ពិធីបុណ្យឆ្លងសាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម

 

ប្រជាជនប្រារព្ធពិធីបុណ្យឆ្លងសាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម (ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤)

(ត្បូងឃ្មុំ)៖ មជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានចាប់ផ្តើមជួសជុល និងរៀបចំសាលាបុណ្យសហគមន៍ជនជាតិស្ទៀង ចាប់ពីខែមីនា ឆ្នាំ២០២៤ និងបានបញ្ចប់ទាំងស្រុងនៅដើមខែកញ្ញា ឆ្នាំ២០២៤។ សាលាបុណ្យសហគមន៍ជនជាតិស្ទៀងនេះនឹងបម្រើជាផលប្រយោជន៍សាធារណៈដល់សហគមន៍ជនជាតិស្ទៀងប្រមាណ១៥១គ្រួសារ ស្មើនឹង៧៣៨នាក់ នៅក្នុងភូមិក្តុល ដែលជាភូមិមួយមានជនជាតិស្ទៀងរស់នៅច្រើនជាងគេ ក្នុងចំណោមភូមិទាំង១៣ផ្សេងទៀតនៃឃុំទន្លូង ខេត្តត្បូងឃ្មុំ។

ពីថ្ងៃទី១១ ដល់ថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២៤ អ្នកភូមិជនជាតិដើមភាគតិចស្ទៀង នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបុណ្យឆ្លងសាលាបុណ្យសហគមន៍ជនជាតិស្ទៀងដែលទើបនឹងជួសជុលរួចរាល់។ អ្នកភូមិជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើបានរៀបចំពិធីសែនអ្នកតាសុំសេចក្តីសុខសប្បាយតាមជំនឿតាំងពីដូនតានៅអាស្រមអ្នកតានៅក្រោមដើមជ្រៃធំនៅមុខសាលាបុណ្យសហគមន៍ជនជាតិស្ទៀងក្នុងភូមិ។ បន្ទាប់មកអ្នកភូមិរៀបចំសែនព្រេនសុំសេចក្តីសុខសប្បាយនៅខាងលើសាលាបុណ្យបន្តទៀត។

កាលពីដើម ជនជាតិស្ទៀងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ រួមមាន ក្មេង ចាស់ ប្រុស ស្រី តែងតែយាយីដោយសារជំងឺគ្រុន និងជំងឺរាតត្បាតផ្សេងៗដែលបណ្តាលឲ្យមានមនុស្សស្លាប់ ទើបអ្នកភូមិជនជាតិស្ទៀងជឿលើការបន់ស្រន់អារក្ស អ្នកតា។ អ្នកភូមិបានមូលគំនិតរៀបចំពិធីឡើងអ្នកតា។ អ្នកភូមិធ្វើគ្រែស្នែងធំល្មម និងដាក់ដុំថ្មចំនួនពីរដុំដាក់លើគ្រែស្នែងនោះ។ ចំណែកថ្មទាំងពីរដុំ ត្រូវគូរកំបោរឲ្យដូចទៅនឹងមុខមនុស្ស។ នៅលើគ្រែស្នែងមានគ្រឿងសំណែន ដូចជា ម្លូ ស្លា បារី បាយស បាយក្រហម នំ ចំណី បង្អែម ផ្លែឈើ និងស្រាជាដើម។

សម្រាប់គ្រែស្នែង តម្រូវឲ្យមានមនុស្សប្រុសចំនួន៤នាក់ សែងដង្ហែក្នុងភូមិ។ អ្នកភូមិដែលចូលរួមដង្ហែត្រូវគូរមុខ គូរមាត់ ឲ្យខុសប្លែកពីមនុស្ស។ ចំណែកឧបករណ៍កាន់តាមខ្លួន រួមមាន ដាវ កាំបិត ធ្នូ ដំបង ដែលធ្វើអំពីឈើ ឬឫស្សី។ រីឯសត្វរួមមានសត្វគោ ក្របី ដំរី សេះធ្វើពីដើមចេក។ បន្ទាប់ពីរៀបចំរណ្តាប់សព្វគ្រប់ហើយ អ្នកភូមិជនជាតិស្ទៀងនាំគ្នាស្រែកខ្លាំងៗ ឲ្យឧបទ្រពចង្រៃចេញពីភូមិស្រុក និងសូមឲ្យអ្នកភូមិមានសេចក្តីសុខចម្រើន។ អ្នកភូមិនាំគ្នាដើរគោះគ្រប់ផ្ទះ ដើម្បីដេញគ្រោះឧបទ្រុពចេញពីផ្ទះដែរ។ អ្នកភូមិជនជាតិស្ទៀងបាននាំគ្នាវាយ និងបោះសត្វមាន់ ទា ទៅលើគ្រែស្នែងយកទៅអាស្រមអ្នកតា ឬខ្ទមអ្នកតា។ បន្ទាប់មកអ្នកភូមិចាប់ផ្តើមសែនព្រេន បន់ស្រន់ អារក្សអ្នកតា សុំសេចក្តីសុខទៀត។ អស់រយៈពេលប្រមាណជាង១០ឆ្នាំកន្លងមកនេះ អ្នកភូមិក្តុលលើលែងធ្វើពិធីឡើងអ្នកតាទៀតហើយ គឺគ្រាន់តែធ្វើពិធីសែនអ្នកតានៅទីអាស្រម ហើយសុំម្ចាស់ទឹក ម្ចាស់ដី មុនសាងសង់ផ្ទះសម្បែង។

នៅថ្ងៃបន្ទាប់ អ្នកភូមិក្តុលលើធ្វើដំណើរទៅវត្តហត្ថិវនរាមក្តុល ហៅ (វត្តក្តុល) ដើម្បីដង្ហែព្រះពុទ្ធរូបចំនួន៥ព្រះអង្គមកគង់នៅសាលាបុណ្យសហគមន៍ជនជាតិស្ទៀងនៅភូមិក្តុលលើ។ បន្ទាប់មកព្រះសង្ឃនិមន្តធ្វើបទនមស្សការ ចម្រើនព្រះបរិត្ត និងប្រគេនយាគូរព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។

សាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម ស្ថិតនៅក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលត្រូវហៅថា តំបន់កោះថ្ម។ តំបន់កោះថ្មស្ថិតនៅក្នុងស្រុកមេមត់ដែលកំណត់ក្នុងការស្រាវជ្រាវប្រវត្តិសាស្ត្រភូមិរួមមាន ៖ ឃុំទន្លូង ឃុំជាំតាម៉ៅ និងឃុំជាំក្រវៀន គឺជាទីតាំងមួយក្នុងចំណោមទីតាំងផ្សេងទៀតដែលជនជាតិដើមភាគតិចស្ទៀងរស់នៅ និងជាតំបន់មួយដែលទទួលរងផលប៉ះពាល់ចាប់តាំងពីអាណានិគមនិយមបារាំង។

សហគមន៍ជនជាតិដើមភាគតិចស្ទៀងក្នុងស្រុកមេមត់ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ស្រុកស្នួល ខេត្តក្រចេះ និងជនជាតិដើមភាគតិចផ្សេងៗទៀតក្នុងខេត្តមណ្ឌលគិរី ខេត្តរតនគិរី ត្រូវបានបែកខ្ញែកសាច់ញាតិ បងប្អូនកូនចៅ និងទឹកដី ដោយមួយផ្នែកត្រូវស្ថិតនៅក្នុងប្រទេសកម្ពុជា និងមួយផ្នែកទៀតត្រូវនៅក្នុងប្រទេសវៀតណាម។ បន្ទាប់មកជនជាតិដើមភាគតិចស្ទៀងនៅតំបន់កោះថ្មបានទទួលរងគ្រោះធ្ងន់ធ្ងរបន្ថែមទៀតដោយសារសង្រ្គាមវៀតណាម ការទម្លាក់គ្រាប់បែក និងអំពើប្រល័យពូជសាសន៍អំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩។

តំបន់កោះថ្មគឺជាកន្លែងដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងសង្រ្គោះប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងការផ្តួចផ្តើមគំនិតបង្កើតគោលនយោបាយ ឈ្នះ ឈ្នះ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលឈានទៅរកការបង្រួបបង្រួមប្រទេសទាំងមូល និងទទួលបានសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ១៩៩៨។

សាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម ត្រូវបានរចនាឡើងដោយនិស្សិតស្ថាបត្យកម្មឆ្នាំទី៥ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន២រូប គឺ លោក វន រ័ត្នវិសាល និង កញ្ញា លឹម វណ្ណសូលីហ្សា ដោយយកតាមលំនាំផ្ទះរបស់ជនជាតិដើមភាគតិចស្ទៀងសម័យបុរាណ។ ផ្នែកខាងលើនៃផ្ទះនេះត្រូវសង់អំពីឈើសម្រាប់សហគមន៍ជនជាតិដើមភាគតិចស្ទៀងតំបន់កោះថ្ម ប្រើប្រាស់ក្នុងការពិភាក្សាលើកិច្ចការងារស្រែចម្ការ ការងារអភិវឌ្ឃន៍សហគមន៍ ការងារយេនឌ័រ បញ្ហាដីធ្លី ការងារបោះឆ្នោត ការងារទាក់ទងនឹងការថែរក្សាទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិចស្ទៀង ការប្រារព្ធពិធីបុណ្យប្រពៃណីវប្បធម៌ សាសនា និងការងារផ្សេងៗទៀតនៅក្នុងសហគមន៍។ ចំណែកផ្នែកខាងក្រោម (ជាន់ផ្ទាល់ដី) សាងសង់អំពីស៊ីម៉ងត៍សម្រាប់ប្រើប្រាស់ជាការិយាល័យមជ្ឈមណ្ឌលឯកសារកោះថ្ម។

មជ្ឈមណ្ឌលឯកសារកោះថ្មខេត្តត្បូងឃ្មុំ គឺជាសាខាមួយក្នុងចំណោមសាខាតាមខេត្តទាំង១៩ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ មជ្ឈមណ្ឌលឯកសារកោះថ្មបានបើកដំណើរការជាសាធារណៈនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ត្រូវនឹងខួបលើកទី៤៣ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដល់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០)។ មជ្ឈមណ្ឌលឯកសារកោះថ្មនេះ គឺផ្តើមចេញពីគំនិតរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ ជាមួយនិងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងដំណើរសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រយោធានៅតំបន់កោះថ្មនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

មជ្ឈមណ្ឌលឯកសារកោះថ្មមានវត្ថុបំណងធំៗចំនួន៤ដូចខាងក្រោម៖

១) បង្ហាញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៩០ ។

២) ពង្រឹងការកសាងសន្តិភាព និងការការពារជម្លោះ តាមរយៈកម្មវិធីអប់រំ ដែលជាឱកាសមួយសម្រាប់យុវជននៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាលបំផុតក្នុងការចូលរួមរៀនសូត្រ។

៣) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឱ្យចែករំលែក និងបង្រៀនក្មេងៗជំនាន់ក្រោយពីបទពិសោធន៍របស់គាត់ក្នុងរបបខ្មែរក្រហម។

៤) ប្រមែប្រមូលរឿងរ៉ាវ បទពិសោធន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបនោះ។

ក្នុងរយៈពេលជាង៤ឆ្នាំ ដោយគិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ខែកញ្ញា ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលឯកសារកោះថ្មបានបំពេញការងារស្នូលរបស់ខ្លួនដូចខាងក្រោម៖

ទី១) មជ្ឈមណ្ឌលឯកសារកោះថ្មបានជ្រើសរើសយុវជនស្ម័គ្រចិត្តក្នុងខេត្តត្បូងឃ្មុំសរុបចំនួន៤០៥នាក់មកបណ្តុះបណ្តាលអំពីប្រវត្តិសាស្ត្រខ្មែរក្រហម វិធីសាស្ត្រសម្ភាសន៍ប្រវត្តិសាស្ត្រផ្ទាល់មាត់ ត្រៀមសម្ភារ និងឯកសារផ្សេងៗ មុននឹងអនុញ្ញាតឱ្យយុវជនស្ម័គ្រចិត្តទាំងអស់ចុះសួរសុខទុក្ខ ស្តាប់រឿងរ៉ាវដែលអ្នករានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមជាជនជាតិដើមភាគតិចស្ទៀង និងអ្នករានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមផ្សេងទៀតក្នុងខេត្តត្បូងឃ្មុំ ដែលបានចងចាំមិនភេ្លច និងបញ្ហាសុខភាពរបស់ពួកគាត់នៅពេលបច្ចុប្បន្ននេះ។

ទី២) បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម និងអ្នកស័្មគ្រចិត្តខេត្តត្បូងឃ្មុំបានប្រមូលរឿងរ៉ាវដែលអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមជាជនជាតិដើមភាគតិចស្ទៀង និងអ្នករានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមផ្សេងទៀតក្នុងខេត្តត្បូងឃ្មុំ សរុបចំនួនជាង ៣១៥៤នាក់។

ទី៣) មជ្ឈមណ្ឌលឯកសារកោះថ្មបានទទួលសិស្សានុសិស្ស និស្សិត និងយុវជនរស់នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តកំពង់ចាម និងរាជធានីភ្នំពេញមកទស្សនកិច្ចសិក្សា និងចូលរួមវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥ – ១៩៧៩) និងការទប់ស្កាត់អំពើហិង្សាធ្ងន់ធ្ងរ ចំនួន៤៥ លើក ស្មើនឹង ៣០៧០នាក់ នៅបន្ទប់ពិព័រណ៌រូបថតនៃមជ្ឈមណ្ឌលឯកសារកោះថ្ម។ ក្នុងនោះក៏មានមន្រ្តីរាជការ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អង្គទូតនានា និងអ្នកស្រាវជ្រាវបានអញ្ជើញចូលមកទស្សនាពិព័រណ៌រូបថត រូបគំនូរ និងផែនទី ដែលបានតាំងនៅបន្ទប់ពិព័រណ៍រូបថតនៃមជ្ឈមណ្ឌលឯកសារកោះថ្ម។

ទី៤) មជ្ឈមណ្ឌលឯកសារកោះថ្មបានរៀបចំដំណើរទស្សនកិច្ចតាមរថភ្លើង លើប្រធានបទ ការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី២ និង៣ ក្នុងរបបខ្មែរក្រហម(១៩៧៥ – ១៩៧៩) ចំនួន២លើក ស្មើនឹង ១៤៦នាក់។

លើកទី១ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានរៀបចំដំណើរទស្សនកិច្ចតាមរថភ្លើង លើប្រធានបទ៖ ការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី២ក្នុងរបបខ្មែរក្រហម(១៩៧៥ – ១៩៧៩) សម្រាប់យុវជនខេត្តត្បូងឃ្មុំចំនួន១០២នាក់រយៈពេល៤យប់ ៥ថ្ងៃ ដោយធ្វើដំណើរតាមរថភ្លើងពីភ្នំពេញទៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ នៅក្នុងខេត្តបន្ទាយមានជ័យ និងពោធិ៍សាត់យុវជនបានទស្សនកិច្ចសិក្សាតាមទីតាំងឧក្រិដ្ឋកម្មនានា និងជួបសម្ភាសន៍ជាមួយអ្នករស់រានមានពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅតាមទីតាំងនីមួយៗ។

លើកទី២ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានរៀបចំដំណើរទស្សនកិច្ចតាមរថភ្លើង លើប្រធានបទ៖ ការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី៣ ក្នុងរបបខ្មែរក្រហម (ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩) សម្រាប់យុវជនខេត្តត្បូងឃ្មុំចំនួន៤៤នាក់ រយៈពេល៤យប់ ៥ថ្ងៃ ដោយធ្វើដំណើតាមរថភ្លើងពីភ្នំពេញទៅខេត្តកំពត។ នៅក្នុងខេត្តកំពតយុវជនបានទស្សនកិច្ចសិក្សានៅអតីតការដ្ឋានស្រែអំបិលខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មនានា។ ក្រុមយុវជនក៏បានជួបសម្ភាសន៍ជាមួយអ្នករស់រានមានពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលធ្លាប់បានធ្វើការងារជាកម្មករស្រែអំបិលខ្មែរក្រហម និងលើកទំនប់ ជីកប្រឡាយក្នុងរបបខ្មែរក្រហម។

ទី៥) មជ្ឈមណ្ឌលឯកសារកោះថ្មបានរៀបចំវេទិកាអប់រំសហគមន៍សម្រាប់យុវជន និងអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម (ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩) និងការទប់ស្កាត់អំពើហិង្សាធ្ងន់ធ្ងរ ចំនួន៨លើក ស្មើនឹង ៣២៤នាក់ (អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមចំនួន១៩៤នាក់ និងយុវជនចំនួន១៣០នាក់) នៅក្នុងឃុំទន្លូង ឃុំជាំតាម៉ៅ ឃុំជាំ និងឃុំចាន់មូលនៃស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ទី៦) មជ្ឈមណ្ឌលឯកសារកោះថ្មបានជូន និងចំណាយរាល់ការធ្វើដំណើរដល់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមជាជនជាតិដើមភាគតិចស្ទៀង និងអ្នករានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមផ្សេងទៀតក្នុងខេត្តត្បូងឃ្មុំ មកពិនិត្យសុខភាពនៅតាមមន្ទីរសម្រាកព្យាបាលដែលជាដៃគូរបស់មជ្ឈមណ្ឌលឯកសារកោះថ្មនៅតាមស្រុកនានាក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន២៩២នាក់។

ទី៧) មជ្ឈមណ្ឌលឯកសារកោះថ្មបានរៀបចំផ្តល់ការពិនិត្យសុខភាពជាបឋមដោយក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យ ខេវី (KV) ខេត្តត្បូងឃ្មុំដល់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមជាជនជាតិដើមភាគតិចស្ទៀង និងអ្នករានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមផ្សេងទៀតក្នុងខេត្តត្បូងឃ្មុំ ចំនួន៣លើក (លើកទី១ នៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ លើកទី២នៅភូមិក្តុលលើ ឃុំទន្លូង និងលើកទី៣នៅមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងសាសាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែនកោះថ្ម) សរុបស្មើនឹង ១៥១នាក់។

ទី៨) មជ្ឈមណ្ឌលឯកសារកោះថ្មបានរៀបចំវេទិកាអប់រំសុខភាពដល់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលជាជនជាតិដើមភាគតិចស្ទៀង និងអ្នករានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមផ្សេងទៀតក្នុងខេត្តត្បូងឃ្មុំ ចំនួន២លើក (លើកទី១ នៅភូមិក្តុលលើ ឃុំទន្លូង និងលើកទី២នៅមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងសាសាបឋមសិក្សាប៊ុន រ៉ានី ហ៊ុន សែនកោះថ្ម សរុបស្មើនឹង១៥១នាក់។ ក្រុមគ្រូពេទ្យជំនាញ និងក្រុមការងារគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានចូលរួមជាវាគ្មិនក្នុងវេទិកាទាំងពីរខាងលើ។

ទី៩) មជ្ឈមណ្ឌលឯកសារកោះថ្មបានរៀបចំឱ្យអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលជាជនជាតិដើមភាគតិចស្ទៀងចំនួន៤៧នាក់ បានចូលរួម សន្និសីទលើកទី១ ៖ អនាគតប្រទេសកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ចន្លោះពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅសាលយុត្តិតេជោ (អតីតសាលាក្តីខ្មែរក្រហម) នៅរាជធានីភ្នំពេញ ដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រី ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បញ្ជាការដ្ឋានកងទ័ពជើងគោក និងមជ្ឈមណ្ឌលឯកសារកម្ពុជា។

ទី១០) មជ្ឈមណ្ឌលឯកសារកោះថ្មបានផ្តល់ម៉ូតូកង់បី (Tuk Tuk) មួយគ្រឿង ដល់សហគមន៍ភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់ ដែលជាភូមិមួយដាច់ស្រយាលពីមណ្ឌលសុខភាពឃុំ និងមន្ទីរពេទ្យបង្អែកស្រុក ដើម្បីប្រើសម្រាប់ដឹកជញ្ជូនអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងស្រ្តីមានផ្ទៃពោះមកកាន់មណ្ឌលសុខភាពឃុំ និងមន្ទីរពេទ្យបង្អែកស្រុកបានងាយស្រួល និងទាន់ពេលវេលា។

ទី១១) មជ្ឈមណ្ឌលឯកសារកោះថ្មបានផ្តល់រទេះរុញជនពិការចំនួន ១២គ្រឿង និងកាសជំនួយត្រចៀក ១៧គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងកូនចៅដែលជាជនពិការនៅខេត្តត្បូងឃ្មុំ។ មជ្ឈមណ្ឌលឯកសារកោះថ្មក៏បានផ្តល់រទេះរុញជនពិការចំនួន៥គ្រឿង និងផ្តល់កាសជំនួយត្រចៀកចំនួន ១០០គ្រឿង ជូនអង្គការជនពិការខេត្តត្បូងឃ្មុំ។

នៅចន្លោះពីខែតុលា ឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៥ ខាងមុខនេះ មជ្ឈមណ្ឌលឯកសារកោះថ្មនឹងផ្ដោតសំខាន់ទៅលើការងារស្រាវជ្រាវរឿងរ៉ាវប្រវត្តិសាស្ត្រសហគមន៍ជនជាតិដើមភាគតិចស្ទៀងតាមភូមិ ក្នុងតំបន់កោះថ្ម (ឃុំទន្លូង ឃុំជាំតាម៉ៅ ឃុំជាំក្រវៀន) ចាប់តាំងពីជំនាន់អាណានិគមនិយមបារាំង សង្រ្គាមវៀតណាម ការទម្លាក់គ្រាប់បែក របបប្រល័យពូជសាសន៍ខ្មែរក្រហម និងសម័យក្រោយឆ្នាំ១៩៧៩។ មជ្ឈមណ្ឌលឯកសារកោះថ្មនឹងបន្តរៀបចំដំណើរទស្សនកិច្ចសិក្សា វេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម (ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩) និងការទប់ស្កាត់អំពើហិង្សាធ្ងន់ធ្ងរនៅបន្ទប់ពិព័រណ៍រូបថតមជ្ឈមណ្ឌលឯកសារកោះថ្ម។ មជ្ឈមណ្ឌលឯកសារកោះថ្មនឹងបន្តសួរសុខទុក្ខ ស្តាប់ និងចងក្រងរឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាជនជាតិដើមភាគតិចស្ទៀងតំបន់កោះថ្ម និងតំបន់ដទៃទៀតក្នុងខេត្តត្បូងឃ្មុំ។

អ្នកភូមិជនជាតិស្ទៀងនៅភូមិក្តុលលើដែលបានចូលរួមពិធីបុណ្យឆ្លងសាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម បានសម្តែងនូវសេចក្តីរីករាយ និងបង្ហាញការចាប់អារម្មណ៍ដូចខាងក្រោម៖

ខ្ញុំឈ្មោះ ជា គឹមហ៊ី អាយុ៦៤ឆ្នាំ ភេទប្រុស មានទីកន្លែងកំណើតកើតនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានអារម្មណ៍រំភើបក្នុងការសាងសងសាលាបុណ្យថ្មី សម្រាប់ភូមិក្ដុលលើជូនដល់ប្រជាជនដែលជាជនជាតិដើមភាគតិចស្ទៀងដូចជាកូនចៅរបស់ខ្ញុំនៅជំនាន់ក្រោយៗនេះ ដើម្បីឲ្យកូនចៅជាជនជាតិដើមភាគតិចស្ទៀងបានយល់ដឹងអំពីអត្តសញ្ញាណរបស់ខ្លួន។ សាលាបុណ្យនេះនឹងចូលរួមថែរក្សាទុកជាប្រវិត្តសាស្រ្តដល់កូនចៅជនជាតិដើមភាគតិចស្ទៀងជំនាន់ក្រោយបានដឹងនិងត្រូវចេះជួយនៅក្នុងសហគមន៍ជនជាតិដើមភាគតិចស្ទៀង។ កម្មវិធីថ្ងៃនេះធ្វើឡើងដើម្បីសុំសេចក្ដីសុខចម្រើនពីម្ចាស់ទឹកដី ព្រមទាំងដង្ហែព្រះបដិមាមកតម្កល់ទុកនៅលើសាលាបុណ្យ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះការជួយសាងសងសាលាបុណ្យថ្មីជូនដល់ប្រជាជនជនជាតិដើមភាគតិចស្ទៀង។

នៅឆ្នាំ១៩៧៥ ខ្ញុំចូលធ្វើកងចល័តនៅក្នុងភូមិជាំទ្រៀក។ នៅក្នុងភូមិប្រជាជនទាំងអស់ត្រូវធ្វើការងារ និងហូបចុករួម។ នៅក្នុងឆ្នាំ១៩៧៥ ខ្ញុំគ្មានបាយហូបគ្រប់គ្រាន់ទេ គឺហូបតែបបរលាយគ្រាប់ពោត។ មកដល់ឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀសខ្ញុំ ពីភូមិជាំទ្រៀកទៅភូមិស្វាយជ្រះ ក្នុងខេត្តក្រចេះវិញ។ នៅភូមិស្វាយជ្រះ ខ្មែរក្រហមឲ្យខ្ញុំទៅគាស់គល់ឈើ បិទប្រព័ន្ធភ្លឺស្រែធ្វើយ៉ាងណាក្នុងមួយថ្ងៃឲ្យហើយដីស្រែមួយហិកតា ក្នុងចំណោមសមាជិកកង១៥នាក់។ ប្រសិនបើកងខ្ញុំធ្វើមិនហើយ ខ្មែរក្រហមមិនឲ្យឈប់សម្រាកទេ។ នៅទីនោះ ខ្ញុំបែកបងប្អូនម៉ែឪ ។ កងទ័ពខ្មែរក្រហមបានបែងចែកប្រជាជនចាប់ពីស្រុកត្រមូងមកខាងលិចត្រូវទៅនៅភូមិស្វាយជ្រះ ហើយពីស្រុកមេមត់ឡើងទៅខាងលិចឲ្យទៅនៅនៅតំបន់ផ្សេងទៀតក្នុងខេត្តក្រចេះ។

ចន្លោះពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ខ្មែរក្រហមជម្លៀសចេញពីភូមិស្វាយជ្រះទៅស្រុកចំការលើ។ ពេលនោះខ្មែរក្រហមឲ្យខ្ញុំធ្វើការខាងបោកស្រូវ។ ខ្មែរក្រហមឲ្យខ្ញុំបោកស្រូវរហូតដល់ម៉ោងម៉ោង១០យប់ទើបបានឈប់សម្រាក។ នៅស្រុកចំការលើខ្ញុំគ្មានបាយហូបគ្រប់គ្រាន់ទេ ដោយពេលព្រឹកខ្មែរក្រហមឲ្យខ្ញុំហូបដំឡូង១ដុំ ។ ម្តាយខ្ញុំបានគិតថា ខ្ញុំស្លាប់បាត់ហើយ ចំណេកខ្ញុំវិញក៏គិតថាឪពុកម្តាយខ្ញុំក៏ស្លាប់ដែរ។ ក្រោយមកចូលដល់ឆ្នាំ១៩៧៩ ខ្ញុំទទួលដំណឹងថាប្រទេសរំដោះហើយ ទើបខ្ញុំក៏ធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ ជួបជុំម៉ែឪវិញ លើកលែងតែបងប្រុសម្នាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម។

ខ្ញុំឈ្មោះ យាន យឿន ភេទស្រី អាយុ៥៥ឆ្នាំ ជាជនជាតិភាគតិចស្ទៀង មានទីកន្លែងកំណើតនៅក្នុងភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុង ភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានអារម្មណ៍ថា រំភើប និងត្រេកអរជាខ្លាំងដែលមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួយជួសជុល និងរៀបចំសាលាបុណ្យដល់សហគមន៍ជនជាតិភាគតិចស្ទៀង។ ខ្ញុំគិតថាសាលាបុណ្យនេះមានសារសំខាន់ច្រើនសម្រាប់ក្មេងៗជំនាន់ក្រោយ ឲ្យបានដឹងសហគមន៍ជនជាតិស្ទៀង និងដឹងពីទុក្ខលំបាករបស់តាយាយដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម។ ក្មេងៗ និង យុវជនជំនាន់ក្រោយនឹងចងចាំអំពីប្រវត្តិសាស្រ្តជនជាតិភាគតិចស្ទៀង នៅក្នុងភូមិក្ដុលលើ និងដឹងអំពីអត្តសញ្ញាណរបស់ខ្លួន។

សាលាបុណ្យនេះ តំណាងឲ្យជនជាតិភាគតិចស្ទៀងនៅក្នុងភូមិក្ដុលលើ ឲ្យចេះធ្វើបុណ្យ និងចេះសាមគ្គីគ្នា។ រាល់ពេលថ្ងៃសីល លោកតាលោកយាយ បងប្អូនដែលរស់នៅក្នុងសហគមន៍អាចមកសុំសីលឬរៀនធម៌តាមព្រះពុទ្ធសាសនា និងចេះធ្វើទានចែករំលែកគ្នា។

ខ្ញុំមានឪឈ្មោះ កុល យាន ស្លាប់ដោយសារកង្វះអាហារនៅម្លេច។ ចំណែកម្ដាយខ្ញុំឈ្មោះ ម៉ែន ច្រាញ់ គឺជាជនជាតិភាគតិចស្ទៀង អាយុ៨៧ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិក្ដុលលើ។ ខ្ញុំមានបងប្អូន៥នាក់ ក្នុងនោះមានស្រី៤នាក់ និងប្រុស១នាក់។ ខ្ញុំគឺជាកូនពៅនៅក្នុងគ្រួសារ។ ខ្ញុំមានប្ដីឈ្មោះ ពុំ ណន អាយុ៥៦ឆ្នាំ មុខរបរជាកសិករ និងមានកូនចំនួន២នាក់ ក្នុងនោះមានកូនប្រុស១នាក់ និងកូនស្រី១នាក់។ កាលពីកុមារភាពខ្ញុំមិនបានសិក្សារៀនសូត្រទេ ព្រោះសម័យខ្មែរក្រហមខ្ញុំទើបតែអាយុ៦ឆ្នាំ។ ខ្មែរក្រហមចាត់តាំងឪពុកខ្ញុំឲ្យមើលគោក្របី។ ចំណែកម្ដាយខ្ញុំអង្គការឲ្យទៅស្ទូង ដក។ នៅក្នុងគ្រួសារខ្ញុំនូវប្រើប្រាស់ភាសាជន ជាតិភាគតិចស្ទៀង ប៉ុន្តែប្រើលួចលាក់។ ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំចេញពីភូមិក្ដុលលើ ទៅភូមិស្រែតាពេជ្រ។

បងខ្ញុំឈ្មោះ យាន ឡង់ ធ្វើជាយោធាខ្មែរក្រហម ហើយខ្មែរក្រហមបាញ់ទម្លាក់ព្រែកជ្រីវ ដោយខ្លាចគាត់ទៅប្រទេសវៀតណាម។ ប៉ុន្តែបង ឡង់ មិនបានស្លាប់ទេ ព្រោះគាត់លោតទម្លាក់ទឹក និងហែលបណ្ដោយតាមទឹកចេញពីព្រែកជ្រីវ មករកគ្រួសារវិញ។ បងឡង់ បានរស់នៅជាមួយគ្រួសារបានមួយអាទិត្យ ក៏បានសម្រេចចិត្តសុំម្ដាយរត់ទៅវៀតណាម។ ម្ដាយខ្ញុំបានអនុញ្ញាតឲ្យបងឡង់ ទៅ ស្រាប់តែចេញពីផ្ទះបានកន្លះម៉ោង ទទួលដំណឹងថាខ្មែរក្រហមបានបាញ់សម្លាប់គាត់។

ខ្មែរក្រហមបានជម្លៀស គ្រួសារខ្ញុំចេញពីភូមិស្រែតាពេជ្រ ទៅម្លេច ស្រុកស្នួល។ នៅម្លេចពិតជាពិបាកណាស់ ខ្ញុំគ្មានអាហារហូបចុកគ្រប់គ្រាន់ និងត្រូវធ្វើការងារធ្ងន់ៗ បណ្តាលឲ្យមនុស្សស្លាប់ច្រើន។ ឪពុកខ្ញុំក៏ស្លាប់នៅម្លេចដែរ ដោយសារការហូបចុកមិនគ្រប់គ្រាន់។ ខ្ញុំតែងតែជីកឫសល្ហុងមកហូប ព្រោះហូបមិនឆ្អែត។ ខ្មែរក្រហមបានចាត់តាំងឲ្យម្ដាយខ្ញុំ គាស់កូនឈើ និងលើកភ្លឺស្រែ។ នៅម្លេចវេទនាណាស់តាមខ្ញុំចាំ។ ខ្ញុំនៅទីនោះបានកន្លះខែ ខ្មែរក្រហមបានជម្លៀស គ្រួសារខ្ញុំទៅ ភូមិស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ខ្ញុំបានស្នាក់នៅជាប្រជាជនដែលចិញ្ចឹមជ្រូក និងធ្វើចុងភៅ។ នៅស្ពឺមិនសូវខ្វះហូបចុកទេ ព្រោះបានម្ចាស់ផ្ទះវេចបាយទុកឲ្យខ្ញុំហូប។ ខ្ញុំរស់នៅស្ពឺបាន២៥ថ្ងៃ ទទួលដំណឹង ថាប្រទេសត្រូវបានរំដោះ។ ខ្ញុំជាមួយគ្រួសារបានធ្វើដំណើរដោយថ្មើរជើងរហូតមកដល់កំពង់ចាម និងឆ្លងសាឡាងពីទន្លេបិទ រួចធ្វើដំណើរដោយថ្មើរជើងរហូតមកដល់ភូមិក្ដុលលើ៕

អត្ថបទដោយ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

ព្រះសង្ឃកំពុងសូត្រមន្តនៅសាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម (ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤)
សាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម (ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤)
សាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម (ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤)
ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin