ប្តីស្លាប់ដោយសារជាប៉ូលីសរបប លន់ នល់

(ស្វាយរៀង) ៖  វង សាមឿន អាយុ៨២ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។

សម័យ លន់ នល់ សាមឿន រួមជាមួយកូនប្រាំនាក់ ម្តាយ​​ឪពុក និងប្តីឈ្មោះ ថោង  កែវ ធ្វើជាប៉ូលីសរស់នៅទីរួមខេត្តស្វាយរៀង​។ ចូលដល់ររបបខ្មែរក្រហម សាមឿន បានឃើញអង្គការដើរប្រមូលទ្រព្យសម្បត្តិឯកជនដើម្បីរក្សាទុករួម និងបង្ខំឲ្យសមាជិកគ្រួសាររស់នៅផ្សេងៗពីគ្នាតាមវ័យតាមក្រុម និងកងផ្សេងៗ។ កូនៗ និងប្តី ត្រូវបានគេបំបែកឲ្យរស់នៅក្នុងកងកុមារ និងកងចល័តយុវជន។ សាមឿន និងប្តីត្រូវធ្វើការនៅកងចល័ត​ឆ្ងាយៗពីភូមិធ្វើការជីកទំនប់លើក​ប្រឡាយ លើកភ្លឺស្រែ និងរានព្រៃធ្វើស្រែចម្ការ។ ប្តីសាមឿន ធ្វើការបានតែបីថ្ងៃ ត្រូវបានខ្មែរក្រហមនាំទៅរៀនសូត្រក៏បាត់ដំណឹងរហូតដល់សព្វថ្ងៃ ដោយមូលហេតុក្នុង​សហករណ៍គេដឹងថាគាត់ធ្លាប់ធ្វើប៉ូលីសនាសម័យ លន់ នល់។

បន្ទាប់ពីការបាត់ខ្លួនរបស់ប្តី សាមឿន កូនៗ និងឪពុក ម្តាយ ​ត្រូបានគេជម្លៀសទៅខេត្តបាត់ដំបង។ គ្រួសារសាមឿន​ ​បានធ្វើដំណើរឆ្លងកាត់អ្នកលឿង ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង។ នៅទីនេះក្នុងនាមជាប្រជាជន​ថ្មី ប្រជាជនមកពីភូមិភាគបូព៌ា សាមឿន ត្រូវ​ជីក​ប្រឡាយ លើកទំនប់ និងគាស់គល់ឈើដោយគ្មានពេល​សម្រាក និងគ្មានអាហារហូបគ្រប់គ្រាន់ ព្រមទាំងទទួលពាក្យគំរែម​ជារឿយៗថាបើមិនចង់បាត់ខ្លួនត្រូវខិតខំធ្វើការឲ្យច្រើនជាងប្រជាជនមូលដ្ឋាន។ ដោយសារពាក្យនេះ សាមឿន ត្រូវខិតខំធ្វើការពីព្រឹក ​បន្តរហូតដល់យប់ដើម្បីអាចសម្រេចតាមផែនការដែលថ្នាក់លើកំណត់។

សាមឿន៖«ទោះបីជាខ្ញុំខិតខំធ្វើការយ៉ាងណាក៏គេនៅ​តែចាត់ទុកខ្ញុំជាខ្មាំងប្រឆំាងគេដដែល ព្រោះខ្ញុំជាអតីតប្រពន្ធប៉ូលីសសម័យ លន់ នល់​ និងរស់នៅភូមិភាគបូព៌ា។ ការ​ងារ​​ខ្ញុំបានកើនឡើងជាបន្តបន្ទាប់ ចំណែករបបអាហារបានថយចុះ បើសិនខ្ញុំមិនអាចសម្រេចតាមផែនការគេទេខ្ញុំប្រហែលជាគ្មានជីវិតរស់ដល់សព្វថ្ងៃនេះទេ»។

ម្តាយឪពុករបស់ សាមឿន ត្រូវធ្វើការនៅក្នុងសហករណ៍រោង​បាយ ចំណែកកូនៗត្រូវដើររើសអាចម៍គោ រើសគួរស្រូវ​ និងប្រមូលដើមរុក្ខជាតិទុកធ្វើជី ដោយមិន​បានទៅសាលារៀន។ នៅបាត់ដំបង ឪពុក និងកូនពីរនាក់ ត្រូវបានស្លាប់ដោយសារជំងឺ និងគ្មានអាហារបរិភោគ។

ក្រោយមកគេបានបញ្ជូន សាមឿន ទៅកន្លែងផ្សេងៗទៀត ឆ្ងាយពីកូនៗ។ គាត់ត្រូវធ្វើ​ការ​ទាំងក្តីព្រួយបារម្ភពីសុវត្ថិភាពកូនដែលនៅតូចៗ។

រឿងរ៉ាវដែល សាមឿន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលគាត់ធ្វើការងារច្រើនមិនបានសម្រាក និងត្រូវរស់នៅឆ្ងាយពីកូន​ៗ​រហូតដល់កូនពីរបានស្លាប់ដោយមិនបានមើលថែត្រឹមត្រូវព្រមទាំងការដែលបាត់បង់សមាជិកគ្រួសារ។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ សាមឿន ម្តាយ និងកូនបីនាក់ បានធ្វើដំណើរដោយថ្មើរជើងត្រឡប់មករស់នៅស្រុកកំណើតវិញចំណាយរយៈពេល​ប្រហែលមួយខែ។

បច្ចុប្បន្ន សាមឿន មានជំងឺប្រចាំកាយគឺជំងឺលើសឈាម និងជំងឺឈឺសន្លាក់ធ្វើឲ្យគាត់ចុករោយរឹងដៃរឹងជើង​និងត្រូវការប្រើថ្នាំដើម្បីបំបាត់ការឈឺចាប់។

សាមឿន សប្បាយរីករាយដែលបានប្រាប់​រឿងរ៉ាវពី​របប​ខ្មែរក្រហមដល់ក្មេងជំនាន់ក្រោយ ព្រោះគាត់ចង់ឲ្យយុវជនចងចាំអំពីអំពើដ៏ឃោរឃៅនៅសម័យនោះ។

សម្ភាសន៍ដោយៈ វ៉ាន់ រស្មី ថ្ងៃទី៨ ខែសីហា ២០២១

អត្ថបទដោយៈ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin