បាត់ខ្លួនបងប្រុសបួននាក់ក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ ឥន សាបិន អាយុ៦១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឪពុកឈ្មោះ ឥន សាំង ស្លាប់ដោយសារជំងឺ។ ម្តាយឈ្មោះ ប៉ែន យ៉ន។ សាបិន មានបងប្អូនប្រាំបីនាក់គាត់ជាកូនពៅ។

សាបិន រៀនបានត្រឹមថ្នាក់ទីប្រាំពីរក្នុងរបប លន់ នល់ ដល់ពេលរបបខ្មែរក្រហមគាត់មិន​បានរៀនតទៅទៀតទេ។

ពេលខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា គាត់មានអាយុប្រមាណជា១៤ឆ្នាំ។ គាត់ត្រូវរស់នៅក្នុងសហករណ៍រួម​ជាមួយ​កុមារដទៃទៀតក្នុងភូមិស្វាយតាភ្ល។ សាបិន ​ត្រូវដើររើសអាចម៍គោ និងរើសគួរស្រូវនៅតាមវាលស្រែ។

ក្រោយមក សាបិន និងគ្រួសារត្រូវបានជម្លៀសទៅតំបន់ត្រជាក់ចិត្ត ស្ថិតក្នុងខេត្តបាត់ដំបង។ នៅទីនោះខ្មែរក្រហមបានប្រើគាត់ឲ្យបោក និងទូលស្រូវយកទៅទុកក្នុងឃ្លាំង​។ បងរបស់ សាបិន ត្រូវរស់នៅតាមកងចល័តផ្សេងៗគ្នា។ ពេលទៅធ្វើការគាត់ឃើញបងៗក៏មិនហ៊ានសួរ​សុខទុក្ខច្រើនដែរ ព្រោះខ្លាចគេចាប់កំហុសឬយកទៅសម្លាប់ ព្រោះ​អ្នកដែលទៅជាមួយគាត់ពីខេត្តស្វាយរៀងបានបាត់ខ្លួនស្ទើរតែរាល់ថ្ងៃ។ បងៗ របស់ សាបិន ត្រូវធ្វើការជីក និង​រែកដីដើ​ម្បី​ធ្វើទំនប់។ នៅខេត្តបាត់ដំបង បងប្រុសបួននាក់របស់គាត់ត្រូវបានឈ្លបខ្មែរក្រហមនាំយក​ទៅសម្លាប់ដោយមិនដឹងពីមូលហេតុ។

សាបិន៖ «បងប្រុសខ្ញុំបួននាក់ត្រូវ​បាននាំ​យកទៅសម្លាប់ដោយគ្មានកំហុស។ ក្នុងរបបខ្មែរក្រហម​ឲ្យតែអង្គការចង់ឲ្យអ្នកណាស្លាប់គឺអ្នកនោះគេចមិនរួចទេ។ ជាក់ស្តែងបងប្រុសខ្ញុំ ពេលកំពុងធ្វើការ​មានឈ្លបមកប្រាប់ថាល្ងាចនេះមិត្តឯងត្រូវទៅរៀនសូត្រក៏បានបាត់ដំណឹង​រហូតដល់សព្វថ្ងៃ»។

ក្នុងរបបនោះពេលគាត់ដើរទៅធ្វើការគាត់បានឃើញ​ទាហានចងបណ្តើរប្រជាជនយកទៅសម្លាប់។ ប្រជាជនពេលនោះប្រហែលជា២០នាក់ ដោយ​មិនដឹងថាមានកំហុសអ្វីនោះទេ។ ក្រោយមកឮថា ប្រជាជននោះជាខ្មាំងត្រូវបានសម្លាប់អស់ហើយ។ គាត់ក៏ធ្លាប់ឃើញសាកសពដែលកប់មិនបានត្រឹមត្រូវនៅតាមវាលស្រែ  និងតាមព្រៃឆ្ងាយពីភូមិផងដែរ។ ពេលឃើញម្តងៗគាត់ភិតភ័យជាខ្លាំងប៉ុន្តែមិនដែលហ៊ាននិយាយប្រាប់អ្នកណានោះទេ។ ដោយសារម្តាយឪពុកធ្វើស្រែនៅឆ្ងាយពីកន្លែង សាបិន ស្នាក់នៅគាត់បានសុំច្បាប់​ទៅលេងម្តាយ ប៉ុន្តែគាត់​មិនបានអនុញ្ញាតទើបគាត់លួចទៅលេងរហូតដល់ពេលអង្គការដឹង​បានដាក់ទណ្ឌកម្ម និងបង្អត់អាហារលើ​រូបគាត់​។

រឿងរ៉ាវដែល សាបិន នៅចងចាំមិនអាចបំភ្លេចបានក្នុ​ង​​របបខ្មែរក្រហមគឺការដែលគាត់នៅក្មេងហូបអាហារមិនគ្រប់គ្រាន់ រហូតធ្លាក់ខ្លួនឈឺស្ទើរតែបាត់បង់ជីវិត និងរឿងដែលគេបំរុង​នាំគាត់យកទៅសម្លាប់ដោយសារគាត់លួចបេះ​ត្រកួនអង្គការហូបព្រោះឃ្លានខ្លាំងពេក។

សាបិន ធ្លាប់ឃើញខ្មែរក្រហមបំផ្លាញវត្តអារាម ព្រះពុទ្ធបដិមាករ និងបានលុបបំបាត់សាសនាមិនឲ្យ​ប្រជាជន ប្រណិប័តន៍ធ្វើបុណ្យ។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សាបិន បានមកជួបជុំបងប្អូន និងម្តាយឪពុក នាំគ្នាត្រឡប់​មករស់នៅស្រុកកំណើតវិញ។ ក្រុមគ្រួសារគាត់​ធ្វើដំណើរប្រហែលជាងពីរខែ ទើបមកដល់ខេត្តស្វាយរៀង​។

សាបិន ប្រកបរបបធ្វើស្រែចម្ការ ដាំដំឡូង និងដាំបន្លែជុំវិញផ្ទះ​។ បច្ចុប្បន្នគាត់ខ្សោយ និងឧស្សាហ៍វិលមុខ។

អត្ថបទដោយៈ អេង សុខម៉េង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤

សម្ភាសន៍ដោយៈ សុខ ចន្ទ្រា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin