ខ្មែរក្រហមមិនទុកចិត្តប្រជាជន១៧មេសា

(ស្វាយរៀង) ៖ ពុធ យ៉ុង មានអាយុ៩៥ឆ្នាំ ជាអាចារ្យ​វត្ត រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ុង មិនអាចធ្វើដំណើរបានដោយខ្លួនឯង ពេលមានកម្មវិធីបុណ្យក្នុងភូមិ កូនចៅ​តែងជូនគាត់ទៅចូលរួម។

យ៉ុង បានប្រាប់ គាត់បានរៀបការនៅសម័យ​សង្គម​រាស្រ្ត​និយម និងមានកូនបីនាក់ ស្រីពីរនាក់។ នៅឆ្នាំ១៩៦៦ ដោយសារនៅភូមិស្រុកមានសង្គ្រាម និងការទម្លាក់គ្រាប់បែកគាត់បាននាំគ្រួសារទៅរស់នៅ និងរត់រម៉កកង់បីនៅទីក្រុងភ្នំពេញ។

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទាហានខ្មែរក្រហមបានដេញ យ៉ុងនិងគ្រួសារឲ្យចាកចេញពីទីក្រុងភ្នំពេញ។ គាត់បានសម្រេច​​ចិត្តចេញពីភ្នំពេញតាមផ្លូវជាតិលេខមួយដើម្បីឆ្ពោះទៅកាន់ស្រុកកំណើតឯខេត្តស្វាយរៀង។ យ៉ុង បានឃើញហេតុការណ៍ច្របូកច្របល់របស់ប្រជាជនដែលត្រូវបានអង្គការបង្ខំឲ្យចាកចេញពីផ្ទះសម្បែងឲ្យអស់ក្នុងរយៈពេលខ្លី។ អ្នកជំងឺ និងស្រ្តីទើបសម្រាលកូន​ត្រូវបាន​សាច់ញាតិរុញដោយគ្រែពេទ្យ និងរទេះរុញចេញពីមន្ទីរពេទ្យ។ សមាជិកគ្រួសារខ្លះស្ពាយ ខ្លះរុញសម្ភារៈចាំបាច់​សម្រាប់​ប្រើ​ប្រាស់ និងអាហារផ្សេងៗ។

យ៉ុង បានចំណាយពេលធ្វើដំណើរ១០ថ្ងៃ ទើបមកដល់ស្រុករ​មាសហែកដែលជាស្រុកកំណើតធ្លាប់រស់នៅមុនរបប លន់ ន​ល់។ ខ្មែរក្រហមមិនឲ្យ យ៉ុង និងគ្រួសាររស់នៅជាមួយប្រជាជនមូលដ្ឋានទេព្រោះគាត់​ជាប្រជាជនថ្មី។ អង្គការបានឲ្យ​គាត់ កូនពីរនាក់ និងប្រពន្ធរស់នៅក្នុងកងចល័ត និងកូនម្នាក់នៅកងកុមារ​​ជាមួយប្រជាជន១៧ មេសា (ប្រជាជនថ្មី) ដទៃទៀត​​។

យ៉ុង និងប្រពន្ធត្រូវធ្វើការសព្វបែបយ៉ាងតាមបញ្ជារបស់​អង្គការ ដូចជា ជីកប្រឡាយ ស្ទូងស្រូវ ច្រូតស្រូវ ធ្វើរោងបាយ ធ្វើផ្ទះ លើកផ្លូវថ្នល់ ធ្វើបង្គី ដំដែក ធ្វើកាំបិត និងពូថៅ ជាដើម​​។ ចំណែកកូនពីរនាក់ទៀតដែលពេញកម្លាំង ត្រូវបានអង្គការឲ្យស្ថិតក្នុងកងចល័តធ្វើការឆ្ងាយពីភូមិ។

ក្នុងនាមជាប្រជាជន១៧ មេសា គាត់និងគ្រួសារត្រូវ​បានអង្គការសង្ស័យគ្រប់ពេល។ យ៉ុង ត្រូវបានអង្គការសួរពីប្រវត្តិការងារនៅភ្នំពេញថា មានមុខងារអ្វី? ធ្លាប់ជាមន្រ្តីរាជការទេ? ធ្លាប់ជាគ្រូបង្រៀនទេ? ខ្មែរក្រហម​បានប្រាប់គាត់ថា ប្រសិនបើធ្វើការងារអ្វីពីមុនគេឲ្យធ្វើការងារនោះវិញ។ យ៉ុង បានឆ្លើយថាគាត់នៅភ្នំពេញធ្លាប់ជាអ្នករត់រម៉កកង់បី ដោយសារគាត់បានឃើញប្រជាជនជម្លៀសដែលធ្លាប់ជាមន្រ្តីរាជការពីរបប លន់ នល់ ត្រូវបានខ្មែរក្រហមនំាយ​ក​​ទៅសម្លាប់។

ចំណែករបបអាហារ យ៉ុង ទទួលបានតិចជាងប្រជាជននៅមូលដ្ឋាន។ ដោយសេចក្តីស្រេកឃ្លាននៅពេលយប់ យ៉ុង​បាន​លួចចូលទៅក្នុងព្រៃដើម្បីរកគាស់ដំឡូងដែលនៅសល់ពីការប្រមូលផលនៅពេលថ្ងៃ បានមួយទៅពីរមើមដើម្បីលួចស្ងោរឲ្យ កូន និងប្រពន្ធហូបបន្ថែម។ គាត់បន្តថាការទៅគាស់ និងស្ងោរដំឡូងគឺត្រូវប្រថុយជីវិតប្រសិនអង្គការដឹងអាចនាំទៅសម្លាប់ចោល។

យ៉ុង បន្តទៀតថាក្នុងរបបនោះក្មេងៗ និងកូនរបស់​គាត់មិនបានរៀនសូត្រទេ។ ក្មេងៗត្រូវទៅមើលគោក្របី ដើរ​រើស​គួរស្រូវ និងកាប់ដើមទន្ទ្រានខេត្រយកមកទុកធ្វើជី​។

ឆ្នាំ១៩៧៩ ខ្មែរក្រហមបានជម្លៀស យ៉ុង និងគ្រួសារព្រមទាំងប្រជាជននៅសហករណ៍ជាមួយគាត់ឲ្យទៅខេត្តបាត់ដំបង។ គាត់ធ្វើដំណើរដល់អ្នកលឿងកងទ័ពរំដោះបានវាយប្រយុទ្ធគ្នាឈ្នះជាមួយទាហានខ្មែរក្រហម។

យ៉ុង និងគ្រួសារព្រមទាំងប្រជាជនអាចត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។

សម្ភាសន៍ដោយ  សៅ ចាន់ណា ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin