ពិការជើងដោយសារជាន់មីនក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ សោម ហុន អាយុ៦១ឆ្នាំ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហុន មានឪពុកឈ្មោះ សោម ប៊ិច និងម្ដាយឈ្មោះ មា យ៉ាន់ មានបងប្អូន០៧នាក់។

ហុន មិនទទួលបានការអប់រំច្រើនទេ ព្រោះប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ គាត់រៀនបានត្រឹមថ្នាក់អក្ខរកម្ម សម័យ លន់ នល់។ នៅសម័យ លន់ នល់ ហុន រស់នៅស្រុកកំណើតភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ និងបានរត់មករស់នៅ ភូមិពោធិ៍តារស់ ឃុំបាសាក់ ដោយសារតែស្ថានភាពរស់នៅលំបាក និងមានការទម្លាក់គ្រាប់បែកជាញឹកញាប់។

ពេលខ្មែរក្រហមចូលដល់ខេត្តស្វាយរៀង ហុន មានអាយុប្រហែល ២០ឆ្នាំ ត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើស្រែចម្ការ និងលើកភ្លឺស្រែ នៅសហករណ៍ ស្រុកស្វាយជ្រំ។

ក្រោយមកត្រូវបានជម្លៀសឲ្យទៅរស់នៅឯខេត្តបាត់ដំបង។ ហុន បានធ្វើដំណើរដោយថ្មើរជើងពីស្វាយរៀង និងសម្រាកនៅអ្នកលឿងមួយរយៈ និងឆ្លងកប៉ាលរួចធ្វើដំណើរទៅភ្នំពេញ។ ហុន បានរស់នៅភ្នំពេញប្រហែល២ខែ រួចក៏បន្តដំណើរដោយរថភ្លើងទៅដល់ខេត្តបាត់ដំបង។ នៅទីនេះ ហុន ត្រូវបានបំបែកឲ្យរស់នៅផ្សេងពីឪពុក ម្ដាយ និង បងប្អូន។ បងរបស់គាត់រស់នៅក្នុងកងចល័តធ្វើការជីកប្រឡាយ និងលើកទំនប់ និងប្អូនៗនៅក្នុងកងកុមារ ដើររើសអាចម៍គោ និងប្រមូលស្លឹករុក្ខជាតិធ្វើជីដាក់ស្រែ។ ម្តាយឪពុករបស់គាត់មើលក្មេងៗ នៅសហករណ៍រោងបាយ និងធ្វើចុងភៅ។ ពេលនោះ ហុន មិនដឹងពីសុខទុក្ខរបស់សាច់ញាតិខ្លួននោះទេ ព្រោះធ្វើការក្នុងកងចល័តឆ្ងាយៗពីសមាជិកគ្រួសារ។ ហុន ត្រូវធ្វើការជីកទំនប់ លើកប្រឡាយ និងលើកភ្លឺស្រែឲ្យបានប្រវែង២០០ម៉ែត្រ ក្នុង១ថ្ងៃ ដូចនេះគាត់ត្រូវងើបធ្វើការតាំងពីម៉ោង៤ទៀបភ្លឺ ដើម្បីធ្វើការរហូតដល់ យប់ទើបសម្រាក។ ចំពោះប្រជាជនណាដែលធ្វើការមិនគ្រប់ផែនការនឹងត្រូវយកទៅអប់រំ និងសម្លាប់។ ចំណែករបបអាហារទទួលបានមិនគ្រប់គ្រាន់នោះទេ គឺបានបាយ ឬបបរពីរពេលក្នុងមួយថ្ងៃ។ ពេលឈឺព្យាបាលដោយថ្នាំរាងមូលៗដូចអាចម៍ទន្សាយ។ ក្រោយមកខ្មែរក្រហម ក៏បានបង្ខំ ហុន ឲ្យចូលបម្រើកងទ័ព។ ហុន និយាយថាពេលនោះខ្លួនបានប្រកែកមិនធ្វើ កងទ័ពដោយសារតែឃើញការដឹកនាំមិនត្រឹមត្រូវ តែគ្មានជម្រើស ព្រោះខ្លាចខ្មែរក្រហមសម្លាប់។

ចុងឆ្នាំ១៩៧៨ ហុន ក៏បានជួបនឹងឧប្បទេវហេតុដោយដើរជាន់គ្រាប់មីនបណ្ដាលឲ្យគាត់ដាច់ករជើង។ ហុន ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបង។ ពេលកងទ័ពវៀតណាមចូលមករំដោះប្រទេស​កម្ពុជា ខ្មែរក្រហមក៏បានដឹក ហុន ពីមួយកន្លែងទៅមួយកន្លែង ក្នុងគោលបំណងដឹកឆ្លងព្រំដែន ប៉ុន្តែត្រូវបានកងទ័ពវៀតណាមមកដល់គាត់ក៏អាចគិចខ្លួនពីក្រុមខ្មែរក្រហម។

ហុន ពេលនោះបានស្វះសែ្វងរកសាច់ញាតិដែលរស់នៅខេត្តបាត់ដំបងជាមួយគ្នា ដើម្បីនាំគ្នាត្រឡប់មកស្រុកកំណើតវិញតែមិនជួបគាត់ ក៏ធ្វើដំណើរដោយកាន់ឈើច្រត់ ជាមួយមិត្តភក្តិ៧នាក់ មកខេត្តស្វាយរៀង។ ពេលមកដល់ស្រុកកំណើត ហុន ក៏បានជួប ឪពុក ម្តាយ បងប្អូន និងបានរស់នៅជួបជុំគ្នាប្រកបរបរធ្វើស្រែរហូតដល់សព្វថ្ងៃ។

ហុន បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយឲ្យចេះសិក្សាប្រវត្តិសាស្រ្តដែលអ្នកជំនាន់មុនបានជួបប្រទះ និងចូលរួមទប់ស្កាក់កុំឲ្យកើតមានលើទឹកដីកម្ពុជាម្តងទៀត។ ហុន បច្ចុប្បន្នមានជំងឺក្រពះ ជំងឺពោះវៀន ជំងឺ​ឬសដូងបាត និងជំងឺសន្លាក់។

សម្ភាសន៍ដោយ ឃួន រស្មី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin