បងស្លាប់ដោយសារតែគាត់ជាទាហានសក្ដិបី
(សៀមរាប) ៖ ថន ណៃ មានអាយុ ៧១ឆ្នាំ រស់នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សព្វថ្ងៃ ណៃ មានរបរជាកសិករធ្វើស្រែចម្ការ។ គាត់មិនបានទទួលការសិក្សានោះទេដោយសារតែជីវភាព។ នៅក្នុងឆ្នាំ១៩៧៣ មានការទម្លាក់គ្រាប់បែកជាច្រើន ប៉ុន្ដែមិនមានការប៉ះពាល់អ្វីទៅកាន់ប្រជាជនឬទ្រព្យសម្បត្តិនោះទេ។
ចន្លោះឆ្នាំ១៩៧០និង១៩៧៥ ណៃ ត្រូវបានចាត់ទុកថា ជាប្រជាជនចាស់ ហើយក៏បានរស់នៅក្នុងភូមិដដែលដោយមិនបានជម្លៀសទៅទីណានោះទេ។ ក្នុងមួយថ្ងៃ គាត់ត្រូវធ្វើការធ្ងន់ៗជាច្រើនដូចជាការកាប់ទន្រ្ទានខេត្តនិង ការរែកដីជាដើម។
ណៃ ក៏បានរៀបអាពាហ៍ពិពាហ៍នៅក្នុងរបបខ្មែរក្រហម។ អង្គការបានចាប់គាត់បង្ខំឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយ៤០គូទៀតក្នុងថ្ងៃតែមួយ។
ណៃ បាននិយាយថាពេលខ្វះអាហារម្ដងៗ គាត់បានទៅកាប់ដើមច្រាច់និងត្រកួនដើម្បីលាយជាមួយបបរ។ ពេលខ្លះទៀតក៏បានលាយជាមួយនឹងកន្ទក់។ អង្គការចែកបបរទៅម្នាក់ក្នុងមួយថ្ងៃម្ដង។ ប្រជាជនណាដែលមិនបានធ្វើការមិនមានរបបក្នុងការចែកអាហារនោះទេ។
វិស័យសុខាភិបាលនៅក្នុងរបបខ្មែរក្រហមគឺមិនត្រូវនឹងស្ដង់ដាពេទ្យនោះទេ។ ការព្យាបាលគឺពឹងផ្អែកខ្លាំងទៅលើថ្នាំដែលធ្វើចេញពីរុក្ខជាតិដោយធ្វើចេញជារាងមូលដូចថ្នាំលេប ដែលមនុស្សភាគច្រើនស្គាល់ថាថ្នាំអាចម៍ទន្សាយ។ ណៃ មិនដែលឈឺស្កាត់នោះទេនៅក្នុងរបបខ្មែរក្រហម ដូច្នេះគាត់មិនដែលបានលេបថ្នាំអាចម៍ទន្សាយនោះទេ។
ណៃ បានបាត់បង់សមាជិកគ្រួសាររបស់ខ្លួននៅក្នុងរបបខ្មែរក្រហម។ អង្គការបានសម្លាប់បងប្រុសរបស់ ណៃ ដោយយកទៅសម្លាប់នៅក្នុងវត្ត ដោយសារតែបងប្រុសរបស់គាត់ជាប្រជាជនថ្មីដែលជម្លៀសមកពីទីក្រុងសៀម
រាបនិងជាទាហានសក្ដិបីនៅក្នុងរបបសាធារណរដ្ឋខ្មែរ។
មុនពេលដែលជម្លៀសមកដល់ស្រុកប្រាសាទបាគង អង្គការបានប្រាប់បងប្រុសរបស់ខ្លួនថាមកធ្វើស្រែ បន្ទាប់មកក៏បានឡើងឡានដើម្បីធ្វើការជម្លៀស។ ប៉ុន្តែនេះគ្រាន់តែជាពាក្យសម្ដីកុហករបស់ខ្មែរក្រហម ព្រោះទាហានទាំងនោះបានសម្លាប់បងប្រុសគាត់នៅក្នុងវត្ត។ ចំណែកឯប្អូនប្រុសវិញ ត្រូវបានអង្គការជម្លៀសទៅតំបន់ភ្នំគូលែនដើម្បីចិញ្ចឹមមាន់។ ប៉ុន្តែ ជាអកុសល ប្អូនប្រុសរបស់ ណៃ បានកើតជំងឺគ្រុនចាញ់ ហើយក៏បានចែកឋានទៅ។
សព្វថ្ងៃ ណៃ មានជំងឺវិលមុខនិងលើសឈាម។ គាត់បានទៅទទួលការព្យាបាល ដោយទទួលថ្នាំលេបនៅមណ្ឌលសុខភាព។ រាល់ពេលទៅពេទ្យ វេជ្ជបណ្ឌិតតែងតែវាស់ឈាមនិងជួសឈាមដើម្បីពិនិត្យ។ ក្រៅពីជំងឺទាំងនេះ ណៃ គ្មានជំងឺអ្វីផ្សេងទៀតឡើយ។
សម្ភាសន៍ដោយ ផា សុភាក់
អត្ថបទដោយ ហៀង នីតា