ប្អូនពីរនាក់ស្លាប់សោយសារធ្វើទាហាននៅក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ សួស សារឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងរបបខ្មែរក្រហម សារឿន មានអាយុប្រមាណ២០ឆ្នាំ។ គាត់ស្ថិតក្នុងកងចល័ត និងមិនទាន់មានស្វាមី ត្រូវធ្វើការឆ្ងាយៗពីភូមិ។ សារឿន ត្រូវចល័តទៅមកៗទូទាំងស្រុករមាសហែកតាមបញ្ជាអង្គការ។ នៅឃុំត្រពាំងស្តៅគាត់ និងប្រជាជនប្រមាណ៣០គ្រួសារផ្សេងទៀត ត្រូវធ្វើស្រែ ជីក និងរែកដីធ្វើទំនប់ខ្ពស់ៗសម្រាប់ស្តុកទឹក។ ចំណែកកុមារត្រូវដើររកត្រី និងរកក្តាមសម្រាប់សហករណ៍រោងបាយ។ អង្គការបានបែងចែកប្រជាជន និងគ្រួសាររបស់ សារឿន ឲ្យរស់តាមកង តាមក្រុមផ្សេងៗក្នុងសហករណ៍។ ប្រជាជនត្រូវធ្វើការជាក្រុមដូចជាក្រុមដាំបាយ ក្រុមកងចល័ត និងក្រុមកុមារជាដើម។ នៅរដូវវស្សា សារឿន ត្រូវទៅលើកភ្លឺស្រែ ទប់ទឹកតាមទំនប់ ដក ស្ទូង និងបុកស្រូវ ព្រមទាំងជញ្ជូនស្រូវអង្ករយកទៅទុកក្នុងឃ្លាំង។
នៅឆ្នាំ១៩៧៧ អង្គការបានឲ្យ សារឿន ទៅធ្វើការនៅកងទាហានដោយត្រូវលី និងសែងគា្រប់កាំភ្លើងទុកឲ្យខ្មែរក្រហមធ្វើសង្គ្រាមជាមួយវៀតណាម។ គាត់ត្រូវសែងគ្រាប់ពីឃុំក្រសាំង យកទៅឃុំត្រស់ ស្ថិតក្នុងស្រុករមាសហែក។ នៅពេលនោះ សារឿន ឃើញមានអ្នករងរបួស និងស្លាប់ជាច្រើនត្រូវសែងទៅមន្ទីរពេទ្យ និងយកទៅកប់នៅបរិ វេណវត្តត្រពាំងបន្ទាយ។ ដោយសារមានអ្នកស្លាប់ច្រើនអង្គការក៏បានប្តូរការងារគាត់ពីអ្នកសែងគ្រាប់កាំភ្លើងឲ្យធ្វើជាអ្នកជីករណ្តៅ និងសែងសាកសពយកទៅកប់។ គាត់ភិតភ័យជាខ្លាំងប៉ុន្តែមិនហ៊ានប្រកែក ព្រោះខ្លាចទាហានខ្មែរក្រហមសម្លាប់ចោល។
នៅពេលសង្គ្រាមជាមួយវៀតណាមបានធូរស្បើយ អង្គការបានផ្លាស់ប្តូរគាត់ឲ្យទៅធ្វើស្រែដូចមុនវិញ។ របបអាហារមួយថ្ងៃគាត់ទទួលបានបាយពីរពេលប៉ុន្តែមិនគ្រប់គ្រាន់ទេ។ សាវឿន បានឃើញជម្រុកស្រូវច្រើននៅតាមសាលារៀន និងវត្តអារាម ប៉ុន្តែអង្គការមិនឲ្យប្រជាជនហូបឆ្អែត។ សាវឿន ក៏បានឃើញខ្មែរក្រហមចាប់ផ្សឹកព្រះសង្ឃ បំផ្លាញវត្តអារាម និងបង្ខំព្រះសង្ឃឲ្យទៅធ្វើការដូចប្រជាជនទូទៅ។ ម្យ៉ាងវិញទៀតអង្គការក៏បានឲ្យព្រះសង្ឃដែលដល់វ័យមានគូស្រករបង្ខំឲ្យរៀបការទៀតផង។
ក្នុងរបបខ្មែរក្រហមប្អូនពីរនាក់របស់ សារឿន បានស្លាប់ដោយសារអង្គការបង្ខំឲ្យធ្វើទាហាន និងធ្វើសង្រ្គាមជាមួយកងទ័ពវៀតណាម។
សារឿន ក៏បានឃើញយុវជនយុវនារីរៀបការម្តងៗមានពី៥០ ទៅ៦០គូ។ ពិធីរៀបការគ្មានសាច់ញាតិទាំងសងខាងចូលរួមទេ ហើយក្រោយរៀបការប្តីប្រពន្ធត្រូវទៅធ្វើការតាមកងចល័តរៀងៗខ្លួន។ គាត់ក៏បានឃើញយុវនារីម្នាក់ត្រូវបានខ្មែរក្រហមដាក់ច្រវ៉ាក់ជើងដោយសារនារីនោះមិនព្រមរស់នៅជាមួយបុរសដែលបានរៀបការជាមួយ។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សាវឿន បានវិលត្រឡប់ពីសហករណ៍មករស់នៅផ្ទះកំណើតរហូតដល់សព្វថ្ងៃ។
បច្ចុប្បន្ន សាវឿន មានជំងឺឫសដូងបាត។ គាត់ឧស្សាហ៍ខ្សោយ និងវិលមុខ។ គាត់បានផ្តំាផ្ញើឲ្យក្មេងជំនាន់ក្រោយត្រូវចេះសិក្សាពីប្រវត្តិសាស្រ្ត និងត្រូវចូលរួមទប់ស្កាត់របបឃោរឃៅខ្មែរក្រហមកុំឲ្យកើតឡើងម្តងទៀត។
សម្ភាសន៍ដោយ សៅ ចាន់ណា ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤