កុមារឃ្វាលគោក្របីសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ ប្រឹង យ៉ាត់ អាយុ៦០ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងរបបខ្មែរក្រហម យ៉ាត់ និងគ្រួសារត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅភូមិមុខដារ។ នៅទីនេះគាត់មិនសូវជួបការលំបាកខ្លាំងទេដោយសារតែប្រធានសហករណ៍ឈ្មោះ តា ចាន់ គាត់មានចិត្តល្អ។ ស្ថិតក្នុងវ័យកុមារគាត់អាចរស់នៅជួបជុំគ្រួសារបាន និងធ្វើការងារបានសម្រាកខ្លះ។

នៅទីនេះ យ៉ាត់ ធ្លាប់បានឃើញគខ្មែរក្រហម​វាយកម្ទេចវត្តអារាម និងចាប់ផ្សឹកព្រះសង្ឃ។ នៅក្នុង​របបខ្មែរក្រហមទីផ្សារលែងដំណើរការ និងគ្មានការចាយលុយ​។ ប្រជាជនទាំងអស់ត្រូវរស់នៅ​រួមគ្នាក្នុងសហករណ៍ យុវជនដែលជាកម្លាំងស្នូលត្រូវធ្វើការចល័តនៅឆ្ងាយៗពីភូមិដោយត្រូវជីកទំនប់ លើកប្រឡាយ លើកភ្លឺស្រែ និងធ្វើស្រែ។ ចាស់ៗត្រូវធ្វើការនៅសហករណ៍រោងបាយ និងខ្លះទៀតមើលថែទាំក្មេងតូច​ៗ ​​ដែលឪពុកម្តាយទៅធ្វើការឆ្ងាយៗ។ យ៉ាត់ នៅពេលនោះស្ថិតនៅវ័យក្មេង ត្រូវបានប្រើឲ្យឃ្វាលគោក្របី​។​ យ៉ាត់ បានប្រាប់​ថា នៅរបបខ្មែរក្រហម ​តាមការសង្អេត​របស់​​គាត់​គឺការលំបាកមានដោយកន្លែង និងដោយអ្នកគ្រប់គ្រង​។ ជាក់ស្តែងរូបគាត់ផ្ទាល់នៅសហករណ៍ភូមិមុខដារ មិន​សូវជាលំបាកទេទាំងការងារ និងរបបអាហារ ព្រោះប្រធានសហករណ៍ទីនោះមានចិត្តល្អមិនសូវធ្វើបាបប្រជា​ជនទេ គ្រាន់តែគាត់ប្រាប់ប្រជាជនថា ត្រូវតែខិតខំបំពេញការងារ​ឲ្យគ្រប់តាមផែនការកំណត់។

យ៉ាត់ ធ្លាប់បានឃើញការរៀបការនៅសម័យខ្មែរក្រហម​។ ពិធីរៀបការម្តងៗមានចាប់ពី២០ទៅដល់៣០គូ​។ ប្តីប្រពន្ធគ្មានសិទ្ធិរើសគូស្រករឬប្រកែកថា មិនទាន់ចង់រៀបការនោះទេ។ ពិធីរៀបការរៀបចំឡើងរយៈពេលខ្លីគ្មានសាច់ញាតិទាំងសងខាងចូលរួមទេ។ ប្តីប្រពន្ធ​ដែលរៀបការស្លៀកសំ​លៀកបំពាក់ខ្មៅដូចថ្ងៃធម្មតាដែរ ប៉ុន្តែប្តីប្រពន្ធដែលបានរៀបការទទួលបានរបបអាហារគ្រប់គ្រាន់ជាងថ្ងៃធម្មតា។

ក្នុងរបបនោះខ្មែរក្រហមបម្រុងជម្លៀសគាត់ និងគ្រួសារឲ្យទៅខេត្តភាគពាយ័ព្យប៉ុន្តែដោយសារប្រធានសហករណ៍មានចិត្តល្អរាប់អានជាមួយគ្រួសារគាត់ ទើបមានសំណាង​មិនត្រូវបានជម្លៀសទៅដូចប្រជាជនដទៃទៀត។ យ៉ាត់ ឲ្យដឹង​ថា ក្នុងរបបនោះអ្នកដែលត្រូវជម្លៀសទៅខេត្តពោ​ធិ៍សាត់ និងបាត់ដំបង ភាគច្រើនរងទុក្ខលំបាកវេទនាខ្លាំងត្រូវបានធ្វើបាបបង្ខំឲ្យធ្វើការហួសកម្លាំងដោយ​ទទួល​បានរបបអាហារមិនគ្រប់គ្រាន់ និងមួយចំនួនត្រូវបាននាំយកទៅសម្លាប់ ព្រោះជាប់និន្នាការជាប្រជាជនភូមិភាគបូព៌ា។ ពេលរបបខ្មែរក្រហមដួលរលំប្រជាជនដែលជម្លៀសទៅភាគច្រើនគ្មានវាសនាត្រឡប់​មករស់នៅស្រុកកំណើតវិញទេ និងគ្រួសារ​ខ្លះទៀតបានបាត់បង់សមាជិកស្ទើរតែទាំងអស់។

ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ សមាជិគ្រួសារ​របស់យ៉ាត់​មិនបានបាត់បង់ជីវិតទេ គាត់ និងគ្រួសារ​បានត្រឡប់ពីភូមិមុខដារ មករស់នៅភូមិត្រពាំងព្រីង ប្រកបរបបធ្វើស្រែរហូតដល់សព្វថ្ងៃ។​

សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin