អតីតគ្រូពេទ្យ នៅក្នុងរបបខ្មែរក្រហម

(ក្រចេះ)៖ វ៉ាន់ សុខន អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅ ភូមិដូង ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

សុខន និយាយថា នៅក្នុងរបបខ្មែរក្រហមមានភាពជឿនលឿនទៅលើការធ្វើការងារ ដូច្នេះហើយបានជាមានប្រឡាយ និងទំនប់ធំៗ ដែលអាចប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន។ គាត់ក៏បានបញ្ជាក់ប្រាប់ផងដែរថា ថ្វីត្បិតតែការងារជឿនលឿនមែន ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ ការសម្លាប់មនុស្សដែលគ្មានកំហុសអស់ជាច្រើននាក់។

អង្គការប្រើប្រជាជនឲ្យកាប់រណ្ដៅទុកសម្រាប់កប់ខ្លួនឯងក៏មានដែរ។ ប្រជាជនខ្លះត្រូវបានអង្គការកុហកថានាំឲ្យទៅធ្វើត្រីប្រហុកនៅឯសមុទ្រ ប៉ុន្តែជាក់ស្ដែងអង្គការនាំប្រជាជនទាំងអស់នោះយកទៅសម្លាប់ចោល។

សុខន បាននិយាយថា ការងារកសិកម្មនៅក្នុងជំនាន់នោះទទួលបានទិន្នផលច្រើនគួរសម ប៉ុន្តែមិនដឹងថា ខ្មែរក្រហមយកទៅណា។ ប្រជាជនទាំងអស់ខិតខំធ្វើស្រែ ក៏ប៉ុន្តែមិនទទួលបានអាហារហូបបានគ្រប់គ្រាន់ឡើយ គឺបានត្រឹមតែហូបបបរលាយជាមួយសណ្ដែក ពោត និងលាយជាមួយគល់ល្ហុងបន្តិចបន្តួច។

សុខន មានមិត្តភក្ដិម្នាក់ដែលមានតួនាទីជាកងឈ្លបយោធា បាននិយាយប្រាប់ សុខន ថា គាត់បានឃើញអង្គការសម្លាប់មនុស្សដោយផ្ទាល់នឹងភ្នែក ហើយរូបគាត់ផ្ទាល់ដែលជាកងឈ្លបនោះក៏ធ្លាប់បានសម្លាប់មនុស្សដូចគ្នា។

មិត្តភក្ដិរបស់គាត់ បានប្រាប់គាត់ថាកុំឲ្យនិយាយរឿងទាំងនោះប្រាប់ទៅកាន់អ្នកផ្សេង ព្រោះខ្លាចរឿងនោះឮដល់អង្គការៗយកទៅវាយចោល។ នៅឆ្នាំ១៩៧៧ សុខន បានបម្រើការងារនៅក្នុងកងគ្រូពេទ្យរបស់ខ្មែរក្រហម។

បើទោះបីមានតួនាទីជាគ្រូពេទ្យយ៉ាងណាក្ដី គាត់ក៏ត្រូវធ្វើការលើកទំនប់ដូចប្រជាជនធម្មតាដែរ។ គាត់ត្រូវធ្វើការលើកទំនប់ផង ព្យាបាលអ្នកជំងឺផង ក្នុងករណីមានប្រជាជនឈឺភ្លាមៗ ដូចជាមុតចប ដួលសន្លប់ដោយសារតែថ្ងៃក្ដៅខ្លាំង ឬមកពីបរិភោគអាហារមិនគ្រប់គ្រាន់។

នៅក្នុងរបបនោះ អង្គការមិនអនុញ្ញាតឲ្យមនុស្សប្រុស និងមនុស្សស្រីមានទំនាក់ទំនងនិយាយគ្នាលេងនៅពេលធ្វើការឡើយ។ ប្រសិនជាមានប្រជាជនប្រុស-ស្រីណានិយាយគ្នាលេង នោះអង្គការនឹងចោទថា ខុសសីលធម៌ ហើយអង្គការនឹងហៅប្រជាជនទាំងអស់ណែនាំ ប្រជុំទិតៀន កសាង។ ប្រសិនបើណែនាំមិនស្ដាប់ នោះនឹងយកទៅសម្លាប់។

សម្រាប់រូបគាត់ផ្ទាល់ ធ្លាប់បានសិក្សារៀនសូត្រខ្លះដែរ តែមិនបានសិក្សាអ្វីបានច្រើន ត្រឹមតែអក្សរពីរបីតួ និងបានសិក្សាពីជំនាញពេទ្យបន្តិចបន្តួច។ ពេលមានជំងឺអង្គការមិនបានឲ្យថ្នាំអ្វីផ្សេងពីថ្នាំដែលផ្សំឡើងពីសំបកឈើឡើយ។

ថ្នាំគ្រាប់ត្រូវបានផលិតដោយគ្រូពេទ្យនៅក្នុងសម័យនោះផ្ទាល់ ដែលផលិតចេញពីដើមប្រមោយដំរី និងផ្លែសៅម៉ៅ។ ការផលិតគឺត្រូវយកទៅស្ងោរឲ្យចេញរស់ជាតិ ហើយបានយកអង្ករខ្សាយទៅកិនឲ្យម៉ត់ ដើម្បីដាក់លាយជាមួយនឹងទឹកថ្នាំដែលបានរម្ងាស់នោះ។

គាត់បានសំណូមពរដល់កូនចៅជំនាន់ក្រោយឲ្យចេញគោរព និងស្រឡាញ់គ្នាទៅវិញទៅមក ព្រមទាំងខិតខំសិក្សារៀនសូត្រ៕

សម្ភាសន៍ដោយ វឺង ណាំរ៉ុង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin