ខ្មែរក្រហមបានសម្លាប់សាច់ញាតិខ្ញុំ អស់ចំនួន១៤នាក់

(ស្វាយរៀង) ៖ ម៉ុក សារ៉េន អាយុ៧៦ឆ្នាំ ជាកសិករ មានបងប្អូន១៣នាក់ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សារ៉េន មិនទទួលបានការអប់រំច្រើនទេ ដោយ​សារតែគាត់មានបងប្អូនច្រើន និងគួបផ្សំ​ចំពេលប្រទេស​មានសង្រ្គាម។ សម័យ លន់ នល់ សារ៉េន រស់នៅស្រុកកំណើតភូមិពោធិ៍តារស់។ ពេលនោះក្នុងភូមិមានការទម្លាប់គ្រាប់​បែក​ជាញឹកញាប់នាំឲ្យមានការ​ខូចខាត​ទ្រព្យសម្បត្តិ និង​បានសម្លាប់សត្វពាហនៈ និងជីវិតមនុស្សអស់ជាច្រើន។

ក្នុងរបបខ្មែរក្រហម សារ៉េន និងគ្រួសារ​ទទួលរងទុក្ខវេទនាខ្លាំងដោយសារតែប្តីរបស់គាត់ជាទាហានរបប ​លន់ នល់។ សារ៉េន បាននិយាយថា ប្តីរបស់គាត់ ឈ្មោះ គង់ សំ ត្រូវបានសម្លាប់ពេលដែលខ្មែរក្រហមចូលដល់ខេត្តស្វាយរៀង។ សារ៉េន និងបងប្អូននៅខេត្តស្វាយរៀងត្រូ​វ​​បានគេប្រើឲ្យធ្វើស្រែ ជីកទំនប់ និងលើកប្រឡាយ។ កូនរបស់គាត់​ រស់នៅកង​កុមា​រ​។ ឪពុកធ្វើការនៅមន្ទីរពេទ្យ។ ចំណែកម្តាយ​មើលថែទាំក្មេងតូចៗ។ សារ៉េន និយាយថា​សម័យនោះ​ធ្វើ​ការ​តាំង​ពី​ព្រលឹម​រហូត​ដល់​យប់​ជ្រៅ ឬបន្តដល់​ព្រឹក​បន្ទាប់។

ក្រោយពីប្តីស្លាប់ សារ៉េន និងគ្រួសារ ត្រូវបានជម្លៀសឲ្យទៅរស់នៅខេត្តបាត់ដំបង។ សារ៉េន និយាយថា ពេលជម្លៀសមានលក្ខខណ្ឌលំបាកខ្លាំង ទាំងការធ្វើ​ដំណើរ ការស្នាក់នៅ និងរបបអាហារ។ អ្នកជម្លៀសត្រូវរែក​សម្ភា​រៈ​ចំាបាច់ដូចជា៖ ចាន ឆ្នាំង អង្ករ និងខ្លះរែកសមា​ជិក​គ្រួសារដែលមានវ័យចាស់ និងមានជំងឺ។ ការធ្វើដំណើរភាគច្រើនគឺដោយថ្មើរជើង លើកលែងតែពេលឆ្លងទន្លេអ្នកលឿងមានកប៉ាល់ឆ្លងបន្តទៅភ្នំពេញ។ ពេលនៅដល់ភ្នំពេញ ខ្មែរក្រហមបានចែកសម្ភារៈមួយចំនួនឲ្យអ្នកជម្លៀសដូចជា សំលៀកបំពាក់ ប្រេងកូឡា និងក្រមា និងឲ្យស្នាក់នៅភ្នំពេញ ម្តុំច្បារអំពៅចំនួនបីថ្ងៃ។ ក្រោយ​មកខ្មែរក្រហមបានបន្តជម្លៀសតាមរថភ្លើង ពីភ្នំពេញមួយថ្ងៃមួយយប់ទៅខេត្ត​បាត់ដំបង។ សារ៉េន និងគ្រួសារ គេបានឲ្យទៅរស់នៅតំបន់ស្តុកបាវឹក។

នៅទីនោះ សារ៉េន និយាយថា ស្ថានភាព​រស់​នៅលំបាកខ្លាំងព្រោះនៅក្នុងព្រៃ និងត្រូវសង់ជម្រដោយខ្លួនឯង។ នៅទីនោះ អង្គការបានបែងចែកកម្លាំងគ្រួសាររបស់ សារ៉េន ទៅតាមកងផ្សេងៗដូចជា កងកុមារ​ត្រូវដើររើស​អាចម៍គោ និងកាប់កន្ទ្រានខែត្រយកទៅធ្វើជី និងដើររើសគួរស្រូវ។ ការធ្វើការនៅក្នុងកងចល័តត្រូវធ្វើស្រែចម្ការ ជីក​ទំនប់ លើកប្រឡាយ ចំណែកចាស់ៗត្រូវធ្វើការនៅសហក​រ​ណ៍រោង​បាយ។

រឿងរ៉ាវដែល សារ៉េន ចងចាំមិនភ្លេចនោះគឺការដែល​គាត់មិនអាចទៅមើលថែទាំម្តាយ របស់ខ្លួននៅពេលឈឺ។ ​រហូត​ដល់គាត់ស្លាប់។

សារ៉េន៖ «ខ្មែរក្រហមមិនអនុញ្ញាតឲ្យ​សាច់​​​ញាតិណាម្នាក់នៅមើលអ្នកជំងឺឡើយ ដោយគេនិយាយថា ​​គាត់​មិនមែនជាពេទ្យ ដូចនេះខំតែធ្វើការទៅ។ ម្តាយខ្ញុំមិនទទួលបានការព្យាបាលត្រឹមត្រូវ គាត់ទទួល​បាន​តែថ្នាំរាង​មូល​ៗដូចអាច​ម៍​ទន្សាយ គេបានទុកគាត់ចោលរហូតដល់ធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់»។

របបអាហារគ្រួសារ សារ៉េន ទទួលបានមិនខុសពីប្រជាពលរដ្ឋទូទៅទេគឺរបបបាយឬបបរមួយវែក ក្នុងមួយពេល(ថ្ងៃ​នឹងល្ងាច)។

ក្នុងរបបខ្មែរក្រហម សារ៉េន បានបាត់បង់សមាជិកគ្រួសាររួមមាន៖ ប្តី ម្តាយ ព្រមទាំង​បងប្អូនប្រុស ស្រី សរុបទាំងអស់១៤នាក់ ដោយសារអត់អាហារ ធ្វើការហួស​កម្លាំង ព្យាបាលមិនត្រឹមត្រូវ និងនាំយកទៅសម្លាប់។

ក្រោយរបបខ្មែរក្រហមដួលរលំ សារ៉េន កូនស្រី និង​ឪពុក​បានត្រឡប់មករស់នៅឯខេត្តស្វាយរៀង ជាស្រុកកំណើតវិញ។ បច្ចុប្បន្ន សារ៉េន មានជំងឺលើសឈាម ជំងឺឈឺក្រពះ ជំងឺគ្រុនពោះវៀន និងជំងឺឈឺសន្លាក់។

សម្ភាសន៍ដោយ ឃួន រស្មី  នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ​ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin