អង្គការចោទថាខ្ញុំខ្ជិល

(សៀមរាប) ៖ លឹម វី អាយុ ៧៦ឆ្នំា រស់នៅក្នុងភូមិរំដេង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

វីបានរៀបរាប់ទំាងទុក្ខវេទនានាសម័យសាធារណរដ្ឋខ្មែរផងដែរថាថា​ នៅរាល់ពេលដែលមានការទម្លាក់គ្រាប់បែក ប្រជាជននំាគ្នារត់គេចដើម្បី​ហ៊ុយប្រឡាក់ខោអាវ និងពួនសម្ងំំងំដើម្បីឲ្យរួចជីវិត ប៉ុន្តែផ្លូវថ្នល់ ផ្ទះសម្បែង សាលារៀនបានបាក់បែកគ្មានសល់។

ក្នុងរបបខ្មែរក្រហម វី បានប្រាប់ថា គាត់ធ្វើដំណើរតាមរយៈរទេះគោបានចល័តទៅជាច្រើនកន្លែងដូចជាទៅកំពង់ភ្លុក ត្រៅកុដ្ឋ ធ្វើដំណើរតាមរយៈរទេះគោ។ គ្រានោះ បើទោះ​បីជាខំបររទេះគោហត់យ៉ាងណាក្តីក៏គាត់មិនមានហ៊ានប្រកែក ឬសុំសម្រាកដែរ ព្រោះខ្មែរក្រហមតែងគំរាម និងមានការភិតភ័យខ្លាចអង្គការសម្លាប់ចោល។

វី មានបងប្អូនចំនួនបួននាក់ ជាអកុសលត្រូវបានស្លាប់ទំាងអស់នាសម័យខ្មែរក្រហម។

វី បានប្រាប់ថា គាត់បានឃើញប្រជាជនមកពីខេត្តដទៃដែលត្រូវបានជម្លៀស ប្រមូលផ្តុំគ្នាក្នុងខេត្តសៀមរាបដើម្បីធ្វើការរួមគ្នា​ ដែលក្នុងនោះប្រជាជនមកពីខេត្តឧត្តរមានជ័យមានចំនួនច្រើនជាងគេ។ ការងារជាប្រចំាដែលខ្មែរក្រហមតែងបញ្ជាឲ្យធ្វើរួមមានដូចជាការជីកដី រែកដី បិទ​ទំនប់ និងភ្ជួរស្រែជាដើម។ នាសម័យខ្មែរក្រហម មិនមានអ្វីហូបឆ្អែតទេ គឺមានត្រឹមតែបបររាវ និងជួនខ្លះលាយជាមួយកាពីងចេក ដើមចេក ដើមល្ហុងជាដើម។ វី បានបន្តថា ខ្មែរក្រហមបានធ្វើបាបដោយឲ្យហូបមិនគ្រប់គ្រាន់ ហើយទម្រំាបានហូបលុះត្រាតែដល់ម៉ោងដប់យប់។ ដោយ​សារតែមិនមានការហូបចុកបានឆ្អែត ទើបមនុស្សមួយចំនួនបានបង្ខំចិត្តលួច ប៉ុន្តែត្រូវបានខ្មែរក្រហមតែងចាប់បាននិងសម្លាប់ចោលដោយ ព្រោះគេចោទថា ជាខ្មំាងក្បត់នឹងអង្គការ។

ប្រជាជនមិនមានសម្លៀកបំពាក់មិនមានសម្រាប់ផ្លាស់ប្តូរទេ ដោយខ្មែរក្រហមគ្រាន់តែយកទៅជ្រលក់ពណ៌ខ្មៅដែលនំាឲ្យកើតជំាពេញខ្លួន ព្រោះមានសត្វចៃខំា។ គាត់​វីគ្រាន់តែបន្តទៀតថា៖ «និយាយរួមពិបាកណាស់។»

នាសម័យខ្មែរក្រហម ព្រះសង្ឃទំាងអស់ត្រូវបានផ្សឹកដោយភ្លាមៗទំាងបង្ខំចិត្ត ព្រោះបើមិនគោរពតាមបញ្ជា គឺត្រូវនឹងសម្លាប់ចោល។ ខ្មែរក្រហមបានជម្លៀសព្រះសង្ឃដែលផ្សឹករួច ឲ្យនៅក្នុងភូមិថ្នល់ដាច់ព្រមទំាងត្រូវធ្វើការរួម និងហូបរួមជាមួយប្រជាជនផ្សេងទៀត។

ហេតុការណ៍ដែលវីចងចាំមិនភ្លេចគឺ ពេលដែលអង្គការបានចោទគាត់ថាខ្ជិល។ វីបាននិយាយថា៖ «ខ្មែរក្រហមឲ្យខ្ញុំបិទតភ្លឺស្រែ និងដាក់ជីរាល់ថ្ងៃដែលហើយវាមានសារជាតិ​ជាតិកាត់ ធ្វើឲ្យខ្ញុំរមាស់ពេញខ្លួន និងឈឺពេញដៃជើងធ្វើការអត់កើត។ ហើយគេបានចោទយើងថា ខ្ជិល ឈឺពុត បើធ្វើការមិនបានទេគេនឹងយកទៅរៀនសូត្រ ពោលគឺសម្លាប់ចោល។»

វី បានរៀបរាប់ថា សម័យនោះមិនមានមន្ទីរពេទ្យនឹងថ្នំាសម្រាប់ព្យាបាលពេលដែលឈឺនោះទេ មានត្រឹមថ្នំាអាចមន៍ទន្សាយប៉ុណ្ណោះ។ គ្រានោះជំងឺដែលប្រជាជនឈឺសឹងតែគ្រប់គ្នា គឺជំងឺគ្រុនចាញ់ និងជំងឺក្រពះ។ វីបានប្រាប់ថា គាត់មិនសូវឈឺទេក្នុងរបបខ្មែរក្រហម ប៉ុន្តែរាល់ពេលដែលឈឺឬមិនស្រួលខ្លួនកាត់តែងដើរកាត់រុក្ខជាតិផ្សំថ្នំា ដោយខ្លួនឯង។

បច្ចុប្បន្ន វី មិនមានជំងឺប្រចំាកាយធ្ងន់ធ្ងរទេ មានតែគ្រុនញ័រ។

សម្ភាសន៍ដោយ សែ ណាណា

អត្ថបទដោយ គង់ សុម៉ាវត្តី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin