចិញ្ចឹមជីវិត។ ឪពុករបស់យូសុះ បានស្លាប់ដោយសារជំងឺកាលពីអំឡុងឆ្នាំ២០០០ និងម្តាយមានវ័យចាស់ជរា។ កាលពីពេលថ្មីៗនេះ យូសុះ បានទៅលេង និងសួរសុខទុក្ខយាយតប់ និងតាជីន ហើយបានដឹងថាយាយតប់បានងងឹតភ្នែកមើលមិនឃើញទាំងស្រុង ចំណែកតាជីនបានស្លាប់ដោយសារជំងឺ។ បច្ចុប្បន្ន យូសុះ មានជំងឺឡើងជាតិអាស៊ីតបណ្តាលឱ្យគាត់មានអាការៈឈឺតាមសន្លាក់ដៃ សន្លាក់ជើង និងឈឺចុកចាប់ពេញរាងកាយ ហើយគាត់បានទៅពិនិត្យជំងឺនៅមន្ទីរពេទ្យព្រមទាំងលេបថ្នាំ៕


អត្ថបទដោយ អេង សុខម៉េង

[1] សម្ភាសន៍ដោយ សុះ នូរសីណា ជាអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៩ នៅខេត្តត្បូងឃ្មុំ ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ទ្រេះ យូសុះ រស់នៅភូមិទី៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ត្រង់ជំពូកទី១៦ ផលប៉ះពាល់ពីការសម្លាប់រង្គោលអំពើប្រល័យពូជសាសន៍ និងការបំពានសិទ្ធិមនុស្សមកលើបុគ្គលម្នាក់ ៖ [ភ្នំពេញ] មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពលើកទី២ ឆ្នាំ២០២០, ទំព័រទី១០២។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin