អតីតពេទ្យទាហានសម័យ លន់ នល់

(ព្រៃវែង) ៖ នី នឿង មានអាយុ៧៤ឆ្នាំ មានស្រុកកំណើត និង​សព្វថ្ងៃរស់នៅភូមិសង្រ្គោះ ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេ​ត្តព្រៃវែង។ គាត់ជាអតីតពេទ្យទាហានសម័យ លន់ នល់​។

ក្នុងរបបខ្មែរក្រហម នឿង ត្រូវបានអង្គការឲ្យរស់នៅស្រុកកំណើតក្នុងកងចល័ត និងប្រើឲ្យធ្វើស្រែ។ គាត់​បានឃើញខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិ រទេះគោ និងសត្វពាហនៈពីគ្រួសារគាត់ និងអ្នកភូមិយកមកទុក​ប្រើប្រាស់រួមក្នុង​សហករណ៍។ ដោយសារគាត់ជាអតីតពេទ្យទាហានអង្គការបានចោទប្រកាន់គាត់ និងគ្រួសារ​ថា ជា​វណ្ណៈសក្ដិភូមិ។

ក្រោយមកអង្គការបានឃើញគាត់ពាក់ក្រវិលក៏បានចោទថា មិនទាន់កាត់ផ្តាច់ពីទ្រព្យសម្បតិ្តឯកជន។

នឿង និងយុវនារី១៤នាក់ ក្នុងកងចល័តនៅពេលនោះត្រូវច្រូត និងស្ទូងស្រូវ តាមផែនការកំណត់។ គាត់ត្រូវ អង្គការ​គំរាមសម្លាប់ ព្រោះតែគាត់ខ្លាចឈ្លើង ពស់ និងជន្លេន ធ្វើឲ្យគាត់​មិនបានបំពេញការងារតាមការកំណត់។ ថ្ងៃមួយទាហានខ្មែរក្រហមបានមកសួរគាត់ថា តើគាត់ខ្លាចសត្វ ឬខ្លាចស្លាប់? នឿង បានប្រាប់អង្គការ ថាគាត់ខ្លាចស្លាប់។ ចាប់ពីពេលនោះគាត់បានខិតខំធ្វើការតាមផែន​ការ​ឲ្យអង្គការទាំងការភ័យខ្លាច។

បន្ទាប់មក នឿង ត្រូវបានផ្លាស់ប្តូរពីកន្លែងធ្វើស្រែ ឲ្យទៅធ្វើជាអ្នកប្រមូលលាមកមនុស្ស។ គាត់ត្រូវទៅប្រមូលលាមក​តាមបង្គន់ពេលព្រឹក ដើម្បីយកទៅហាល និងពេលល្ងាចប្រមូលទុកលាយជាមួយដីដំបូក និងរុក្ខជាតិផ្សេងៗសម្រាប់យកទៅដាក់ស្រែ។

ក្នុងរបបខ្មែរក្រហមប្អូនប្រុសគាត់ត្រូវបានខ្មែរក្រហមសម្លាប់ដោយសារតែជានិស្សិតក្នុងរបប នល់ នល់​។ គាត់បានបន្តថា ប្អូនប្រុស​របស់គាត់​ត្រូវបានធ្វើទារុណកម្មមុនពេលអង្គការសម្លាប់ ដោយវះពោះយកប្រម៉ាត់។ ចំណែក​ឪពុកម្តាយត្រូវធ្វើការជីក និងរែកដី ព្រមទាំងទទួលបានរបបអាហារមិនគ្រប់គ្រាន់។ ដោយសារការស្រែកឃ្លានខ្លាំងពេក ឪពុកម្តាយរបស់គាត់​បានទៅលួចអាហារអង្គការហូប និងត្រូវបាននាំយកទៅសម្លាប់។ រីឯកូនម្នាក់បា​ន​បាត់ដំណឹងរហូតដល់សព្វថ្ងៃដោយសារធ្វើជាទាហានក្នុងសម័យខ្មែរក្រហម​។​

រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបាននៅក្នុង​របបខ្មែរក្រហមគឺការដែលទាហានខ្មែរក្រហមប្រើគាត់ និងប្រជាជនឲ្យជីកស្រះដើម្បីទុកកប់ខ្លួនឯង។ គាត់បន្តថាខ្មែរក្រហមបានប្រាប់ថាជីករណ្តៅទុកស្តុកទឹក ប៉ុន្តែក្រោយ​មកគាត់ដឹងថា គឺជីករណ្តៅសម្រាប់ទុកសម្លាប់គាត់ និងប្រជាជនផ្សេងទៀត។

ក្រោយរបបខ្មែរក្រហមបានដួលរលំ គាត់ និងគ្រួសារ បានត្រឡប់ពីសហករណ៍មករស់នៅភូមិកំណើតវិញរហូតដល់សព្វថ្ងៃ។

ដោយសារឆ្លងកាត់របបខ្មែរក្រហមមានការលំបាក និង​​ស្ទើរតែ​បាត់បង់ជីវិតគាត់បានផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយត្រូវចូលរួមទប់ស្កាត់របបខ្មៅងងឹតនេះកុំឲ្យកើតមានសារជាថ្មីលើទឹកដីប្រទេសកម្ពុជា។

បច្ចុប្បន្ន នឿង មានជំងឺឈឺចង្កេះ និងជំងឺសន្លាក់ដៃជើង។ គាត់ បានប្រើប្រាស់ថ្នាំព្យាបាល និងកាត់បន្ថយការឈឺចាប់ជាប្រចាំ។

សម្ភាសន៍ដោយ ហេង ស្រីអូន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ  អេង សុខម៉េង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin