អង្គការរៀបអាពាហ៍ពិពាហ៍ឲ្យខ្ញុំ

(ក្រចេះ)៖ ប៊ន យុំ ភេទស្រី អាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បច្ចុប្បន្នគាត់រស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ប៊ន យុំ បានរៀបរាប់ថា រឿងដែលគាត់នៅតែចងចាំនោះគឺ ការដែលប្រជាជនគ្រប់រូបមិនទទួលបានការសិក្សា មិនថាចាស់ ឬក្មេង។ ប្រជាជនមិនបានទទួលអាហារគ្រប់គ្រាន់ទេ ដោយក្នុងមួយថ្ងៃ គាត់ទទួលបានអាហារតែពីរពេលប៉ុណ្ណោះ។

យើងមើលឃើញថា ប្រជាជនដែលធ្លាប់ឆ្លងកាត់របបនោះ ហើយមានជីវិតរស់នៅរហូតមកដល់សម័យបច្ចុប្បន្ន គឺគាត់សុទ្ធតែជួបការលំបាកគ្រប់ៗគ្នា គ្រាន់តែមានប្រជាជនខ្លះលំបាកតិច ហើយប្រជាជនខ្លះពិបាកច្រើន។ មានប្រជាជនមួយចំនួនត្រូវរស់នៅបែកពីគ្រួសារ ដោយសារអង្គការជម្លៀសឲ្យទៅធ្វើការនៅឆ្ងាយពីសមាជិកគ្រួសារ។

នៅក្នុងរបបខ្មែរក្រហម យុំ មានអាយុប្រហែលជា ១៥ឆ្នាំ អង្គការបានប្រើឲ្យគាត់ទៅធ្វើការនៅក្នុងសហករណ៍។ នៅអំឡុងឆ្នាំ១៩៧៦ អង្គការបានបញ្ជូន យុំ ទៅរៀនជំនាញពេទ្យ ជាមួយហ្នឹងប្រជាជនម្នាក់ទៀតឈ្មោះ ប៉ោង ឆេន(ស្លាប់) គាត់ពិតជាជួបផលលំបាកជាច្រើននៅទីនោះ។

គាត់បាននិយាយថា អង្គការមិនបានផ្ដល់អាហារគ្រប់គ្រាន់ដល់គាត់ឡើយ មិនត្រឹមតែប៉ុណ្ណោះ អង្គការបានប្រើឲ្យគាត់រែកទឹកដាក់ក្នុងពាង។ គាត់ខិតខំប្រឹងប្រែងរែកទឹកពីមួយថ្ងៃទៅមួយថ្ងៃ មិនសូវមានពេលសម្រាក បណ្ដាលឲ្យគាត់មានបញ្ហាគាបសរសៃ ឈឺជាប់មកដល់សព្វថ្ងៃនេះ។

ចាប់ពីម៉ោង ប្រាំពីរព្រឹកទៅ យុំ ត្រូវចាប់ផ្ដើមមើលថែអ្នកជំងឺ។ ការដែលត្រូវមើលថែទាំអ្នកជំងឺនោះ មាលផលលំបាកច្រើនណាស់ដែរ ប្រសិនជាមានអ្នកជំងឺមានបញ្ហាធ្ងន់ធ្ងរនៅពេលយប់ គ្រូពេទ្យដែលត្រូវមើលថែត្រូវបញ្ជូនទៅមន្ទីរពេទ្យធំនៅស្រុកសំបូរទាំងយប់។ វិធីធ្វើដំណើរនៅពេលនោះគឺមានតែការជិះទូក។

គាត់បានបញ្ជាក់បន្ថែមថា អ្នកជំងឺ ដែលជាប្រជាជនមូលដ្ឋានទទួលបានការមើលថែដិតដល់ពីសំណាក់គ្រូពេទ្យ ប៉ុន្តែសម្រាប់ប្រជាជនដែលជាប្រជាជនត្រៀម ឬប្រជាជនដែលជាប់ខ្សែស្រឡាយជាមួយនឹងទាហាន ឬអ្នកមានមុខមាត់នៅក្នុងរបប លន់ នល់ អង្គការ មិនសូវឲ្យយកចិត្តទុកដាក់ព្យាបាលប៉ុន្មានទេ ពេលខ្លះមិនឲ្យព្យាបាលក៏មានដែរ។

ការជ្រើសរើសគូរស្រូករមិនមានប្រជាជនណាម្នាក់អាចជ្រើសរើសដោយខ្លួនឯងឡើយ គឺអង្គការជាអ្នករៀបចំឲ្យ។ ចំពោះ យុំ ផ្ទាល់ គឺជាមនុស្សម្នាក់ដែលអង្គការបានរៀបចំគូរឲ្យ ប៉ុន្តែគាត់ប្រកែកមិនព្រមរៀបការឡើយ។ ពេលនោះមានគណៈស្រុកម្នាក់ដែលគាត់ស្គាល់ យុំ បានអង្វរឲ្យ យុំ ព្រមរៀបការតាមអ្វីដែលអង្គការរៀបចំឲ្យ។

យុំ បានលើកឡើងបន្ថែមថា គាត់មិនមានបំណងចង់បានគ្រួសារឡើយ ប្រសិនជាអង្គការយកគាត់ទៅសម្លាប់ចោលក៏គាត់យល់ព្រមដែរ៕

សម្ភាសន៍ដោយ វឺង ណាំរ៉ុង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin