គ្មានសិទ្ធិសេរីភាពក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ កឹម សុភាព ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៦០ឆ្នាំ មានមុខរបរជាកសិករ។ សព្វថ្ងៃគាត់រស់នៅជាមួយម្តាយ និងកូនស្រីដែលមានបញ្ហាខួរក្បាលមិនប្រក្រតីដូចក្មេងធម្មតា នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សុភាព បានឆ្លងកាត់របបខ្មែរក្រហមក្នុងវ័យអាយុ១៥ឆ្នាំ។ ក្នុងវ័យកំពុងសិក្សា សុភាព មិនទទួលបានការអប់រំទេ ដោយសារការជម្លៀសពីមួយកន្លែងទៅមួយកន្លែង ក្នុងខេត្តស្វាយរៀងដោយបង្ខំ។ សុភាព និងគ្រួសារបានរស់នៅភូមិឃ្លាំង ឃុំចេក ស្រុកស្វាយជ្រំ។ នៅទីនោះគាត់ត្រូវធ្វើជាកងចល័ត មើលគោ- ក្របី លើកប្រព័ន្ធភ្លឺស្រែ ប្រទ្បាយទឹក នៅឆ្ងាយៗពីភូមិ។ សុភាព ត្រូវធ្វើការគ្មានពេលសម្រាកគ្រប់គ្រាន់ជាមួយយុវជនដទៃទៀតក្នុងភូមិ។ គាត់ត្រូវក្រោកពីព្រឹកដើម្បីទទួលផែនការពីមេកង និងធ្វើការរហូតដល់ពេលថ្ងៃត្រង់ទើបទទួលទានអាហារ និងបន្តធ្វើរហូតដល់ល្ងាច។ សុភាព និយាយថា ម្នាក់ៗ ត្រូវខិតខំធ្វើការតាមការចាត់តាំងពីថ្នាក់លើដើម្បីទទួលបានរបបអាហារ ទោះបីឈឺ មិនស្រួលខ្លួនក៏ត្រូវធ្វើការងារដែរ។ អង្គការអនុញ្ញាតឲ្យតែអ្នកឈឺធ្ងន់ប៉ុណ្ណោះសម្រាក និងសម្រាកបានតែរយៈពេលខ្លីប៉ុណ្ណោះ។

សុភាព និយាយថា៖ «អង្គការតែងនិយាយថា ឈឺតិចថាឈឺខ្លាំង ដើម្បីបានសម្រាក ដូចនេះនឹងមិនទទួលបានរបបអាហារទេ ត្រូវតែខិតខំធ្វើការបើចង់ទទួលបានអាហារ ព្រោះអាហារសម្រាប់តែអ្នកធ្វើការងារទេ។ អ្នកឈឺយូរមិនចង់ធ្វើការជាអ្នកឈឺពុត»។

ក្នុងរបបខ្មែរក្រហម សុភាព ត្រូវរស់នៅបែកពីគ្រួសារនិង យូរៗម្តងគាត់ត្រូវបានគេអនុញ្ញាតឲ្យមកលេងផ្ទះ។ របបអាហារ សុភាព ទទួលបានតែបបរពីរពេលក្នុងមួយថ្ងៃ។ សុភាព បានលើកឡើងថា ក្នុងរបបខ្មែរក្រហមប្រជាជនរស់នៅគ្មានសិទ្ធិសេរីភាព និងធ្វើតែតាមការរៀបចំពីថ្នាក់លើ។ ប្រជាជនមិនហ៊ានសូម្បីនិយាយគ្នា ទោះបីជួបជាមួយអ្នកស្គាល់គ្នាដែលរស់នៅកន្លែងផ្សេងៗគ្នាក្តី។ សុភាព ធ្លាប់ឃើញការរៀបការនៅសម័យខ្មែរក្រហមដែលធ្វើឡើងនៅសាលាឃុំ។ អ្នករៀបការទាំងអស់មកពីកន្លែងផ្សេងៗ។ ប្តីប្រពន្ធដែលរៀបការមានពី២០ទៅដល់១៥០គូ។ ប្តីប្រពន្ធមួយចំនួនមិនពេញចិត្តចំពោះការរៀបចំតែមិនហ៊ានប្រកែកខ្លាចគេសម្លាប់ចោល។ ប្តីប្រពន្ធដែលមិនពេញចិត្តចំពោះការរៀបចំ បានលែងលះគ្នាពេលដែលរបបខ្មែរក្រហមដួលរំលំ។ ចំណែក ការគោរពប្រណិប័តន៍សាសនាវិញត្រូវបានហាមឃាត់។ វត្តអារាមត្រូវបានបំបាត់ដោយទីធ្លាវត្តត្រូវបានប្រើជាកន្លែងចិញ្ចឹមសត្វ និងជាកន្លែងសម្រាប់សហករណ៍ស្តុកស្រូវ និងអង្ករ។

សុភាព និយាយថា អង្គការបានបំបាត់វត្ត វាយកម្ទេចព្រះពុទ្ធបដិមាករបំផ្លាញព្រះវិហារ និងកន្លែងទីសក្ការៈផ្សេងៗទៀត។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សុភាព និងគ្រួសារបានមករស់នៅជួបគ្នាវិញនៅស្រុកកំណើត។

ពេលនិយាយពីរបបខ្មែរក្រហម សុភាព នៅតែចងចាំនូវការឈឺចាប់ដែលបានទទួលរង។ បច្ចុប្បន្នគាត់ មានជំងឺទឹកនោមផ្អែម។ ពេលដែលត្រូវបានសួរពីតុលាការខ្មែរក្រហម។

សុភាព និយាយថា គាត់មានការពេញចិត្តចំពោះការដាក់ទោសមួយជីវិតលើមេដឹកនាំរបបខ្មែរក្រហម។ គាត់គិតថាការសម្រេចនេះជាយុត្តិធម៌មួយសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាគំរូមួយដល់ក្មេងៗជំនាន់ក្រោយកុំឲ្យយកតម្រាប់តាមការដឹកនាំខុសឆ្គងទាំងនោះ។

សម្ភាសន៍ដោយៈ កើត សុរចនា ថ្ងៃទី២៨​ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយៈ អេង សុខម៉េង

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin