កម្មករសហជីពចៀរជ័រកៅស៊ូ

(ក្រចេះ)៖ ឌុក ម៉ៅ ភេទប្រុស មានអាយុ ៦៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុងភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

នៅអំឡុងពេលដែលរបបខ្មែរក្រហមចូលកាន់អំណាច អង្គការបានដាក់ទិសដៅជម្លៀសប្រជាជនស្ទើរតែមួយប្រទេស ដើម្បីឲ្យទៅធ្វើការ។ មានប្រជាជនខ្លះត្រូវជម្លៀសឆ្លងខេត្ត ខ្លះទៀតក៏នៅក្នុងខេត្តកំណើត។ ការរស់នៅក្នុងរបបនោះគឺមានភាពលំបាកច្រើន ព្រោះមានការខ្វះខាតអាហារបរិភោគ ការធ្វើពលកម្មហួសកម្លាំង ទីកន្លែងស្នាក់នៅក៏មិនមានត្រឹមត្រូវ។

ម៉ៅ ត្រូវបានអង្គការដាក់ទិសដៅ ឲ្យទៅធ្វើការនៅឯស្រុកស្នួល ដែលពេលនោះគាត់មានអាយុប្រហែលជា ១៦ឆ្នាំ។ ពេលដែលគាត់ទៅរស់នៅតំបន់នោះ ការលំបាកវេទនាក៏មិនចាញ់តំបន់ថ្មគ្រែប៉ុន្មានដែរ។

ចំពោះរបបអាហារគឺមានការខ្វះខាតមួយចំនួនធំ ព្រោះខែខ្លះប្រជាជនត្រូវបរិភោគបបរ ហើយបបរនោះមានចំនួនតិច ហូបមិនគ្រប់គ្រាន់បានឆ្អែតក្រពះទេ ដោយមួយពេលបានត្រឹមតែបបរមួយចានតូច។ អង្គការបានធ្វើទារុណកម្មប្រជាជនកម្ពុជាទូទាំងប្រទេស មិនថាវ័យចាស់ ជំទង់ ឬកុមារឡើយ។ សម្រាប់សម្លៀកបំពាក់គឺត្រូវតែជាពណ៌ខ្មៅ មិនអាចពាក់ក្រៅពីពណ៌ខ្មៅឡើយ។

នៅក្នុងរបបខ្មែរក្រហម អង្គការបានប្រើឲ្យគាត់ធ្វើការនៅចម្ការកៅស៊ូ ជាកម្មករសហជីពចៀរជ័រកៅស៊ូ។ នៅក្នុងមួយសហជីព មានកម្មករប្រមាណជា៤០នាក់។ គាត់បានប្រាប់ថា ពេលដែលគាត់ជាកម្មករចៀរជ័រកៅស៊ូនោះគឺជួបការលំបាកជាខ្លាំង ពេលនោះគាត់នៅក្មេង ហើយត្រូវធ្វើការហួសអំពីសមត្ថភាពដែលគាត់អាចធ្វើបាន។

អង្គការបានកំណត់ឲ្យគាត់ធ្វើការចៀរជ័រក្នុងមួយថ្ងៃឲ្យបានចាប់ពី១០០ដើមឡើង ទៅតាមប្រភេទដើមកៅស៊ូក្មេង ប្រសិនជាកៅស៊ូនោះដើមរៀងចាស់ នៅក្នុងមួយថ្ងៃត្រឹមតែ ៧០ ទៅ ៨០ ដើម ប៉ុណ្ណោះក្នុងមួយថ្ងៃ។

បើទោះបីជាមានភាពលំបាកយ៉ាងណាក៏ដោយ គាត់មិនហ៊ានត្អូញត្អែរឡើយ ព្រោះខ្លាចអង្គការយកទោស។ ទ្រព្យសម្បត្តិរបស់គាត់ជាច្រើនដែលអង្គការបំផ្លាញចោលមានដូចជា ផ្ទះ ដំណាំហូបផ្លែ សត្វពាហនៈ សម្ភារៈសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានសម្លៀកបំពាក់ និងរបស់របបផ្សេងៗទៀត។ នៅក្នុងមួយសហជីព មានពេទ្យនៅប្រចាំការនៅទីនោះម្នាក់។

ម៉ៅ បាននិយាយប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា៖

«ពេទ្យនៅទីនោះមាន។ គេចាក់ថ្នាំឲ្យ នៅពេលដែលយើងគ្រុន យើងចេញរមាស់អីចឹង។ ប៉ុន្តែជំនាន់នោះវាកម្រនឹងមានឈឺណាស់ វាមានតែរាគ ហើយនិងគ្រុនធម្មតា ហើយនិងចេញរមាស់។ ពេទ្យចាក់ថ្នាំឲ្យទៅ វាបាត់ដែរទៅ ប៉ុន្តែអ្នកខ្លះមិនបាត់ត្រូវចូលមកតំបន់ ឬខេត្តទៅ»។

នៅឆ្នាំ១៩៧៧ អង្គការបានបញ្ជូនឲ្យគាត់ទៅធ្វើការនៅក្នុងជួរកងទ័ព។ នៅពេលនោះគាត់ត្រូវធ្វើសង្រ្គាមជាមួយនឹងកងទ័ពវៀតណាម។ នៅអំឡុងពេលដែលប្រយុទ្ធនោះគាត់មានត្រូវរបួសត្រង់ជើង និងមាត់ ដោយសារតែខ្ចាយអំបែងគ្រាប់បែក៕

សម្ភាសន៍ដោយ យ៉ុង ផល្លីន នៅថ្ងៃទី១៩ ខែកមរា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin