មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំសិក្ខាសាលាស្ដីអំពី ហ្សែន និងជំងឺមហារីក ដល់និស្សិតផ្នែកវេជ្ជសាស្រ្តសុខាភិបាល
(ភ្នំពេញ)៖ មជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំសិក្ខាសាលាមួយស្ដីអំពី ហ្សែន និងជំងឺមហារីក សម្រាប់និស្សិតផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា។ សិក្ខាសាលានេះគឺជាសិក្ខាសាលាអំពីសុខភាពលើកទី ៥ ដែលមជ្ឈមណ្ឌលឯកសារបានរៀបចំ ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់សាស្រ្ដាចារ្យមកពីប្រទេសថៃអំពីប្រធានបទជំងឺតំណរពូជ ផ្ដោតសំខាន់លើជំងឺមហារីក ដែលបច្ចុប្បន្នមិនទាន់មានថ្នាំព្យាបាលនៅឡើយ។
និស្សិតពេទ្យប្រមាណ ៦០ នាក់ មកពី សាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញបានចូលរួមក្នុងសិក្ខាសាលាដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៤ កន្លងទៅនៅរាជធានីភ្នំពេញ។ លោកសាស្រ្តាចារ្យ ម៉ាណុប ភិធុផាកន ដែលបច្ចុប្បន្នធ្វើការនៅនាយកដ្ឋានវេជ្ជសាស្រ្តសិរិរាច នៃសាកលវិទ្យាល័យម៉ាហ៊ីឌុល បានធ្វើបទបង្ហាញផ្ដោតសំខាន់ទៅលើ វេជ្ជសាស្រ្តជាក់លាក់នៃជំងឺមហារីក ដែលជាគំរូថ្មីនៃការថែទាំមហារីក។
នៅក្នុងបទបង្ហាញរបស់លោកសាស្រ្តាចារ្យ ម៉ាណុប ភិធុផាកន ជំងឺមហារីកគឺជាជំងឺហ្សែន ដែលមានន័យថាជំងឺហ្សែនកើតឡើងនៅពេលដែលការផ្លាស់ប្ដូរ (ការផ្លាស់ប្ដូរដែលបង្កគ្រោះថ្នាក់ដល់ហ្សែនដែលគេស្គាល់ថាជាវ៉ារ៉្យង់បង្កជំងឺ) ប៉ះពាល់ដល់ហ្សែនរបស់បុគ្គលណាម្នាក់ ឬនៅពេលដែលបុគ្គលនោះមានបរិមាណហ្សែនខុស។
យុវជន ទុយ គីរី គឺជានិសិ្សតសិក្សាវេជ្ជបណ្ឌិត ឆ្នាំទី៥ នៅសាកលវិទ្យាល័យន័រតុន នៅរាជធានីភ្នំពេញ បានចូលរួមក្នុងសិក្ខាសាលានេះ ហើយបានបង្ហាញចំណាប់អារម្មណ៍ថា ប្រធានបទនិយាយអំពីហ្សែននិងជំងឺមហារីកនេះពិតជាគួរឲ្យចាប់អារម្មណ៍ ហើយវាមានអត្ថប្រយោជន៍ដល់និស្សិតសុខាភិបាល ក្នុងការចែករំលែកបន្តដល់ប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន។
យុវជន គីរី បានបន្តថា៖ «វាជាអត្ថប្រយោជន៍មួយដល់និស្សិតផ្នែកវេជ្ជសាស្រ្តសុខាភិបាល […] ដែលបានចូលរួមថ្ងៃនេះអាចចែករំលែកចំណេះដឹងទូទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីឲ្យគាត់យល់ ពាក់ព័ន្ធជាមួយវិធីក្នុងការការពារនៃជំងឺមានដូចជា មហារីកសុដន់ និងមហារីកនៅមាត់ស្បូន»។
យុវជន គីរី បានបន្តថា៖ «ហើយបានយល់ដឹងថាបុរសក៏អាចមាននូវការកើតមានជំងឺមហារីកសុដុនដែរ»។
យុវជនរូបនេះបានបង្ហាញបំណងក្នុងការចែករំលែកអំពីជំងឺតំណពូជនេះទៅកាន់ប្រជាពលរដ្ឋនៅតាមជនបទ ដើម្បីឲ្យគាត់បានយល់ដឹងពីការវិវត្តនៃជំងឺបង្កឡើងដោយការកើតឡើងពីហ្សែនដែលវាអាចវិវត្តទៅជាជំងឺមហារីក និងឲ្យគាត់យល់ដឹងពីវិធីការពារ និងពេលវេលាសមស្របណាមួយដែលគាត់អាចទៅទទួលសេវាកម្មសុខភាពដើម្បីព្យាបាលជំងឺមហារីកនេះ។
យុវតី សេង ហ៊ុយលីន គឺជានិស្សិតផ្នែកវេជ្ជសាស្រ្តម្នាក់ទៀត ដែលបានចូលរួមក្នុងសិក្ខាសាលានេះដែរ បច្ចុប្បន្នកំពុងសិក្សាផ្នែកវេជ្ជសាស្រ្តទូទៅ ឆ្នាំទី៥ នៅឯសាកលវិទ្យាល័យអន្តរជាតិ។ យុវតី ហ៊ុយលីន ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមសិក្ខាសាលាថា វាពិតជាមានអត្ថប្រយោជន៍សម្រាប់និសិ្សតវេជ្ជសាស្រ្តក្នុងការយល់ដឹងពីជំងឺមហារីក។
យុវតីរូបនេះបានបន្តថា៖ «[ខ្ញុំ]ទទួលបានចំណេះដឹងច្រើនទាក់ទងនឹងការសិក្សាពីហ្សែន ប្រសិនបើយើងមានប្រវត្តិគ្រួសារយើងមានជំងឺមហារីក យើងគួរតែធ្វើការសិក្សាហ្នឹង ដើម្បីរកថាយើងមានវិជ្ជមានអត់ ហើយបើយើមានវិជ្ជមានមានន័យថាយើងមានហានិភ័យខ្ពស់ ដូច្នេះយើងត្រូវរកវិធានការណ៍ការពារទុកមុន មានន័យថាយើងនៅព្យាបាលទាន់ពេល»។
យុវតី ហ៊ុយលីន បានបង្ហាញពីបំណងក្នុងការចែករំលែកពីអ្វីដែលបានទទួលពីសិក្ខាសាលានេះថា ខ្លួននឹងចែករំលែកទៅកាន់មិត្តភក្ដិ និងគ្រួសារទាក់ទងនឹងជំងឺតំណរពូជនេះ។ បន្ថែមពីនេះ យុវតី ហ៊ុយលីន បានបង្ហាញពីបំណងបន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកវិជ្ជសាស្រ្តនេះ ខ្លួននឹងបន្តសិក្សាស្រាវជ្រាវអំពីជំងឺមហារីក ដែលផ្ដោតលើជំងឺមហារីកសុដន។
ដោយឡែកអ្នកស្រី សូ ហ្វារីណា ដែលជានាយិការងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញការសោកស្ដាយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថា ប្រជាជនកម្ពុជាជាច្រើនបានបាត់បង់ម្ដាយឪពុក បងប្អូន និងគ្រួសារ ក្នុងរបបខ្មែរក្រហម ដែលធ្វើឲ្យគាត់ពុំបានដឹងថាតើគ្រួសារគាត់អាចមានជំងឺតំណរពូជនេះដែរឬអត់។
នៅពេលសួរអំពីរឿងនេះ លោកសាស្រ្តាចារ្យ ម៉ាណុប ភិធុផាកន ដែលជាវាគ្មិនក្នុងសិក្ខាសាលាបានប្រាប់ឌឹញូវថា៖ «សម្រាប់បុគ្គលដែលពុំបានដឹងពីជីវប្រត្តិរបស់គ្រួសារខ្លួន ហើយចង់ដឹងបន្ថែមលម្អិតពីហានិភ័យ គាត់ក៏អាចពិនិត្យដឹងពីគ្រួសារផងដែរជាមួយបច្ចេកវិជ្ជាទំនើបបច្ចុប្បន្ន»។
លោកសាស្រ្តចារ្យបានបន្ថែមថា «វាអាស្រ័យទៅលើបំណងរបស់បុគ្គលម្នាក់នោះថា តើគាត់ចង់ដឹងពីជំងឺតំណរពូជរបស់ជីដូនជីតារបស់គាត់ដែរឬទេ ឬក៏បុគ្គលនោះចង់តាមដានត្រលប់ក្រោយថាតើខ្លួនមកពីណា [សម្រាប់បុគ្គលដែលមិនមានគ្រួសារ]។ ប្រសិនបើបុគ្គលនោះមិនមានចំណាប់អារម្មណ៍ក្នុងការពិនិត្យមើលទេ គាត់មិនចាំបាច់ធ្វើក៏បានដែរ ព្រោះវាមិនមានប្រយោជន៍អ្វីឡើយសម្រាប់ខ្លួនគាត់»។
យុវជន ទុយ គីរី ក៏បានយល់ថា វាពិតជាមានអត្ថប្រយោជន៍ច្រើនក្នុងការចូលរួមសិក្ខាសាលាអំពីវេជ្ជសាស្រ្តដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សម្រាប់ខ្លួនផ្ទាល់ដែលជានិស្សិតផ្នែកវេជ្ជសាស្រ្ត សង្ឃឹមថានឹងមានសិក្ខាសាលាច្រើនទៀតនៅថ្ងៃខាងមុខ។
សម្ភាសន៍ដោយ នេន ស្រីមុំ
អត្ថបទដោយ បៀន សីនៈ – ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៤