ប្រជាជនជម្លៀសទៅភូមិភាគពាយ័ព្យ

(ស្វាយរៀង) ៖ សោម សឿន មានអាយុ៧៣ឆ្នាំ ជាកសិកររស់នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនពៅ​ក្នុងគ្រួសារ ដែលមានបងប្អូនដប់នាក់។ សឿន មានគ្រួសារតាំងពីសម័យសង្គមរាស្រ្តនិយម។

ក្នុងរបបខ្មែរក្រហម សឿន មានអាយុប្រមាណ៣០ឆ្នាំ។ គាត់ ប្តី និងកូនត្រូវអង្គការឲ្យរស់នៅសហករណ៍ក្នុងភូមិឃុំគាត់រស់នៅសព្វថ្ងៃ។ សឿន ត្រូវធ្វើការដូចជាស្ទូង និងដកសំណាប។ ក្រៅពីការងារនេះគាត់ត្រូវមើលការខុសត្រូវក្មេង​ៗក្នុងកងកុមារ ដែលមើលគោ ក្របី រើសអា​ចម៍គោ និងចិញ្ច្រាំរុក្ខជាតិផ្សេងៗយកទៅធ្វើជីសម្រាប់ដាក់ស្រែ។ ក្រោយមក​អង្គការ​បានប្រើគាត់ឲ្យយកជីលេខមួយដែលផ្សំពីលាមកមនុស្សយកទៅបាចស្រូវមួយថ្ងៃឲ្យបានមួយហិចតា។ កូនរបស់គាត់​រស់នៅកងកុមារ។ ចំណែកប្តីត្រូវធ្វើការស្ទូង និងបរទេះដឹកស្រូវទៅទុកក្នុងឃ្លាំង។

នៅឆ្នាំ១៩៧៧ អង្គការបានជម្លៀស សឿន និងគ្រួសារឲ្យទៅរស់នៅឯខេត្តពោធិ៍សាត់។ ពេលទៅដល់អង្គការបានឲ្យគាត់ និងគ្រួសាររស់នៅដោយឡែកពីប្រជាជនចាស់។ ខ្មែរក្រហមបានហៅ សឿន និងគ្រួសារថា ជាប្រជាជនភូមិភាគ​បូព៌ា។ ខ្មែរក្រហមបានឲ្យគាត់ និងប្តីស្ថិតនៅជាកម្លាំង​ស្រួចត្រូវធ្វើការងារសកម្ម។ ចំណែកកូនត្រូវទៅនៅកងកុមារជួយការងារស្រាលៗដូចជា ដើររើសអាចម៍​គោ និងចិញ្ច្រាំដើមទន្ទ្រានខេត្ត។

ការងាររបស់ សឿន និងប្តីនៅខេត្តពោធិ៍សាត់ ត្រូវគាស់គល់ឈើ រានព្រៃ និងដាំដំណាំហូបផ្លែផ្សេងៗ។ នៅទីនោះបានមួយរយៈ សឿន និង គ្រួសារត្រូវបានជម្លៀសពីមួយកន្លែង ទៅមួយកន្លែងនៅក្នុងខេត្តពោធិ៍សាត់ និងបានដូរការងារជាញឹកញាប់។

នៅអំឡុងពេលធ្វើការយូរៗម្តង សឿន បានសុំអង្គការទៅលេងកូន។ ពេលទទួលបាន​ការអនុញ្ញាត គាត់ត្រូវធ្វើដំណើរឆ្ងាយទាំងយប់ក្រោយសម្រាកពីការងារដើម្បីបានជួបមុខកូន។ នៅតាមផ្លូវគាត់ធ្លាប់ឃើញ​សាក​សពមនុស្សដែលគេទើបសម្លាប់ និងកប់មិនត្រឹមត្រូវ។

សឿន បាន​រៀបរាប់ទាំងសម្តីដើមថា៖ “ដោយសារជាប់ប្រវត្តិជាប្រជាជនភូមិភាគបូព៌ា​ខ្ញុំបានខិតខំធ្វើការជាងប្រជាជនមូលដ្ឋាន។ ស្រែដែល យើងខ្ញុំធ្វើគឺឲ្យផលល្អជាងក្រុមផ្សេងៗ។ យើងមិនដែលទុកពេលទំនេរចោលទេគឺយើងតែង​នាំគ្នាដកស្មៅក្នុងស្រែ និងប្រមូលជញ្ជ្រាំង[ស្រូវ]ដុតដើម្បីធ្វើជី”។

សឿន បានបន្តថា ប្រជាជនភូមិភាគបូព៌ាបានបាត់ខ្លួនជារឿយ​ៗ។ អង្គការបានបង្ខំឲ្យធ្វើការឥតឈប់ និងទទួលបានរបបអាហារតិចតួចជាងប្រជាជនមូលដ្ឋាន​។ នៅកន្លែង សឿន រស់នៅគ្មានប្រភពទឹកត្រឹមត្រូវទេ ប្រជាជន ត្រូវបង្ខំចិត្តបរិភោគ និងងូតទឹកប្រឡាយ​។ ពេលឈឺត្រូវគេតាមដាន ប្រសិនបើឈឺយូរគេមិនផ្តល់របបអាហារ។

ក្រោយការដួលរលំរបបខ្មែរក្រហម សឿន និងគ្រួសារ​បានត្រឡប់មករស់នៅស្រុកកំណើតរហូតដល់សព្វថ្ងៃ។

សឿន បច្ចុប្បន្នមានជំងឺលើសឈាម និងពិការភ្នែកម្ខាង​។ គាត់បានសំណូមពរឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាជួយពិនិត្យសុខភាពគាត់ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដទៃទៀតក្នុងភូមិ។

សម្ភាសន៍ដោយ  ពេជ សាន ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin