មួយក្រុមភ្ជួរស្រែ ៣ ហិកតា

(ខេត្តស្វាយរៀង) កើត សេង មានអាយុ ៨២ឆ្នាំ និងមានទីកន្លែងកំណើតនៅភូមិត្រពាំងរេ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សេង មានឪពុកឈ្មោះ កើត ឈឹម និងម្តាយឈ្មោះ ស ស៊ុំ ហើយជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ (ស្រី ២នាក់)។ កាលពីកុមារភាព សេង រៀនសូត្របានថ្នាក់ទី៧ ក្នុងសម័យសង្គមរាស្ត្រនិយម។
សេង រៀបរាប់ថា នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពេលនោះប្រទេសជាតិចាប់ផ្តើមធ្លាក់ចូលក្នុងសង្គ្រាមវាយប្រយុទ្ធគ្នា ហើយប្រជាពលរដ្ឋទូទៅរួមទាំងរូបគាត់ផងដែរ បានរត់ភៀសខ្លួនពីការបាញ់គ្រាប់ផ្លោង។ ក្នុងកាលៈទេសៈនោះ សេង ក៏បានចូលទៅហ្វឹកហាត់ធ្វើជាយោធាបដិវត្តន៍ និងបានចូលរួមធ្វើសង្គ្រាមប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់។
បន្ទាប់មក នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ សេង បានត្រឡប់មកជួបជុំគ្រួសារនៅស្រុកកំណើតវិញ។ សេង បានឃើញខ្មែរក្រហមដើរប្រមូលទ្រព្យសម្បត្តិ មាសប្រាក់ លុយកាក់ សត្វពាហនៈ និងរបស់របរផ្សេងៗពីប្រជាពលរដ្ឋយកទៅរក្សាទុកក្នុងសហករណ៍ ដើម្បីប្រើប្រាស់រួម។ បន្ទាប់មក អង្គការបានចាត់តាំងឱ្យប្រជាពលរដ្ឋទៅដកស្ទូង និងភ្ជួរស្រែ។ សេង បានបន្តថា ការងារកាលណោះគឺត្រូវបែងចែកជាក្រុមទៅតាមការកំណត់ចាត់តាំងរបស់អង្គការ។ ក្រុមណាដែលធ្វើការងាររួចរាល់មុនគេ នឹងទទួលបានការសរសើរ ហើយអង្គការចាត់ទុកជាក្រុមគំរូសម្រាប់ឱ្យក្រុមដទៃទៀតរៀនសូត្រតាម។ សេង បានរៀបរាប់ទៀតថា នៅពេលមានការងារប្រញាប់ប្រញាល់ កងចល័តត្រូវបង្ខំចិត្តស្ទូងស្រូវទាំងយប់ងងឹត ដោយខ្លាចអង្គការដាក់ទណ្ឌកម្ម ឬទិតៀន។ ក្រៅពីការងារស្ទូង អង្គការបានចាត់តាំងឱ្យ សេង ទៅភ្ជួរស្រែក្នុងក្រុមមួយដែលមាននង្គ័ល ១០គ្រឿង ដោយក្នុងមួយថ្ងៃត្រូវភ្ជួររាស់ដីស្រែឱ្យបាន ៣ហិកតា។ លុះដល់រដូវប្រមូលផល សេង ត្រូវច្រូតកាត់ និងប្រមូលទិន្នផលស្រូវ។ ពេលនោះ សេង ត្រូវចាត់តាំងឱ្យធ្វើជាអ្នកបោកស្រូវ ដោយអង្គការកំណត់ផែនការការងារទៅតាមទំហំដីដែលបានច្រូតកាត់។ សេង និងក្រុមដែលមានសមាជិក ៥នាក់ ត្រូវបោកបែនស្រូវដែលច្រូតចេញពីដីស្រែទំហំ ២ហិកតា។ នៅរដូវប្រាំង សេង ត្រូវទៅចូលរួមលើកប្រព័ន្ធភ្លឺស្រែ។ នៅឆ្នាំ១៩៧៧ អង្គការបានផ្លាស់ប្តូរភារកិច្ច សេង ឱ្យទៅធ្វើការងារនៅផ្ទះបាយរួម ដើម្បីដាំបាយ និងស្លផ្គត់ផ្គង់សហករណ៍។ សេង ត្រូវដាំបាយឬបបរចំនួន ៤ឆ្នាំងធំ សម្រាប់អាហារមួយពេលៗ ហើយនៅពេលដាំបាយឬបបររួចរាល់ គាត់ត្រូវរែកយកទៅបែងចែកឱ្យសមាជិកកងចល័តនៅតាមការដ្ឋានការងារ។ សេង បានបញ្ជាក់ថា ទោះបីជាគាត់ជាអ្នកធ្វើការងារនៅក្នុងផ្ទះបាយក៏ដោយ ក៏របបអាហារដែលទទួលបានគឺមានតែបាយឬបបរមួយកូនចានចង្កឹះ សម្រាប់ពីរពេលអាហារ ដូចប្រជាជនទូទៅដែរ។
នៅក្នុងរបបខ្មែរក្រហម ប្អូនប្រុសរបស់សេង ត្រូវបានខ្មែរក្រហមចាប់ផ្សឹក និងបង្ខំឱ្យទៅធ្វើការងារនៅតាមការដ្ឋានដូចប្រជាជនដទៃទៀតដែរ។ ខ្មែរក្រហមព្រមទាំងបានវាយកម្ទេចព្រះពុទ្ធបដិមា និងព្រះវិហារ រួចយកធ្វើជាឃ្លាំងសម្រាប់ដាក់ស្រូវអង្ករ។ នៅពេលរបបខ្មែរក្រហមជិតដួលរលំខ្មែរក្រហមបានប្រើល្បិចបំភិតបំភ័យប្រជាជនឱ្យនាំគ្នារត់ភៀសខ្លួន ដោយឃោសនាបំផ្លើសថា ប្រយ័ត្នកងទ័ពវៀតណាមចូលមកចាប់វះពោះញាត់ស្មៅ។ ដោយសារតែមានការភិតភ័យ សេង ក៏បានរត់ភៀសខ្លួនទៅដល់តំបន់អ្នកលឿង។ នៅទីនោះ គាត់បានទទួលព័ត៌មានពីកងទ័ពរណសិរ្សប្រាប់ថា ប្រទេសជាតិត្រូវបានរំដោះហើយ និងអនុញ្ញាតឱ្យប្រជាជនត្រឡប់ទៅរស់នៅផ្ទះសម្បែងវិញ។ នៅពេលទទួលបានដំណឹងនេះ គាត់មានក្តីត្រេកអរជាខ្លាំង និងបានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។
បច្ចុប្បន្ន សេង ប្រកបរបរជាកសិករ រស់នៅក្នុងភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

