ជាងកាត់ដេរក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ ចាន់ សារ៉ុម មានអាយុ៧៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់​បានរៀបការនៅស្រុកកំណើតក្នុងរបប លន់ នល់ និងមានកូនពីរនាក់​។

នៅសម័យខ្មែរក្រហម សារ៉ុម មានអាយុប្រមាណ ៣០ឆ្នាំ។ គាត់ និងគ្រួសារត្រូវបានអង្គការឲ្យរស់នៅភូមិត្រពាំងស្គន់ដដែល ប៉ុន្តែកូនៗត្រូវទៅរស់នៅផ្សេងក្នុងកងកុមារដែលមានចាស់ៗជាអ្នកមើលថែ។

សារ៉ុម និងស្រ្តីដទៃទៀតត្រូវបានអង្គការ​ចាត់ឲ្យធ្វើជាជាងកាត់ដេរប្រចាំសហករណ៍។ គាត់ត្រូវដេរ​សម្លៀក​បំពាក់​​ឲ្យបានមួយថ្ងៃមួយសម្រាប់ (កំប្លេ)។ គាត់បន្តថា ការកាត់ដេរនៅសម័យនោះគ្មានម៉ាស៊ីនទេ គាត់និងស្រី្តដទៃ​ទៀត ស្ទើរមិនអាចបំពេញការងារនេះតាមផែនការបាន។

ប្តីត្រូវអង្គការឲ្យទៅជីក រែកដី ភ្ជួរ លើកភ្លឺស្រែ និងធ្វើផ្លូវក្នុងភូមិ។

បន្ទាប់មកអង្គការបានផ្លាស់ សារ៉ុម ទៅធ្វើជាអ្នកដាំបាយក្នុងសហករណ៍សម្រាប់ក្រុមយុវជនកងចល័តដែលធ្វើ​ការជីកទំនប់ និងលើកប្រឡាយក្នុងភូមិនៅត្រពាំងស្គន់​។​

ក្រោយមកខ្មែរក្រហមបានជម្លៀស សារ៉ុម និងគ្រួសារពីស្រុកកំណើត ទៅភូមិក្រសាំងទាប ឃុំអំពិល ស្រុករមាសហែក​។ នៅទីនោះគាត់ និងប្តីត្រូវបានអង្គការប្រើឲ្យទៅលើកទំនប់អំពិលពីម៉ោង៦ព្រឹក រហូតដល់យប់។ ពេល​ត្រឡប់​មកពីធ្វើការគាត់បានបូតស្រូវទុកដើម្បីលួចមកបបរឲ្យកូនហូប ព្រោះកូនតូចៗពីរនាក់នៅកងកុមារហូប​មិនគ្រប់គ្រាន់។

សារ៉ុម បាន​លើកឡើងថា៖ “របបខ្មែរក្រហមពិតជាឃោរឃៅណាស់ ឲ្យមនុស្សធ្វើការឥតឈប់ប៉ុន្តែមិនឲ្យហូបឆ្អែត។ ខ្ញុំ និងប្រជាជនដទៃទៀតរស់នៅធ្វើតែតាមបញ្ជាអង្គការ។ អង្គការឲ្យរស់​ៗ ចង់ឲ្យស្លាប់ៗ គ្រាន់តែចោទយើងលួចនេះ លួចនោះក៏ជាហេតុផលសម្លាប់ដែរ»។

របបអាហាររបស់ សារ៉ុម និងគ្រួសារ គឺទទួលបានបបរលាយជាមួយដំឡូង និងទំពាំងពីរពេលក្នុងមួយថ្ងៃ។ គាត់​បញ្ជាក់ថា របបអាហារនេះបានបន្ថយជារៀងរាល់ថ្ងៃ។

ឆ្នាំ១៩៧៨ សារ៉ុម ប្តី និងកូនពីរនាក់ត្រូវបានអង្គការជម្លៀសទៅខេត្តពោធិ៍សាត់។ ពេលនោះគាត់កំពុងមានផ្ទៃពោះកូនទីបី និង​បានសម្រាលកូនតាមផ្លូវដោយ​គ្មានគ្រូពេទ្យ។ បន្ទាប់ពីសម្រាលកូនរួចមិនទាន់មានកម្លាំងក៏ត្រូវខ្មែរក្រហមបង្ខំឲ្យបន្តដំណើរទៀត។ មូលហេតុនេះបានបន្សល់ទុកជំងឺឈឺចង្កេះ ហឹងត្រចៀកជាប្រចាំ និងស្តាប់មិនសូវឮរហូតដល់សព្វថ្ងៃ។

ពេលស្នាក់នៅតំបន់អ្នកលឿងរង់ចាំឆ្លងកប៉ាល់គាត់​បានឃើញយន្តហោះទម្លាក់គ្រាប់បែក ឃ្លាំងស្រូវអង្ករបានឆាប់ឆេះអស់ជាច្រើន។ ទាហានខ្មែរក្រហម និងកងទ័ពរំដោះបានវាយប្រយុទ្ធគ្នា។ ខ្មែរក្រហមមិនអាចតស៊ូ​បានក៏ចុះចាញ់ និងនាំគ្នារត់គេចខ្លួន។ ប្រជាជនជម្លៀស និងគ្រួសារ សារ៉ុម បានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ​។

ពេលមកដល់ស្រុកផ្ទះត្រូវបានបំផ្លាញអស់។ គាត់ និងប្តី បានខិតខំរកស៊ី និងធ្វើស្រែដើម្បីចិញ្ចឹមជីវិតរហូតដល់សព្វថ្ងៃ។

ក្មួយប្រុសសារ៉ុមម្នាក់បានបាត់ដំណឹងរហូតដល់សព្វ​ថ្ងៃ បន្ទាប់ពីបានធ្វើជាទាហានខ្មែរក្រហម និងបានចល័តនៅក្នុងស្រុករមាសហែក។

បច្ចុប្បន្ន សារ៉ុម មានជំងឺលើសឈាម ជំងឺឈឺចង្កេះ និងស្តាប់​មិន​សូវឮ​។

សម្ភាសន៍ដោយ  សៅ ចាន់ណា ថ្ងៃទី៣០ ខែសីហា  ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី១៩  ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin