ខ្មែរក្រហមបានសម្លាប់ឪពុកខ្ញុំ

(ក្រចេះ) ៖ កែវ អេងស្រ៊ី ភេទស្រី មានអាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកាប៉ូ២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ គាត់មានបងប្អូនបួននាក់ ស្រីម្នាក់ បងប្អូនរបស់គាត់ទាំងបីនាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ នៅក្នុងរបបខ្មែរក្រហម។

នៅក្នុងរបបនោះ គាត់ជាប្រជាជនមូលដ្ឋាន ប៉ុន្តែគាត់ត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើការនៅភូមិម្រើម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅទីនោះអង្គការបានប្រើឲ្យគាត់ធ្វើចម្ការ ដាំដំណាំ និងធ្វើថ្នាំជាដើម។ បន្ទាប់ពីនោះអង្គការបានដកឲ្យគាត់ទៅធ្វើការនៅសហករណ៍រោងបាយ។ ចំពោះការងាររបស់គាត់គឺមិនសូវមានភាពលំបាកប៉ុន្មានទេ ព្រោះគាត់ធ្វើការនៅក្នុងរោងបាយ ដូច្នេះមិនមានការងារដែលមានសភាពធ្ងន់សម្រាប់គាត់នោះទេ។

នៅពេលព្រឹក អង្គការឲ្យគាត់ក្រោកដាំបបរ ពេលថ្ងៃ និងពេលល្ងាចត្រូវដាំបាយសម្រាប់ទុកឲ្យប្រជាជនដែលទៅធ្វើការនៅការដ្ឋាន។ នៅក្នុងតំបន់ដែលគាត់ទៅធ្វើការគឺទទួលបានអាហារសម្រាប់បរិភោគគ្រប់គ្រាន់ មិនមានការខ្វះខាតច្រើនឡើយ។ នៅពេលដែលប្រជាជនណាម្នាក់ មានជំងឺ អង្គការបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុក ដែលទីនោះមានពេទ្យនៅប្រចាំត្រៀមព្យាបាលជំងឺរបស់ប្រជាជន។

ចំពោះការរៀបអាពាហ៍ពិពាហ៍នៅក្នុងរបបខ្មែរក្រហមគឺអង្គការជាអ្នករៀបចំ ដោយមិនមានការតវ៉ាឡើយ។ ប្រសិនជាមាននរណាម្នាក់ហ៊ានប្រឆាំងតវ៉ា អង្គការនឹងចោទថាក្បត់នឹងបញ្ជារបស់អង្គការ។ អង្គការបានហៅប្រជាជនឲ្យឈរជាជួរ បុរសមួយជួរ និងស្រ្តីមួយជួរ ទល់មុខគ្នា។ ក្នុងអំឡុងពេលនោះមានប្រហែលជាបួនប្រាំគូ។ នៅពេល ដែលបានផ្សំផ្គុំរួចរាល់អង្គការបានឲ្យប្រជាជនទាំងអស់ប្ដេជ្ញាដោយស្មោះត្រង់ និងខិតខំធ្វើការជូនអង្គការ។

អេងស្រ៊ី បាននិយាយថា ខ្មែរក្រហមមានបំណងចង់ចាប់ប្ដី និង ឪពុកក្មេករបស់គាត់យកទៅសម្លាប់ ប៉ុន្តែគាត់បានប្រាប់ទៅកាន់អង្គការថា សូមយកគាត់ទៅជំនួយវិញ ដើម្បីឲ្យប្ដីរបស់គាត់នៅមើលកូន ព្រោះពេលនោះ អេងស្រ៊ីបានសម្រាលកូនភ្លោះ មានភាពលំបាកសម្រាប់គាត់ ក្នុងការដែលត្រូវមើលថែទាំកូនដ៏ទៅពីរនាក់។

អេងស្រ៊ី នៅតែព្យាយាមទទូចឲ្យអង្គការយកគាត់ទៅជំនួស។ មានប្រជាជនម្នាក់ដែលពេលនោះគាត់បាននៅអង្គុយជិត បានសួរទៅកាន់គាត់ថា៖

«បើមិត្តឯងទៅជំនួសប្ដី បានអីឲ្យបៅ? កូនភ្លោះដល់ទៅពីរនោះ»។ 

ពេលនោះអង្គការក៏បានដោះលែងប្ដី និងឪពុកក្មេករបស់គាត់ឲ្យត្រឡប់ទៅផ្ទះ ហើយអង្គការបានចាត់តាំងឲ្យប្ដីរបស់គាត់ជាគណៈមូលដ្ឋានសម្រាប់ការមើលខុសត្រូវនៅក្នុងតំបន់នោះ។

ក្រោយមកមិនបានប៉ុន្មាន ខ្មែរក្រហមបានចាប់យកឪពុករបស់ អេងស្រ៊ី ទៅសម្លាប់ ដោយប្រើហេតុផលថា ទៅប្រជុំជាមួយអង្គការ។ ឪពុករបស់គាត់បានប្រាប់គាត់ថា៖

«នាងហ៊ើយ! គេឲ្យពុកទៅប្រជុំកូន។ ខ្ញុំសួរគាត់ ពុក! ពុកឯងទៅណា? កុំទៅ ខ្ញុំអត់ឲ្យទៅទេ។ ទេ!គេឲ្យពុកទៅហើយកូន»។ 

បន្ទាប់ពីឪពុករបស់គាត់ចេញទៅជាមួយអង្គការ គាត់ក៏មិនបានឃើញឪពុករបស់គាត់វិលត្រឡប់មកវិញ។ បន្ទាប់ពីសម័យរំដោះគាត់បានវិលត្រឡប់ទៅកាន់ភូមិស្រុកកំណើតរបស់គាត់បានរស់នៅជួបជុំជាមួយនឹងគ្រួសាររបស់គាត់ជាថ្មីម្ដងទៀត៕

សម្ភាសន៍ដោយ វឺង ណាំរ៉ុង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin