ធ្វើការនៅក្នុងក្រសួងទេសចរណ៍
(សៀមរាប) ៖ គង់ ថាត រស់នៅឯឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលខ្មែរក្រហមបានចូលមកកាន់កាប់ចាប់តាំងពីឆ្នាំ១៩៧០។ ថាត ត្រូវបានខ្មែរក្រហមចាត់ឲ្យទៅនៅក្នុងខេត្តសៀមរាបដើម្បីទៅធ្វើការនៅក្នុងក្រសួងទេសចរណ៍ បន្ទាប់ពីរបបសាធារណរដ្ឋខ្មែរបានដួលរលំ រហូតដល់ឆ្នាំ១៩៧៧។ គាត់បាននិយាយថា ក្រសួងទេសចរណ៍មានទីតាំងនៅកន្លែងបឹងហ្គាឡូមួយនៅខាងជើងព្រះរាជដំណាក់នៅខេត្តសៀមរាប។
ទោះបីជាប្រទេសកម្ពុជាត្រូវបានផ្តាច់ទំនាក់ទំនងជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក ប៉ុន្ដែក៏នៅតែមានទំនាក់ទំនងជាមួយប្រទេសមួយចំនួនផងដែរ។ ថាត បានរៀបរាប់ថា នៅពេលនោះមានភ្ញៀវទេសចរណ៍មកពីប្រទេសចិន ដែលធ្វើដំណើរតាមផ្លូវអាកាសចូលមកប្រទេសកម្ពុជា។ ថាត អាចប៉ាន់ស្មានថាក្នុងមួយខែមានភ្ញៀវមកពីប្រទេសចិនយ៉ាងច្រើន៧០នាក់។ ភាគច្រើនភ្ញៀវទាំងអស់នោះមកទស្សនកិច្ចតំបន់ភូមិរបស់ប្រជាជនរស់នៅ។ រីឯទីកន្លែងទេសចរណ៍វិញត្រូវបានបិទជិតដោយហាមមិនឲ្យនរណាម្នាក់ចូលទៅក្នុងប្រាសាទបានឡើយ។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានផ្លាស់ប្តូរអ្នកដឹកនាំដូច្នេះអង្គការបានដកដំណែងគាត់ ប៉ុន្តែប្រធានមន្ទីរទេសចរណ៍ត្រូវបានទាហានខ្មែរក្រហមយកទៅរៀនសូត្រ។ពេលខ្លះផងដែរ ថាត ក៏បានប្រទះឃើញការសម្លាប់ប្រជាជននៅម្ដុំបឹងហ្គាឡូដែរ។ អ្នកទោសទាំងអស់ត្រូវបានទាហានខ្មែរក្រហមដឹកឡាន ដែលមានរូបរាងស្រដៀងឡានដឹកទឹកកកមកមុនពេលត្រូវបានសម្លាប់។ ថាត ក៏បានឃើញទាហានខ្មែរក្រហមចាប់លោកសង្ឃផ្សឹកដើម្បីធ្វើស្រែចម្ការដូចប្រជាជនទូទៅដែរ។
ថាត បានរៀបរាប់ថាការបរិភោគមិនមានការខ្វះខាតនោះទេ ដែលខុសពីប្រជាជនរស់នៅក្នុងស្រុកស្រែ។
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ថាត បានវិលត្រលប់មកផ្ទះរបស់ខ្លួនវិញដែលមានទីលំនៅនៅឯស្រុកបាគង។ មុនពេលដែលវៀតណាមបានចូលមករំដោះនៅឯខេត្តសៀមរាប គាត់បានរត់ចេញមកហើយរត់ទៅទីកន្លែងកំណើតរបស់ខ្លួន។ នេះជាមូលហេតុដែលធ្វើឲ្យគាត់បានគេចផុតពីការចាប់ខ្លួនរបស់ទាហានវៀតណាម។
សព្វថ្ងៃ ថាត មិនមានជំងឺប្រចាំកាយទេ។ ស្ថានភាពសុខភាពគាត់នៅល្អ ប៉ុន្តែគាត់ឈឺក្បាលយូរៗម្ដង។ ភាគច្រើននៅពេលដែលគាត់ឈឺ ថាត ទៅមន្ទីរពេទ្យដើម្បីពិគ្រោះជាមួយគ្រូពេទ្យនៅឯមន្ទីរ និងពេលខ្លះក៏បានប្រើថ្នាំខ្មែរបុរាណដើម្បីព្យាបាល។
សម្ភាសន៍ដោយ ផា សុភាក់
អត្ថបទដោយ ហៀង នីតា