កូនពីរនាក់ស្លាប់ដោយសាររបបខ្មែរក្រហម
(ស្វាយរៀង)៖ អ៊ុំ សាបៀត មានអាយុ៦៨ឆ្នាំ រស់នៅភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ សាបៀត មានបងប្អូនពីរនាក់គាត់ជាកូនបង។ សាបៀត មានប្តីឈ្មោះ សៅ សុន និងមានកូនចំនួនប្រាំពីរនាក់ ស្លាប់ពីរនាក់ក្នុងរបបខ្មែរក្រហម។
ក្នុងរបប លន់ នល់ សាបៀត រស់នៅជាមួយកូនៗ និងម្តាយនៅឯស្រុកកំណើតប្រកបរបបធ្វើស្រែចម្ការ ចំណែកប្តីគាត់ធ្វើជាទាហាន និងត្រូវបានបញ្ជូនទៅប្រទេសវៀតណាម។
នៅក្នុងរបបខ្មែរក្រហម សាបៀត ត្រូវបានប្រើឲ្យលើកប្រឡាយ លើកទំនប់ និងលើកភ្លឺស្រែដូចប្រជាជនក្នុងភូមិដទៃទៀត។ គាត់បន្តថា ការរស់នៅស្រុកកំណើតមិនសូវមានការលំបាកទេទាំងរបបអាហារ និងការធ្វើការងារ។ ប៉ុន្តែនៅពេលជម្លៀសគាត់បានជួបការលំបាកខ្លាំងដោយសារគាត់មានកូនតូចៗ និងម្តាយចាស់។ សាបៀត និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសជារឿយៗ ដំបូងឡើយជម្លៀសទៅក្នុងខេត្ត និងបន្ទាប់មកពីសហករណ៍មួយទៅសហការណ៍មួយទៀត។ ក្រោយមកគាត់ ម្តាយ និងកូនៗត្រូវជម្លៀសទៅខេត្តបាត់ដំបង។
សាបៀត ម្តាយ និងកូន ត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើដំណើរដោយថ្មើរជើងចេញពីស្រុក អស់រយៈពេលប្រហែលពីរសប្តាហ៍ ទើបបានដល់អ្នកលឿង និងបានឆ្លងកប៉ាល់ទៅត្រើយម្ខាង។ ពេលនោះមានឡានមកដឹកគាត់ និងគ្រួសារទៅភ្នំពេញ ទាល់តែដល់ច្បារអំពៅទើបមានការចែកអាហារ សំលៀកបំពាក់មួយសម្រាប់ម្នាក់ និងត្រូវបន្តដំណើរតាមរថភ្លើងឆ្ពោះទៅខេត្តបាត់ដំបងភូមិភាគពាយ័ព្យ។
នៅខេត្តបាត់ដំបងមានប្រជាជនជាច្រើនមកពីខេត្តព្រៃវែង និងស្វាយរៀងដែលជាភូមិភាគបូព៌ាដឹកនាំដោយ សោ ភឹម។
សាបៀត បាននិយាយទៀតថា នៅពេលរថភ្លើងដឹកប្រជាជនជម្លៀសមកដល់ភ្លាម ទាហានខ្មែរក្រហមបានមកធ្វើប្រវត្តិរូប អ្នកដែលជាប់ខ្សែស្រឡាយជាអតីតមន្រ្តីរាជការ ជាប៉ូលីស ជាទាហានក្នុងរបប លន់ នល់ ត្រូវបាននាំយកទៅសម្លាប់ភ្លាមៗ។ សាបៀត និងគ្រួសារមិនបានធ្វើប្រវត្តិរូបថា មានប្តីធ្លាប់ធ្វើជាទាហានក្នុងរបប លន់ នល់ ទេ ទើបគាត់និងគ្រួសារអាចមានជីវិតរស់។ ពេលធ្វើប្រវត្តិរូបរួច សាបៀត ម្តាយ និងកូនៗ ត្រូវបានបំបែកឲ្យរស់នៅផ្សេងៗពីគ្នា។ គាត់ត្រូវទៅធ្វើការលើកទំនប់ និងធ្វើស្រែឆ្ងាយៗពីកូនដែលរស់នៅក្នុងកងកុមារ ចំណែកម្តាយគាត់ធ្វើការនៅសហករណ៍រោងបាយ។
នៅទីនេះកូនៗគាត់ពីរនាក់បានស្លាប់ដោយអត់អាហារ និងដោយសារជំងឺកញ្ជ្រឹល ដោយមិនមានការព្យាបាលត្រឹមត្រូវ។ នៅក្នុងអំឡុងពេលធ្វើដំណើរទៅធ្វើការ សាបៀត ធ្លាប់ឃើញសាកសពដែលទើបតែត្រូវបានសម្លាប់ជាច្រើននៅក្នុងព្រៃ។
ក្រោយពីរបបខ្មែរក្រហមដួលរលំ សាបៀត ធ្វើដំណើរជាច្រើនថ្ងៃជាមួយកូន និងម្តាយ ត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅពេលមកដល់ស្រុកកំណើតវិញ ផ្ទះរបស់គាត់ត្រូវបានបំផ្លាញអស់ គាត់និងកូនៗបានទៅរកឈើដើម្បីធ្វើផ្ទះស្នាក់នៅ។
រឿងរ៉ាវដែល សាបៀត ចងចាំជាងគេក្នុងរបបខ្មែរក្រហមគឺការស្លាប់របស់កូនៗដោយសារអត់អាហារ និងជំងឺ។ ចំណែកខ្លួនគាត់បំរុងតែស្លាប់ម្តងៗដោយសារធ្វើការងារធ្ងន់ និងហូបមិនគ្រប់គ្រាន់។
សាបៀត តែងតែនឹកឃើញរឿងរ៉ាវដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម ពិសេសទុក្ខលំបាកអំឡុងពេលជម្លៀសដែលត្រូវមើលថែកូនៗតែម្នាក់ឯង។
បច្ចុប្បន្ន សាបៀត មានជំងឺប្រចាំកាយគឺជំងឺពកករ ជំងឺបេះដូង និងជំងឺគ្រួសក្នុងតម្រង់នោម។
សម្ភាសន៍ដោយ វឹម រិទ្ធី ថ្ងៃទី៧ ខែសីហា ២០២១
អត្ថបទដោយ អេង សុខម៉េង