អតីតកងផលិត
(ក្រចេះ)៖ អៀង វ៉ាន់ថន ភេទប្រុស មានអាយុ ៧៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
វ៉ាន់ថន មានកូនប្រាំនាក់ ប្រុសបីនាក់ ស្រីពីរនាក់។ វ៉ាន់ថន បានរៀបរាប់អំពីទុក្ខលំបាករបស់គាត់ថា កាលពីរបបខ្មែរក្រហម គាត់ត្រូវបានអង្គការជម្លៀសចេញពីសមាជិកគ្រួសាររបស់គាត់។ អង្គការបានបញ្ជូនឲ្យគាត់ទៅធ្វើការនៅតំបន់ក្នុងព្រៃ។ នៅទីនោះគាត់បានធ្វើការទៅតាមអ្វីដែលអង្គការបានបញ្ជាឲ្យគាត់ធ្វើ អង្គការបានឲ្យគាត់គាស់គល់ឈើនៅក្នុងព្រៃចាញ់ ដើម្បីយកដីធ្វើស្រែ។ ក្នុងពេលនោះដែរគាត់ធ្វើការនៅក្នុងកងប្រវាស់ដៃ។
គាត់បាននិយាយបន្ថែមថា អង្គការប្រើឲ្យប្រជាជនទាំងអស់ធ្វើការជារៀងរាល់ថ្ងៃ មិនសូវមានពេលសម្រាកប៉ុន្មានទេ។ គ្រប់ផលដំណាំ មិនថាស្រូវ បន្លែ ផ្លែឈើ នៅពេលដែលប្រមូលផលបានគឺត្រូវដាក់ជារបស់រួម។ ប្រជាជនទាំងអស់ត្រូវ ធ្វើការរួម ហូបរួម និងរស់នៅរួមគ្នាជាសហករណ៍ ដែលមានប្រជាជនជាច្រើនគ្រួសាររស់នៅជុំគ្នា។
ក្រៅពីការគាស់គល់ឈើ គាត់បានធ្វើការនៅក្នុងកង ផលិត ក្នុងកងនោះគឺគាត់ត្រូវភ្ជួររាស់ដី។ គាត់ត្រូវក្រោកតាំងពីម៉ោងបួនទាបភ្លឺ ដើម្បីចេញទៅភ្ជួរដីទុកឲ្យកងនារី ស្ទូង។ វ៉ាន់ថន បានប្រាប់ថា ប្រសិនមានប្រជាជនណាម្នាក់ក្រោកមិនទាន់ម៉ោងដែលអង្គការកំណត់ នៅពេលដែលមានការប្រជុំទិតៀនម្ដងៗ អង្គការបានកសាង ព្រមទាំងដាស់តឿនប្រជាជននោះឲ្យក្រោកឲ្យទាន់ម៉ោង និងគោរពវិន័យរបស់អង្គការ។
វ៉ាន់ថន បាននិយាយថា គាត់បានឃើញអង្គការចាប់យកប្រជាជនទៅវាយធ្វើបាបនៅពេលល្ងាចៗឡើង។ មូលហេតុដែលអង្គការចាប់យកទៅតែពេលល្ងាច ឬពេលយប់គឺដើម្បីលាក់បាំងកុំឲ្យមានប្រជាជនដទៃទៀតឃើញអំពីសកម្មភាពនៃការធ្វើបាបទៅលើប្រជាជន។ បើទោះបីជាខ្មែរក្រហមធ្វើបាបប្រជាជនដោយភាពលាក់លៀមយ៉ាងណាក្ដី គឺនៅតែមានប្រជាជនឃើញអំពីសកម្មភាពទាំងអស់នោះដដែល។
គាត់បានបន្ថែមថា អង្គការបានធ្វើបាប និងសម្លាប់ប្រជាជនណាដែលជាប់ខ្សែស្រឡាយជាមួយនឹងជនជាតិវៀតណាម។ ការសន្មត់របស់ខ្មែរក្រហមគឺមិនត្រូវទាំងស្រុងនោះទេ ព្រោះមានប្រជាជនមួយចំនួនគាត់ជាជនជាតិខ្មែរ ដោយគ្រាន់តែមើលទៅលើពណ៌សម្បុរនរណាដែលមានស្បែកសខ្លាំង អង្គការបានចោទប្រកាន់ ហើយបានសម្លាប់ប្រជាជនទាំងនោះដោយគាត់មិនមានកំហុសអ្វីសោះ ការសន្មត់បែបនេះគឺខុសទាំងស្រុង។
ប្រសិនជាយើងក្រឡេកទៅមើលអំពីវិស័យសុខាភិបាលនៅក្នុងរបបខ្មែរក្រហមវិញ ឃើញថាមិនសូវរីកចម្រើនប៉ុន្មានទេ ព្រោះគ្រូពេទ្យមិនសូវមានជំនាញច្បាស់លាស់នោះទេ។ គ្រូពេទ្យនៅក្នុងរបបនោះគឺអង្គការជាអ្នកចាត់តាំងឲ្យទៅរៀន និងធ្វើការព្យាបាលដល់ប្រជាជនដែលមានជំងឺ។
សម្រាប់ការព្យាបាលជំងឺគឺមិនមានថ្នាំសម្បូរបែប ដូចជាសម័យបច្ចុប្បន្ននេះទេ គឺមានត្រឹមតែថ្នាំអាចម៍ទន្សាយ ជាថ្នាំដែលផលិតនៅក្នុងរបបនោះផ្ទាល់។ ជំងឺខ្លះលេបថ្នាំនេះត្រូវ ជំងឺខ្លះទៀតលេបមិនត្រូវ។ បច្ចុប្បន្ន វ៉ាន់ថន មានសុខភាពមិនមាំមួន គាត់ឆាប់ហត់ និងមានបញ្ហាកម្លាំង ព្រោះកាលពីក្មេងគាត់ធ្វើការច្រើន និងធ្ងន់ធ្ងរដែលកម្លាំងរបស់គាត់មិនអាចទ្រាំទ្ររួច៕
សម្ភាស៍ដោយ យ៉ុង ផល្លីន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ