អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ

តាំង វិមន្ត

ជាដំបូងសូមអនុញ្ញាតគោរព ឯកឧត្ដម អស់លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវជាតិ អន្តរជាតិ និងលោកពូ ឆាំង យុ ដែលជានាយកអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាជាទីគោរព។ ខ្ញុំបាទ តាំង វិមន្ត ជាអ្នកស្ម័គ្រចិត្តជំនាន់ទី២ មកពីខេត្តតាកែវ ខ្ញុំពិតជាមានសេចក្ដីរីករាយ និងមោទនភាពណាស់ដែលបានរួមក្នុងពិធីសន្និសីទលើកទី១ ក្រោមប្រធានបទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលប្រព្រឹត្តិទៅថ្ងៃទី២០ដល់២២ ខែឧសភា ឆ្នាំ២០២៤ ដែលធ្វើនៅទីតាំងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ក្នុងនាមខ្ញុំជាយុវជនម្នាក់ ខ្ញុំគិតថាសន្និសីទលើកទីមួយ នេះវាមានសារសំខាន់ខ្លាំងណាស់សម្រាប់យុវជន និងប្រជាជន ជាពិសេសលោកតា លោកយាយ អ៊ំ ពូ មីង ដែលគាត់រស់រានមានជីវិតពីរបបខ្មែរក្រហមមកដល់បច្ចុប្បន្ន។ ចំពោះរូបខ្ញុំទទួលបានចំណេះដឹងបន្ថែមទៀតពីការចែករំលែករបស់វាគ្មិនជាតិ និងអន្តរជាតិ ដែលគាត់សុទ្ធតែជាអ្នកមានបទពិសោធ៍ច្រើនក្នុងការធ្វើការ។

មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានវត្តមានដ៏ខ្ពង់ខ្ពស់គឺសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ លោកបានផ្ដល់មតិជាច្រើនដល់យុវជន និងលោកតា លោកយាយ អ៊ំ ពូ មីង ដែលបានចូលរួមក្នុងវេទិកានោះ។ អ្វីដែលខ្ញុំរំភើប និងអបអរគឺ គឺមានវត្តមាន លោកយាយ លោកតា អ៊ំ ពូ មីង ដែលគាត់សុទ្ធតែធ្លាប់បានឆ្លងកាត់នូវរបបដ៏ឃោរឃៅមួយនេះ និងធ្វើឲ្យគាត់ឈឺចាប់ជាខ្លាំងដែលគ្មានអ្វីមកប្រៀបផ្ទឹមបាន។

ទោះបីជាមេដឹកនាំរបបខ្មែរក្រហមត្រូវបានកាត់ទោសរួចហើយក៏ដោយ ក៏រឿងរ៉ាវទាំងនោះនៅតែដក់ជាប់ក្នុងចិត្ត ក្នុងទ្រូងគាត់ ព្រោះគ្រួសារខ្លះត្រូវបាត់បង់សមាជិកស្ទើរតែទាំងអស់ និងខ្លះទៀតគាត់នៅមានជីវិតក៏ពិតមែន ខ្លះគាត់បានពិការដៃ ជើង និងមានស្នាមរបួសផ្សេងៗលើរាង្គកាយរបស់គាត់។ ឥឡូវត្រឡប់មកនិយាយអំពីការងារស្ម័គ្រចិត្តដែលរូបខ្ញុំបានធ្វើបន្តិច កាលពីដំបូងមុនខ្ញុំចូលធ្វើការនេះ ខ្ញុំធ្លាប់បានសួរលោកតារបស់ខ្ញុំ ដែលទាក់ទងជីវិតរបស់គាត់នៅក្នុងរបបនោះ ហើយគាត់ក៏បានរៀបរាប់សាច់រឿងរបស់គាត់មកប្រាប់ខ្ញុំ ទោះបីជាគាត់ជាលោកតារបស់ខ្ញុំក៏ពិតមែនតែខ្ញុំនៅតែមានភាគរយតិចដែលជឿ។

បន្ទាប់មកខ្ញុំក៏បានចូលធ្វើជាអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ហើយដើរសម្ភាសន៍ប្រជាជនក្នុងភូមិពីមាត់មួយទៅមាត់មួយ ហើយគាត់សុទ្ធតែនិយាយដូចៗគ្នាទើបខ្ញុំជឿថារបបនោះ សម្លាប់ បង្អត់អាហារ ដាក់ទណ្ឌកម្ម ទៅលើប្រជាជនពិតមែន។

ដូច្នេះហើយខ្ញុំសុំលើកទឹកចិត្តទៅប្អូនៗប្រសិនបើមានពេលវេលាទំនេរដែលសមស្រប សុំលើកទឹកចិត្តឲ្យធ្វើស្រាវជ្រាវអំពីប្រវត្តិសាស្រ្តរបស់ប្រទេសយើងឲ្យបានច្រើន និងប្រសិនបើមានឱកាសធ្វើការងារស្ម័គ្រចិត្តឲ្យបានច្រើន ព្រោះកាលណាធ្វើច្រើនចំណេះដឹងយើងក៏វាទូលំទូលាយទៅតាមហ្នឹងដែរ។ ម៉្យាងទៀតវិញខ្ញុំធ្លាប់បានឮប្អូនៗនិយាយថា៖ «គាត់រៀនជំនាញផ្សេងអត់មានអីទាក់ទងនឹងប្រវត្តិទេ ដូច្នេះគាត់ខ្ជិលស្រាវជ្រាវណាស់» ទេយើងជាយុវជនកុំគិតដូច្នេះ យើងជាយុវជនត្រូវដឹងពីប្រវត្តិរបស់ប្រទេសខ្លួនឯងវាជារឿងប្រសើរណាស់ «យើងមានចំណេះដឹងច្រើនទោះបីវាខុសជំនាញ ប្រសើរជាងត្រូវជំនាញហើយយើងអត់ដឹងអ្វីសោះ»។

ជាចុងក្រោយខ្ញុំសូមថ្លែងអំណរអរគុណចំពោះ មជ្ឈមណ្ឌលឯកសារកម្ពុជា ការអញ្ជើញខ្ញុំបានចូលរួមនូវកម្មវិធីមួយនេះ និងជូនពរឲ្យលោកពូ ឆាំង យុ សុខភាពល្អ អាយុវែង មានកម្លាំងមាំមួន ដើម្បីធ្វើម្លប់យុត្តិធម៌ដល់អ្នករស់មានជីវិតពីរបបខ្មែរក្រហម និងអ្នកដែលបានបាត់បង់ជីវិតកាលពីរបបនោះ និងជូនពរឲ្យអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា បុគ្គលិកទាំងអស់ ឲ្យជួបតែរឿងល្អ សុខភាពល្អ និងទៅណាមកណាប្រកបដោយសុវត្ថិភាព។

ដោយក្ដីគោរព ស្រលាញ់ពីខ្ញុំ តាំង វិមន្ត អ្នកស្ម័គ្រចិត្តជំនាន់ទី២

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin