អ្នកដឹកត្រីទៅដាក់នៅកងចល័តនីមួយៗ

(សៀមរាប) ៖ ឡែម លាត មានអាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិ​តាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លាត មានកូនទាំងអស់ប្រាំមួយនាក់ ប្រុសប្រាំនាក់ និងស្រីមួយនាក់។​ លាត បានរៀនត្រឹមថ្នាក់ទី១០ នៅក្នុងសម័យសង្គម​រាស្រ្តនិយម។​ លាត បានសម្រចចិត្តឈប់ពីការសិក្សាដោយសារតែគាត់គ្មានសមត្ថភាពក្នុងការរកថវិកា។​លាត​បានរៀបអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំ១៩៧០។​

ខ្មែរក្រហមចាប់ផ្ដើមចូលកាន់កាប់នៅឃុំកន្រ្ទាំងក្នុងចន្លោះឆ្នាំ១៩៧៣​និង១៩៧៤។​លាត មានតួនាទីជាអ្នកដឹក​ត្រីទៅដាក់នៅកងចល័ត។​ នៅពេលព្រឹក លាត ត្រូវជិះទៅឃ្លាំងដើម្បីយកត្រីទៅកងចល័ត ដោយក្នុងមួយថ្ងៃ លាតត្រូវដឹកត្រីឲ្យបានប្រាំបីគីឡូក្រាម។​ពេលដែលលាតមានតួនាទីជាអ្នកដឹកត្រី លាត បានទទួលបានអង្ករមួយកំប៉ុងក្នុងមួយថ្ងៃ។​ប៉ុន្តែរបបអាហាររបស់លាត ត្រូវបាន​ផ្លាស់ប្ដូរពេលដែលអង្គការបានយកគាត់​មករស់នៅក្នុងសហករណ៍វិញ។

បន្ទាប់មក​លាត ត្រូវបានអង្គការចាត់តាំងឲ្យទៅខេត្តព្រះវិហារ។​លាត​បានធ្វើដំណើរទៅខេត្តព្រះវិហារដោយជិះរទេះ ហើយក៏បានឃើញទាហានខ្មែរក្រហមអូសមនុស្ស​​យកទៅរៀនសូត្រផងដែរ។​អង្គការបានឲ្យ​លាត​ដើររកអង្ករ ជាមួយព្រានបាញ់សត្វ។​

លាត មិនដែលជួបប្រទះនឹងការសម្លាប់ប្រជាជនស្លូតត្រង់នោះទេ។​ប៉ុន្តែលាត​បានដឹងថានៅពេលណាដែលអង្គការប្រើប្រាស់ពាក្យយកទៅរៀនសូត្រនោះ មានន័យថាខ្មែរក្រហមនឹងយកទៅសម្លាប់។ តាមតែលាត​ បានដឹងមក ពេលដែលខ្មែរក្រហមយកប្រជាជនទៅសម្លាប់ម្ដងៗ អង្គការ តែងតែយកមនុស្សយ៉ាងតិច២០ទៅ៤០នាក់ឲ្យឈរជា​ជួរ​ឡើងឡាន ហើយក៏បានបាត់ខ្លួនជារៀងរហូត។

ភាគច្រើនប្រជាជនចាស់មិនសូវប្រឈមមុខក្នុងការសម្លាប់ដោយខ្មែរក្រហមទេ។​ប្រជាជនថ្មីត្រូវបានខ្មែរក្រហមចាត់ទុកជាសត្រូវ​ហើយប្រឈមមុខនឹងការធ្វើបាប ធ្វើទារុណកម្មនិងការសម្លាប់ជាដើម។ ដូច្នេះប្រជាជនថ្មីទាំងអស់តែងតែមានការប្រុងប្រយ័ត្នក្នុងការធ្វើអ្វីមួយ ដើម្បីចៀសវាងការធ្វើទារុណកម្មពីទាហានខ្មែរក្រហម។​

លាត បានចូលធ្វើជាកងទ័ពជាមួយនិងទាហានវៀតណាម។​​នៅក្នុងឆ្នាំ១៩៩០ លាត បានជាន់មីនបណ្ដាលឲ្យពិការជើងខាងឆ្វេង។ សព្វថ្ងៃ ក្រៅពីពិការជើង លាត មាន​ជំងឺរបេង។​ក្រៅពីនេះទៀត លាត បានធ្លាប់វះកាត់ដោយ​សារជំងឺទាចទឹក។​​

សម្ភាសន៍ដោយ ផា សុភាក់

អត្ថបទដោយ ហៀង​ នីតា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin